ទស្សនវិជ្ជាព្រះពុទ្ធសាសនាស្តីពី ជីវិតរស់នៅបច្ចុប្បន្ន
ទិដ្ឋធម្មិកត្ថៈ
ជីវិតគឺជារបស់ដ៏លំបាក ព្រោះវត្ថុធាតុដែលត្រូវរស់ទាំងអស់ សុទ្ធតែបានមកពីការសែ្វងរក ។ ធម្មតានៃជីវិតត្រូវតែមានវត្ថុសម្រាប់ទ្រទ្រង់ដូចជាអាហារ សំលៀកបំពាក់ ទីកន្លែងស្នាក់អាស្រ័យ និងថ្នាំសម្រាប់ព្យាបាលជំម្ងឺជាដើម។ ឯគ្រឿងទ្រទ្រង់ទាំងនោះ មិនមែនចេះតែកើតឡើងដោយឯកឯងនោះឡើយ វាតែងត្រូវបានកើតឡើងពីការ ខិតខំស្វែងរក បញ្ចេញកម្លាំងសព្វបែបយ៉ាងក្នុងដំណើររជីវិតប្រព្រឹត្ត ដើម្បីរស់របស់មនុស្សមានលក្ខណៈខុសគ្នា។ ព្រះពុទ្ធអង្គទ្រង់សម្តែង យ៉ាងច្បាស់ពីភាពខុសប្លែកគា្ន៤យ៉ាងនៃមនុស្សថាៈ
ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ កម្លាំងពលកម្មការងារ មិនអាស្រ័យលើភ័ព្វព្រេង (បុញ្ញកម្ម)
កម្មផលុបជីវី ន ឧដ្ឋានផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ ភ័ព្វព្រេង (បុញ្ញកម្ម) មិនអាស្រ័យលើកម្លាំងពលកម្មការងារ ។
ឧដ្ឋានផលុបជីវី ចេវ កម្មផលុបជីវី ច មនុស្សខ្លះរស់នៅអាស្រ័យ កម្លាំងពលកម្ម ការងារ និង អាស្រ័យទៅលើព្រេងសំណាង ។
នេវ ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅលំបាកមិន អាស្រ័យលើកម្លាំងការងារ ហើយក៏មិនអាស្រ័យលើបុញ្ញកម្មដែរ ។
ទោះបីដំណើរការរស់ខុសគ្នាយ៉ាងនេះក៏ដោយ បើអ្នកឯណា មួយមានសេចក្តីប្រមាទក្នុងដំណើរការរស់នេះ អ្នកនោះនឹងដល់នូវការវិនាសដោយប្រការណាមួយជាមិនខាន ។
មានការយល់ច្រឡំ ដែលចោទប្រកាន់មកលើសាសនានេះថា ការអប់រំនៃព្រះពុទ្ធសាសនាធ្វើឲ្យជីវភាពមនុស្សក្រីក្រ ព្រោះបង្រៀន មនុស្សឲ្យកំចាត់នូវលោភៈ(សេចក្ដីប្រាថ្នាចង់បាន)ចោល។ កាលណាយើងមិនប្រើវិចារណញ្ញាណ យកមកពិចារណាឲ្យបានស៊ីជម្រៅក្នុងពុទ្ធវចនៈនោះទេ មតិនោះពិតជាត្រឹមត្រូវមែន តែបើយើងសិក្សាឲ្យបានម៉ត់ចត់ និងតាមលំដាប់លំដោយ មតិដែលបានពោលមកនោះគ្រាន់តែជាការមួរបង្ខូច ឬចង់បន្ទាបតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ព្រះពុទ្ធអង្គមិនបានគាំទ្រចំពោះមនុស្សណា ដែលខ្ចិលច្រអូសឡើយ ដូចក្នុងបរាភវសូត្រ ព្រះពុទ្ធអង្គទ្រង់សម្តែងថា « អលសោ កោ បរាភវតោ មុខំ អ្នកណាខ្ចិលច្រអូស អ្នកនោះឈ្មោះថាមានមុខ ឆ្ពោះទៅរកសេចក្ដីវិនាស»។
ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនា ព្រះសយម្ភូញាណជាម្ចាស់ទ្រង់បានសម្តែងយ៉ាងជាក់ច្បាស់ពីកិច្ចប្រតិបត្តិ ដើម្បីឲ្យជីវិតប្រព្រឹត្តរស់ជាប្រយោជន៍នៅក្នុងបច្ចុប្បន្ន ធ្វើជាកូនសោរសម្រាប់បើកបង្ហាញផ្លូវ ។ នៅក្នុងការសាងសេដ្ឋកិច្ច ព្រះពុទ្ធអង្គទ្រង់បានផ្តល់នូវគន្លឹះសំខាន់ៗជាច្រើន ក្នុងនោះទិដ្ឋធម្មិកត្ថធម៌គឺជាឧបករណ៍ពិសេស ឲ្យយើងយកមកប្រើ ក្នុងដំណើរការកសាងសេដ្ឋកិច្ចឲ្យសម្រេចបានប្រកបដោយភាពជោគជ័យ ។
១.ឧដ្ឋានសម្បទាៈ (ការដល់ព្រមដោយ ការតស៊ូព្យាយាម ប្រឹងប្រែងធ្វើការងារ មិនខ្ចិលច្រអូសជានិច្ច )
គ្រប់សកម្មភាព ឬទង្វើការងារអ្វីមួយ មិនមែនចេះតែសម្រេច ភ្លាមៗ ឬចង់បានគឺបាននោះទេ ។ ទោះបីស្ថិតនៅក្នុងភព្វបុគ្គល (អ្នកមានបុញ្ញកម្មច្រើន )កើតក្នុងត្រកូលស្តុកស្តម្ភ សមប្រកបដោយ គ្រឿងឧបភោគ បរិភោគសព្វបែបយ៉ាង ក៏មកពីអ្នកនោះបានប្រឹងប្រែងធ្វើនូវសេចក្តីល្អ ឬប្រឹងកសាងនូវធនធានរបស់ខ្លួនទុកពីមុនមកដែរ។ ភាពខ្ចិលច្រអូស ទុរុននិងការងារ (មានៈ ការសិក្សា កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម…) មិនអាចធ្វើឲ្យយើងទទួលបាននូវជោគជ័យក្នុងការងារនោះទេ ។ នៅលើពិភពលោកនេះ មិនដែលឃើញនរណាម្នាក់ក្លាយខ្លួនជាអ្នកមានទ្រព្យធន កិត្តិយស កេរ្តិ៍ឈ្មោះ ដោយសារតែការខ្ចិលច្រអូស មិនប្រឹងប្រែងធ្វើការងារនោះទេ បើទុកជាខ្លួនមានទ្រព្យធនសម្បូរបែបខ្លះក៏ដោយ ។
ព្រះពុទ្ធអង្គមិនបានប្រៀនប្រដៅ ឬសម្តែងអ្វីដែលជាការអប់រំធ្វើឲ្យមនុស្សមានភាពខ្ចិលច្រអូសនោះឡើយ ។ ព្រះពុទ្ធអង្គទ្រង់តែងតែសរសើរចំពោះបុគ្គលណាមានសេចក្តីប្រឹងប្រែងតែប៉ុណ្ណោះ ។ ការ ស្វែងរកនូងធនធាន សម្រាប់រស់គឺជាការគួរណាស់ ប៉ុន្តែអ្វីដែលរកបានគឺត្រូវតែសុចរិត មិនកេងកិបប្រវ័ញ្ចកម្លាំងពលកម្ម របស់អ្នកដទៃ ប្រកបដោយ សម្មាសង្កប្បៈ ការត្រិះរិះត្រូវ ពោលគឺគិតយ៉ាងណាឲ្យ របស់ដែលទទួលបានមកនោះជាប្រយោជន៍ដល់ខ្លួនឯងផង និងអ្នក ដទៃផង សម្មាវាចា ពោលពាក្យត្រឹមត្រូវជាសច្ចវាចា មិននិយាយញុះញុង បោកបញ្ឆោតអ្នកដទៃឲ្យខូចប្រយោជន៍ សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រឹមត្រូវ មិនកិបកេងបោកប្រាស ប្រើល្បិចកិច្ចកល ឲ្យអ្នកដទៃអន្តរាយ ធម្មេ ន ធម្មលទ្ធា ទ្រព្យធនរកបានមកដោយ មធ្យោបាយត្រឹមត្រូវ សេទាវក្កិណ កេហិ ទ្រព្យធនរកបានពីញើស និងពលកម្មខ្លួនឯងផ្ទាល់ ។ ការស្វែងរកវត្ថុធាតុដែលត្រូវរស់យ៉ាង នោះឯង ទើបជាការរស់នៅដោយមានជីវិតរុងរឿងថ្លៃថ្នូរ ប្រកបដោយ ភាពសុខសាន្ត ។ ដូចនេះយើងអាចមើលឃើញនូវគោលបំណងនៃ ព្រះអង្គ គឺធ្វើឲ្យមនុស្សមានការប្រឹងប្រែង ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងផ្ទាល់ ពោលគឺបានមកដោយត្រឹមត្រូវ កើតឡើងដោយ ត្រឹមត្រូវ សម្រេចបានដោយត្រឹមត្រូវ ដែលយើងអាចនិយាយបានថា សុចរិត។ បើមនុស្សម្នាក់ៗសុទ្ធតែប្រកាន់យកនូវការងារសុចរិតដូចគ្នា មិនធ្វើការកេងប្រវ័ញ្ចចំពោះគ្នា មិនបៀតបៀនគ្នា មិនភូតកុហកគ្នា សេដ្ឋកិច្ចរវាងគ្រួសារមួយៗ ឬមនុស្សម្នាក់ៗ និងមានភាពរីកចរើន ។ ផ្ទុយមកវិញបើមនុស្សចេះតែមានសេចក្តីប្រមាថ កេងប្រវ័ញ្ចលើកម្លាំង (ដើរខ្សែលើ) មនុស្សដូចគ្នានោះ មនុស្សនឹងទទួលរងនូវសេចក្តីទុក្ខ ទទួលរងនូវការប្រមាថ មានសង្រ្គាម និងមានភាពក្រីក្រកើតឡើង ។
ក្នុងឧដ្ឋានសម្បទានេះមិនមែនចំពោះតែបុគ្គលម្នាក់ៗប៉ុណ្ណោះទេ សូម្បីថ្នាក់ជាតិ ក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនសាធារណៈធំៗ ជំនួញ ឧស្សាហកម្ម ពាណិជ្ជកម្ម… បើអ្នកកាន់ការទាំងឡាយក្នុងពិភពលោក ខ្វះធម៌នេះ កម្ជិល មិនប្រឹងប្រែងចំពោះករណីកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នាពីប្រយោជន៍ផ្ទាល់ខ្លួន មិនខិតខំកែច្នៃ ស្រាវជ្រាវវិធីសាស្រ្ត អភិវឌ្ឍ ផ្សេងៗ ឲ្យឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញដើរទាន់សម័យ ទេនោះ សេដ្ឋកិច្ចនឹងធ្លាក់ចុះពុំខាន ។
ដើម្បីឲ្យឧដ្ឋានសម្បទានេះប្រព្រឹត្តទៅទទួលបានភាពស័ក្កិសិទ្ធិ ព្រះសក្យមុនីសម្ពុទ្ធទ្រង់បានផ្តល់គន្លឹះបន្ថែម ៤ យ៉ាងទៀតគឺៈ
ឆន្ទៈ កំណត់គោលដៅ ឬវត្ថុបំណងឲ្យបានច្បាស់លាស់
វិរិយៈ ប្រឹងប្រែងារឱហាត តស៊ូព្យាយាម
ចិត្តៈ ការបេ្តជ្ញាចិត្តតាំងចិត្តឲ្យមាំស៊ុប ស្មោះស្ម័គ្រ នឹងការងារ
វិមំសា ការត្រិះរិះ ស្វែងរកមធ្យោបាយ ឬឧបាយសម្រាប់ធ្វើឲ្យ សម្រេចគោលដៅ ។
ធម្មតាកិច្ចការណាក៏ដោយ បើយើងចេះតែប្រឹងប្រែងធ្វើដោយ កម្លាំងបាយ គ្មានការកំណត់គោលដៅ ឬ វត្ថុបំណងឲ្យច្បាស់លាស់ ជាមុនសិននោះទេ ការងារនោះនឹងច្របូកច្របល់ មិនកើតសិរីសួស្តី ដល់អ្នកធ្វើឡើយ ឬបើអ្នកធ្វើជំនួញវិញ នឹងពិតជាខាតពុំខាន ។ បើ មានគោលដៅត្រូវធ្វើឲ្យហើយ តែមិនមានការតស៊ូព្យាយាម មិនមាន ការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រនឹងការងារ ឬមិនចេះស្វែងរកមធ្យោបាយ យកមកប្រើប្រាស់ក្នុងការងារដែលត្រូវធ្វើនោះទេ ដំណើរការការងារ ទាំងមូលនឹងទទួលបាននូវភាពបរាជ័យជាមិនខាន ។ ដូចជាអ្នកស្រែ បើមានគោលបំណងចង់ធ្វើស្រែ តែឥតមានការតស៊ូព្យាយាមកាប់គាស់ ភ្ជួររាស់ដី គ្មានការតាំងចិត្តពុះពារនូវឧបសគ្គផ្សេងៗ មិនរកវិធីសាស្រ្ត ថែរក្សាសន្ទូង ដាក់ជី ថែទឹកទេនោះ ផលសមេ្រចបាននឹងមិនសម ដូចបំណងជាមិនខាន។ យើងឃើញអ្នកមានទ្រព្យធនមួយចំនួនទម្រាំ ពួកគាត់អាចមានទ្រព្យធនសម្បូរបែបបាន គេត្រូវតស៊ូបំពេញកិច្ចការ របស់គេដោយឱហាតបំផុត ចេះមើលពេលវេលា គិតមើលគ្រប់ជ្រុង ជ្រោយចំពោះការងារដែលពួកគេកំពុងធ្វើ ។
|
២.អារក្ខសម្បទា (ការថែរក្សាដោយយកចិត្តទុកដាក់)
ទ្រព្យសម្បត្តិដែលយើងស្វែងរកមកនោះ សុទ្ធសឹងបានមកពី ការប្រឹងប្រែងដោយលំបាកប្រើប្រាស់វិធីសាស្រ្តតាមលទ្ធភាព ។ ដូចនេះ បើយើងចេះតែប្រើដោយខ្ជះខ្ជាយ គ្មានវិធីប្រើប្រាស់ទុកដាក់ឲ្យបានល្អ ទេនោះ វត្ថុទាំងនោះនឹងងាយបាត់បង់ទៅវិញ។
មានមតិខ្លះដែលយល់ច្រឡំថា ព្រះពុទ្ធអង្គ ទ្រង់បានសម្តែងពី ត្រៃលក្ខណ៍ធម៌ ពោលគឺធម្មជាតិទាំងអស់កើតឡើងតែងតែត្រូវវិនាស ទៅវិញ ព្រោះវត្ថុទាំងអស់តែងតែ ជាប់ទាក់ទងទៅនឹងបាតុភូត ប្រែប្រួល មិនទៀងទាត់(អនិច្ចតាធម៌) តាំងនៅយូរមិនបាន(ទុក្ខតាធម៌) មិនអាច ជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់(អនត្តាធម៌) ។ ចុះហេតុអ្វីបាន ជាយើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះ របស់ទាំងនោះធ្វើអ្វី?
