ទស្សនវិជ្ជាព្រះពុទ្ធសាសនាស្តីពី ជីវិតរស់នៅបច្ចុប្បន្ន

ទិដ្ឋធម្មិកត្ថៈ

ជីវិតគឺជារបស់ដ៏លំបាក ព្រោះវត្ថុធាតុដែលត្រូវរស់ទាំងអស់ សុទ្ធតែបានមកពីការសែ្វងរក ។ ធម្មតានៃជីវិតត្រូវតែមានវត្ថុសម្រាប់ទ្រទ្រង់ដូចជាអាហារ សំលៀកបំពាក់ ទីកន្លែងស្នាក់អាស្រ័យ និងថ្នាំសម្រាប់ព្យាបាលជំម្ងឺជាដើម។ ឯគ្រឿងទ្រទ្រង់ទាំងនោះ មិនមែនចេះតែកើតឡើងដោយឯកឯងនោះឡើយ វាតែងត្រូវបានកើតឡើងពីការ ខិតខំស្វែងរក បញ្ចេញកម្លាំងសព្វបែបយ៉ាងក្នុងដំណើររជីវិតប្រព្រឹត្ត ដើម្បីរស់របស់មនុស្សមានលក្ខណៈខុសគ្នា។ ព្រះពុទ្ធអង្គទ្រង់សម្តែង យ៉ាងច្បាស់ពីភាពខុសប្លែកគា្ន៤យ៉ាងនៃមនុស្សថាៈ

ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ កម្លាំងពលកម្មការងារ មិនអាស្រ័យលើភ័ព្វព្រេង (បុញ្ញកម្ម)

កម្មផលុបជីវី ន ឧដ្ឋានផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ ភ័ព្វព្រេង (បុញ្ញកម្ម) មិនអាស្រ័យលើកម្លាំងពលកម្មការងារ ។

ឧដ្ឋានផលុបជីវី ចេវ កម្មផលុបជីវី ច មនុស្សខ្លះរស់នៅអាស្រ័យ កម្លាំងពលកម្ម ការងារ និង អាស្រ័យទៅលើព្រេងសំណាង ។

នេវ ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅលំបាកមិន អាស្រ័យលើកម្លាំងការងារ ហើយក៏មិនអាស្រ័យលើបុញ្ញកម្មដែរ ។

ទោះបីដំណើរការរស់ខុសគ្នាយ៉ាងនេះក៏ដោយ បើអ្នកឯណា មួយមានសេចក្តីប្រមាទក្នុងដំណើរការរស់នេះ អ្នកនោះនឹងដល់នូវការវិនាសដោយប្រការណាមួយជាមិនខាន ។

មានការយល់ច្រឡំ ដែលចោទប្រកាន់មកលើសាសនានេះថា ការអប់រំនៃព្រះពុទ្ធសាសនាធ្វើឲ្យជីវភាពមនុស្សក្រីក្រ ព្រោះបង្រៀន មនុស្សឲ្យកំចាត់នូវលោភៈ(សេចក្ដីប្រាថ្នាចង់បាន)ចោល។ កាលណាយើងមិនប្រើវិចារណញ្ញាណ យកមកពិចារណាឲ្យបានស៊ីជម្រៅក្នុងពុទ្ធវចនៈនោះទេ មតិនោះពិតជាត្រឹមត្រូវមែន តែបើយើងសិក្សាឲ្យបានម៉ត់ចត់ និងតាមលំដាប់លំដោយ មតិដែលបានពោលមកនោះគ្រាន់តែជាការមួរបង្ខូច ឬចង់បន្ទាបតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ព្រះពុទ្ធអង្គមិនបានគាំទ្រចំពោះមនុស្សណា ដែលខ្ចិលច្រអូសឡើយ ដូចក្នុងបរាភវសូត្រ ព្រះពុទ្ធអង្គទ្រង់សម្តែងថា « អលសោ កោ បរាភវតោ មុខំ អ្នកណាខ្ចិលច្រអូស អ្នកនោះឈ្មោះថាមានមុខ ឆ្ពោះទៅរកសេចក្ដីវិនាស»។

ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនា ព្រះសយម្ភូញាណជាម្ចាស់ទ្រង់បានសម្តែងយ៉ាងជាក់ច្បាស់ពីកិច្ចប្រតិបត្តិ ដើម្បីឲ្យជីវិតប្រព្រឹត្តរស់ជាប្រយោជន៍នៅក្នុងបច្ចុប្បន្ន ធ្វើជាកូនសោរសម្រាប់បើកបង្ហាញផ្លូវ ។ នៅក្នុងការសាងសេដ្ឋកិច្ច ព្រះពុទ្ធអង្គទ្រង់បានផ្តល់នូវគន្លឹះសំខាន់ៗជាច្រើន ក្នុងនោះទិដ្ឋធម្មិកត្ថធម៌គឺជាឧបករណ៍ពិសេស ឲ្យយើងយកមកប្រើ ក្នុងដំណើរការកសាងសេដ្ឋកិច្ចឲ្យសម្រេចបានប្រកបដោយភាពជោគជ័យ ។

១.ឧដ្ឋានសម្បទាៈ (ការដល់ព្រមដោយ ការតស៊ូព្យាយាម ប្រឹងប្រែងធ្វើការងារ មិនខ្ចិលច្រអូសជានិច្ច )

គ្រប់សកម្មភាព ឬទង្វើការងារអ្វីមួយ មិនមែនចេះតែសម្រេច ភ្លាមៗ ឬចង់បានគឺបាននោះទេ ។ ទោះបីស្ថិតនៅក្នុងភព្វបុគ្គល (អ្នកមានបុញ្ញកម្មច្រើន )កើតក្នុងត្រកូលស្តុកស្តម្ភ សមប្រកបដោយ គ្រឿងឧបភោគ បរិភោគសព្វបែបយ៉ាង ក៏មកពីអ្នកនោះបានប្រឹងប្រែងធ្វើនូវសេចក្តីល្អ ឬប្រឹងកសាងនូវធនធានរបស់ខ្លួនទុកពីមុនមកដែរ។ ភាពខ្ចិលច្រអូស ទុរុននិងការងារ (មានៈ ការសិក្សា កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម…) មិនអាចធ្វើឲ្យយើងទទួលបាននូវជោគជ័យក្នុងការងារនោះទេ ។ នៅលើពិភពលោកនេះ មិនដែលឃើញនរណាម្នាក់ក្លាយខ្លួនជាអ្នកមានទ្រព្យធន កិត្តិយស កេរ្តិ៍ឈ្មោះ ដោយសារតែការខ្ចិលច្រអូស មិនប្រឹងប្រែងធ្វើការងារនោះទេ បើទុកជាខ្លួនមានទ្រព្យធនសម្បូរបែបខ្លះក៏ដោយ ។

ព្រះពុទ្ធអង្គមិនបានប្រៀនប្រដៅ ឬសម្តែងអ្វីដែលជាការអប់រំធ្វើឲ្យមនុស្សមានភាពខ្ចិលច្រអូសនោះឡើយ ។ ព្រះពុទ្ធអង្គទ្រង់តែងតែសរសើរចំពោះបុគ្គលណាមានសេចក្តីប្រឹងប្រែងតែប៉ុណ្ណោះ ។ ការ ស្វែងរកនូងធនធាន សម្រាប់រស់គឺជាការគួរណាស់ ប៉ុន្តែអ្វីដែលរកបានគឺត្រូវតែសុចរិត មិនកេងកិបប្រវ័ញ្ចកម្លាំងពលកម្ម របស់អ្នកដទៃ ប្រកបដោយ សម្មាសង្កប្បៈ ការត្រិះរិះត្រូវ ពោលគឺគិតយ៉ាងណាឲ្យ របស់ដែលទទួលបានមកនោះជាប្រយោជន៍ដល់ខ្លួនឯងផង និងអ្នក ដទៃផង សម្មាវាចា ពោលពាក្យត្រឹមត្រូវជាសច្ចវាចា មិននិយាយញុះញុង បោកបញ្ឆោតអ្នកដទៃឲ្យខូចប្រយោជន៍ សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រឹមត្រូវ មិនកិបកេងបោកប្រាស ប្រើល្បិចកិច្ចកល ឲ្យអ្នកដទៃអន្តរាយ ធម្មេ ន ធម្មលទ្ធា ទ្រព្យធនរកបានមកដោយ មធ្យោបាយត្រឹមត្រូវ  សេទាវក្កិណ កេហិ ទ្រព្យធនរកបានពីញើស និងពលកម្មខ្លួនឯងផ្ទាល់ ការស្វែងរកវត្ថុធាតុដែលត្រូវរស់យ៉ាង នោះឯង ទើបជាការរស់នៅដោយមានជីវិតរុងរឿងថ្លៃថ្នូរ ប្រកបដោយ ភាពសុខសាន្ត ។ ដូចនេះយើងអាចមើលឃើញនូវគោលបំណងនៃ ព្រះអង្គ គឺធ្វើឲ្យមនុស្សមានការប្រឹងប្រែង ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងផ្ទាល់ ពោលគឺបានមកដោយត្រឹមត្រូវ កើតឡើងដោយ ត្រឹមត្រូវ សម្រេចបានដោយត្រឹមត្រូវ ដែលយើងអាចនិយាយបានថា សុចរិត។ បើមនុស្សម្នាក់ៗសុទ្ធតែប្រកាន់យកនូវការងារសុចរិតដូចគ្នា មិនធ្វើការកេងប្រវ័ញ្ចចំពោះគ្នា មិនបៀតបៀនគ្នា មិនភូតកុហកគ្នា សេដ្ឋកិច្ចរវាងគ្រួសារមួយៗ ឬមនុស្សម្នាក់ៗ និងមានភាពរីកចរើន ។ ផ្ទុយមកវិញបើមនុស្សចេះតែមានសេចក្តីប្រមាថ កេងប្រវ័ញ្ចលើកម្លាំង (ដើរខ្សែលើ) មនុស្សដូចគ្នានោះ មនុស្សនឹងទទួលរងនូវសេចក្តីទុក្ខ ទទួលរងនូវការប្រមាថ មានសង្រ្គាម និងមានភាពក្រីក្រកើតឡើង ។

ក្នុងឧដ្ឋានសម្បទានេះមិនមែនចំពោះតែបុគ្គលម្នាក់ៗប៉ុណ្ណោះទេ សូម្បីថ្នាក់ជាតិ ក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនសាធារណៈធំៗ ជំនួញ ឧស្សាហកម្ម ពាណិជ្ជកម្ម… បើអ្នកកាន់ការទាំងឡាយក្នុងពិភពលោក ខ្វះធម៌នេះ កម្ជិល មិនប្រឹងប្រែងចំពោះករណីកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នាពីប្រយោជន៍ផ្ទាល់ខ្លួន មិនខិតខំកែច្នៃ ស្រាវជ្រាវវិធីសាស្រ្ត អភិវឌ្ឍ ផ្សេងៗ ឲ្យឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញដើរទាន់សម័យ ទេនោះ សេដ្ឋកិច្ចនឹងធ្លាក់ចុះពុំខាន ។