ពិតណាស់ ធម្មជាតិទាំងអស់ សុទ្ធតែប្រែប្រួលមិនទៀងទាត់ មិនដឹងថា ធម្មជាតិទាំងនោះនឹងខូចវិនាសទៅវិញនៅពេលណាបាន ឡើយ។ ដោយសារតែការមិនដឹងច្បាស់នោះឯង ទើបយើងត្រូវការ ប្រយ័ត្នក្នុងការមើលថែរបស់ទាំងនោះ។ បើយើងចេះតែបណ្តោយឲ្យ បាត់បង់ទៅដោយឥតប្រយោជន៍នឹងនាំឲ្យខាតពេល ខាតការងារជា មិនខាន។
ការថែរក្សាទ្រព្យសម្បត្តិដែលរកបានមកនោះ ពិតជាមានសារៈ សំខាន់បំផុតក្នុងដំណើរជីវិតប្រព្រឹត្តទៅដើម្បីរស់ ព្រោះយើងមិនមែន រស់គ្រាន់តែធ្វើការងារតែមួយមុខដដែលៗនោះឡើយ ។ ក្នុងទស្សនវិជ្ជា
ព្រះពុទ្ធសាសនា ត្រូវបានបែងចែកការរក្សាជាពីរផ្នែកគឺ៖
-រក្សាចិត្ត ធម្មតានៃចិត្តចេះតែប្រាថ្នាចង់បាននេះចង់បាននោះ មិនចេះចប់ ចេះតែចង់ធ្វើអ្វីតាមតែនឹកឃើញ។ រឿងអាក្រក់ចិត្តនេះ ចេះតែនឹកឃើញជាងរឿងល្អៗ ហើយវាបញ្ជាសព្វគ្រប់សកម្មភាពនៃ រាងកាយឲ្យធ្វើ។ ដូចេ្នះបើយើងចេះឃុំគ្រង រក្សាចិត្តមិនឲ្យគិតចំណាយ ឬប្រើប្រាស់របស់ខ្ជះខ្ជាយបាន នោះទ្រព្យដែលរកបាន ក៏អាចតាំងនៅ បានយូរដែរ ។
|
-ចេះបែងចែកធនធានដែលខ្លួនមានស្រាប់ និងរកបានមក បើយើងខំប្រឹង ស្វែងរកដោយលំបាក ហើយយើងមិនចេះទុក ដាក់ឲ្យបានល្អប្រសើរ នោះទ្រព្យធនរបស់យើងនឹងប្រឈមមុខទៅ នឹងសេចក្តីវិនាសមិនខាន។ តួយ៉ាងយើងរកបានកៅអីឈើមួយ យើង ទុកវាចោលតែហាលវាល ហាលថ្ងៃ ត្រូវខ្យល់ជាដើម កៅអីរបស់យើង វាប្រាកដជាឆាប់ពុក ខូចទ្រង់ទ្រាយដោយចំណែកណាមួយ ។ ប្រាក់ ដែលខំរកបានយកទៅចាយវាយខ្ជះខ្ជាយ ដូចជាយកទៅលេងល្បែង ភ្នាល់ សេពគ្រឿងញៀន ចំណាយទៅលើវត្ថុឥតប្រយោជន៍ជាដើម ប្រាក់នោះក៏នឹងអាចអស់ទៅវិញយ៉ាងងាយបំផុត។ ក្នុងច្បាប់បណ្តំាបិតាខ្មែរយើង ពោលថា៖
ច្បាប់នេះក៏បានបង្ហាញហើយថា ទ្រព្យគង់ត្បិតស្រីចេះរៀប ដាក់ទុក។ ការរៀបដាក់ទុកដាក់ ឬការចេះបែងចែកទ្រព្យសម្បត្តិនោះ មានសារសំខាន់ណាស់ ដូចនេះយើងមិនត្រូវនឹកឃើញចាយចេះតែ ចាយនោះទេ បើចាយគ្មានដែនកំណត់ គ្មានការកំណត់គោលដៅច្បាស់ លាស់ក្នុងការចាយវាយទេ វានាំតែបង្ហិនទ្រព្យសម្បត្តិនោះប៉ុណ្ណោះ ។
ក្នុងការបែងចែកទ្រព្យធននេះ ព្រះបរមគ្រូសម្ពុទ្ធ ទ្រង់សម្តែង បញ្ជាក់ថា ទ្រព្យសម្បតិ្តដែលរកបានមកគប្បីត្រូវចេះទុកដាក់រក្សាឲ្យល្អ ត្រូវចេះបែងចែកទ្រព្យធនជាបួនចំណែកគឺៈ
-សម្រាប់ផ្គត់ផ្គង់គ្រួសារឬចាយវាយផ្ទាល់ខ្លួនប្រចាំថ្ងៃមួយភាគ
-សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃមួយភាគ
-ចំណែកសម្រាប់ទំនុកបម្រុង ចិញ្ចឹមមាតាបិតា មួយភាគ
-សម្រាប់តម្កល់ទុកពេលជួបនឹងបញ្ហាណាមួយ មួយភាគ
បើករណីរកបានទ្រព្យធនមក មិនមានវិធីសាស្ត្រក្នុងការ ថែរក្សា ចាយវាយខ្ជះខ្ជាយ មានប៉ុណ្ណាចាយប៉ុណ្ណឹង មិនទំនុកបំរុងមាតាបិតា មិនទុកដាក់សោហ៊ុយសម្រាប់ពេលមានអាសន្ន ដូចជាជម្ងឺដម្កាត់ ឬត្រូវ ការទិញរបស់នេះនោះប្រើប្រាស់ ដល់ពេលត្រូវការតាំងខ្វះ ធនធាន ដើរខ្ចីបុលគេ ឬលក់ទ្រព្យសម្បត្តិខ្ទេចខ្ទីអស់ ដល់ទីបំផុត ទោះយើង ធ្លាប់មានទ្រព្យធនប៉ុណ្ណា ក៏នឹងអាចវិនាសទៅវិញយ៉ាងពិតប្រាកដ ។
អារក្ខសម្បទានេះ មិនមែនសម្រាប់ត្រឹមតែការថែរក្សាទ្រព្យ សម្បត្តិធម្មតាប៉ុណ្ណោះទេ សូម្បីតែកិច្ចការដែលខ្លួនធ្វើ បើមិនប្រយ័ត្នប្រយែង ធ្វើការលំៗឲ្យតែបានធ្វើការងារខ្ជះខ្ជាយ មិនគោរពការងារ ឬ ពេលវេលាសម្រាប់បំពេញតួនាទីរបស់ខ្លួន ទោះបីជាមានការងារល្អ ប៉ុណ្ណាក៏នឹងអាចបាត់បង់ទៅវិញបានដែរ ។ បើនិយាយពីផ្នែកសេដ្ឋកិច្ច ផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ជំនួញជាដើម កាលបើធ្វើ ការងារខ្ជះខ្ជាយ មិនត្រួតពិនិត្យដល់កន្លែងការងារ ចេះតែប្រចាំបណ្ដាក់ គ្នា ម្នាក់អាងលើម្នាក់ នៅតែផ្ទះ ឬបន្ទប់ការិយាល័យ រំពឹងតែលើ ក្រដាស លើបញ្ជីលើអ្នកដទៃ ដល់ផលដែលបានមក នឹងត្រូវខូច ខាតជាពុំខាន បើត្រូវចំណេញច្រើនក៏ត្រូវថយមកតិច ឬខាតបង់តែ ម្តង។ មានអ្នកជំនួញខ្លះពេលខាតខ្លាំងពេកទៅ ដល់ថ្នាក់ធ្វើអត្តឃាត ខ្លួនឯងទៀតក៏មានដែរ ។
៣.កល្យាណមិត្តតា (ភាវៈនៃខ្លួនជាអ្នកមានមិត្តល្អ)
ការសេពគប់មិត្ដក៏ជាកត្ដាសំខាន់សម្រាប់មនុស្សផងដែរ ។ គ្មាន មនុស្សណាម្នាក់កើតឡើង ហើយរស់នៅតែម្នាក់ឯងមិនពឹងអាស្រ័យ គ្នាទៅមកនោះឡើយ ហើយក៏គ្មាននណាម្នាក់រស់នៅមិនទទួលចម្លង ឥទ្ធិពលពីអ្នកដទៃនោះក៏ទេដែរ ។ ការសេពគពមិត្ដក៏គឺមធ្យោបាយ សំខាន់សម្រាប់ការអភិវឌ្ឍខ្លួនឲ្យរីកចម្រើន តាមរយៈ សុភាវធម៌ សីលធម៌ ទំនាក់ទំាងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ទីប្រឹក្សា។ល។ បើកាល ណាយើងរាប់អានប្រទះប៉ះលើតែមិត្តអាក្រក់ ប្រចុបប្រចែង ដឹកនាំយើងឲ្យទៅរកតែផ្លូវអន្ដរាយ សប្បាយរីករាយតែលើទង្វើអាក្រក់សព្វបែបយ៉ាង ទោះបីយើងខំប្រឹងប្រែងស្វែងរកទ្រព្យធនបរិបូណ៌ស្តុកស្តម្ភ យ៉ាងណាក៏ទ្រព្យធនទាំងនោះអាចនឹងវិនាសទៅវិញបាន។ បើធ្វើការផ្សេងៗ ការងារនោះៗនឹងមិនរីកចម្រើន អាចនឹងបាត់បង់ការងារ។ តែបើយើងចេះជ្រើសរើស សេពគប់ចំពោះមិត្ដណាសប្បុរស មិត្តល្អ ចេះជួយគ្នាទៅវិញទៅមក ជាអ្នកប្រាជ្ញ បណ្ឌិត មិត្ដនោះនឹងនាំយើង ឲ្យបានសម្រេចនូវកិច្ចការ សព្វបែបយ៉ាង ។
មនុស្សទាំងបួនប្រភេទគឺៈ
-មនុស្សល្អតែសម្បកកាយ ខាងផ្លូវចិត្តអាក្រក់
-មនុស្សអាក្រក់សម្បកកាយ តែខាងផ្លូវចិត្ដសប្បុរស
-មនុស្សអាក្រក់ទាំងកាយ អាក្រក់ទាំងខាងផ្លូវចិត្ដ
-មនុស្សល្អទាំងកាយ ល្អទាំងខាងផ្លូវចិត្ដ
មនុស្សប្រភេទទីមួយ និងទីបីមិនគួរនឹងឲ្យយើងសេពគប់ជា មួយនោះឡើយ ព្រោះមនុស្សពីរប្រភេទនេះតែងញុំាងប្រយោជន៌ ដែលសម្រេចបានឲ្យវិនាស ប្រយោជន៌រៀបបាននឹងសម្រេចឲ្យខក ខានទៅវិញ។ ក្នុងន័យនេះដែរមិនមែនមានន័យថា យើងមិនសពគប់ មនុស្សអាក្រក់ ឬបាបមិត្ដនោះទេ តែមានន័យថា យើងអាចត្រឹមតែ រាប់អាន មិនរើសអើងចំពោះមនុស្សជាតិដូចគ្នា គ្រាន់តែយើងមិនធ្វើ តាមការដឹកនាំ ឬឥទ្ធិពលពីអ្នកនោះប៉ុណ្ណោះ ។ ការស្វែងរកលាភពី មនុស្សអសប្បុរស គឺជារឿងមិនល្អ ប្រៀបដូចជាទឹកអម្រឹតលាយនឹង
ថ្នាំពុល អាចសម្លាប់យើងបានគ្រប់ពេលទាំងអស់ ។ មិត្តអាក្រក់តែង ដឹកនាំយើងឲ្យប្រព្រឹត្តតែអំពើអបាយមុខផ្សេងៗ មានល្បែងស្រី ល្បែង ស្រា ល្បែងភ្នាល់ ភ្លេចពីការថែរក្សាទ្រព្យសម្បត្តិ ភ្លេចពីសុខទុក្ខខ្លួន ភ្លេចគ្រួសារសាច់ញាតិ។ បើដឹកនាំឲ្យធ្វើជំនួញនោះ ច្រើនតែជាជំនួញ ខុសសីលធម៌ ក្បត់មនសិការ ក្បត់សង្គមជាតិ ដូចជាជួញដូរមនុស្ស ជួញដូរគ្រឿងសាស្ត្រាវុធ គ្រឿងញៀន គ្រឿងស្រវឹង ថ្នាំពុល លួច ប្លន់ កាប់សម្លាប់ កិបកេង អ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើ សព្វបែបយ៉ាងសុទ្ធតែខុសច្បាប់ទាំងអស់ ។
មនុស្សប្រភេទទី២និងទី៤ គឺជាប្រភេទមនុស្សសប្បុរសអាច ធ្វើជាកល្យាណមិត្តបានអាចជួយអោយការងារដែលមិនអាចសម្រេចអោយសម្រេចបានជួយការងារដែលសម្រេចហើយអោយរឹតរឹងតែរីកចំរើនជួយផ្តល់ជីវិតបង្កើតថ្មីនាំសិរីសួស្តីដល់ការអភិវឌ្ឍ ។ មនុស្សប្រភេទទី២ទោះបីតែសម្បកកាយមិនសូវសមប្រកប រប៉ិលរបូចចូល ចិត្តលេងសើចច្រើនឬ អសមត្ថភាពកាយសម្បទាណាមួយក៏ដោយតែនៅពេលដែលគិតក៏ក្រឡេកមើលទៅលើអ្វីដែលត្រឹមត្រូវ អ្វីដែល សុក្រឹតល្អ សមស្របតាមច្បាប់បញ្ញត្តិរបស់រដ្ឋ សមស្របទៅនឹងសីល ធម៌ដែលសង្គមមនុស្សទាំងមូលអាចទទួលយកបាន ។ ដូចជានៅក្នុង សម័យបច្ចុប្បន្នជាសម័យទំនើបពឹងផ្អែកលើសេវាកម្ម និងព័ត៌មាន វិទ្យា(សាកលភាវូបនីយកម្ម) មិត្តល្អតែងដឹកនាំយើងអោយចេះស្គាល់ យល់ដឹងអភិវឌ្ឍខ្លួន អោយមានសមត្ថភាពប្រកួតប្រជែងទីផ្សារ ការ ងារ ជំនួញផេ្សងៗបានសព្វបែបយ៉ាង ឯបើមិត្តអាក្រក់បែរជាដឹកនាំ អោយបងើ្កតសមត្ថភាពខាងផ្លូវអាក្រក់ សេពគ្រឿងញៀន ល្បែងស៊ី
សងជាដើម ។
ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាព្រះពុទ្ធអង្គបានបែងចែកមិត្ត ជាពីរយ៉ាងគឺមិត្តល្អ (កល្យាណមិត្ត) ១ មិត្តអាក្រក់ (បាបមិត្ត) ១ ។
បញ្ហាមិត្តតាំងពីរយ៉ាងនោះបាបមិត្តមាន៤ប្រភេទគឺ
ក -មិត្តគិតតែពីខាងបាន
-មិត្តគិតយកសម្រាប់តែម្នាក់ឯងគិតតែពីខ្លួនឯង
-ព្រមខូចប្រយោជន៍បន្តិចបន្តួច និងចង់បានតែពីខាងច្រើន
-ពេលខ្លួនមានភ័យទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត
-សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍
ខ-មិត្តបានតែខាងនិយាយ
-ពូកែតែរំលឹកយករឿងចាស់ៗមកនិយាយ
-ពូកែលើកយករឿងដែលពុំទាន់មកដល់មកប្រាស្រ័យ
-ជួយសង្រ្គោះដោយរបស់គ្មានបានការ
-ពេលមិត្តមានធុរមិនព្រមមកជួយ អាងលេសថាមានរវល់
គ-មិត្តបានតែប្រចុប (បោកស៊ី)
-ពេលមិត្តធ្វើអាក្រក់ក៏សាទរ
-ពេលមិត្តធ្វើល្អក៏សាទរ
-នៅពីមុខមិត្តពោលសរសើរ
-នៅពីក្រោយខ្នងនិយាយនិន្ទា
ឃ-មិត្តនាំទៅរកតែខាងវិនាស
-ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកដែរ
|
-ពេលមិត្ដដើរលេងយប់ ក៏ដើរជាមួយ
បណ្ដាមិត្ដទាំងពីរយ៉ាងនោះ កល្យាមិត្ដមានបួនប្រភេទគឺ
ក-មិត្ដមានឧបការ
-ពេលមិត្ដប្រមាន(ធ្វេសប្រហែសចំពោះអ្វីមួយ)ក៏ជួយរក្សា
-ពេលមិត្តកំពុងធ្វើអ្វីមួយ ក៏ជួយធ្វើជាមួយ
-ពេលមិត្ដមានភ័យក៏យកខ្លួនទៅទីពឹងរបស់មិត្ដ
-ពេលមិត្តមានការចាំបាច់ជួយចេញទ្រព្យសម្បត្តិឲ្យជាងមិត្ដដែលស្នើសុំឲ្យខ្លួនជួយទៅទៀត ។
ខ-មិត្ដរួមសុខទុក្ខ
-ប្រាប់រឿងសំងាត់ដល់មិត្ដ
-បិទបាំងរឿងសំងាត់របស់មិត្ដ
-មិនបោះបង់មិត្ដចោលនៅពេលមិត្ដមានភ័យន្ដរាយ
-សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ដ
គ-មិត្ដណែនាំប្រយោជន៍
-ឃើញមិត្ដធ្វើរឿងនាំឲ្យវិនាសក៏ហាមប្រាម
-ណែនាំមិត្តឲ្យតាំងនៅក្នុងសេចក្ដីល្អ សប្បុរស សុចរិត
-ឲ្យមិត្តស្ដាប់ ដឹង នូវអ្វីដែលមិត្តមិនដែលបានស្ដាប់ ដឹង
-ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ណែនាំការងារ ទីផ្សារការងារ ផ្ដល់ ផ្ដល់ទីប្រឹក្សាល្អៗក្នុងការអភិវឌ្ឍជីវិតឲ្យបានជោគជ័យដល់មិត្ដ
ឃ-មិត្ដមានទឹកចិត្ដ
-ពេលមិត្ដមានទុក្ខក៏កើតទុក្ខដែរ (ជួយរំលែកទុក្ខមិត្ដ)
-ពេលមិត្ដមានសុខក៏សប្បាយរីករាយ
-ពេលឮគេនិយាយអាក្រក់ពីមិត្ដ ក៏ជួយនិយាយការពារឲ្យមិត្ដ
-ពេលគេនិយាយសរសើពីមិត្ដក៏ជួយនិយាយសរសើរបន្ថែម
|
បើក្នុងថ្នាក់ជាតិ ឧស្សហកម្ម ពាណិជ្ជកម្ម ឬជំនួញវិញ បើអ្នក ធ្វើជាមិនស្មោះត្រង់ ទុចរិត មានការគៃបន្លំ សហការីពុករលួយត្រូវដង ត្រូវផ្លែគ្នាជាមួយនឹងអ្នកខាងក្រៅនោះ ជាតិនឹងដល់នូវវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញ-ល- នោះនឹងខូចខាត ឬ ដួលរលំ។ ដូចនេះដើម្បីឲ្យជីវិតបច្ចុប្បន្នបានជោគជ័យ កើតជាមង្គល គប្បីចេះជ្រើសរើសមិត្តឲ្យបានល្អប្រសើរ ។
៤.សមជីវិតា ( ភាវៈនៃបុគ្គលចិញ្ចឹមជីវិតស្មើ )
ការចិញ្ចឹមជីវិតស្មើ ក្នុងទីនេះសំដៅទៅលើការចិញ្ចឹមជីវិត
ដោយស្គាល់ហេតុពីរយ៉ាងគឺៈ
ក.ស្គាល់ពីរបៀបចាយវាយ
ធម្មតាចំណូល និងចំណាយ គឺជាគូគ្នាទៅវិញទៅមក ។ ចំណូល សំដៅលើផលដែលកើតឡើងពីការប្រឹងប្រែងស្វែងរក ឯ ចំណាយសំដៅលើការប្រើប្រាស ។ ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គសម្ដែងថាៈ
បើរកប្រាក់ចំណូលបានមកតិច យើងត្រូវចេះចាយវាយទៅ តាមតិច ត្រូវចេះសន្សំសំចៃ មិនមែនបានតិច ហើយចាយវាយ ឬប្រើ ប្រាសហួសប្រមាណនោះឡើយ ។ ការចាយវាយច្រើនជាងចំណូល មិនមែនត្រឹមតែការបំផ្លាញ គ្មានការអភិវឌ្ឍប៉ុណ្ណោះទេ វាថែមទាំង ធ្វើឲ្យយើងបាត់បង់ពេលវេលា បាត់បង់ឱកាសផ្សេងៗ និងកេរមរតក សព្វបែបយ៉ាង ។
ផ្ទុយមកវិញ បើយើងមានចំណូលច្រើន តែចំណាយតិចពេក មិនសមនឹងតម្រូវការ ឬកំណាញ់ វានឹងអាចធ្វើឲ្យយើង ទទួលរងនូវ ផលលំបាកបានដែរ ។ ការកំណាញ់ពេក វានឹងធ្វើឲ្យបាត់បង់នូវ ញាតិ ទទួលរងនូវការប្រមាទពីមនុស្សជុំវិញ គ្មានជនដទៃហ៊ានចូល ជិត ។ បើកាលណាបាត់បង់ញាតិហើយ ចង់ធ្វើជំនួញជាមួយនឹង នរណាក៏មិនបាន ចង់ពឹងពំនាក់អាស្រ័យនឹងអ្នកផង គេមិនព្រម តែដល់យូរៗទៅនឹងក្លាយជាមនុស្សឯកា។ បើនិយាយពីក្រុមហ៊ុនវិញ បើ ចំណូលចំណេញបានច្រើន តែប្រាក់បៀរវត្សរ៍ផ្ដល់ដល់បុគ្គលិករបស់ ខ្លួនមិនសមនឹងតម្លៃការងារ នោះបុគ្គលិកការងារនឹងធ្វើការលំៗឲ្យតែ
បាន ការងារនឹងមិនដើរទៅមុខ ទីបំផុតក្រុមហ៊ុននោះៗនឹងដួលរលំជា ពុំខាន ។ ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនាមាននិយាយថា បើ ប្រាក់ឈ្នួលផ្ដល់ដល់បុគ្គលិកល្មមសមរម្យគ្រប់គ្រាន់ នោះការងារនឹង ដើរឈានទៅមុខឥតឈប់ឈរ តែបើមិនល្មមគ្រប់គ្រាន់ទេ នោះការ ងារនឹងរអាក់រអួល គ្មានបុគ្គលិកធ្វើការបន្តជាមួយគ្នាទៀតឡើយ ។
ខ.ស្គាល់ពីសមត្ថភាពក្នុងការរក
សមត្ថភាពត្រូវបានទទួលស្គាល់ និងឲ្យតម្លៃយ៉ាងខ្លាំងពេញ ពិភពលោក។ ធម្មតាបើគ្មានសមត្ថភាពក្នុងការរកទេ ការស្វែងរក នោះក៏មិនដល់នូវការរីកចម្រើនបានដែរ។
សមត្ថភាពក្នុងទីនេះចែកចេញជាពីរគឺៈ
-សមត្ថភាពដឹងច្បាស់ពីការវិនាសទៅនៃភោគៈទាំងឡាយ
-សមត្ថភាពដឹងច្បាស់ពការរីកចម្រើននៃភោគៈទាំងឡាយ
ការដឹងច្បាស់ពីការតវិនាស(អវិជ្ជមាន) នឹងអាចឲ្យយើងរៀប ចំ ត្រៀមទុកជាមុន បង្កាយ៉ាងណាមិនឲ្យភោគៈនោះ វិនាសទៅវិញ ដោយងាយ ឬកុំឲ្យបាត់បង់តែម្តង ដូចជារបស់ដែលបាត់បង់ហើយ គប្បីស្វែងរកឲ្យឃើញមកវិញ របស់ចាស់ហើយឲ្យចេះជួសជុលប្រើ ឬស្វែងរកកមបន្ថែមជាដើម…។
ការដឹងច្បាស់ពីការរីកចម្រើន អាចឲ្យយើងចេះរកវិធីសាស្ត្រ ថែរក្សា វិធីសាស្ត្រចាប់ក្រសាវកាវក្រសោបស្រូបយកឱកាសបាន ។
សមត្ថភាពដែយល់ដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងនេះ
ហើយ ជាហេតុធ្វើឲ្យភាពជោគជ័យកើតឡើងក្នុងទីចំពោះមុខបាន ។
|
តាមការលើកឡើងមកនេះ យើងឃើញថា ទិដ្ឋធម្មិកត្ថធម៌ ទាំង៤យ៉ាងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច ស្របទៅតាមច្បាប់ និងសីលធម៌។
បុគ្គលអ្នកអនុវត្តតាម មិនអាចជ្រើសយកមួយចំណុច ហើយ ចោលចំណុចផ្សេងទៀតនោះទេ ព្រោះធម៌ទាំងបួនយ៉ាងនេះ មាន ទំនាក់ទំនងទៅវិញទៅមក មិនអាចផ្ដាច់ចេញពីគ្នាបានឡើយ ។ បើ មនុស្សម្នាក់ៗអនុវត្តដំណើរជីវិត ប្រកាន់ភ្ជាប់នឹងធម៌ទាំងបួននេះ នឹង ទទួលបាននូវប្រយោជន៍ក្នុងបច្ចុប្បន្ននេះ អាចធ្វើជាម្ចាស់វាសនានៃ ខ្លួន បានជោគជ័យយ៉ាងពិតប្រាកដ ៕
ជំនិត វិជិតភក្ដី
សំណោកអំនួត
គិតទៅការរស់នៅរបស់មនុស្សគឺសុទ្ធតែជាអំនួត…ហាស៎… មែនបើយើងគ្មានអំនួតទេ តើម្តេចនឹងអាចរស់កើតទៅ…រៀនសូត្រ បើគ្មានអំនួត ក៏មិនអាចរីកចម្រើនបានដែរ…ពាក្យសម្តីក៏ដូចគ្នា… និយាយរួម គ្រប់សកម្មភាពទាំងអស់ គឺជាអំនួត…ពីមុនខ្ញុំមិនចូលចិត្តពាក្យ អំនួតនេះទេ…ស្អប់មនុស្សអួតខ្លាំងណាស់…បើមានមនុស្សអួតក្បែរខ្ញុំ…ខ្ញុំអាចមិនយកចិត្តទុក ដាក់ជាមួយគេ ឬបើទ្រាំមិនបានទេ ខ្ញុំនឹងព្យាយាមធ្វើអ្វីមួយ ឲ្យភាពអួតក្អេងក្អាងរបស់គេនោះ ក្លាយទៅជាភាពចម្កួត…។ តែដល់គិតយូរៗទៅ គេនិងខ្ញុំដូចតែគ្នាសោះ…គេអួត ព្រោះចង់ឲ្យ អ្នកដទៃចាប់អារម្មណ៍ និងសរសើររូបគេ…ឯខ្ញុំប្រឹងកាច់បំបាក់គេ ក៏ព្រោះតែចង់អួតប្រាប់គេថា ខ្ញុំក៏ចេះដឹង មិនចាញ់គេប៉ុន្មានដែរ… … …
កំលោះៗ វ័យប្រហាក់ប្រហែលនឹងខ្ញុំ ខ្លះគេរៀបការមានប្រពន្ធកូនទៅហើយ ខ្លះមានសង្សារបណ្តើរគ្នាដូចប្តីប្រពន្ធ ព្រោះតែចង់អួតប្រាប់ពីសមត្ថភាពស្នេហារបស់ពួកគេ…ខ្ញុំឯណេះវិញ ក៏មានសង្សារគ្រាន់បណ្ដើរបង្អួតអ្នកទាំងនោះផងដែរ…។
ខ្ញុំឈឺក្បាលខ្លាំងណាស់ នៅពេលដែលនឹកដល់រឿងរ៉ាវស្នេហាម្តងៗ…ពេលខ្លះ វាធ្វើឲ្យ យើងសប្បាយមែន តែពេលខ្លះ វាក៏បានបង្វក់នូវខួរក្បាលរបស់យើង មិនឲ្យធ្វើអ្វីមួយកើត… យើងត្រូវចំណាយនូវពេលវេលាយ៉ាងច្រើន ព្រោះតែវា…ពេលខ្លះដោយសារតែការផ្គាប់ផ្គន់ រាជិនីស្នេហ៍ ខ្ញុំត្រូវធ្វើការណាដែលឥតប្រយោជន៍ ក្បត់នឹងមនសិការ ក្បត់នឹងឪពុកម្ដាយ ក្បត់ នឹងមនុស្សដែលរស់នៅជុំវិញខ្លួនខ្ញុំ…។ ពេលខ្លះខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងវាខ្លាំងណាស់… ឲ្យតែដល់ថ្ងៃណាដែលគេយល់ថាថ្ងៃពិសេសបន្តិចបន្តួច វាតាំងធ្វើឲ្យយើងនឹកទៅដល់រឿងរ៉ាវ អនុស្សាវរីយ៍…ផ្ដល់កាដូនេះ ផ្ដល់កាដូនោះ ឲ្យគ្នាទៅវិញទៅមកឥតឈប់… ភ្លើតភ្លើននឹងភ្លើង កាមា ប្រវេប្រវារកតែជ្រោះសុខក្នុងអន្លង់ភក់ជ្រាំ…ដូចជាយប់នេះ ខ្ញុំត្រូវក្បត់មនសិការខ្ញុំយ៉ាង ពេញទំហឹង…ដោយសារតែវាជាថ្ងៃពិសេសសម្រាប់មនុស្ស…ហាស…ហា…ខ្ញុំត្រូវកំដរទេពអប្សរ ដួងចិត្តរបស់ខ្ញុំ ដើរលេងកំសាន្តពេញរាជធានីភ្នំពេញ…។ មែនពួកយើងពិតជាសប្បាយណាស់ ម្ដងទៅមើលគេប្រគុំតន្ត្រីនៅឯវត្តភ្នំ ម្តងធ្វើដំណើរទៅកម្សាន្តនៅមាត់ទន្លេមុខវាំង…រងចាំទទួល ថ្ងៃឆ្លងឆ្នាំមកដល់…រងចាំមើលផ្កាភ្លើង ដែលផ្ទុះលើដី តែបញ្ចេញរស្មីនៅលើផ្ទៃអាកាស…រងចាំ ថ្ងៃដែលអាយុរបស់ខ្ញុំខិតទៅរកសេចក្ដីស្លាប់បានមួយឆ្នាំទៀត…
-នែ៎…ឯងកុំខ្វល់ខ្លាំងពេកមើល អាស្អីគេនេះ…បើឯងគិតតែអ៊ីចឹង តើធ្វើម្តេចបានសប្បាយ នឹងគេទៅ…?