ដើម្បីឲ្យឧដ្ឋានសម្បទានេះប្រព្រឹត្តទៅទទួលបានភាពស័ក្កិសិទ្ធិ ព្រះសក្យមុនីសម្ពុទ្ធទ្រង់បានផ្តល់គន្លឹះបន្ថែម ៤ យ៉ាងទៀតគឺៈ

ឆន្ទៈ            កំណត់គោលដៅ ឬវត្ថុបំណងឲ្យបានច្បាស់លាស់

វិរិយៈ ប្រឹងប្រែងារឱហាត តស៊ូព្យាយាម

ចិត្តៈ     ការបេ្តជ្ញាចិត្តតាំងចិត្តឲ្យមាំស៊ុប ស្មោះស្ម័គ្រ នឹងការងារ

វិមំសា ការត្រិះរិះ ស្វែងរកមធ្យោបាយ ឬឧបាយសម្រាប់ធ្វើឲ្យ សម្រេចគោលដៅ ។

ធម្មតាកិច្ចការណាក៏ដោយ បើយើងចេះតែប្រឹងប្រែងធ្វើដោយ កម្លាំងបាយ គ្មានការកំណត់គោលដៅ ឬ វត្ថុបំណងឲ្យច្បាស់លាស់ ជាមុនសិននោះទេ ការងារនោះនឹងច្របូកច្របល់ មិនកើតសិរីសួស្តី ដល់អ្នកធ្វើឡើយ ឬបើអ្នកធ្វើជំនួញវិញ នឹងពិតជាខាតពុំខាន ។  បើ មានគោលដៅត្រូវធ្វើឲ្យហើយ តែមិនមានការតស៊ូព្យាយាម មិនមាន ការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រនឹងការងារ ឬមិនចេះស្វែងរកមធ្យោបាយ យកមកប្រើប្រាស់ក្នុងការងារដែលត្រូវធ្វើនោះទេ ដំណើរការការងារ ទាំងមូលនឹងទទួលបាននូវភាពបរាជ័យជាមិនខាន ។ ដូចជាអ្នកស្រែ បើមានគោលបំណងចង់ធ្វើស្រែ តែឥតមានការតស៊ូព្យាយាមកាប់គាស់ ភ្ជួររាស់ដី គ្មានការតាំងចិត្តពុះពារនូវឧបសគ្គផ្សេងៗ មិនរកវិធីសាស្រ្ត ថែរក្សាសន្ទូង ដាក់ជី ថែទឹកទេនោះ ផលសមេ្រចបាននឹងមិនសម ដូចបំណងជាមិនខាន។ យើងឃើញអ្នកមានទ្រព្យធនមួយចំនួនទម្រាំ ពួកគាត់អាចមានទ្រព្យធនសម្បូរបែបបាន គេត្រូវតស៊ូបំពេញកិច្ចការ របស់គេដោយឱហាតបំផុត ចេះមើលពេលវេលា គិតមើលគ្រប់ជ្រុង ជ្រោយចំពោះការងារដែលពួកគេកំពុងធ្វើ ។

ការងារសម្រេចដោយព្យាយាម           មិនមែនបានភ្លាមតាមចិត្តគិត

បើដេកផ្សងព្រេងចាំបុណ្យពិត            លុះក្ស័យជីវិតក៏ឥតសុខ     ។

សត្វម្រឹគមានមែនពាសពេញព្រៃ         តែបើរាជសីហ៍ដេកស្រមុក

សត្វម្រឹគណានឹងបោលសម្រុក           បញ្ចុកក្នុងមាត់ឲ្យខ្លួនឆី        ។

………………………………..

បើទុកគិតឃើញវាសនាស្មោះ            មិនត្រូវបង់បោះសេចក្ដីប្រឹង

ត្រូវតែព្យាយាមពេញទំហឹង               ព្រោះប្រឹងនឹងព្រេងជាគូគ្នា    ។

គ្រាប់ល្ងបើគេមិនគិតកាញ់                យកទៅចម្រាញ់ឬស្ងោរវា

ទុកជាគ្រាប់សុទ្ធដូចធម្មតា                តើធ្វើម្ដេចណានឹងបានប្រេង  ។

 

២.អារក្ខសម្បទា  (ការថែរក្សាដោយយកចិត្តទុកដាក់)

ទ្រព្យសម្បត្តិដែលយើងស្វែងរកមកនោះ សុទ្ធសឹងបានមកពី ការប្រឹងប្រែងដោយលំបាកប្រើប្រាស់វិធីសាស្រ្តតាមលទ្ធភាព ។ ដូចនេះ បើយើងចេះតែប្រើដោយខ្ជះខ្ជាយ គ្មានវិធីប្រើប្រាស់ទុកដាក់ឲ្យបានល្អ ទេនោះ វត្ថុទាំងនោះនឹងងាយបាត់បង់ទៅវិញ។

មានមតិខ្លះដែលយល់ច្រឡំថា ព្រះពុទ្ធអង្គ ទ្រង់បានសម្តែងពី ត្រៃលក្ខណ៍ធម៌ ពោលគឺធម្មជាតិទាំងអស់កើតឡើងតែងតែត្រូវវិនាស ទៅវិញ ព្រោះវត្ថុទាំងអស់តែងតែ ជាប់ទាក់ទងទៅនឹងបាតុភូត ប្រែប្រួល មិនទៀងទាត់(អនិច្ចតាធម៌) តាំងនៅយូរមិនបាន(ទុក្ខតាធម៌) មិនអាច ជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់(អនត្តាធម៌) ។ ចុះហេតុអ្វីបាន ជាយើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះ របស់ទាំងនោះធ្វើអ្វី?

ពិតណាស់ ធម្មជាតិទាំងអស់ សុទ្ធតែប្រែប្រួលមិនទៀងទាត់ មិនដឹងថា ធម្មជាតិទាំងនោះនឹងខូចវិនាសទៅវិញនៅពេលណាបាន ឡើយ។ ដោយសារតែការមិនដឹងច្បាស់នោះឯង ទើបយើងត្រូវការ ប្រយ័ត្នក្នុងការមើលថែរបស់ទាំងនោះ។ បើយើងចេះតែបណ្តោយឲ្យ បាត់បង់ទៅដោយឥតប្រយោជន៍នឹងនាំឲ្យខាតពេល ខាតការងារជា មិនខាន។

ការថែរក្សាទ្រព្យសម្បត្តិដែលរកបានមកនោះ ពិតជាមានសារៈ សំខាន់បំផុតក្នុងដំណើរជីវិតប្រព្រឹត្តទៅដើម្បីរស់ ព្រោះយើងមិនមែន រស់គ្រាន់តែធ្វើការងារតែមួយមុខដដែលៗនោះឡើយ ។ ក្នុងទស្សនវិជ្ជា

ព្រះពុទ្ធសាសនា ត្រូវបានបែងចែកការរក្សាជាពីរផ្នែកគឺ៖

-រក្សាចិត្ត ធម្មតានៃចិត្តចេះតែប្រាថ្នាចង់បាននេះចង់បាននោះ មិនចេះចប់ ចេះតែចង់ធ្វើអ្វីតាមតែនឹកឃើញ។ រឿងអាក្រក់ចិត្តនេះ ចេះតែនឹកឃើញជាងរឿងល្អៗ ហើយវាបញ្ជាសព្វគ្រប់សកម្មភាពនៃ រាងកាយឲ្យធ្វើ។ ដូចេ្នះបើយើងចេះឃុំគ្រង រក្សាចិត្តមិនឲ្យគិតចំណាយ ឬប្រើប្រាស់របស់ខ្ជះខ្ជាយបាន នោះទ្រព្យដែលរកបាន ក៏អាចតាំងនៅ បានយូរដែរ ។

 ដឹងឆ្ងើយត្បិតដង   កូនសោតរែងឆ្គង   ត្បិតតែឳពុក

ទ្រព្យគង់ត្បិតសី្រ   ចេះរៀបដាក់ទុក    ប្រាសដេកឆាប់លក់

ត្បិតឥតបើគិត។

-ចេះបែងចែកធនធានដែលខ្លួនមានស្រាប់ និងរកបានមក បើយើងខំប្រឹង ស្វែងរកដោយលំបាក ហើយយើងមិនចេះទុក ដាក់ឲ្យបានល្អប្រសើរ នោះទ្រព្យធនរបស់យើងនឹងប្រឈមមុខទៅ នឹងសេចក្តីវិនាសមិនខាន។ តួយ៉ាងយើងរកបានកៅអីឈើមួយ យើង ទុកវាចោលតែហាលវាល ហាលថ្ងៃ ត្រូវខ្យល់ជាដើម កៅអីរបស់យើង វាប្រាកដជាឆាប់ពុក ខូចទ្រង់ទ្រាយដោយចំណែកណាមួយ ។ ប្រាក់ ដែលខំរកបានយកទៅចាយវាយខ្ជះខ្ជាយ ដូចជាយកទៅលេងល្បែង ភ្នាល់ សេពគ្រឿងញៀន ចំណាយទៅលើវត្ថុឥតប្រយោជន៍ជាដើម ប្រាក់នោះក៏នឹងអាចអស់ទៅវិញយ៉ាងងាយបំផុត។       ក្នុងច្បាប់បណ្តំាបិតាខ្មែរយើង ពោលថា៖

ច្បាប់នេះក៏បានបង្ហាញហើយថា ទ្រព្យគង់ត្បិតស្រីចេះរៀប ដាក់ទុក។ ការរៀបដាក់ទុកដាក់ ឬការចេះបែងចែកទ្រព្យសម្បត្តិនោះ មានសារសំខាន់ណាស់ ដូចនេះយើងមិនត្រូវនឹកឃើញចាយចេះតែ ចាយនោះទេ  បើចាយគ្មានដែនកំណត់  គ្មានការកំណត់គោលដៅច្បាស់ លាស់ក្នុងការចាយវាយទេ វានាំតែបង្ហិនទ្រព្យសម្បត្តិនោះប៉ុណ្ណោះ ។

ក្នុងការបែងចែកទ្រព្យធននេះ ព្រះបរមគ្រូសម្ពុទ្ធ ទ្រង់សម្តែង បញ្ជាក់ថា ទ្រព្យសម្បតិ្តដែលរកបានមកគប្បីត្រូវចេះទុកដាក់រក្សាឲ្យល្អ ត្រូវចេះបែងចែកទ្រព្យធនជាបួនចំណែកគឺៈ