-ឯងមិនដឹងថា ទង្វើដែលឯងធ្វើនេះ គ្មានបានការអ្វីទេឬ…? ឯងចង់សប្បាយ…យើងក៏ចង់សប្បាយ តែការសប្បាយភ្លើតភ្លើនបែបនេះ ឯងសប្បាយទៅរួចដែរ មែនទេ…?
-ឯងនេះគិតច្រើនណាស់វ៉ី…បើគេនាំគ្នាធ្វើយ៉ាងនេះទៅហើយ ឯងមិនធ្វើតាមគេ មានតែឯងនឹងឆ្កួត…
-មែនគ្នាឆ្កួតមែន…គ្នាមិនមែនមិនចង់សប្បាយនោះទេ…តែគ្រាន់តែ…
-ចុះឯងមានតែ កាហ្វេស្អីទៀត…
-កុំឲ្យសប្បាយភ្លេចខ្លួន…
-យីអានេះ ចេះរអ៊ូ មើលតែមនុស្សចាស់ទៅហើយ…
-ហាស់…
មនសិការខ្ញុំ បានឈ្លោះប្រកែកគ្នាឥតព្រមឈប់… គិតមកដល់ត្រឹមនេះ ខ្ញុំក៏ត្រូវភ្ញាក់ខ្លួន ឡើងវិញ ដោយសារតែឮពាក្យអសុរសចេញពីក្រអូមមាត់គូស្នេហ៍ក្បែរខ្ញុំ…
-ទៅឲ្យឆ្ងាយទៅ អញធុញណាស់ គ្មានលុយឯណាឲ្យឯងទេ…កុំមករអ៊ូក្បែរអញទៀត…ទៅ ប្រយ័ត្នអញសំពងបែកក្បាលឥឡូវហ្នឹង…
ខ្ញុំឃើញក្មេងស្រីម្នាក់ អាយុប្រហែល៩-១០ឆ្នាំ លើកដៃប្រណម្យ មុខគួរឲ្យអាណិត ឈរ សម្រក់ទឹកភ្នែក លើរាងកាយដ៏សុទ្ធតែឆ្អឹងដណ្ដប់ដោយស្បែកដ៏ស្ដើង ក្នុងសម្លៀកបំពាក់ដាច់ រហែក ក្រាស់ឃ្មឹកដោយធូលីញើសក្អែល…។ ខ្ញុំកោតសរសើរបុរសម្នាក់នោះណាស់ គេដាច់ចិត្ត ហ៊ានប្រមាថមើលងាយក្មេងសុំទាននោះ…ពិតជាគួរឲ្យសរសើរនូវសន្ដានគម្រក់របស់គេមែន… គ្នាគ្រាន់តែសុំដើម្បីរស់ប៉ុណ្ណោះ ម្ដេចក៏ចាំបាច់និយាយពាក្យជម្លើយ គ្មានសីលធម៌បែបនេះ…ខ្លួនចេះគិតថា គេគ្មានសីលធម៌ ចុះទង្វើរបស់ខ្លួនឯងនោះ មានសីលធម៌ខ្លាំងណាស់មែនឬ… កំលោះម្នាក់នោះ ចង់បង្អួតប្រាប់ស្រីស្នេហ៍របស់ខ្លួន ដោយរូបភាពធ្វើគ្រាន់បើ… ឯខ្ញុំក៏ចង់អួត ប្រាប់គូស្នេហ៍របស់ខ្ញុំផងដែរ…។ ខ្ញុំដកលុយចេញពីហោប៉ៅខោបាន១០០០រៀលហុចទៅឲ្យ ក្មេងនោះ…ឯសង្សាររបស់ខ្ញុំឃើញខ្ញុំធ្វើយ៉ាងនេះ នាងក៏ឲ្យនំពងអន្សងមួយថង់ដែលខ្ញុំចូលចិត្ត ហើយទើបតែទិញមកនៅក្តៅៗនៅឡើយ ជាមួយនឹងCocaCola មួយកំប៉ុងឲ្យទៅក្មេងស្រីនោះ ដែរ…។ ខ្ញុំពិតជាមានអារម្មណ៍រំភើបចំពោះអ្វីដែលស្រីស្រស់របស់ខ្ញុំបានធ្វើ…ហើយក៏កោតសរ សើរចំពោះការទទួលយកដោយពាក្យអរគុណដ៏មានសុជីវធម៌របស់ក្មេងស្រីសុំទាន…។
……………………………………………………………………..
សំឡេងកាំជ្រួចលាន់រំពងដូចសំឡេងបេផ្លោងដាក់គ្នា រង្គើលញ័រអស់ខ្លួនប្រាណទាំងមូល ហាក់ដូចជាផែនដីកំពុងតែរញ្ជួយ ជាវេលាប្រាប់ថា ឆ្នាំថ្មីមកដល់ហើយ…ដាស់ប្រាប់សម្បជញ្ញៈខ្ញុំថា យើងគួរតែធ្វើអ្វីដែលថ្មីៗ ឬអ្វីដែលមិនទាន់សម្រេចឲ្យសម្រេចឡើង… ខ្ញុំគ្មានចិត្តរីករាយ ត្រេកត្រអាលនឹងការបាញ់កាំជ្រួច រួមជាមួយមនុស្សជុំវិញខ្លួនរបស់ខ្ញុំនោះឡើយ…ក្បាលរបស់ខ្ញុំមិនខ្ចីងើយមើលផ្កាភ្លើងស្អីគេនោះទេ… ផ្ទុយទៅវិញ ខ្ញុំបានបញ្ជានូវកែវភ្នែកទាំងគូសម្លឹងត្រង់ តម្រង់កាន់ហ្វូងមនុស្សដែលនៅជុំវិញខ្លួន…។
ដោយសារតែភ្លើងកាំជ្រួច ខ្ញុំអាចក្រឡេកឃើញនូវល្បិចនិងឱកាសដ៏គម្រក់របស់យុវវ័យ យ៉ាងសន្ធឹកសន្ធាប់…។ ខ្ញុំឃើញគូស្នេហ៍មួយចំនួន កំពុងតែប្ដូរកាដូគ្នាទៅវិញទៅមក យ៉ាងរីក រាយ…ឃើញកាមាកំពុងតែបបោសអង្អែលយុវវ័យភាពឲ្យលង់លក់ក្នុងមោហោឃៈ… ឃើញកូនក្មេងតូចៗយួរកំប៉ុងប៊ីយែរដើរលក់… ឃើញមនុស្សក្បាលកញ្ចាស់ធំក្លិនខ្លួនផ្អួរ ឆួលដោយក្លិន ស្រាដើរទ្រេតត្រតសុំទានឥតអៀនខ្មាស…ខ្ញុំឃើញ…ឃើញ…ប្រពៃណីវប្បធម៌ខ្មែរយើងកំពុងតែ ដាំក្បាលទីង ទម្លាក់ខ្លួនចុះទៅកាន់បាតទន្លេចតុម្មុខ…
-ហាស៎…បើវាយ៉ាងនេះមែន តើឯងជួយអ្វីកើតទៅ…ឯងមិនមែនជាអាទិទេពឯណា… បើ គេធ្វើយ៉ាងណា ឯងធ្វើយ៉ាងនោះដែរទៅ…កុំទៅរវល់ខ្លាំងពេក…
បង្គាប់នៃគំនិតនេះ ជំរុញឲ្យខ្ញុំធ្វើបែបនេះមែន…
-បងជូនអូនក្នុងថ្ងៃពិសេស…ជាកាដូអនុស្សាវរីយ៍ មុនពិភពលោកមិនទាន់ប្រែប្រួល…
សោភ័ណនារីទទួលយកកាដូពិសេសពីដៃខ្ញុំក្នុងរង្វង់ភក្ត្រាញញឹមស្រស់…នាងមិននឹក ស្មានថាកាដូដែលខ្ញុំជូននាង គឺត្រឹមតែដង្កៀបសក់ត្រឡោកដូងដែលឆ្លាក់ឈ្មោះពីលើថា គន្ធា… ជាវត្ថុធាតុចេញពីស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ…វាមានតម្លៃថោកមែន តែវាជាសន្តានចិត្តដ៏ ស្មោះស្ម័គ្ររបស់ខ្ញុំ…។ កាដូរបស់ខ្ញុំនេះ មិនត្រូវការផ្លាស់ប្តូរជាមួយកាដូអ្វីពីនាងទាំងអស់…តែអ្វីដែលខ្ញុំចង់បាន គឺភាពស្មោះត្រង់រវាងខ្ញុំនឹងនាង…។
-គន្ធា ក៏មានរបស់ជូនបងវិញដែរ…
-ឯណាម្ដេចក៏មិនឃើញ…?(ខ្ញុំនិយាយអមដោយស្នាមញញឹមជាប់ផ្ទៃមុខដាក់ស្រស់ស្រី )
-អូនទុកនៅក្រោយខ្នងបងឯណោះ…
ខ្ញុំប្រញាប់ក្រឡេកមើលទៅក្រោយខ្នង យកដៃស្ទាបចុះស្ទាបឡើង តែអ្វីៗគឺទទេ…ខ្ញុំធ្លាប់ តែបោកគន្ធា តែពេលនេះ…គួរឲ្យខ្មាសគេណាស់…ហាស…។ ខ្ញុំងាកទៅរកកំពូលដួងចិត្តខ្ញុំវិញ
ជាមួយនឹងសំណើច… តែក៏ត្រូវគាំងខ្លួនរឹងស្ដូក ដោយសារតែឃើញពួកក្មេងប្រុសៗមួយហ្វូងមិនទាន់ជ្រុះពន្លៃចេញពីក្បាល អាយុប្រហែល១២-១៣ឆ្នាំ អង្គុយគោះកំប៉ុងប៊ីយែរ លើកអក ផឹកស៊ីឆ្លងបំណាច់ឆ្នាំ…។ យីអើ មិនដឹងថានេះជាសម័យស្អីនោះទេ ផ្ការីកមុនរដូវ…ស្លឹកខ្ចីជ្រុះ មុនស្លឹកចាស់…ចៅពរយាយដឹកដៃតាទម្លាក់ជ្រោះហើយទេតើនេះ…ថ្ងៃឆ្លងឆ្នាំគឺជាថ្ងៃយ៉ាងហ្នឹង ឯងមែនទេ…?
-បង…នេះជារបស់បង…
-ស្អាតណាស់…តែវាថ្លៃណាស់អូន…
-ប្រាក់មិនសំខាន់ទេ…អ្វីដែលសំខាន់ គឺតម្លៃស្នេហ៍របស់យើង…
-ហេតុអ្វីបានជាអូនទុកចិត្តបងខ្លាំងម្លេះ…? អូនមិនខ្លាចបងធ្វើបាបចិត្តអូនទេឬអី…?