-សម្រាប់ផ្គត់ផ្គង់គ្រួសារឬចាយវាយផ្ទាល់ខ្លួនប្រចាំថ្ងៃមួយភាគ

-សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃមួយភាគ

-ចំណែកសម្រាប់ទំនុកបម្រុង ចិញ្ចឹមមាតាបិតា មួយភាគ

-សម្រាប់តម្កល់ទុកពេលជួបនឹងបញ្ហាណាមួយ មួយភាគ

បើករណីរកបានទ្រព្យធនមក មិនមានវិធីសាស្ត្រក្នុងការ ថែរក្សា ចាយវាយខ្ជះខ្ជាយ មានប៉ុណ្ណាចាយប៉ុណ្ណឹង មិនទំនុកបំរុងមាតាបិតា មិនទុកដាក់សោហ៊ុយសម្រាប់ពេលមានអាសន្ន ដូចជាជម្ងឺដម្កាត់ ឬត្រូវ ការទិញរបស់នេះនោះប្រើប្រាស់ ដល់ពេលត្រូវការតាំងខ្វះ ធនធាន ដើរខ្ចីបុលគេ ឬលក់ទ្រព្យសម្បត្តិខ្ទេចខ្ទីអស់ ដល់ទីបំផុត ទោះយើង ធ្លាប់មានទ្រព្យធនប៉ុណ្ណា ក៏នឹងអាចវិនាសទៅវិញយ៉ាងពិតប្រាកដ ។

អារក្ខសម្បទានេះ មិនមែនសម្រាប់ត្រឹមតែការថែរក្សាទ្រព្យ សម្បត្តិធម្មតាប៉ុណ្ណោះទេ សូម្បីតែកិច្ចការដែលខ្លួនធ្វើ បើមិនប្រយ័ត្នប្រយែង ធ្វើការលំៗឲ្យតែបានធ្វើការងារខ្ជះខ្ជាយ មិនគោរពការងារ ឬ ពេលវេលាសម្រាប់បំពេញតួនាទីរបស់ខ្លួន ទោះបីជាមានការងារល្អ ប៉ុណ្ណាក៏នឹងអាចបាត់បង់ទៅវិញបានដែរ ។ បើនិយាយពីផ្នែកសេដ្ឋកិច្ច ផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ជំនួញជាដើម កាលបើធ្វើ ការងារខ្ជះខ្ជាយ មិនត្រួតពិនិត្យដល់កន្លែងការងារ ចេះតែប្រចាំបណ្ដាក់ គ្នា ម្នាក់អាងលើម្នាក់ នៅតែផ្ទះ ឬបន្ទប់ការិយាល័យ រំពឹងតែលើ ក្រដាស លើបញ្ជីលើអ្នកដទៃ ដល់ផលដែលបានមក នឹងត្រូវខូច ខាតជាពុំខាន បើត្រូវចំណេញច្រើនក៏ត្រូវថយមកតិច ឬខាតបង់តែ ម្តង។ មានអ្នកជំនួញខ្លះពេលខាតខ្លាំងពេកទៅ ដល់ថ្នាក់ធ្វើអត្តឃាត ខ្លួនឯងទៀតក៏មានដែរ ។

៣.កល្យាណមិត្តតា (ភាវៈនៃខ្លួនជាអ្នកមានមិត្តល្អ)

ការសេពគប់មិត្ដក៏ជាកត្ដាសំខាន់សម្រាប់មនុស្សផងដែរ ។ គ្មាន មនុស្សណាម្នាក់កើតឡើង ហើយរស់នៅតែម្នាក់ឯងមិនពឹងអាស្រ័យ គ្នាទៅមកនោះឡើយ ហើយក៏គ្មាននណាម្នាក់រស់នៅមិនទទួលចម្លង ឥទ្ធិពលពីអ្នកដទៃនោះក៏ទេដែរ ។ ការសេពគពមិត្ដក៏គឺមធ្យោបាយ សំខាន់សម្រាប់ការអភិវឌ្ឍខ្លួនឲ្យរីកចម្រើន តាមរយៈ សុភាវធម៌ សីលធម៌ ទំនាក់ទំាងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ទីប្រឹក្សា។ល។ បើកាល ណាយើងរាប់អានប្រទះប៉ះលើតែមិត្តអាក្រក់ ប្រចុបប្រចែង ដឹកនាំយើងឲ្យទៅរកតែផ្លូវអន្ដរាយ សប្បាយរីករាយតែលើទង្វើអាក្រក់សព្វបែបយ៉ាង ទោះបីយើងខំប្រឹងប្រែងស្វែងរកទ្រព្យធនបរិបូណ៌ស្តុកស្តម្ភ យ៉ាងណាក៏ទ្រព្យធនទាំងនោះអាចនឹងវិនាសទៅវិញបាន។ បើធ្វើការផ្សេងៗ ការងារនោះៗនឹងមិនរីកចម្រើន អាចនឹងបាត់បង់ការងារ។ តែបើយើងចេះជ្រើសរើស សេពគប់ចំពោះមិត្ដណាសប្បុរស មិត្តល្អ ចេះជួយគ្នាទៅវិញទៅមក ជាអ្នកប្រាជ្ញ បណ្ឌិត មិត្ដនោះនឹងនាំយើង ឲ្យបានសម្រេចនូវកិច្ចការ សព្វបែបយ៉ាង ។

មនុស្សទាំងបួនប្រភេទគឺៈ

-មនុស្សល្អតែសម្បកកាយ ខាងផ្លូវចិត្តអាក្រក់

-មនុស្សអាក្រក់សម្បកកាយ តែខាងផ្លូវចិត្ដសប្បុរស

-មនុស្សអាក្រក់ទាំងកាយ អាក្រក់ទាំងខាងផ្លូវចិត្ដ

-មនុស្សល្អទាំងកាយ ល្អទាំងខាងផ្លូវចិត្ដ

មនុស្សប្រភេទទីមួយ និងទីបីមិនគួរនឹងឲ្យយើងសេពគប់ជា មួយនោះឡើយ ព្រោះមនុស្សពីរប្រភេទនេះតែងញុំាងប្រយោជន៌ ដែលសម្រេចបានឲ្យវិនាស ប្រយោជន៌រៀបបាននឹងសម្រេចឲ្យខក ខានទៅវិញ។ ក្នុងន័យនេះដែរមិនមែនមានន័យថា យើងមិនសពគប់ មនុស្សអាក្រក់ ឬបាបមិត្ដនោះទេ តែមានន័យថា យើងអាចត្រឹមតែ រាប់អាន មិនរើសអើងចំពោះមនុស្សជាតិដូចគ្នា គ្រាន់តែយើងមិនធ្វើ តាមការដឹកនាំ ឬឥទ្ធិពលពីអ្នកនោះប៉ុណ្ណោះ ។ ការស្វែងរកលាភពី មនុស្សអសប្បុរស គឺជារឿងមិនល្អ ប្រៀបដូចជាទឹកអម្រឹតលាយនឹង

ថ្នាំពុល អាចសម្លាប់យើងបានគ្រប់ពេលទាំងអស់ ។ មិត្តអាក្រក់តែង ដឹកនាំយើងឲ្យប្រព្រឹត្តតែអំពើអបាយមុខផ្សេងៗ មានល្បែងស្រី ល្បែង ស្រា ល្បែងភ្នាល់ ភ្លេចពីការថែរក្សាទ្រព្យសម្បត្តិ ភ្លេចពីសុខទុក្ខខ្លួន ភ្លេចគ្រួសារសាច់ញាតិ។ បើដឹកនាំឲ្យធ្វើជំនួញនោះ ច្រើនតែជាជំនួញ ខុសសីលធម៌ ក្បត់មនសិការ ក្បត់សង្គមជាតិ ដូចជាជួញដូរមនុស្ស ជួញដូរគ្រឿងសាស្ត្រាវុធ គ្រឿងញៀន គ្រឿងស្រវឹង ថ្នាំពុល លួច ប្លន់ កាប់សម្លាប់ កិបកេង អ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើ សព្វបែបយ៉ាងសុទ្ធតែខុសច្បាប់ទាំងអស់ ។

មនុស្សប្រភេទទី២និងទី៤ គឺជាប្រភេទមនុស្សសប្បុរសអាច ធ្វើជាកល្យាណមិត្តបានអាចជួយអោយការងារដែលមិនអាចសម្រេចអោយសម្រេចបានជួយការងារដែលសម្រេចហើយអោយរឹតរឹងតែរីកចំរើនជួយផ្តល់ជីវិតបង្កើតថ្មីនាំសិរីសួស្តីដល់ការអភិវឌ្ឍ ។ មនុស្សប្រភេទទី២ទោះបីតែសម្បកកាយមិនសូវសមប្រកប រប៉ិលរបូចចូល ចិត្តលេងសើចច្រើនឬ អសមត្ថភាពកាយសម្បទាណាមួយក៏ដោយតែនៅពេលដែលគិតក៏ក្រឡេកមើលទៅលើអ្វីដែលត្រឹមត្រូវ អ្វីដែល សុក្រឹតល្អ សមស្របតាមច្បាប់បញ្ញត្តិរបស់រដ្ឋ សមស្របទៅនឹងសីល ធម៌ដែលសង្គមមនុស្សទាំងមូលអាចទទួលយកបាន ។ ដូចជានៅក្នុង សម័យបច្ចុប្បន្នជាសម័យទំនើបពឹងផ្អែកលើសេវាកម្ម និងព័ត៌មាន វិទ្យា(សាកលភាវូបនីយកម្ម) មិត្តល្អតែងដឹកនាំយើងអោយចេះស្គាល់ យល់ដឹងអភិវឌ្ឍខ្លួន អោយមានសមត្ថភាពប្រកួតប្រជែងទីផ្សារ ការ ងារ ជំនួញផេ្សងៗបានសព្វបែបយ៉ាង ឯបើមិត្តអាក្រក់បែរជាដឹកនាំ អោយបងើ្កតសមត្ថភាពខាងផ្លូវអាក្រក់ សេពគ្រឿងញៀន ល្បែងស៊ី

សងជាដើម ។

ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាព្រះពុទ្ធអង្គបានបែងចែកមិត្ត ជាពីរយ៉ាងគឺមិត្តល្អ (កល្យាណមិត្ត) ១ មិត្តអាក្រក់ (បាបមិត្ត) ១ ។

បញ្ហាមិត្តតាំងពីរយ៉ាងនោះបាបមិត្តមាន៤ប្រភេទគឺ

          ក -មិត្តគិតតែពីខាងបាន

-មិត្តគិតយកសម្រាប់តែម្នាក់ឯងគិតតែពីខ្លួនឯង

-ព្រមខូចប្រយោជន៍បន្តិចបន្តួច និងចង់បានតែពីខាងច្រើន

-ពេលខ្លួនមានភ័យទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត

-សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍

          ខ-មិត្តបានតែខាងនិយាយ

-ពូកែតែរំលឹកយករឿងចាស់ៗមកនិយាយ

-ពូកែលើកយករឿងដែលពុំទាន់មកដល់មកប្រាស្រ័យ

-ជួយសង្រ្គោះដោយរបស់គ្មានបានការ

-ពេលមិត្តមានធុរមិនព្រមមកជួយ អាងលេសថាមានរវល់

          គ-មិត្តបានតែប្រចុប (បោកស៊ី)

          -ពេលមិត្តធ្វើអាក្រក់ក៏សាទរ

-ពេលមិត្តធ្វើល្អក៏សាទរ

-នៅពីមុខមិត្តពោលសរសើរ

-នៅពីក្រោយខ្នងនិយាយនិន្ទា

-មិត្តនាំទៅរកតែខាងវិនាស

          -ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកដែរ

ឧទ្ទុម្ពរទុំ              សម្បកក្រៅរុំ         ក្រហមរលោង

ខាងក្នុងពេញនូវ    ដង្កូវមមុង             ដូចមនុស្សទ្រនុង

ចិត្តជួឫស្យា          ។

-ពេលមិត្ដដើរលេងយប់ ក៏ដើរជាមួយ

បណ្ដាមិត្ដទាំងពីរយ៉ាងនោះ កល្យាមិត្ដមានបួនប្រភេទគឺ

-មិត្ដមានឧបការ

          -ពេលមិត្ដប្រមាន(ធ្វេសប្រហែសចំពោះអ្វីមួយ)ក៏ជួយរក្សា

-ពេលមិត្តកំពុងធ្វើអ្វីមួយ ក៏ជួយធ្វើជាមួយ

-ពេលមិត្ដមានភ័យក៏យកខ្លួនទៅទីពឹងរបស់មិត្ដ

-ពេលមិត្តមានការចាំបាច់ជួយចេញទ្រព្យសម្បត្តិឲ្យជាងមិត្ដដែលស្នើសុំឲ្យខ្លួនជួយទៅទៀត ។

-មិត្ដរួមសុខទុក្ខ

          -ប្រាប់រឿងសំងាត់ដល់មិត្ដ

-បិទបាំងរឿងសំងាត់របស់មិត្ដ

-មិនបោះបង់មិត្ដចោលនៅពេលមិត្ដមានភ័យន្ដរាយ

-សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ដ

-មិត្ដណែនាំប្រយោជន៍

             -ឃើញមិត្ដធ្វើរឿងនាំឲ្យវិនាសក៏ហាមប្រាម

-ណែនាំមិត្តឲ្យតាំងនៅក្នុងសេចក្ដីល្អ សប្បុរស សុចរិត

-ឲ្យមិត្តស្ដាប់ ដឹង នូវអ្វីដែលមិត្តមិនដែលបានស្ដាប់ ដឹង

-ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ណែនាំការងារ ទីផ្សារការងារ ផ្ដល់ ផ្ដល់ទីប្រឹក្សាល្អៗក្នុងការអភិវឌ្ឍជីវិតឲ្យបានជោគជ័យដល់មិត្ដ

-មិត្ដមានទឹកចិត្ដ

            -ពេលមិត្ដមានទុក្ខក៏កើតទុក្ខដែរ (ជួយរំលែកទុក្ខមិត្ដ)

-ពេលមិត្ដមានសុខក៏សប្បាយរីករាយ

-ពេលឮគេនិយាយអាក្រក់ពីមិត្ដ ក៏ជួយនិយាយការពារឲ្យមិត្ដ

-ពេលគេនិយាយសរសើពីមិត្ដក៏ជួយនិយាយសរសើរបន្ថែម

ឧទ្ទុម្ពរទុំ              សម្បកក្រៅរុំ         ច្រូងច្រាងបន្លា

ខាងក្នុងសឹងក្លែប   ក្រអែបពិសារ        ដូចមនុស្សាឫស្សា

ចិត្ដជាសប្បុរស      ។

 

បើក្នុងថ្នាក់ជាតិ ឧស្សហកម្ម ពាណិជ្ជកម្ម ឬជំនួញវិញ បើអ្នក ធ្វើជាមិនស្មោះត្រង់ ទុចរិត មានការគៃបន្លំ សហការីពុករលួយត្រូវដង ត្រូវផ្លែគ្នាជាមួយនឹងអ្នកខាងក្រៅនោះ ជាតិនឹងដល់នូវវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញ-ល- នោះនឹងខូចខាត ឬ ដួលរលំ។ ដូចនេះដើម្បីឲ្យជីវិតបច្ចុប្បន្នបានជោគជ័យ កើតជាមង្គល គប្បីចេះជ្រើសរើសមិត្តឲ្យបានល្អប្រសើរ ។

៤.សមជីវិតា ( ភាវៈនៃបុគ្គលចិញ្ចឹមជីវិតស្មើ )

ការចិញ្ចឹមជីវិតស្មើ ក្នុងទីនេះសំដៅទៅលើការចិញ្ចឹមជីវិត

ដោយស្គាល់ហេតុពីរយ៉ាងគឺៈ

ក.ស្គាល់ពីរបៀបចាយវាយ

ធម្មតាចំណូល និងចំណាយ គឺជាគូគ្នាទៅវិញទៅមក ។ ចំណូល សំដៅលើផលដែលកើតឡើងពីការប្រឹងប្រែងស្វែងរក ឯ ចំណាយសំដៅលើការប្រើប្រាស ។ ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គសម្ដែងថាៈ

បើរកប្រាក់ចំណូលបានមកតិច យើងត្រូវចេះចាយវាយទៅ តាមតិច ត្រូវចេះសន្សំសំចៃ មិនមែនបានតិច ហើយចាយវាយ ឬប្រើ ប្រាសហួសប្រមាណនោះឡើយ ។ ការចាយវាយច្រើនជាងចំណូល  មិនមែនត្រឹមតែការបំផ្លាញ គ្មានការអភិវឌ្ឍប៉ុណ្ណោះទេ វាថែមទាំង ធ្វើឲ្យយើងបាត់បង់ពេលវេលា បាត់បង់ឱកាសផ្សេងៗ និងកេរមរតក  សព្វបែបយ៉ាង ។

ផ្ទុយមកវិញ បើយើងមានចំណូលច្រើន តែចំណាយតិចពេក មិនសមនឹងតម្រូវការ ឬកំណាញ់ វានឹងអាចធ្វើឲ្យយើង ទទួលរងនូវ ផលលំបាកបានដែរ ។ ការកំណាញ់ពេក វានឹងធ្វើឲ្យបាត់បង់នូវ ញាតិ ទទួលរងនូវការប្រមាទពីមនុស្សជុំវិញ គ្មានជនដទៃហ៊ានចូល ជិត ។ បើកាលណាបាត់បង់ញាតិហើយ ចង់ធ្វើជំនួញជាមួយនឹង នរណាក៏មិនបាន ចង់ពឹងពំនាក់អាស្រ័យនឹងអ្នកផង គេមិនព្រម តែដល់យូរៗទៅនឹងក្លាយជាមនុស្សឯកា។ បើនិយាយពីក្រុមហ៊ុនវិញ បើ ចំណូលចំណេញបានច្រើន តែប្រាក់បៀរវត្សរ៍ផ្ដល់ដល់បុគ្គលិករបស់ ខ្លួនមិនសមនឹងតម្លៃការងារ នោះបុគ្គលិកការងារនឹងធ្វើការលំៗឲ្យតែ

បាន ការងារនឹងមិនដើរទៅមុខ ទីបំផុតក្រុមហ៊ុននោះៗនឹងដួលរលំជា ពុំខាន ។ ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនាមាននិយាយថា បើ ប្រាក់ឈ្នួលផ្ដល់ដល់បុគ្គលិកល្មមសមរម្យគ្រប់គ្រាន់ នោះការងារនឹង ដើរឈានទៅមុខឥតឈប់ឈរ តែបើមិនល្មមគ្រប់គ្រាន់ទេ នោះការ ងារនឹងរអាក់រអួល គ្មានបុគ្គលិកធ្វើការបន្តជាមួយគ្នាទៀតឡើយ ។

ខ.ស្គាល់ពីសមត្ថភាពក្នុងការរក

សមត្ថភាពត្រូវបានទទួលស្គាល់ និងឲ្យតម្លៃយ៉ាងខ្លាំងពេញ ពិភពលោក។ ធម្មតាបើគ្មានសមត្ថភាពក្នុងការរកទេ ការស្វែងរក នោះក៏មិនដល់នូវការរីកចម្រើនបានដែរ។

សមត្ថភាពក្នុងទីនេះចែកចេញជាពីរគឺៈ

-សមត្ថភាពដឹងច្បាស់ពីការវិនាសទៅនៃភោគៈទាំងឡាយ

-សមត្ថភាពដឹងច្បាស់ពការរីកចម្រើននៃភោគៈទាំងឡាយ

ការដឹងច្បាស់ពីការតវិនាស(អវិជ្ជមាន) នឹងអាចឲ្យយើងរៀប ចំ ត្រៀមទុកជាមុន បង្កាយ៉ាងណាមិនឲ្យភោគៈនោះ វិនាសទៅវិញ ដោយងាយ ឬកុំឲ្យបាត់បង់តែម្តង ដូចជារបស់ដែលបាត់បង់ហើយ គប្បីស្វែងរកឲ្យឃើញមកវិញ របស់ចាស់ហើយឲ្យចេះជួសជុលប្រើ ឬស្វែងរកកមបន្ថែមជាដើម…។

ការដឹងច្បាស់ពីការរីកចម្រើន អាចឲ្យយើងចេះរកវិធីសាស្ត្រ ថែរក្សា វិធីសាស្ត្រចាប់ក្រសាវកាវក្រសោបស្រូបយកឱកាសបាន ។

សមត្ថភាពដែយល់ដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងនេះ

ហើយ ជាហេតុធ្វើឲ្យភាពជោគជ័យកើតឡើងក្នុងទីចំពោះមុខបាន ។

      បញ្ហាទាំងឡាយ          កិច្ចកលដោះស្រាយ           ត្បិតតែគំនិត

ដឹងកិច្ចដឹងកល           ដឹងឆ្ងាយដឹងជិត                ដូចកលកាំបិត

កាប់ឆ្ការទំលាយ    ។

តាមការលើកឡើងមកនេះ យើងឃើញថា ទិដ្ឋធម្មិកត្ថធម៌ ទាំង៤យ៉ាងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច ស្របទៅតាមច្បាប់ និងសីលធម៌។

បុគ្គលអ្នកអនុវត្តតាម មិនអាចជ្រើសយកមួយចំណុច ហើយ ចោលចំណុចផ្សេងទៀតនោះទេ ព្រោះធម៌ទាំងបួនយ៉ាងនេះ មាន ទំនាក់ទំនងទៅវិញទៅមក មិនអាចផ្ដាច់ចេញពីគ្នាបានឡើយ ។ បើ មនុស្សម្នាក់ៗអនុវត្តដំណើរជីវិត ប្រកាន់ភ្ជាប់នឹងធម៌ទាំងបួននេះ នឹង ទទួលបាននូវប្រយោជន៍ក្នុងបច្ចុប្បន្ននេះ អាចធ្វើជាម្ចាស់វាសនានៃ ខ្លួន បានជោគជ័យយ៉ាងពិតប្រាកដ ៕

ជំនិត វិជិតភក្ដី

សំណោកអំនួត

 