នាងមើលមុខខ្ញុំយ៉ាងយូរ ដោយគ្មានវាចាតបមួយម៉ាត់…ខ្ញុំមិនដឹងថាតើនាងគិតយ៉ាងណាចំពោះសម្ដីខ្ញុំនោះទេ…នាងញញឹម លាយសំណើចតិចៗ គ្រវីក្បាល…
-ហេតុអ្វីបានជាអូនសើច…?(ខ្ញុំសួរនាង)
-បងមិនដូចគេផ្សេងទេ អូនស្រឡាញ់បង មកពីបងយ៉ាងនេះឯង…
-គន្ធា មិនគួរទុកចិត្តលើកាយវិការខាងក្រៅនោះទេ…
-តែចំពោះបង គឺអូនទុកចិត្ត…បើបងចង់ធ្វើបាបខ្ញុំ គឺធ្វើបាបយូរហើយ… មិនមែនទុកឱកាសឲ្យដើរកន្លង ក្បាលហួសទៅទទេៗអ៊ីចឹងឡើយ…
-អូនចង់ឲ្យបង ធ្វើដូចគូស្នេហ៍របស់គេនោះមែនទេ…? ហាស…(ខ្ញុំនិយាយមែន តែធ្វើដូចលែង ដើម្បីផ្លាស់ប្ដូរបរិយាកាស )
-យ៉ាប់មែន…
-យ៉ាប់ត្រង់ណាអូន…
-យ៉ាប់…យ៉ាប់…ត្រង់នេះនែក៎…(នាងនិយាយព្រមទាំងយកដៃមួរស្លឹកត្រចៀករបស់ខ្ញុំ )
នាងដឹងថា ខ្ញុំចូលចិត្តសរសេរអក្សរ គូសវាសតែផ្ដេសផ្ដាស ដូច្នេះហើយបានជានាងទិញប៊ិចឲ្យខ្ញុំមួយដើម…នេះជាលើកទីមួយហើយដែលខ្ញុំ បានដោះដូរកាដូជាមួយមនុស្សស្រី… តាមពិតកាដូពួកយើងមិនមានតម្លៃអ្វីច្រើននោះទេ…។ ដង្កៀបសក់របស់ខ្ញុំជូននាង តម្លៃត្រឹមតែ ៣០០០រៀលប៉ុណ្ណោះ តែវាជាវត្ថុតំណាងឲ្យរូបខ្ញុំ… បើនាងដាក់វានៅកន្លែងណា គឺខ្ញុំនៅទីនោះហើយ…។
ម៉ោង០១ រំលងអធ្រាត ត្រូវនឹងថ្ងៃទី០១ ខែ០១… ម៉ោង ពេលវេលា សុទ្ធតែពិសេសទាំង
អស់…ខ្ញុំបាននាំគន្ធាទៅគេងនៅឯផ្ទះសំណាក់ ព្រោះយប់ជ្រៅទៅហើយ មិនចង់រំខានដល់អ្នក ផ្ទះរៀងខ្លួន…។ ខ្ញុំឃើញនៅឯផ្ទះសំណាក់ដ៏ច្រើន សុទ្ធតែគូស្នេហ៍វ័យក្មេង ប៉ាវដាច់ សម្ពោធគ្នា ទៅវិញទៅមកដើម្បីឆ្លងឆ្នាំថ្មី…។
ខ្ញុំក៏ជាយុវវ័យសម័យថ្មីនេះដែរ តែខ្ញុំហាក់តាមមិនទាន់សង្គមទំនើបនេះទាល់តែសោះ… ថ្ងៃ១៤កុម្ភៈ ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំ អុំទូក ណូអែល ឆ្លងឆ្នាំ សុទ្ធតែជាថ្ងៃបើកឱកាសសម្រាប់ភាពភ្លើតភ្លើននៃយុវវ័យ…ភ្លេចអស់ប្រពៃណីរបស់ជាតិខ្លួន…។ រឿងសប្បាយ តើនរណាមិនចង់ នោះ…គ្មានអ្នកណាកើតមកជាដំថ្មនោះទេ…តែគ្រាន់តែតម្រូវការសប្បាយផ្សេងគ្នាប៉ុណ្ណោះ…។
យប់នោះគន្ធា និងខ្ញុំឥតបានគេងពេញមួយយប់…ព្រោះ…ព្រោះ…ព្រោះ…
ភ្លឺឡើង ភាពសប្បាយរីករាយត្រូវបានបញ្ចប់ ដោយសារតែភាពនឿយហត់ អស់កម្លាំង ឈឺក្បាល ស្លក់មុខ… តែវាក៏ជាអនុស្សាវរីយ៍ទឹកឃ្មុំមិនអាចភ្លេចបាន…មួយយប់…មួយយប់នោះគឺ ខ្ញុំនិងនាងអង្គុយហាលទឹកសន្សើមអែបច្រាំងទន្លេរហូត…ព្រោះតែផ្ទះសំណាក់ជាច្រើនបាន ស្អប់ខ្ពើមពួកយើង…៕
ថ្ងៃទី០១ ខែ០១ ឆ្នាំ២០១០
ម៉ោង០១រំលងអធ្រាត
ចំណងដៃថ្ងៃឆ្លងឆ្នាំ
អន់មារយាទ
តម្លៃជីវិតរត់ចោលបាត់
ពពករសាត់ចាកស្ងាត់ឈឹង
ដីធំទូលាយវែងសន្ធឹង
ប្រែស្ងៀមឈប់ទ្រឹងរួញចង្អៀត។
]]ជីវិតកើតមកដូចគ្នាសោះ
ម៉្តេចខ្លះក្រៀមក្រោះបង់ចោលម្សៀត
សុខចិត្តថោកប្រាណអន់មារយាទ
អ័ព្ទអស់ទាំងញាតិអាស្រ័យខ្លួន។
ដៃពីរជើងពីរមានកម្លាំង
មិនព្រមតតាំងឲ្យហំហួន
ធ្វើនេះនោះទៅក្រែងសមសួន
ម៉្តេចក៏ក្រអួនតែត្អូញត្អែរ ។
ផ្ទះមានដីមានគំនិតគ្មាន
ស៊ូដើរសុំទានឥតថ្ងៃខែ
ការងារក្នុងផ្ទះមិនខ្ចីក្បែរ
យល់ការងារស្រែកម្លាំងធំ ។
ដើរសុំទានវិញងាយស្រួលជាង
ថាត្រូវមិនទៀងបានសមរម្យ
បងអើយមីងអើយពូអើយអ៊ុំ
ទុក្ខខ្ញុំប៉ុនភ្នំជួយខ្ញុំផង……. ៕
ពូជខ្ញុំ
បទពាក្យ៨(រមាំងដើរព្រៃ)
ពូជអើយខ្ញុំខំកើតឆើតឆោមឆាយ
មានអើយកាយក្លាយខ្លៅខ្មៅស្រមោច
រស់អើយរួបជួបជុំពុំដែលហោច
កម្មអើយបោចខ្លោចប្រាណបានអប្រិយ។
ពូជអើយខ្ញុំចំជាពៀរមានជាប់
រស់អើយធ្លាប់ជាប់ចិត្តឥតប្រណី
ពូជអើយឯងក្លែងក្បត់អត់ភក្តី
ឲ្យអើយដីត្រីវេរគេរក្សា ។
ពូជអើយខ្ញុំសមណាស់ច្បាស់អំនួត
ប៉ិនអើយអួតពួតជែងលែងស្គាល់ការណ៍
ខ្លួនអើយអន់កុនធ្លាក់ជាក់ទុក្ខា
នៅអើយថាក្បាលសព្វកប់នភា។
ពូជអើយខ្ញុំពុំភ្ញាក់ជាក់ដឹងខ្លួន
រស់អើយពួនក្បួនពត់លត់លូនវា
រស់អើយខ្លបអបអែបបែបអ្នកងារ
រស់អើយជាលាឈ្មោះរស់ដូចខ្មោច ។
ពូជអើយខ្ញុំផ្តុំកាត់បាត់រូបឆោម
នៅអើយចោមក្រោមជើងភ្លើងស្រមោច
យើងអើយម្ចាស់ច្បាស់ពិតឥតប្រយោជន៍
គេអើយបោចដោចដាច់ស្រេចតាមចិត្ត។
ពូជអើយខ្ញុំខំធ្វើល្ងើយ៉ាងហ្នឹង
គង់អើយដឹងប្រឹងប្រាយស្តាយអតីត
មិនអើយគួរជួរបែកខ្ញែកស្នេហ៍ស្និទ្ឋ
រស់អើយផិតគិតកែប្រែរលាយ ។
ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩
បេះដូងគ្មានឈាម
វិថីជីវិតថ្ងៃនេះ ហាក់ដើរដល់ទីបញ្ចប់ទៅហើយ…
បេះដូងខ្ញុំហាក់ដូចជាគ្មានឈាមមួយដំណក់ទាល់តែសោះ…
ដើរ ដេក អង្គុយ និយាយ សើច គ្រប់ឥរិយាបទទាំងអស់
គឺសុទ្ធតែជាវត្ថុបោកបញ្ឆោតចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ…
ខ្ញុំហាក់ធុញទ្រាន់នឹងជីវិតដ៏គម្រក់មួយនេះខ្លាំងណាស់…
ខ្ញុំគ្មានចិត្តតស៊ូនឹងវាស្អីបន្តិចសោះឡើយ…
ជម្រើសរបស់ខ្ញុំគឺ…គឺមានតែ…សម្រក់ឈាមឲ្យអស់ពីបេះដូង…
សមនឹងខ្ញុំ
កាលនៅពីក្មេង ខ្ញុំនេះរប៉ិលរបូចខ្លាំងណាស់ ចូលចិត្តលេងសើចសប្បាយច្រើន…រំពាត់តែងហើរមកសណ្ឋិតជាប់នឹងខ្នងរបស់ខ្ញុំ ធ្វើឲ្យបែកឈាមស្ទើររាល់ថ្ងៃ រហូតមានស្នាមផ្លែយ៉ាងវែងបន្សល់ទុកជាអនុស្សាវរីយ៍ពីស្នាដៃម៉ែមកទល់សព្វថ្ងៃ។ ខ្ញុំតែងតែលួចគិតក្នុងខួរបង្កងរបស់ខ្ញុំថា តើខ្ញុំនេះជាកូនរបស់គាត់ឬមិនមែនទេ? បើខ្ញុំជាកូនគាត់ តើហេតុអ្វីបានជាគាត់ចូលចិត្តវាយខ្ញុំខ្លាំងម្ល៉េះ…។ ពេលខ្លះម៉ែវាយទាំងខ្ញុំមិនទាន់បានដឹងថាខ្លួនខុសអ្វីឡើយ… មកដល់អាយុធំប៉ុណ្ណេះ ទើបខ្ញុំដឹងថា គាត់វាយក៏ព្រោះតែចង់ឲ្យខ្ញុំល្អប៉ុណ្ណោះ…ទម្រាំតែខ្ញុំដឹងខ្លួនវាជ្រុលពេលបាត់ ព្រោះឆ្នាំនេះខ្ញុំមានអាយុ២៦ឆ្នាំ ពេញកំលោះយ៉ាងក្រអួន លែងចង់ខាងរៀនខាងសូត្រស្អីទៀតទៅហើយ… ពេលនេះខ្ញុំចង់តែម្យ៉ាងគឺ…ចង់…ចង់បានប្រពន្ធ…តែមានស្រីឯណាគេព្រមស្រឡាញ់ខ្ញុំទៅ បើខ្ញុំគ្មានចេះស្អីបន្តិចផងនោះ ហើយម្យ៉ាងទៀតត្រឹមតែមានជីវិតជាកម្មករសំណង់ដ៏មហាវេទនាយ៉ាងនេះ។
សម័យនេះ អ្វីៗទំនើបណាស់ ពិភពលោកក៏កំពុងតែស្រែកដង្ហោយហៅអ្នកមានចំណេះដឹង និងអ្នកមានជំនាញដ៏ពិតប្រាកដ…ទីផ្សារការងារកំពុងតែប្រជែងគ្នាឥតឈប់ មានតែអ្នកមានចំណេះដឹង នឹងអ្នកមានជំនាញពិតទេ ដែលអាចបម្រើប្រទេសជាតិឲ្យរីកចម្រើនបាន… ចុះចំណែកខ្ញុំ… ខ្ញុំចេះស្អីទៅ… នេះកុំតែស្គាល់មេជាង ហើយធ្លាប់ធ្វើជាកូនជាងសំណង់ជាមួយគាត់ញឹកញាប់ទេ កុំអីសូម្បីតែខ្យល់ក៏ប្រហែលជាមិនទទួលឲ្យខ្ញុំទាត់ផងក៏មិនដឹង…ធ្វើជាកម្មករសំណង់មួយថ្ងៃបាន៨ពាន់រៀលដែរ និយាយរួមទៅមួយខែបានប្រហែល២០ម៉ឺនរៀល តែដល់ផាត់ទៅលើថ្លៃហូបចុក និងចំណាយកំប៉ិចកំប៉ុកបន្តិចទៀតនៅសល់បានត្រឹម៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ផ្ញើទៅផ្ទះឲ្យម៉ែ… តែខែខ្លះក៏សុំទោសម៉ែទៅចុះ គ្មានសល់មួយកាក់មួយសេនទេ ព្រោះចុងខែខ្លះ ក៏ត្រូវការជប់លៀងឲ្យស្រាស ស្រាថ្នាំ ទឹកត្នោតជូរអស់ទៅ…។
នៅកន្លែងធ្វើសំណង់សព្វថ្ងៃ គេតែងហៅខ្ញុំថាអាថ្នាំ ព្រោះ… ខ្ញុំចូលចិត្តផឹកស្រាថ្នាំ ត្រាំបណ្ដូរពេជ្រ ជាមួយក្បាលពស់វែក… វារលាយឈាមល្អណាស់… សរសៃត្រសូងដើរស្រួលមិនសូវជាឈឺចង្កេះនោះទេ… បើខ្ញុំប៉ាវគេផឹកស៊ី គឺមានតែស្រាថ្នាំហ្នឹងឯង តែបើគេប៉ាវវិញគឺស្អីក៏បានដែរ… បើបានស្រាបៀរវិញមិនចាំបាច់និយាយទេ ស្រាថ្នាំខ្ញុំប្រាកដជាទុកចោលនៅក្នុងតៀមជាពុំខាន…។
កន្លែងសំណង់ ខ្ញុំមានមិត្តផឹកស៊ីច្រើនណាស់ តែមានតែអាត្រឹមត្រូវម្នាក់គត់ដែលជាមិត្តស្និទ្ធស្នាលនឹងខ្ញុំ…។ រាល់ល្ងាច ពេលចេញពីធ្វើការ វាតែងបបួលខ្ញុំឲ្យទៅរៀនភាសាបរទេសជាមួយវា… ខ្ញុំខ្ជិលរៀនណាស់… ខ្ញុំក៏ធ្លាប់សាកល្បងទៅរៀនគួរក្រៅម៉ោងជាមួយវាដែរ តែសែនមហាឈឺក្បាល… គ្មានអ្នកគ្រូក្រមុំបង្រៀន ខ្ញុំរៀនមិនចូលទេ… បើអាត្រឹមត្រូវវិញវាគ្រាន់បើមែនៗតែម្ដង…ល្ងាចថ្ងៃសៅរ៍មួយនោះ ក្រោយពេលដែលពួកយើងបើកលុយ ខ្ញុំក៏ល្បួងនិយាយទៅកាន់អាត្រឹមត្រូវ៖
-អាត្រឹមត្រូវ ថ្ងៃនេះគិតផឹកស៊ីឲ្យឆ្ងាញ់មាត់ម្តងទៅហ្អី…?
អាត្រឹមត្រូវធ្វើមុខស្មើនិយាយមកកាន់គ្នា៖
-សុំទោសអាសំឡាញ់…អញអត់ផឹកទេវ៉ឺ…
-ចុះឯងទុកលុយធ្វើអី ហ្អាស៎…?