គិតទៅការរស់នៅរបស់មនុស្សគឺសុទ្ធតែជាអំនួត…ហាស៎… មែនបើយើងគ្មានអំនួតទេ តើ​ម្តេចនឹងអាចរស់កើតទៅ…រៀនសូត្រ បើគ្មានអំនួត ក៏មិនអាចរីក​ចម្រើន​បាន​ដែរ…​ពាក្យ​សម្តី​ក៏ដូចគ្នា… និយាយរួម គ្រប់សកម្មភាពទាំងអស់ គឺជាអំនួត…ពីមុនខ្ញុំមិនចូលចិត្តពាក្យ អំនួតនេះ​ទេ…ស្អប់មនុស្សអួតខ្លាំងណាស់…បើមានមនុស្សអួតក្បែរខ្ញុំ…ខ្ញុំអាចមិនយកចិត្តទុក ដាក់ជាមួយគេ ឬបើទ្រាំមិនបានទេ ខ្ញុំនឹងព្យាយាមធ្វើអ្វីមួយ ឲ្យភាពអួតក្អេងក្អាងរបស់គេនោះ ក្លាយទៅជាភាពចម្កួត…។ តែដល់គិតយូរៗទៅ គេនិងខ្ញុំដូចតែគ្នាសោះ…គេអួត ព្រោះចង់ឲ្យ អ្នក​ដទៃចាប់​អារម្មណ៍ និងសរសើររូបគេ…ឯខ្ញុំប្រឹងកាច់បំបាក់គេ ក៏ព្រោះតែចង់អួត​ប្រាប់​គេថា ខ្ញុំក៏ចេះដឹង មិនចាញ់គេប៉ុន្មានដែរ… … …

កំលោះៗ វ័យប្រហាក់ប្រហែលនឹងខ្ញុំ ខ្លះគេរៀបការមានប្រពន្ធកូនទៅហើយ ខ្លះមាន​សង្សារ​បណ្តើរគ្នាដូចប្តីប្រពន្ធ ព្រោះតែចង់អួតប្រាប់ពីសមត្ថភាពស្នេហារបស់ពួកគេ…ខ្ញុំឯ​ណេះ​​​វិញ ក៏មានសង្សារគ្រាន់បណ្ដើរបង្អួតអ្នកទាំងនោះផងដែរ…។

ខ្ញុំឈឺក្បាលខ្លាំងណាស់ នៅពេលដែលនឹកដល់រឿងរ៉ាវស្នេហាម្តងៗ…ពេលខ្លះ វាធ្វើឲ្យ យើងសប្បាយមែន តែពេលខ្លះ វាក៏បានបង្វក់នូវខួរក្បាលរបស់យើង មិនឲ្យធ្វើអ្វីមួយកើត… យើងត្រូវចំណាយនូវពេលវេលាយ៉ាងច្រើន ព្រោះតែវា…ពេលខ្លះដោយសារតែការផ្គាប់ផ្គន់ រាជិនីស្នេហ៍ ខ្ញុំត្រូវធ្វើការណាដែលឥតប្រយោជន៍ ក្បត់នឹងមនសិការ ក្បត់នឹងឪពុកម្ដាយ ក្បត់ នឹងមនុស្សដែលរស់នៅជុំវិញខ្លួនខ្ញុំ…។ ពេលខ្លះខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងវាខ្លាំងណាស់… ឲ្យតែដល់ថ្ងៃណាដែលគេយល់ថាថ្ងៃពិសេសបន្តិចបន្តួច វាតាំងធ្វើឲ្យយើងនឹកទៅដល់រឿងរ៉ាវ អនុស្សាវរីយ៍…ផ្ដល់កាដូនេះ ផ្ដល់កាដូនោះ ឲ្យគ្នាទៅវិញទៅមកឥតឈប់… ភ្លើតភ្លើននឹងភ្លើង កាមា ប្រវេប្រវារកតែជ្រោះសុខក្នុងអន្លង់ភក់ជ្រាំ…ដូចជាយប់នេះ ខ្ញុំត្រូវក្បត់មនសិការខ្ញុំយ៉ាង ពេញទំហឹង…ដោយសារតែវាជាថ្ងៃពិសេសសម្រាប់មនុស្ស…ហាស…ហា…ខ្ញុំត្រូវកំដរទេពអប្សរ ដួងចិត្តរបស់ខ្ញុំ ដើរលេងកំសាន្តពេញរាជធានីភ្នំពេញ…។ មែនពួកយើងពិតជាសប្បាយណាស់ ម្ដងទៅមើលគេប្រគុំតន្ត្រីនៅឯវត្តភ្នំ ម្តងធ្វើដំណើរទៅកម្សាន្តនៅមាត់ទន្លេមុខវាំង…រងចាំទទួល ថ្ងៃឆ្លងឆ្នាំមកដល់…រងចាំមើលផ្កាភ្លើង ដែលផ្ទុះលើដី តែបញ្ចេញរស្មីនៅលើផ្ទៃអាកាស…រងចាំ ថ្ងៃដែលអាយុរបស់ខ្ញុំខិតទៅរកសេចក្ដីស្លាប់បានមួយឆ្នាំទៀត…

-នែ៎…ឯងកុំខ្វល់ខ្លាំងពេកមើល អាស្អីគេនេះ…បើឯងគិតតែអ៊ីចឹង តើធ្វើម្តេចបានសប្បាយ នឹងគេទៅ…?

-ឯងមិនដឹងថា ទង្វើដែលឯងធ្វើនេះ គ្មានបានការអ្វីទេឬ…? ឯងចង់សប្បាយ…យើងក៏ចង់សប្បាយ តែការសប្បាយភ្លើតភ្លើនបែបនេះ ឯងសប្បាយទៅរួចដែរ មែនទេ…?

-ឯងនេះគិតច្រើនណាស់វ៉ី…បើគេនាំគ្នាធ្វើយ៉ាងនេះទៅហើយ ឯងមិនធ្វើតាមគេ មានតែឯងនឹងឆ្កួត…

-មែនគ្នាឆ្កួតមែន…គ្នាមិនមែនមិនចង់សប្បាយនោះទេ…តែគ្រាន់តែ…

-ចុះឯងមានតែ កាហ្វេស្អីទៀត…

-កុំឲ្យសប្បាយភ្លេចខ្លួន…

-យីអានេះ ចេះរអ៊ូ មើលតែមនុស្សចាស់ទៅហើយ…

-ហាស់…

មនសិការខ្ញុំ បានឈ្លោះប្រកែកគ្នាឥតព្រមឈប់… គិតមកដល់ត្រឹមនេះ ខ្ញុំក៏ត្រូវភ្ញាក់ខ្លួន ឡើងវិញ ដោយសារតែឮពាក្យអសុរសចេញពីក្រអូមមាត់គូស្នេហ៍ក្បែរខ្ញុំ…

-ទៅឲ្យឆ្ងាយទៅ អញធុញណាស់ គ្មានលុយឯណាឲ្យឯងទេ…កុំមករអ៊ូក្បែរអញទៀត…ទៅ ប្រយ័ត្នអញ​សំពង​បែក​ក្បាលឥឡូវហ្នឹង…

ខ្ញុំឃើញក្មេងស្រីម្នាក់ អាយុប្រហែល៩-១០ឆ្នាំ លើកដៃប្រណម្យ មុខគួរឲ្យអាណិត ឈរ សម្រក់ទឹកភ្នែក លើរាងកាយដ៏សុទ្ធតែឆ្អឹងដណ្ដប់ដោយស្បែកដ៏ស្ដើង ក្នុងសម្លៀកបំពាក់ដាច់ រហែក ក្រាស់ឃ្មឹកដោយធូលីញើសក្អែល…។ ខ្ញុំកោតសរសើរបុរសម្នាក់នោះណាស់ គេដាច់ចិត្ត ហ៊ានប្រមាថមើលងាយក្មេងសុំទាននោះ…ពិតជាគួរឲ្យសរសើរនូវសន្ដានគម្រក់របស់គេមែន… គ្នាគ្រាន់តែសុំដើម្បីរស់ប៉ុណ្ណោះ ម្ដេចក៏ចាំបាច់និយាយពាក្យជម្លើយ គ្មានសីលធម៌បែបនេះ…​ខ្លួនចេះគិតថា គេគ្មានសីលធម៌ ចុះទង្វើរបស់ខ្លួនឯងនោះ មានសីលធម៌ខ្លាំងណាស់មែនឬ… កំលោះម្នាក់​នោះ ចង់បង្អួតប្រាប់ស្រីស្នេហ៍របស់ខ្លួន ដោយរូបភាពធ្វើគ្រាន់បើ… ឯខ្ញុំក៏ចង់អួត ប្រាប់គូស្នេហ៍របស់ខ្ញុំផងដែរ…។ ខ្ញុំដកលុយចេញពីហោប៉ៅខោបាន១០០០រៀលហុចទៅឲ្យ ក្មេងនោះ…ឯសង្សាររបស់ខ្ញុំឃើញខ្ញុំធ្វើយ៉ាងនេះ នាងក៏ឲ្យនំពងអន្សងមួយថង់ដែលខ្ញុំចូលចិត្ត ហើយទើបតែទិញមកនៅក្តៅៗនៅឡើយ ជាមួយនឹងCocaCola មួយកំប៉ុងឲ្យទៅក្មេងស្រីនោះ ដែរ…។ ខ្ញុំពិតជាមានអារម្មណ៍រំភើបចំពោះអ្វីដែលស្រីស្រស់របស់ខ្ញុំបានធ្វើ…ហើយក៏កោតសរ សើរចំពោះការទទួលយកដោយពាក្យអរគុណដ៏មានសុជីវធម៌របស់ក្មេងស្រីសុំទាន…។

……………………………………………………………………..