-អានេះ ដល់ខែបង់លុយរៀនហើយ…បើគិតតែពីផឹកបានលុយឯណារៀន បានស្អីស៊ី បានស្អីផ្ញើឲ្យ អ្នកផ្ទះហ្អាស៎…
ខ្ញុំឮពាក្យ ផ្ញើឲ្យអ្នកផ្ទះពេញត្រចៀក… ពាក្យនោះដូចជាវាទះក្បាលខ្ញុំពេញមួយដៃ
យ៉ាងពេញទំហឹង ព្រោះខែមុខខ្ញុំក៏មិនបានផ្ញើទៅឲ្យអ្នកផ្ទះដែរ…មិនដឹងថាម៉ែឪបងប្អូនខ្ញុំតើបានស្អីហូបនោះទេ បើឪខ្ញុំលេងតែអាចោរជើង១ ម៉ែលេងតែបៀរគ្មានការងារធ្វើ ក្រឲ្យរហាម ហើយបងប្អូនច្រើនទៀតនោះ…ដំបូងខ្ញុំគិតចង់ផ្ញើទៅឲ្យពួកគាត់ដែរ…តែគិតយូរៗទៅ គំនិតចោលម្សៀតក៏នៅតែហោះហើរពេញខួរបង្កងខ្ញុំដដែល…ខ្ញុំនិយាយតទៅកាន់វា…៖
-ខានផ្ញើទៅឲ្យម្តងទៅអ្ហើយ…អញមិនដែលឃើញឯងចេះសប្បាយស្អីនឹងគេសោះ…
អាត្រឹមត្រូវធ្វើភ្នែកស្លឺ មុខជូរហួញជ្រួញចិញ្ចើម ហើយនិយាយមកកាន់ខ្ញុំធ្វើ វាហី៖
-មិនដឹងជាសប្បាយស្អីទេហ្អា៎…បើគេអ្នកមានទៅវាគ្រាន់សប្បាយ…មើលពួកយើងក្រល្ហាមបែបហ្នឹង កុំទៅសប្បាយស្អីខ្លាំងពេក…ចាំពួកយើងធូបន្តិចចាំសប្បាយក៏មិនយឺតពេលដែរ…
ខ្ញុំកំពុងតែគិតនូវសំដីរបស់វា ហៀបនឹងតបទៅវិញ តែវាបែរជាធ្វើអ្នកត្រឹមត្រូវបបួល ខ្ញុំម្តង៖
-អាថ្នាំ ឯងឈប់ផឹកទៅហ្អី…សន្សំលុយការប្រពន្ធអានេះ… បើមិនអ៊ីចឹងទេ ទៅរៀនភាសាបរទេសជាមួយអញទៅ…
ខ្ញុំដូចជាត្រេកអរបន្ដិចបន្តួចដែរ នៅពេលឮវាបបួលទៅរៀន តែអាគំនិតខ្ជិលច្រអូស វាបានគ្របពីលើក្បាលខ្ញុំជិតទៅហើយ…
-រៀបស្អីទេវ៉ើយ…អញរៀនអត់ចេះទេ…
ម្ដងនេះ វាតបមកវិញដោយមធុរវាចាស្រទន់ សមនឹងគេហៅអាត្រឹមត្រូវមែនទែន៖
-ឯងកុំដាក់ខ្លួនពេក…កុំមើលងាយខ្លួនឯងអ៊ីចឹងអី…គ្មានអ្នកណាគ្រាន់តែរៀនភ្លាម ចេះភ្លាមទេ…ឯងក៏ឆ្លាតណាស់ដែរ…តែមកពីមិនប្រឹងរៀនប៉ុណ្ណោះ
-ឯងឲ្យអញប្រឹងយ៉ាងម៉េចទៅ បើពេលនេះ…
-អញខ្ជិលមែនទេ…?
ខ្ញុំស្ទើរតែរកពាក្យឆ្លើយនឹងវាលែងបាន…ព្រោះត្បិតខ្ញុំខ្ជិល មិនចូលចិត្តរៀន តែខ្ញុំក៏ ពេញចិត្តឲ្យវារៀនដែរ…ខ្ញុំក៏សួរបញ្ជោះតបទៅវិញ៖
-បើរៀនចេះ យើងនឹងធ្វើស្អីបានទៅ…ក្រៅពីសំណង់ហ្នឹង…?
-រៀនស្អីក៏ដោយឲ្យរែចេះប្រាកដ វាមិនឥតប្រយោជន៍ទេ…
-អ្នកណាក៏ដឹងដែរអាពាក្យនឹងនោះ អញឮឡើងស្រកៀរត្រចៀកទៅហើយ… តែយើងចេះយ៉ាងណាក៏នៅតែខ្ញុំរបស់គេដដែលហ្នឹង…
-អើ បើខ្ញុំមែនក៏វារៀងកាលីបបន្តិចដែរវ៉ី…
-អើ…រៀនតែឯងទៅអ៊ីចឹង ក្រែងលោបានធ្វើខ្ញុំកាលីប… អញធ្វើតែប៉ុណ្ណឹង ក៏បានផឹកសប្បាយម៉ាទំហឹងដែរវ៉ើយ…
អាត្រឹមត្រូវធ្វើមុខជ្រួញ ពេបមាត់បន្តិច សើចខ្លាំងៗដូចតួចោរក្នុងខ្សែភាពយន្ត…៖
-ហាស៎…អញខ្ជិលនិយាយជាមួយឯងទៀតណាស់…ទៅរកដាំបាយស៊ីវិញល្អជាង… អានិយាយស្អីស្ដាប់គ្នាមិនបានអ៊ីចឹង…
ខ្ញុំមិនខឹងនឹងសម្ដីវាសូម្បីបន្តិច ព្រោះវានិយាយភាគច្រើន គឺសុទ្ធតែត្រឹមត្រូវទាំង
អស់…តែខ្ញុំនៅតែមិនអាចតាំងចិត្តធ្វើដូចវាបាន…។
យប់នោះខ្ញុំនិងកម្មករសំណង់អ្នកដូចគ្នាបួនប្រាំផ្សេងទៀត អង្គុយផឹកស្រាថ្នាំមួយ យប់ទល់ភ្លឺ គ្មានគិតពីថ្ងៃខាងមុខ នឹងប្រែប្រួលទៅជាយ៉ាងណាឡើយ…ផឹកស្រាថ្នាំក្លែមក្តឹប ស្វាយខ្ចី ចុចនឹងប្រហុក ពិតជាកំពូលមហាឆ្ងាញ់សម្រាប់ពួកកម្មករសំណង់ដ៏ល្ហាមដូចពួក យើង ឆ្ងាញ់ជាងស្រាបៀរក្លែមស្រីស្រស់របស់ក្រុមអ្នកតាំងខ្លួនជាអភិជនទៅទៀត ហាស៎… ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកាំរស្មីទើបពួកយើងនាំគ្នាចូលសម្រាក…ម្យ៉ាងដែរ ពេលគេ ក្រសោបឱកាសធ្វើជាអ្នកមាន បែរជាពួកយើងដេក ឯពេលដែលពួកគេសម្រាកយកកម្លាំង ឬគិតរកមធ្យោបាយធ្វើឲ្យគ្រួសារគេរុងរឿង បែរជាពួកយើងនាំគ្នាផឹក…ហាស៎…
ព្រះអាទិត្យចាប់បង្វិលនាឡិកាឲ្យមកនៅត្រង់លេខ១១កន្លះ ទើបខ្ញុំបើកភ្នែក ដើរតេះតះទៅរកលុបមុខ ដ៏មានកែវភ្នែកទាំងគូរូងខូងដូចឡានគ្មានស្តុប មុខក្រហមហើមស្ពីង ដូចហីងប្រឡាក់អំបិល…។ មិនទាន់ទាំងបានស្វាងស្រាស្រយលបយលផង ភ្នែកស្អុយរបស់ខ្ញុំ បានចោលទៅប៉ះនឹងបុរសចំណាស់ក្នុងវ័យប្រមាណ៦០ឆ្នាំ អង្គុយលើកៅអីដ៏ពោរ ពេញដោយកាកកំបោរ ធ្វើមុខស្ងួតក្រៀមផ្អេះដូចអំបែងក្បឿងត្រូវថ្ងៃ ខោអាវយ៉ាងកញ្ចាស់ ដាច់រហែកផុយ…យាប់ជាងខោអាវសំណង់សំណប់របស់ខ្ញុំទៅទៀត…
ខ្ញុំដើទៅរកគាត់ ព្រមទាំងពោលសម្ដីយ៉ាងសោះកក្រោះ៖
-ពុកមោក៍ដល់តាំងពីស្មាណា…?
បុរសចំណាស់នោះគឺជាឪពុកខ្ញុំ…គាំត់មិនដែលនឹកនាដល់ខ្ញុំ ឬសូម្បីតែម៉ែអ្វីបន្តិច នោះទេ ព្រោះសព្វថ្ងៃគាត់នឹកតែអាប៉ោងសំណប់គាត់គាត់ប៉ុណ្ណោះ…ខ្ញុំដឹងច្បាស់ណាស់ថាគាត់នឹងមានការអ្វីនឹងខ្ញុំ…គឺគ្មានអ្វីក្រៅពីមករកលុយនោះទេ…គាត់ធ្វើមុខក្រញូវឆ្លើយ នឹងសំណួរខ្ញុំ៖
-អញមកមើលទឹកមាតើឯងហៀរតាំងពីថ្ងៃទើបពេញពន្លឺបានបន្តិចម្ល៉េះ…
-ចុះម៉េចពុកមិនព្រមដាស់ខ្ញុំ…
-អញដឹងថាឯងទើបតែដេក បានជាអញខ្ជិលដាស់…
ខ្ញុំបិទភ្នែកញញឹមដោយមិននឹកស្មានថា ឪខ្ញុំ គាត់គិតដល់ខ្ញុំបានប៉ុណ្ណេះសោះ… ហាស៎…ខ្ញុំបើកភ្នែកមើលទៅរង្វង់មុខគាត់ ព្រមទាំងញញឹមបែបសោះអង្គើយ…
-ពុកមកមានការអីមែនទេ…?
ពុកឆ្លើយនឹងខ្ញុំដោយសួរបញ្ច្រាសមកវិញ៖
-ឯងមានលុយចាយខ្លះទេហ្នឹង…?
-គ្មានទេពុក…
-ចុះម្សិលមិញ ក្រែងទើបតែបើកទេហី…គាត់និយាយសម្តីគំហកៗដាក់ខ្ញុំ
-ផឹកយប់មិញអស់ហើយ…
សម្លេងសួរឪកាន់តែឮខ្លាំងជាងមុន៖
-ឯងខ្លាចពុកមករកលុយឯងមែនទេ…?
ឃើញអាការៈឪខ្ញុំបែបនេះ បំពង់សំឡេងរបស់ខ្ញុំត្រូវបានស្ទះ ដូចគេយកសន្ទះអ្វី ម្យ៉ាងមកបាំង…ខ្ញុំគ្មានពាក្យអ្វីឆ្លើយតបនឹងគាត់វិញឡើយ…ខ្ញុំនៅចាំបានថា កាលខ្ញុំនៅពីក្មេងមិនទាន់ចេះដើរធ្វើកម្មករសំណង់ ពេលឪខឹងម្ដងៗ គាត់តែងជេរស្ដីអស់មួយទំហឹងឮ ខ្ទរផ្អើលអ្នកស្រុកពេញភូមិ វាយខ្ញុំនឹងដងរែក ខ្សែគោ ខ្សែតី…ចោលផ្គាក់ ពូថៅ គួរឲ្យព្រឺ ព្រួចក្រៃលែង…អ្វីដែលខ្ញុំនឹកស្មានមិនដល់នៅពេលនោះ គឺរង្វង់មុខឪបានប្រែប្រួលយ៉ាង ចម្លែកម្តងទៀត…ប្រែពីក្រញូវជ្រប់ចិញ្ចើម មកញញឹមឡើងពព្រាយដូចកំពុងតែត្រូវរង្វាន់ធំមហាសាល…ឪបានដកលុយ១០ម៉ឺនរៀលមកឲ្យខ្ញុំ ព្រមទាំងស្រដី៖
-យកទៅចាយទៅ…តែកុំចាយខ្ជះខ្ជាយពេក…
ខ្ញុំមើលមុខគាត់មួយសន្ធុះ ដោយភាពងឿងឆ្ងល់ឥតឧបមា…
-ពុកឲ្យខ្ញុំធ្វើអ្វី… ខ្ញុំមានការងារធ្វើ ខ្ញុំមិនយកទេ…
-អញឲ្យចេះតែយកទៅ អញមិនបានឲ្យឯងម្តងណាផង…
សំដីរបស់គាត់ បានធ្វើឲ្យបេះដូងរបស់ខ្ញុំរីកស្ទើរប៉ិនទន្លេសាប…ព្រោះពាក្យទាំងនេះ ខ្ញុំមិនដែលធ្លាប់ស្ដាប់ម្តងណាឡើយ…ខ្ញុំមិនត្រេកអរនឹងលុយ១០ម៉ឺនរៀលរបស់គាត់ទេ…តែអ្វីដែលខ្ញុំចង់បានគឺភាពកក់ក្ដៅដែលទទួលបានពីម្ដាយឪពុកខ្ញុំ…ខ្ញុំលូកដៃទទួលលុយ នោះទាំងក្ដីសង្ស័យ និងពោរពេញដោយក្ដីអៀនខ្មាសយ៉ាងខ្លាំង ព្រោះមុននេះខ្ញុំគិតថា គាត់នឹងមករកប្រាក់ជំនួយពីខ្ញុំ ហើយខ្ញុំក៏មិនបានទាំងសួរពីសុខទុក្ខ និងអាហារថ្ងៃត្រង់របស់គាត់ដែរ…
បានលុយនោះហើយ គឺជួយឲ្យខ្ញុំអាចទិញបាយ និងម្ហូបមកហូបជុំគាត់បានមួយ ពេល…ថ្ងៃនោះខ្ញុំពិតជាស្រឡាញ់ពុកខ្លាំងណាស់ លែងមានគំនិតអាក្រក់ទាំងអស់លើគាត់ ទៀតហើយ…ចាប់ពីថ្ងៃនោះមក ខ្ញុំគិតតែពីប្រឹងធ្វើការ សន្សំលុយយកទៅផ្ញើឲ្យពួកគាត់… តែលុយដែលខ្ញុំផ្ញើទៅឲ្យនោះ មិនល្មមគ្រាន់សម្រាប់ពួកគាត់ចិញ្ចឹមក្រពះឡើយ…បានខ្លះ ក៏ប្រសើរជាងអត់ដែរ…។ ជាងមួយខែក្រោយមកទើបខ្ញុំដឹងថា លុយដែលគាត់ឲ្យមកខ្ញុំ មិន មែនគាត់រកបានពីការងារ ឬមុខរបរស្អីនោះទេ គឺគាត់លក់ស្រែដើម្បីសងបំណុលល្បែង និងសម្រាប់ជួយទំនុកបម្រុងឲ្យប្អូនៗខ្ញុំរៀន…។ ខ្ញុំសប្បាយចិត្តណាស់ មិនខឹងនឹងពួកគាត់ ដូចពេលមុនៗទៀតឡើយ…ព្រោះឲ្យតែពួកគាត់ឈប់លេងល្បែង ចេះចូលវត្ត ធ្វើបុណ្យដូចចាស់ទុំគេឯង យកចិត្តទុកដាក់ចំពោះកូនៗប៉ុណ្ណោះគ្រប់គ្រាន់ហើយ…។