          សំឡេងកាំជ្រួចលាន់រំពងដូចសំឡេងបេផ្លោងដាក់គ្នា រង្គើលញ័រអស់ខ្លួនប្រាណទាំង​មូល ហាក់ដូចជាផែនដីកំពុងតែរញ្ជួយ ជាវេលាប្រាប់ថា ឆ្នាំថ្មីមកដល់ហើយ…​ដាស់ប្រាប់​សម្បជញ្ញៈខ្ញុំថា យើងគួរតែធ្វើអ្វីដែលថ្មីៗ ឬអ្វីដែលមិនទាន់សម្រេចឲ្យសម្រេចឡើង… ខ្ញុំគ្មាន​ចិត្តរីករាយ​ ត្រេក​ត្រអាលនឹងការបាញ់កាំជ្រួច រួមជាមួយមនុស្សជុំវិញខ្លួនរបស់ខ្ញុំនោះ​ឡើយ​…ក្បាលរបស់ខ្ញុំមិនខ្ចីងើយមើលផ្កាភ្លើងស្អីគេនោះទេ… ផ្ទុយទៅវិញ ខ្ញុំបានបញ្ជានូវកែវភ្នែក​ទាំងគូសម្លឹង​ត្រង់ តម្រង់កាន់ហ្វូងមនុស្សដែលនៅជុំវិញខ្លួន…។

ដោយសារតែភ្លើងកាំជ្រួច ខ្ញុំអាចក្រឡេកឃើញនូវល្បិចនិងឱកាសដ៏គម្រក់របស់យុវវ័យ យ៉ាងសន្ធឹកសន្ធាប់…។ ខ្ញុំឃើញគូស្នេហ៍មួយចំនួន កំពុងតែប្ដូរកាដូគ្នាទៅវិញទៅមក យ៉ាងរីក រាយ…ឃើញកាមាកំពុងតែបបោសអង្អែលយុវវ័យភាពឲ្យលង់លក់ក្នុងមោហោឃៈ… ឃើញកូន​ក្មេងតូចៗយួរកំប៉ុងប៊ីយែរដើរលក់… ឃើញមនុស្សក្បាលកញ្ចាស់ធំក្លិនខ្លួនផ្អួរ ឆួលដោយក្លិន ស្រាដើរទ្រេតត្រតសុំទានឥតអៀនខ្មាស…ខ្ញុំឃើញ…ឃើញ…ប្រពៃណីវប្បធម៌ខ្មែរយើងកំពុងតែ ដាំក្បាលទីង ទម្លាក់ខ្លួនចុះទៅកាន់បាតទន្លេចតុម្មុខ…

-ហាស៎…បើវាយ៉ាងនេះមែន តើឯងជួយអ្វីកើតទៅ…ឯងមិនមែនជាអាទិទេពឯណា… បើ គេធ្វើយ៉ាងណា ឯងធ្វើយ៉ាងនោះដែរទៅ…កុំទៅរវល់ខ្លាំងពេក…

បង្គាប់នៃគំនិតនេះ ជំរុញឲ្យខ្ញុំធ្វើបែបនេះមែន…

-បងជូនអូនក្នុងថ្ងៃពិសេស…ជាកាដូអនុស្សាវរីយ៍ មុនពិភពលោកមិនទាន់ប្រែប្រួល…

សោភ័ណនារីទទួលយកកាដូពិសេសពីដៃខ្ញុំក្នុងរង្វង់ភក្ត្រាញញឹមស្រស់…នាងមិននឹក ស្មានថាកាដូដែលខ្ញុំជូននាង គឺត្រឹមតែដង្កៀបសក់ត្រឡោកដូងដែលឆ្លាក់ឈ្មោះពីលើថា គន្ធា… ជាវត្ថុធាតុចេញពីស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ…វាមានតម្លៃថោកមែន តែវាជាសន្តានចិត្តដ៏ ស្មោះស្ម័គ្ររបស់ខ្ញុំ…។ កាដូរបស់ខ្ញុំនេះ មិន​ត្រូវការផ្លាស់ប្តូរជាមួយកាដូអ្វីពីនាងទាំងអស់…តែអ្វី​ដែលខ្ញុំចង់បាន គឺភាពស្មោះត្រង់រវាងខ្ញុំនឹងនាង…។

-គន្ធា ក៏មានរបស់ជូនបងវិញដែរ…

-ឯណាម្ដេចក៏មិនឃើញ…?(ខ្ញុំនិយាយអមដោយស្នាមញញឹមជាប់ផ្ទៃមុខដាក់ស្រស់ស្រី ​)

-អូនទុកនៅក្រោយខ្នងបងឯណោះ…

ខ្ញុំប្រញាប់ក្រឡេកមើល​ទៅក្រោយខ្នង យកដៃស្ទាបចុះស្ទាបឡើង តែអ្វីៗគឺទទេ…ខ្ញុំធ្លាប់ តែបោកគន្ធា តែពេលនេះ…គួរឲ្យខ្មាសគេណាស់…ហាស…។ ខ្ញុំងាកទៅរកកំពូលដួងចិត្តខ្ញុំវិញ

ជាមួយនឹងសំណើច… តែក៏ត្រូវគាំងខ្លួនរឹងស្ដូក ដោយសារតែឃើញពួកក្មេងប្រុសៗមួយហ្វូង​មិន​​​ទាន់ជ្រុះពន្លៃចេញពីក្បាល អាយុប្រហែល១២-១៣ឆ្នាំ អង្គុយគោះកំប៉ុងប៊ីយែរ លើកអក ផឹកស៊ីឆ្លងបំណាច់ឆ្នាំ…។ យីអើ មិនដឹងថានេះជាសម័យស្អីនោះទេ ផ្ការីកមុនរដូវ…ស្លឹកខ្ចីជ្រុះ មុនស្លឹកចាស់…ចៅពរយាយដឹកដៃតាទម្លាក់ជ្រោះហើយទេតើនេះ…ថ្ងៃឆ្លងឆ្នាំគឺជាថ្ងៃយ៉ាងហ្នឹង ឯងមែនទេ…?

-បង…នេះជារបស់បង…

-ស្អាតណាស់…តែវាថ្លៃណាស់អូន…

-ប្រាក់មិនសំខាន់ទេ…អ្វីដែលសំខាន់ គឺតម្លៃស្នេហ៍របស់យើង…

-ហេតុអ្វីបានជាអូនទុកចិត្តបងខ្លាំងម្លេះ…? អូនមិនខ្លាចបងធ្វើបាបចិត្តអូនទេឬអី…?

នាងមើលមុខខ្ញុំយ៉ាងយូរ ដោយគ្មានវាចាតបមួយម៉ាត់…ខ្ញុំមិនដឹងថា​តើនាងគិតយ៉ាង​ណាចំពោះសម្ដីខ្ញុំនោះទេ…នាងញញឹម លាយសំណើចតិចៗ គ្រវីក្បាល…

-ហេតុអ្វីបានជាអូនសើច…?(ខ្ញុំសួរនាង)

-បងមិនដូចគេផ្សេងទេ អូនស្រឡាញ់បង មកពីបងយ៉ាងនេះឯង…

-គន្ធា មិនគួរទុកចិត្តលើកាយវិការខាងក្រៅនោះទេ…

-តែចំពោះបង គឺអូនទុកចិត្ត…បើបងចង់ធ្វើបាបខ្ញុំ គឺធ្វើបាបយូរហើយ… មិនមែនទុកឱកាសឲ្យដើរកន្លង ក្បាលហួសទៅទទេៗអ៊ីចឹងឡើយ…

-អូនចង់ឲ្យបង ធ្វើដូចគូស្នេហ៍របស់គេនោះមែនទេ…? ហាស…(ខ្ញុំនិយាយមែន តែធ្វើដូចលែង ដើម្បីផ្លាស់ប្ដូរបរិយាកាស )

-យ៉ាប់មែន…

-យ៉ាប់ត្រង់ណាអូន…

-យ៉ាប់…យ៉ាប់…ត្រង់នេះនែក៎…(នាងនិយាយព្រមទាំងយកដៃមួរស្លឹកត្រចៀករបស់ខ្ញុំ​ )

នាងដឹងថា ខ្ញុំចូលចិត្តសរសេរអក្សរ គូសវាសតែផ្ដេសផ្ដាស ដូច្នេះហើយបានជានាង​ទិញប៊ិចឲ្យខ្ញុំមួយដើម…នេះជាលើកទីមួយហើយដែលខ្ញុំ បានដោះដូរកាដូជាមួយមនុស្សស្រី… តាមពិតកាដូពួកយើងមិនមានតម្លៃអ្វីច្រើននោះទេ…។ ដង្កៀបសក់របស់ខ្ញុំជូននាង តម្លៃត្រឹមតែ ៣០០០រៀលប៉ុណ្ណោះ តែវាជាវត្ថុតំណាងឲ្យរូបខ្ញុំ… បើនាងដាក់វានៅកន្លែងណា គឺខ្ញុំនៅទីនោះ​ហើយ…។

ម៉ោង០១ រំលងអធ្រាត ត្រូវនឹងថ្ងៃទី០១ ខែ០១… ម៉ោង ពេលវេលា សុទ្ធតែពិសេសទាំង

អស់…ខ្ញុំបាននាំគន្ធាទៅគេងនៅឯផ្ទះសំណាក់ ព្រោះយប់ជ្រៅទៅហើយ មិនចង់រំខានដល់អ្នក ផ្ទះរៀងខ្លួន…។ ខ្ញុំឃើញនៅឯផ្ទះសំណាក់ដ៏ច្រើន សុទ្ធតែគូស្នេហ៍វ័យក្មេង ប៉ាវដាច់ សម្ពោធគ្នា ទៅវិញទៅមកដើម្បីឆ្លងឆ្នាំថ្មី…។

ខ្ញុំក៏ជាយុវវ័យសម័យថ្មីនេះដែរ តែខ្ញុំហាក់តាមមិនទាន់សង្គមទំនើបនេះទាល់តែសោះ… ថ្ងៃ១៤កុម្ភៈ ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំ អុំទូក ណូអែល ឆ្លងឆ្នាំ សុទ្ធតែជាថ្ងៃបើកឱកាស​សម្រាប់​ភាពភ្លើតភ្លើននៃយុវវ័យ…ភ្លេចអស់ប្រពៃណីរបស់ជាតិខ្លួន…។ រឿងសប្បាយ តើនរណា​មិនចង់ នោះ…គ្មានអ្នកណាកើតមកជាដំថ្មនោះទេ…តែគ្រាន់តែតម្រូវការសប្បាយផ្សេងគ្នាប៉ុណ្ណោះ…។

យប់នោះគន្ធា និងខ្ញុំឥតបានគេងពេញមួយយប់…ព្រោះ…ព្រោះ…ព្រោះ…

ភ្លឺឡើង ភាពសប្បាយរីករាយត្រូវបានបញ្ច​ប់ ដោយសារតែភាពនឿយហត់ អស់កម្លាំង ឈឺក្បាល ស្លក់មុខ… តែវាក៏ជាអនុស្សាវរីយ៍ទឹកឃ្មុំមិនអាចភ្លេចបាន…មួយយប់…មួយយប់នោះ​គឺ ខ្ញុំនិងនាងអង្គុយហាលទឹកសន្សើមអែបច្រាំងទន្លេរហូត…ព្រោះតែផ្ទះសំណាក់ជាច្រើនបាន ស្អប់ខ្ពើមពួកយើង…៕

 

ថ្ងៃទី០១ ខែ០១ ឆ្នាំ២០១០

ម៉ោង០១រំលងអធ្រាត

ចំណងដៃថ្ងៃឆ្លងឆ្នាំ

អន់មារយាទ

តម្លៃជីវិតរត់ចោលបាត់

ពពករសាត់ចាកស្ងាត់ឈឹង

ដីធំទូលាយវែងសន្ធឹង

ប្រែស្ងៀមឈប់ទ្រឹងរួញចង្អៀត។

 

]]ជីវិតកើតមកដូចគ្នាសោះ

ម៉្តេចខ្លះក្រៀមក្រោះបង់ចោលម្សៀត

សុខចិត្តថោកប្រាណអន់មារយាទ

អ័ព្ទអស់ទាំងញាតិអាស្រ័យខ្លួន។

 