និយាយពីអាត្រឹមត្រូវសំឡាញ់ខ្ញុំ ក្រោយពេលធ្វើសំណង់វិឡារនៅច្បារអំពៅរួច វា ក៏លាឈប់ធ្វើកម្មករសំណង់ ទៅបើកគួរបង្រៀនភាសាបរទេសនៅឯស្រុកវិញ…ទទួលបាន ប្រាក់ចំណូលគួរសម ល្មមម៉ាចាយវាយ ចិញ្ចឹមម៉ែឪ ដណ្ដឹងប្រពន្ធបានយ៉ាងធូ…។ ឯខ្ញុំវិញ ហេតុតែមិនចេះអ្វីនឹងគេ នៅតែធ្វើជាកម្មករសំណង់ដដែល… បើគ្មានការងារធ្វើទេ មានតែ ដើរឈ្លោះគ្នាជាមួយខ្យល់ប៉ុណ្ណោះ…។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនអាចរកលុយ ដណ្ដឹងប្រពន្ធមួយនឹងគេបានផង…។ នេះពិតជាសមមុខខ្ញុំមែន ព្រោះមិនចេះហើយ ថែម គ្មានជំនាញទៀត…៕
ថ្ងៃទី០៨ កញ្ញា ២០១០
ម៉ោង០០.៣៦-០៣.៣០
ជំនិត.វិជិតភក្តី
ប្រដាល់
ប្រដាល់
បទពាក្យ៧
គ្មានអ្នកណាម្នាក់ចង់ដាល់គ្នា
ឲ្យកាយគ្រាំគ្រាឈឺចុកផ្សា
ចង់មានសត្រូវរោមអាត្មា
ចង់ឲ្យអស្ចារ្យថាខ្លាំងឡើយ ។
ដាល់លើសង្វៀនព្រោះតែប្រាក់
ក្រពះរើបាក់ស្រេកឥតល្ហើយ
ដាល់ឈាមពេញមុខមាត់លាត់សើយ
ដែជើងឆ្លងឆ្លើយយកឈ្នះចាញ់ ។
អ្នកមើលស្រែកហ៊ោលាន់អឺងអាប់
អ្នកដាល់ប្រឹងសាប់ញើសដូចខ្លាញ់
អ្នកមើលប្រឹងមើលភ្នែកត្របាញ់
អ្នកដាល់សំឡាញ់ឈឺពេញប្រាណ ។
អ្នកមើលខំប្រឹងភ្នាល់ដាក់លុយ
ល្បែងដាល់ឆ្ងាញ់ឈ្ងុយយ៉ាងចំណាន
ស្រែកលើកទឹកចិត្តទាំងតឹងតាន
បើឈ្នះនឹងបានរង្វាន់ធំ ។
អ្នកដាល់គ្រាន់តែឮបានប្រាក់
ខំវាយឥតអាក់ផ្តួលរលំ
គេហ៊ោឯងជោរលែងតាំងឃុំ
ដាល់ដូចធ្លាប់គុំគ្នារាប់ឆ្នាំ ។
ឯងចាញ់គេជេរស្តីផ្តាសា
ដៀលគ្មានបានការអន់សាច់កម្ម
ឈ្នះបានត្រឹមប្រាក់យកទិញថ្នាំ
ផឹកស៊ីប្រចាំស្ទើរមិនគ្រប់ ៕
ថ្ងែទី២៨ ខែកញ្ញា ២០០៩
ជំនិត វិជិតភក្តី
សុំផឹក
សុំ…ផឹក
បទពាក្យ៧
នែ៎…ឯងកុំខ្លាំងជាមួយអញ
ផឹកទៅសំឡាញ់ឲ្យឆ្ងាញ់មាត់
សាច់ក្លែមពេញចាននាំគ្នាវាត់
ឯងញាត់អញញាត់ក្លែមនឹងស្រា។
សំឡាញ់កុំភ័យអ្វីបើអស់
កុំទៅស្រណោះនាំបញ្ហា
ដើរសុំគេទៀតបើត្រូវការ
ប្រាប់អត់អាហារគេឲ្យហើយ។
បើគេឲ្យលុយយើងផឹកទៀត
ទាន់ឃ្លានយើងឈ្លាតផឹកឲ្យស្បើយ
ផឹកអស់រួចសុំកុំកន្តើយ
គេអត់ដឹងឡើយយើងសុំផឹក៕
ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៩
ឱកាសខ្ញុំ
ឱកាសខ្ញុំ
ខ្ញុំជាមនុស្សច្រឡើម ក្បាលខូច ចូលចិត្តធ្វើបាបចិត្តមនុស្សដូចគ្នា ជាពិសេសមាន់ស្រែ ដែលទើបតែដើរចូលមករកចំណីក្នុងទីក្រុង ។ ខ្ញុំមិនខ្វល់ថានរណាឈឺចិត្តស្អិតទ្រូងស្អីនោះទេ សំខាន់បំផុតឱ្យតែខ្ញុំបានសប្បាយ ។ នារីមកធ្វើការនៅរោងចក្រកាត់ដេរមួយចំនួនធំត្រូវបានក្លាយជាអ្នកបំពេញតម្រូវកាមគុណ ដោយបូជាយុវវ័យភាពដ៏ស្រស់ថ្លាបរិសុទ្ធរបស់ខ្លួនមកដល់ខ្ញុំ ។ និយាយដល់រឿងនេះ ខ្ញុំពិតជារំភើបណាស់ ហើយចង់តែអួតប្រាប់មនុស្សជុំវិញខ្លួនថា ខ្ញុំពូកែខាងទាក់ស្រីៗបំផុត ។ មានកម្មការនីរោងចក្រកាត់ដេរខ្លះនិយាយថា នរណាខូចក៏ខូចចុះ កុំឲ្យតែពួកយើងខូច… មិនមែនស្រ្តីទាំងអស់សុទ្ធតែយ៉ាងហ្នឹងឯណា ម្យ៉ាងទៀតបើយើងកុំរវល់ជាមួយពួកប្រុសកំហូចទាំងនោះ ពួកគេក៏គ្មានឱកាសដែរ ។ ខ្ញុំពិតជាឯកភាពចំពោះសំដីនេះខ្លាំងណាស់ តែទាស់តែវាគ្រាន់តែជាពាក្យសំដីមិនមែនការអនុវត្ត ។ នារីដែលខ្ញុំញ៉ែ និងទាក់ទងបាននោះគឺសុទ្ធតែប្រភេទមនុស្សស្រីនិយាយផ្សេងធ្វើផ្សេងនោះឯងហើយ។ ធម្មតាទេមនុស្សយើងតែចាកឆ្ងាយពីផ្ទះ លែងនៅក្នុងគំនាបនៃការមើលថែពីម៉ែឪទៅហើយចង់ធ្វើអ្វីស្រាច់តែក្បាលវាល់តែប៉ុណ្ណោះ ។ ឃើញគេល្អ ចេះតែចង់ល្អតាមគេដែរហើយ។ ថ្មីៗនេះខ្ញុំប្រម៉ាញ់បាននារីធ្វើការរោងចក្រកាត់ដេរម្នាក់នៅម្តុំកាណាឌីយ៉ាស្ទឹងមានជ័យ ។ ដំបូងឡើយ អាសំឡាញ់របស់ខ្ញុំវាបានបបួលខ្ញុំទៅលេងផ្ទះជួលសង្សារវានៅកាណាឌីយ៉ា ។ អារឿងបបួលទៅផ្ទះស្រីៗស្នាក់នៅនេះ ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ ។ ឲតែមានបុប្ផាកន្លង់សាវាដូចជារូបខ្ញុំត្រូវតែក្រវែលមើល បើពេញចិត្ត ត្រូវរូវជាមួយនិងផ្កាភ្លាម ខ្ញុំនឹងរកល្បិចក្រែបលំអងផ្កានោះឲ្យបាន ។
ក្នុងបន្ទប់ផ្ទះជួលមាននារីស្រស់ស្អាត៤នាក់ សុទ្ធតែមកពីស្រុកស្រែទាំងអស់ ។ ស្រុកស្រែមែន តែសម្ផស្សសោភាមិនចាញ់អ្នកទីក្រុងឯណា បើម្នាក់ៗគិតតែតុបតែងខ្លួនបង្អួតសម្រស់គ្នាយ៉ាងហ្នឹងនោះ ។ ស្រីស្អាតទាំងបួននាក់នោះ សុទ្ធតែមានម្ចាស់គ្រងរក្សាហួងហែងទៅហើយ ក្នុងនោះក៏មានសំឡាញ់ខ្ញុំម្នាក់ផងដែរ ។
សម័យនេះពួកប្រុសៗ ប្រើទឹកប្រាក់សម្ភារៈបច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបៗ ដើម្បីជានុយសម្រស់ទាក់ស្រីៗ។ បើស្រីណាចិត្តងាយផង ឃើញឧបករណ៍ជានុយហើយព្រមទទួលស្វាគមន៍ ប្រុសៗទាំងនោះ ស្រីនោះនឹងប្រាកដធ្លាក់ខ្លួនដូចជាត្រីជាប់សន្ទូចជាមិនខាន ។ គួរសរសើរពាក្យបុរាណដែរ ដែលបានផ្តល់នូវល្បិចពិសេសសំរាប់មនុស្សកំហូច ឲ្យរបស់ស្រណោះដៃ ។ មែនប្រុសៗប្រើល្បិចនេះឯង យករបស់នេះយករបស់នោះ ផ្គាប់ផ្គន់ស្រីៗភាគច្រើន គឺបានជោគជ័យ យ៉ាងពិតប្រាកដ ។
ល្ងាចថ្ងៃនោះអាម៉ាកខ្ញុំ វាបានបបួលសង្សាររបស់វា និងនារីម្នាក់ទៀតទៅដើរលេជាមួយគ្នា ។ វាឌុបសង្សារវា ខ្ញុំឌុបសង្សារគេ ។ ម្យ៉ាងដែរម៉ូតូមួយនោះគេនិយាយគ្នា ប្រើភាសាបងអូនយ៉ាងផ្អែម តែម៉ូតូខ្ញុំវិញបែជាប្រើភាសាពូមីងទៅវិញ គឺគេហៅខ្ញុំថាពូ ហើយខ្ញុំក៏ហៅ គេមីង វិញទៅ។ ម៉ោងប្រហែល៧ល្ងាច ម៉ូតូយើងទាំងពីរបានសំចតទុកអែបចិញ្ចើមថ្នល់មុខវត្តបទុមវតី រួចនាំគ្នាទៅអង្គុយមើលទឹករាំក្នុងបរិវេនសួនច្បារ ។ ខ្ញុំឃើញសំឡាញ់ខ្ញុំឱបចង្កេះសង្សាររបស់ គេជាប់ ជួនកាលឃើញេគេថើបគ្នាយ៉ាងជក់ចិត្ត ។ អូយរំភើបណាស់ ឃើញគេប្រលែងគ្នាបែបស្រៀវស្រើបបែបនេះនោះ ។ ខ្ញុំពិតជាចង់ប្រឡែងប្រលោមថ្នមថ្នាក់នារីម្នាក់នៅក្បែរខ្ញុំនេះខ្លាំងណាស់ តែខ្ញុំទើបតែស្គាល់គ្នាជាមួយនាង ធ្វើម្តេចខ្ញុំហ៊ានធ្វើយ៉ាងនេះទៅ ម្យ៉ាងទៀតមើលទៅ នាងម្នាក់នោះដូចជារាងសុភាព សមរម្យ និយាយស្តីម៉ត់ចត់ម៉ឹងម៉ាត់ផង ។
និស្ស័យមនុស្សខូចដូចខ្ញុំ តែកាលណាឃើញប្រើធម៌ក្តៅមិនបានទេ ប្រាកដជាប្រើល្បិចធម៌ត្រជាក់វិញជាមិនខាន ។ ខ្ញុំរកឃើញល្បិចប្រលោមនាងច្រើនយ៉ាងណាស់ ខ្ញុំគិតមួយសន្ទុះ រួចក៏បែរមុខទៅសួរនារីក្បែរខ្លួនធ្វើដូចខ្លួនឯងអ្នកចេះអ៊ីចឹង៖
-មីងមកធ្វើការប៉ុន្មានឆ្នាំហើយ…?
-បីឆ្នាំហើយ…
ខ្ញុំគ្រាន់តែឮបីឆ្នាំហើយ…ខួរក្បាលខ្ញុំចាប់ផ្ដើមគិតថា ‹អ៊ីយ៉ាចាស់វស្សាទៅហើយនេះ›… តែខ្ញុំនៅធ្វើធម្មតា ដូចជាមិនចាប់អារម្មណ៍…ខ្ញុំសួរបន្ត៖
-មីងដែលទៅស្រុកទេឥឡូវហ្នឹង…?
-ខានទៅបីខែហើយ ផ្ញើតែប្រាក់ខែឱ្យអ្នកផ្ទះប៉ុណ្ណោះ (នាងឆ្លើយយ៉ាងកំបុត ក្នុងទឹកមុខញញឹម ស្ងួត) ។
-កាលនៅស្រុកមីងរៀនដល់ថ្នាក់ទីប៉ុន្មាន…?
-ចាស ខ្ញុំរៀនដល់ថ្នាក់ទី១២ តែមិនបានប្រឡងបាក់ឌុបទេ…
-ម៉េចក៏អ៊ីចឹង…?