ដៃពីរជើងពីរមានកម្លាំង

មិនព្រមតតាំងឲ្យហំហួន

ធ្វើនេះនោះទៅក្រែងសមសួន

ម៉្តេចក៏ក្រអួនតែត្អូញត្អែរ     ។

 

ផ្ទះមានដីមានគំនិតគ្មាន

ស៊ូដើរសុំទានឥតថ្ងៃខែ

ការងារក្នុងផ្ទះមិនខ្ចីក្បែរ

យល់ការងារស្រែកម្លាំងធំ   ។

 

ដើរសុំទានវិញងាយស្រួលជាង

ថាត្រូវមិនទៀងបានសមរម្យ

បងអើយមីងអើយពូអើយអ៊ុំ

ទុក្ខខ្ញុំប៉ុនភ្នំជួយខ្ញុំផង…….    ៕

ពូជខ្ញុំ

បទពាក្យ៨(រមាំងដើរព្រៃ)

ពូជអើយខ្ញុំខំកើតឆើតឆោមឆាយ

មានអើយកាយក្លាយខ្លៅខ្មៅស្រមោច

រស់អើយរួបជួបជុំពុំដែលហោច

កម្មអើយបោចខ្លោចប្រាណបានអប្រិយ។

 

ពូជអើយខ្ញុំចំជាពៀរមានជាប់​

រស់អើយធ្លាប់ជាប់ចិត្តឥតប្រណី

ពូជអើយឯងក្លែងក្បត់អត់ភក្តី

ឲ្យអើយដីត្រីវេរគេរក្សា ​​​។

 

ពូជអើយខ្ញុំសមណាស់ច្បាស់អំនួត

ប៉ិនអើយអួតពួតជែងលែងស្គាល់ការណ៍

ខ្លួនអើយអន់កុនធ្លាក់ជាក់ទុក្ខា

នៅអើយថាក្បាលសព្វកប់នភា។

 

ពូជអើយខ្ញុំពុំភ្ញាក់ជាក់ដឹងខ្លួន

រស់អើយពួនក្បួនពត់លត់លូនវា

រស់អើយខ្លបអបអែបបែបអ្នកងារ

រស់អើយជាលាឈ្មោះរស់ដូចខ្មោច ។

 

ពូជអើយខ្ញុំផ្តុំកាត់បាត់រូបឆោម

នៅអើយចោមក្រោមជើងភ្លើងស្រមោច

យើងអើយម្ចាស់ច្បាស់ពិតឥតប្រយោជន៍

គេអើយបោចដោចដាច់ស្រេចតាមចិត្ត។

 

ពូជអើយខ្ញុំខំធ្វើល្ងើយ៉ាងហ្នឹង

គង់អើយដឹងប្រឹងប្រាយស្តាយអតីត

មិនអើយគួរជួរបែកខ្ញែកស្នេហ៍ស្និទ្ឋ

រស់អើយផិតគិតកែប្រែរលាយ                ។

ថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០០៩

បេះដូងគ្មានឈាម

វិថីជីវិតថ្ងៃនេះ ហាក់ដើរដល់ទីបញ្ចប់ទៅហើយ…

បេះដូងខ្ញុំហាក់ដូចជាគ្មានឈាមមួយដំណក់ទាល់តែសោះ…

ដើរ ដេក អង្គុយ និយាយ សើច គ្រប់ឥរិយាបទទាំងអស់

គឺសុទ្ធតែជាវត្ថុបោកបញ្ឆោតចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ…

ខ្ញុំហាក់ធុញទ្រាន់នឹងជីវិតដ៏គម្រក់មួយនេះខ្លាំងណាស់…

ខ្ញុំគ្មានចិត្តតស៊ូនឹងវាស្អីបន្តិចសោះឡើយ…

ជម្រើសរបស់ខ្ញុំគឺ…គឺមានតែ…សម្រក់ឈាមឲ្យអស់ពីបេះដូង…

សមនឹងខ្ញុំ

កាលនៅពីក្មេង ខ្ញុំនេះរប៉ិលរបូចខ្លាំងណាស់ ចូលចិត្តលេងសើចសប្បាយច្រើន…​រំពាត់​តែងហើរមកសណ្ឋិតជាប់នឹងខ្នងរបស់ខ្ញុំ ធ្វើឲ្យបែកឈាមស្ទើររាល់ថ្ងៃ រហូតមាន​ស្នាម​​ផ្លែយ៉ាងវែងបន្សល់ទុកជាអនុស្សាវរីយ៍ពីស្នាដៃម៉ែមកទល់សព្វថ្ងៃ។ ខ្ញុំតែងតែលួច​គិតក្នុងខួរបង្កងរបស់ខ្ញុំថា តើខ្ញុំនេះ​ជាកូនរបស់គាត់ឬមិនមែនទេ? បើខ្ញុំជាកូនគាត់ តើ​ហេតុ​អ្វីបានជាគាត់ចូលចិត្តវាយខ្ញុំខ្លាំងម្ល៉េះ…។ ពេលខ្លះម៉ែវាយទាំងខ្ញុំមិនទាន់​បានដឹងថា​ខ្លួនខុសអ្វីឡើយ… មកដល់អាយុធំប៉ុណ្ណេះ ទើបខ្ញុំដឹងថា គាត់វាយក៏ព្រោះតែចង់ឲ្យខ្ញុំល្អ​ប៉ុណ្ណោះ​…​ទម្រាំតែខ្ញុំដឹងខ្លួនវាជ្រុលពេលបាត់  ព្រោះឆ្នាំនេះខ្ញុំមាន​អាយុ២៦ឆ្នាំ ពេញ​កំលោះ​​​យ៉ាងក្រអួន លែងចង់ខាងរៀនខាងសូត្រស្អីទៀតទៅហើយ… ពេលនេះខ្ញុំចង់​តែម្យ៉ាងគឺ…​ចង់…ចង់បានប្រពន្ធ…តែមានស្រីឯណាគេព្រមស្រឡាញ់ខ្ញុំទៅ បើខ្ញុំគ្មាន​ចេះស្អីបន្តិច​ផង​នោះ ហើយម្យ៉ាងទៀតត្រឹមតែមានជីវិតជាកម្មករសំណង់ដ៏​មហាវេទនា​យ៉ាងនេះ។

សម័យនេះ អ្វីៗទំនើបណាស់ ពិភពលោកក៏កំពុងតែស្រែកដង្ហោយហៅ​អ្នកមាន​ចំណេះដឹង និងអ្នកមានជំនាញដ៏ពិតប្រាកដ…ទីផ្សារការងារកំពុងតែប្រជែងគ្នាឥតឈប់ មានតែអ្នកមានចំណេះ​ដឹង នឹងអ្នកមានជំនាញពិតទេ ដែលអាចបម្រើប្រទេសជាតិ​ឲ្យរីក​ចម្រើនបាន… ចុះចំណែកខ្ញុំ…​ ខ្ញុំចេះស្អីទៅ… នេះកុំតែស្គាល់មេជាង ហើយធ្លាប់ធ្វើជា​កូន​ជាង​​សំណង់ជាមួយគាត់ញឹកញាប់ទេ កុំអីសូម្បីតែខ្យល់ក៏ប្រហែលជាមិនទទួលឲ្យ​ខ្ញុំទាត់​ផងក៏មិនដឹង…ធ្វើជាកម្មករសំណង់មួយថ្ងៃបាន៨ពាន់រៀលដែរ និយាយរួមទៅមួយ​ខែ​បាន​ប្រហែល២០ម៉ឺនរៀល តែដល់ផាត់ទៅលើថ្លៃហូបចុក និងចំណាយកំប៉ិចកំប៉ុកបន្តិចទៀត​នៅសល់បានត្រឹម៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ផ្ញើទៅផ្ទះឲ្យម៉ែ…​ តែខែខ្លះក៏សុំទោស​ម៉ែទៅចុះ គ្មានសល់មួយកាក់មួយសេនទេ ព្រោះចុងខែខ្លះ ក៏ត្រូវការជប់លៀងឲ្យស្រាស ស្រាថ្នាំ ទឹកត្នោតជូរអស់ទៅ…។

នៅកន្លែងធ្វើសំណង់សព្វថ្ងៃ គេតែងហៅខ្ញុំថាអាថ្នាំ ព្រោះ… ខ្ញុំចូល​ចិត្តផឹកស្រាថ្នាំ ត្រាំបណ្ដូរពេជ្រ ជាមួយក្បាលពស់វែក… វារលាយឈាមល្អណាស់… សរសៃត្រសូង​ដើរ​ស្រួលមិនសូវជាឈឺចង្កេះនោះទេ… បើខ្ញុំប៉ាវគេផឹកស៊ី គឺមានតែស្រាថ្នាំហ្នឹងឯង តែបើគេ​ប៉ាវ​​វិញគឺស្អីក៏បានដែរ… បើបានស្រាបៀរ​វិញមិនចាំបាច់និយាយទេ ស្រាថ្នាំខ្ញុំប្រាកដជាទុក​ចោលនៅក្នុងតៀមជាពុំខាន…។

កន្លែងសំណង់ ខ្ញុំមានមិត្តផឹកស៊ីច្រើនណាស់ តែមានតែអាត្រឹមត្រូវម្នាក់គត់​ដែល​ជាមិត្តស្និទ្ធ​ស្នាលនឹងខ្ញុំ…។ រាល់ល្ងាច ពេលចេញពីធ្វើការ វាតែងបបួលខ្ញុំឲ្យទៅរៀន​ភាសា​បរទេសជាមួយវា… ខ្ញុំខ្ជិលរៀនណាស់… ខ្ញុំក៏ធ្លាប់សាកល្បងទៅរៀនគួរក្រៅម៉ោង​ជាមួយវា​ដែរ តែសែនមហាឈឺក្បាល… គ្មានអ្នកគ្រូក្រមុំបង្រៀន ខ្ញុំរៀនមិនចូលទេ… បើអាត្រឹម​ត្រូវ​វិញវាគ្រាន់បើមែនៗតែម្ដង…ល្ងាចថ្ងៃសៅរ៍មួយនោះ ក្រោយពេលដែលពួកយើងបើក​លុយ ខ្ញុំក៏ល្បួងនិយាយទៅកាន់អាត្រឹមត្រូវ៖

-អាត្រឹមត្រូវ ថ្ងៃនេះគិតផឹកស៊ីឲ្យឆ្ងាញ់មាត់ម្តងទៅហ្អី…?

អាត្រឹមត្រូវធ្វើមុខស្មើនិយាយមកកាន់គ្នា៖

-សុំទោសអាសំឡាញ់…អញអត់ផឹកទេវ៉ឺ…

-ចុះឯងទុកលុយធ្វើអី ហ្អាស៎…?