ខ្ញុំសួរនាងបន្ទាន់បែបនេះ នាងមើលមុខខ្ញុំចំៗ ដោយកែវភ្នែកមុតថ្លា ព្រមនឹងសំណើចរងំ ជាប់បំពង់ក…
-ខ្ញុំសូមមិនឆ្លើយបានទេ…
-តាមចិត្តមីងចុះ បើមីងមិនចង់ប្រាប់ក៏មិនអី…
ក្នុងលោកនេះគ្មានអ្វីអាថ៌កំបាំងឡើយ។ មនុស្សខ្ញុំនេះ បើរឿងអ្វីដែលគេមិនចង់ឱ្យដឹង ខ្ញុំ រឹតតែចង់ដឹងទ្វេឡើង ទោះបីរឿងនោះល្អ ឬអាក្រក់យ៉ាងណាក៏ដោយ ។ ពួកយើងទើបតែស្គាល់ គ្នាមែន តែខ្ញុំមានអារម្មណ៍ថា នាង និងខ្ញុំហាក់ស្និទ្ធិស្នាលគ្នាសម្បើមណាស់។ គូស្នេហ៍មួយគូ នោះ មិនខ្ចីរវល់នឹងអ្វីឡើយ សំឡាញ់ខ្ញុំគិតតែពីថើប ស្ទាប អង្អែល គូកំណាន់របស់ខ្លួនសព្វ សារពាង្គកាយទាំងអស់ ។
ម៉ោងប្រហែល៩យប់ថ្ងៃនោះ ពួកយើងបានចូលការាអូខេបន្តទៀត ។ ទំនាក់ទំនងរវាង យើងទាំង៤នាក់កាន់តែស្និទ្ធិស្នាលឡើងៗ។ ពួកយើងនាំគ្នាផឹកបៀរផង ច្រៀងផង រហូតដល់ខ្ញុំ មិនដឹងថាដៃទាំងពីររបស់ខ្ញុំកំពុងធ្វើអ្វីនោះឡើយ ។ ខ្ញុំរឹងខ្លួនអស់ហើយ ។ ខ្ញុំឮតែសំឡេងភ្លេង
តែក៏មិនដឹងថាវាជាបទអ្វីឡើយ ។ ពួកយើងពិតជាសប្បាយរកលេខដាក់គ្មាន រហូតដល់ម៉ោង ១១អាធ្រាត្រ ទើបពួកយើងនាំគ្នាទៅរកផ្ទះសម្នាក់ដើម្បីសម្រាក ។ ខ្ញុំនិងសំឡាញ់ខ្ញុំ ស្រវឹងជោគប្រាណ បោះជំហានទៅមុខស្ទើរពុំរួច ឯពួកនាងវិញក៏ដូចគ្នា តែមិនណាស់ណាដូចពួកយើង ឡើយ។
យប់មួយផុតរត់រំលងឆ្លងឆ្ងាយទៅ អ្វីៗត្រូវបានបញ្ចប់ ខ្ញុំនឹងសំឡាញ់បានឌុបស្រីៗទាំង ពីរនាក់ ទៅដាក់នៅមុខរោងចក្រកាត់ដេរវិញ ។
ត្រឹមតែមួយយប់សោះ ខ្ញុំក៏បាន……។ ណ្ហើយកុំខ្វល់ពេក…យើងមិនបានសុំគេឯណា គេ ព្រមឱ្យយើងខ្លួនគេទេតើ…បើគេឱ្យហើយយើងមិនទទួលដូចជាដាច់ចិត្តខ្លាំងពេក…កុំយល់ច្រឡំ គឺគេឱ្យលេខទូរសព្ទគេមកខ្ញុំប៉ុណ្ណោះ… ហាស…! តាមពិតខ្ញុំពុំបានប៉ះអ្វីនាង សូម្បីមួយចំរៀកសក់ ព្រោះនាងខ្លាចចាញ់បោកពួកប្រុសៗខ្លាំងណាស់…។
បានលេខទូរសព្ទដូចសង្ឃឹមបាននាងពាក់កណ្ដាលអ៊ីចឹង…។ ទោះបីដឹងថា នាងមាន សង្សារហើយឯណាក៏ដោយ ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ ខ្ញុំគ្រាន់តែដឹងថា អ្នកណាបានមុន គឺជារបស់អ្នកនោះយ៉ាងពិតប្រាកដ។ ស្ទើរតែរាល់ថ្ងៃ ខ្ញុំតែងទូរសព្ទទៅញ៉ែនាង បបួលនាងដើរលេង និយាយសុទ្ធតែពាក្យត្រឹមត្រូវផ្អែមល្ហែម…តែពាក្យពេចន៍ទាំងនោះគឺសុទ្ធតែជាល្បិចទាញយក ប្រយោជន៍ថ្ងៃក្រោយទាំងអស់…។ ធម្មតានយោបាយគេមិនមែនធ្វើថ្ងៃហ្នឹង ចង់បានលទ្ធផលថ្ងៃ ហ្នឹងតែម្តងនោះទេ …គឺគេប្រាថ្នាលទ្ធផលថ្ងៃខាងមុខឯណោះទេ…។
………………………………………………
ម៉ោង៣រសៀលថ្ងៃអាទិត្យ ២៧ ធ្នូ ២០០៩
នាងបានទូរសព្ទមកខ្ញុំ ប្រាប់ថាមានការចង់និយាយជាមួយ ឱ្យទៅឌុបនាងដើរលេងផង អ៊ីយ៉ា នេះជាឱកាសខ្ញុំទេតើ…ខ្ញុំប្រញាប់បញ្ជាម៉ូតូស្នេហ៍របស់ខ្ញុំយ៉ាងលឿន ចំណាយពេលតែ ប្រមាណ៣០នាទីប៉ុណ្ណោះទៅរកនាង ព្រោះដើម្បីចាប់ក្រសោបយកឱកាសចំពោះមុខឱ្យបាន ។ ពេលទៅដល់នាងបានឈររងចាំខ្ញុំរួចជាស្រេចដោយមានសំលៀកបំពាក់សមសួន តែងខ្លួនមិនចាញ់អ្នករាជធានីប៉ុន្មានឡើយ…។
-ឱ្យខ្ញុំសុំទោសដែលខ្ញុំមកយឺតបន្តិច…ចន្ធីរងចាំខ្ញុំយូរហើយមែនទេ…?
ខ្ញុំនិយាយយ៉ាងគួរសម ព្រោះចង់ឱ្យគេទុកចិត្តថាជាប្រុសមានសីលធម៌ ។ ដំបូងខ្ញុំឃើញមុខនាងឡើងក្រញ៉ូវ តែឮខ្ញុំនិយាយបែបនោះ ភក្ត្រាក៏ប្រែជាញញឹមឡើងវិញ…
-មិនចាំយូរទេ…វណ្ណៈ…
ខ្ញុំបានឌុបនាងស្ទើរពេញរាជធានី…ទីបំផុតម៉ូតូស្នេហ៍របស់យើងបានឈប់គាំងស្ដូក នៅប្របមាត់ច្រាំងទន្លេក្បែរ Naga World ព្រោះទីនោះងងឹតល្មម អាចឱ្យខ្ញុំប្រលោមស្នេហ៍លើនាង បាន…ខ្ញុំមិនទាន់ទាំងបានប្រើល្បិចបញ្ឆោតស្នេហ៍លើរូបនាងផង ក្នុងទឹកមុខស្ងួតស្រពោន នាងនិយាយមកកាន់ខ្ញុំមុនថា៖
-វណ្ណៈ ចូលចិត្តកន្លែងនេះខ្លាំងណាស់មែនទេ…?
ខ្ញុំញញឹមស្ទើរបន្តិច រួចឆ្លើយសំណួរស្រីស្រស់៖
-មិនសូវប៉ុន្មានទេ …តែទីនេះខ្យល់អាកាសបរិសុទ្ធល្អ…ចុះចន្ធី ពេញចិត្តទីនេះដែរទេ…?
-ម្យ៉ាងដែរ…តើវណ្ណអាចឆ្លើយសំណួរខ្ញុំមួយបានទេ…?
-បាន ឱ្យតែខ្ញុំអាចឆ្លើយបាន…
-អ្វីទៅហៅថាស្នេហា…?
ខ្ញុំពិតជាមិនដឹងត្រូវឆ្លើយជាមួយនាងយ៉ាងណានោះទេ…សំណួររបស់នាងសំរាប់ខ្ញុំគឺ ពិបាកនឹងឆ្លើយខ្លាំងណាស់ ព្រោះខ្ញុំគ្រាន់តែជាព្រានបញ្ឆោតមនោសញ្ចេតនាតែប៉ុណ្ណោះ… សំណួរនេះធ្វើឱ្យខ្ញុំនឹកឃើញថា ខ្ញុំក៏ធ្លាប់មានស្នេហានោះដែរ តែម្ចាស់ស្នេហ៍របស់ខ្ញុំនោះត្រូវ បានឃ្លាតឆ្ងាយពីខ្ញុំទៅហើយ… នាងទៅរហូត… រហូតដល់ខ្ញុំក្លាយទៅជាព្រានស្នេហ៍អន់ជាង តិរិច្ឆានទៅទៀត។ ខ្ញុំនឹកឃើញថា ខ្ញុំធ្លាប់ស្រលាញ់គ្នាជាមួយនារីម្នាក់ យើងទាំងពីរពិតជាស្មោះ នឹងគ្នាយ៉ាងពិតប្រាកដ…ថ្ងៃមួយយើងបានដើរលេងជាមួយគ្នាពេញមួយថ្ងៃ…ពេលត្រឡប់ទៅ ដល់ផ្ទះនាងវិញ ម្ដាយនាងបានស្ដីបន្ទោសនាងយ៉ាងខ្លាំង ជេរនាងដោយពាក្យមិនសមគួរច្រើន បែប នៅចំពោះមុខខ្ញុំ និងមនុស្សជាច្រើន…ខ្ញុំក៏បានចូលរួមចំណែកសាងកំហុសនោះដែរ… ខ្ញុំ្ ព្យាយាមសុំទោសម្ដាយនាងជាមួយនាង តែម្ដាយនាងនៅតែប្រមាថជេរ នាងដដែលៗ…។ យុវភាពនៃក្មេងស្រីកំពុងពេញក្រពុំពិតជាខ្មាសគេខ្លាំងណាស់ ជាពិសេសគឺរូបខ្ញុំ…នាងខ្ទប់មុខ រត់ចូលទៅខាងក្នុងផ្ទះយ៉ាងលឿន ដោយបន្សល់ទុកទឹកថ្លាស្អាតពេញដោយកំដៅចេញពីកែវ ភ្នែករាប់ពាន់ដំណក់ស្រោចមកលើផែនដី…។ ខ្ញុំព្យាយាមនិយាយជាមួយម្ដាយនាងពីការពិត សារភាពពីសេចក្ដីស្មោះស្មគ្រភាពបរិសុទ្ធនៃយើងទាំងពីរ…តែម្ដាយនាងមិនទទួលស្ដាប់ពាក្យខ្ញុំឡើយ…ទីបំផុតខ្ញុំក៏ត្រូវសម្រេចចិត្តត្រឡប់មកកាន់ផ្ទះរបស់ខ្ញុំវិញ…។ យប់នោះខ្ញុំរសេះរសោះ គេងមិនលក់សោះ ចេះតែស្រមៃឃើញនាងនៅនឹងកែវភ្នែកស្រស់ៗ…ហេតុអ្វីក៏ម្ដាយនាងមិន ស្ដាប់ហេតុផលរបស់ពួកយើង តើគាត់ជេរពួកយើងព្រោះតែការស្រឡាញ់កូនគាត់មែនឬ…?
តាំងពីល្ងាចនោះមក ខ្ញុំខានបានជួបនាងរហូត សូម្បីតែទូរសព្ទក៏បិទ…ខ្ញុំព្យាយាមទៅសួរ ម្ដាយនាង តែម្ដាយនាងឥតបាននិយាយរកខ្ញុំមួយម៉ាត់…ឯអ្នកជិតខាង មិត្តភក្តិជិតស្និទ្ធិនឹងនាង ទៀតសោត ក៏គ្មាននរណាឆ្លើយប្រាប់ខ្ញុំឡើយ…។ ខ្ញុំព្យាយាម ទំនាក់ទំនងរកនាងទាំងក្តីបារម្ភ និងឈឺចាប់បំផុត…តែជាការប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះរឿងស្មោះស្នេហ៍នោះ គ្រាន់ តែជាការយល់សប្ដិរបស់ខ្ញុំប៉ុណ្ណោះ…ហាស…។
-វណ្ណៈ ហេតុអ្វីបានជាមិនឆ្លើយសំណួរខ្ញុំ…?(នាងសួរបញ្ជាក់…)
-ខ្ញុំមិនដឹងទេ…(ខ្ញុំឆ្លើយដោយបិទភ្នែក)
-តើមនុស្សប្រុសមានមួយណាស្មោះដែរ ឬទេ…?(នាងសួរបន្ថែម…)
-គ្មានទេ…រួមទាំងរូបខ្ញុំ…ហាស…
-តែវណ្ណៈ មិនសមទេ…
-សំបកក្រៅគឺយ៉ាងនេះឯង…ជឿទេ…(ខ្ញុំនិយាយពោរពេញដោយល្បិច…)
-មិនសូវជាជឿប៉ុន្មានដែរ…ព្រោះ…
-ព្រោះយ៉ាងម៉េច…?
-ព្រោះវណ្ណៈ…មិនចេះឆ្លៀតឱកាសកេងចំណេញលើស្រីៗផង…
-ម៉េចបានដឹង…នែ តិចចាញ់បោកវណ្ណៈណា…
-បើចាញ់បោកគឺ ចាញ់បោកយូរណាស់ហើយ…
តាមពិតខ្ញុំកំពុងតែចាប់យកឱកាស តែនាងបែរជានិយាយថា ខ្ញុំមិនចេះឆ្លៀតឱកាសទៅ វិញ…ហាស…
-ហាស…!
-នែ…សើចស្អីនឹង…
-មានអី…សើចត្រង់ត្រីជិតចូលសន្ទូចទៅហើយ នៅយល់ថា សន្ទូចជាមិត្តនឹងត្រីទៀត…
-អ៊ីចឹង…វណ្ណៈ ចង់ធ្វើបាបខ្ញុំមែនទេ…?
-មែន…
ខ្ញុំយកនាងមកកន្លែងនេះ គឺដើម្បីឱនាងឃើញគូស្នេហ៍ជាច្រើនគូកំពុងតែក្បត់នឹងឪពុក ម្ដាយ មកបង្កើតអនុស្សាវរីយ៍ចុកឈាមនៅមាត់ទន្លេនេះឯង…សម្ដីខ្ញុំនិយាយជាពាក្យពិត តែហាក់ដូចជាការលែងសើចនឹងនាង…ម្ល៉េះហើយទើបនាងនៅតែមិនដឹងពីពុតត្បត់ដ៏អាក្រក់របស់ ខ្ញុំទៀត…យប់មុនខ្ញុំខ្លាចគេដឹង តែយប់នេះគ្មាននរណាដឹងឡើយ ស្រមោចនឹងស្ករ បើវានៅជិត គ្នាទៅហើយ …គិតទៅមនុស្សយើងខ្លាចចាញ់ល្បិចរបស់គេពេក…ដល់ពេលល្បិចរាក់កំផែល បែបនេះ បែរជាមើលមិនដឹង។ ថ្ងៃនោះខ្ញុំនាំនាងដើរលេងរហូតដល់ម៉ោងប្រហែល១១អាធ្រាត្រ ទើបនាំនាងទៅគេងនៅឯផ្ទះសំណាក់…។
គិតទៅប្រុសព្រានដូចជាខ្ញុំនេះ មិនចេះខ្វះល្បិចរាយអន្ទាក់ចាប់ស្រីស្រស់ទាល់តែសោះ។ ទីបំផុតឱកាសដែររំពឹងទុក ត្រូវបានបើកបង្ហាញជាផ្ទាំងសម្រាប់ខ្ញុំ…ខ្ញុំមិនចេះទុកឱកាសនោះ ឱ្យកន្លងផុតទៅដោយឥតប្រយោជន៍នោះទេ…
ព្រះអាទិត្យ បានបង្វិលនាឡិកា ឱ្យម៉ោងរត់មកនៅត្រឹមលេខ៥កន្លះ…ខ្ញុំដឹងខ្លួនពីដំណេក ឡើង រាវរកចន្ធី ដែលគេងនៅក្បែរខ្លួន… តែមិនឃើញរូបនាងសោះ…អីយ៉ាតាមពិតខ្ញុំយល់សប្តិទេតើ…យីយល់សប្ដិដូចជាការពិតអញ្ជឹង…ចាញ់បោកយល់សប្ដិអស់មួយយប់…
មនុស្សល្អស្មោះនឹងស្នេហ៍សោះ បែរជាក្លាយជាព្រានទៅវិញ…ហាស…
ថ្ងៃទី២៦ ធ្នូ ២០០៩
ម៉ោង ២.១៥នាទីរំលងអាធ្រាត្រ