-អានេះ ដល់ខែបង់លុយរៀនហើយ…បើគិតតែពីផឹកបានលុយឯណារៀន បានស្អី​ស៊ី បានស្អីផ្ញើឲ្យ អ្នកផ្ទះហ្អាស៎…

ខ្ញុំឮពាក្យ ផ្ញើឲ្យអ្នកផ្ទះពេញត្រចៀក… ពាក្យនោះដូចជាវាទះក្បាលខ្ញុំពេញមួយដៃ

យ៉ាង​​ពេញទំហឹង​ ព្រោះខែមុខខ្ញុំក៏មិនបានផ្ញើទៅឲ្យអ្នកផ្ទះដែរ…មិនដឹងថាម៉ែឪ​បងប្អូន​ខ្ញុំតើបានស្អីហូបនោះទេ បើឪខ្ញុំលេងតែអាចោរជើង១ ម៉ែលេងតែបៀរគ្មានការងារធ្វើ ក្រឲ្យរហាម ហើយបងប្អូនច្រើនទៀតនោះ…ដំបូងខ្ញុំគិតចង់ផ្ញើទៅឲ្យពួកគាត់ដែរ…​តែគិត​យូរៗ​ទៅ គំនិតចោលម្សៀតក៏នៅតែហោះហើរពេញខួរបង្កងខ្ញុំដដែល…ខ្ញុំនិយាយតទៅ​កាន់​វា…​៖

-ខានផ្ញើទៅឲ្យម្តងទៅអ្ហើយ…អញមិនដែលឃើញឯងចេះសប្បាយស្អីនឹងគេសោះ…

អាត្រឹមត្រូវធ្វើភ្នែកស្លឺ​ មុខជូរហួញជ្រួញចិញ្ចើម ហើយនិយាយមកកាន់ខ្ញុំធ្វើ វាហី៖

-មិនដឹងជាសប្បាយស្អីទេហ្អា៎…បើគេអ្នកមានទៅវាគ្រាន់សប្បាយ…មើលពួកយើងក្រល្ហាមបែប​ហ្នឹង​ កុំទៅសប្បាយស្អីខ្លាំងពេក…ចាំពួកយើងធូបន្តិចចាំសប្បាយក៏មិន​យឺត​ពេលដែរ…

ខ្ញុំកំពុងតែគិតនូវសំដីរបស់វា ហៀបនឹងតបទៅវិញ តែវាបែរជាធ្វើអ្នកត្រឹមត្រូវបបួល ខ្ញុំម្តង៖

-អាថ្នាំ ឯងឈប់ផឹកទៅហ្អី…សន្សំលុយការប្រពន្ធអានេះ… បើមិនអ៊ីចឹងទេ ទៅរៀនភាសាបរទេស​ជាមួយអញទៅ…

ខ្ញុំដូចជាត្រេកអរបន្ដិចបន្តួចដែរ នៅពេលឮវាបបួលទៅរៀន តែអាគំនិតខ្ជិលច្រអូស វាបានគ្របពីលើក្បាលខ្ញុំជិតទៅហើយ…

-រៀបស្អីទេវ៉ើយ…អញរៀនអត់ចេះទេ…

ម្ដងនេះ វាតបមកវិញដោយមធុរវាចាស្រទន់ សមនឹងគេហៅអាត្រឹមត្រូវមែនទែន៖

-ឯងកុំដាក់ខ្លួនពេក…កុំមើលងាយខ្លួនឯងអ៊ីចឹងអី…គ្មានអ្នកណាគ្រាន់តែរៀនភ្លាម ចេះភ្លាមទេ…ឯងក៏ឆ្លាតណាស់ដែរ…តែមកពីមិនប្រឹងរៀនប៉ុណ្ណោះ

-ឯងឲ្យអញប្រឹងយ៉ាងម៉េចទៅ បើពេលនេះ…

-អញខ្ជិលមែនទេ…?

ខ្ញុំស្ទើរតែរកពាក្យឆ្លើយនឹងវាលែងបាន…ព្រោះត្បិតខ្ញុំខ្ជិល មិនចូលចិត្តរៀន តែខ្ញុំក៏ ពេញចិត្តឲ្យវារៀនដែរ…ខ្ញុំក៏សួរបញ្ជោះតបទៅវិញ៖

-បើរៀនចេះ យើងនឹងធ្វើស្អីបានទៅ…ក្រៅពីសំណង់ហ្នឹង…?

-រៀនស្អីក៏ដោយឲ្យរែចេះប្រាកដ វាមិនឥតប្រយោជន៍ទេ…

-អ្នកណាក៏ដឹងដែរអាពាក្យនឹងនោះ អញឮឡើងស្រកៀរត្រចៀកទៅហើយ… តែ​យើងចេះ​យ៉ាងណា​ក៏នៅតែខ្ញុំរបស់គេដដែលហ្នឹង…

-អើ បើខ្ញុំមែនក៏វារៀងកាលីបបន្តិចដែរវ៉ី…

-អើ…រៀនតែឯងទៅអ៊ីចឹង ក្រែងលោបានធ្វើខ្ញុំកាលីប… អញធ្វើតែប៉ុណ្ណឹង ក៏បានផឹកសប្បាយម៉ា​ទំហឹង​ដែរវ៉ើយ…

អាត្រឹមត្រូវធ្វើមុខជ្រួញ ពេបមាត់បន្តិច សើចខ្លាំងៗដូចតួចោរក្នុងខ្សែភាពយន្ត…៖

-ហាស៎…អញខ្ជិលនិយាយជាមួយឯងទៀតណាស់…ទៅរកដាំបាយស៊ីវិញល្អជាង… អានិយាយ​ស្អី​ស្ដាប់គ្នាមិនបានអ៊ីចឹង…

ខ្ញុំមិនខឹងនឹងសម្ដីវាសូម្បីបន្តិច ព្រោះវានិយាយភាគច្រើន គឺសុទ្ធតែត្រឹមត្រូវទាំង​

អស់…តែខ្ញុំនៅតែមិនអាចតាំងចិត្តធ្វើដូចវាបាន…។

យប់នោះខ្ញុំនិងកម្មករសំណង់អ្នកដូចគ្នាបួនប្រាំផ្សេងទៀត អង្គុយផឹកស្រាថ្នាំមួយ យប់ទល់ភ្លឺ គ្មានគិតពីថ្ងៃខាងមុខ នឹងប្រែប្រួលទៅជាយ៉ាងណាឡើយ…ផឹកស្រាថ្នាំក្លែមក្តឹប ស្វាយខ្ចី ចុចនឹងប្រហុក ពិតជាកំពូលមហាឆ្ងាញ់សម្រាប់ពួកកម្មករសំណង់ដ៏ល្ហាមដូចពួក យើង ឆ្ងាញ់ជាងស្រាបៀរក្លែមស្រីស្រស់របស់ក្រុមអ្នកតាំងខ្លួនជាអភិជនទៅទៀត ហាស៎… ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកាំរស្មីទើបពួកយើងនាំគ្នាចូលសម្រាក…ម្យ៉ាងដែរ ពេលគេ ក្រសោបឱកាសធ្វើជាអ្នកមាន បែរជាពួកយើងដេក ឯពេលដែលពួកគេសម្រាកយកកម្លាំង ឬគិតរកមធ្យោបាយធ្វើឲ្យគ្រួសារគេរុងរឿង បែរជាពួកយើងនាំគ្នាផឹក…ហាស៎…

ព្រះអាទិត្យចាប់បង្វិលនាឡិកាឲ្យមកនៅត្រង់លេខ១១កន្លះ ទើបខ្ញុំបើកភ្នែក ដើរ​តេះ​តះទៅរកលុបមុខ ដ៏មានកែវភ្នែកទាំងគូរូងខូងដូចឡានគ្មានស្តុប មុខក្រហមហើមស្ពីង ដូចហីងប្រឡាក់អំបិល…។ មិនទាន់ទាំងបានស្វាងស្រាស្រយលបយលផង ភ្នែកស្អុយ​របស់ខ្ញុំ បានចោលទៅប៉ះនឹងបុរសចំណាស់ក្នុងវ័យប្រមាណ៦០ឆ្នាំ អង្គុយលើកៅអីដ៏ពោរ ពេញដោយកាកកំបោរ ធ្វើមុខស្ងួតក្រៀមផ្អេះដូចអំបែងក្បឿងត្រូវថ្ងៃ ខោអាវយ៉ាង​កញ្ចាស់ ដាច់រហែកផុយ…យាប់ជាងខោអាវសំណង់សំណប់របស់ខ្ញុំទៅទៀត…

ខ្ញុំដើទៅរកគាត់ ព្រមទាំងពោលសម្ដីយ៉ាងសោះកក្រោះ៖

-ពុកមោក៍ដល់តាំងពីស្មាណា…?

បុរសចំណាស់នោះគឺជាឪពុកខ្ញុំ…គាំត់មិនដែលនឹកនាដល់ខ្ញុំ ឬសូម្បីតែម៉ែអ្វីបន្តិច នោះទេ ព្រោះសព្វថ្ងៃគាត់នឹកតែអាប៉ោងសំណប់គាត់គាត់ប៉ុណ្ណោះ…ខ្ញុំដឹងច្បាស់ណាស់​ថាគាត់នឹងមានការអ្វីនឹងខ្ញុំ…គឺគ្មានអ្វីក្រៅពីមករកលុយនោះទេ…គាត់ធ្វើមុខក្រញូវឆ្លើយ នឹងសំណួរខ្ញុំ៖

-អញមកមើលទឹកមាតើឯងហៀរតាំងពីថ្ងៃទើបពេញពន្លឺបានបន្តិចម្ល៉េះ…

-ចុះម៉េចពុកមិនព្រមដាស់ខ្ញុំ…

-អញដឹងថាឯងទើបតែដេក បានជាអញខ្ជិលដាស់…

ខ្ញុំបិទភ្នែកញញឹមដោយមិននឹកស្មានថា ឪខ្ញុំ គាត់គិតដល់ខ្ញុំបានប៉ុណ្ណេះសោះ… ហាស៎…ខ្ញុំបើកភ្នែកមើលទៅរង្វង់មុខគាត់ ព្រមទាំងញញឹមបែបសោះអង្គើយ…

-ពុកមកមានការអីមែនទេ…?

ពុកឆ្លើយនឹងខ្ញុំដោយសួរបញ្ច្រាសមកវិញ៖

-ឯងមានលុយចាយខ្លះទេហ្នឹង…?

-គ្មានទេពុក…

-ចុះម្សិលមិញ ក្រែងទើបតែបើកទេហី…គាត់និយាយសម្តីគំហកៗដាក់ខ្ញុំ

-ផឹកយប់មិញអស់ហើយ…

សម្លេងសួរឪកាន់តែឮខ្លាំងជាងមុន៖

-ឯងខ្លាចពុកមករកលុយឯងមែនទេ…?

ឃើញអាការៈឪខ្ញុំបែបនេះ បំពង់សំឡេងរបស់ខ្ញុំត្រូវបានស្ទះ ដូចគេយកសន្ទះអ្វី ម្យ៉ាងមកបាំង…ខ្ញុំគ្មានពាក្យអ្វីឆ្លើយតបនឹងគាត់វិញឡើយ…ខ្ញុំនៅចាំបានថា កាលខ្ញុំនៅពី​ក្មេងមិនទាន់ចេះដើរធ្វើកម្មករសំណង់ ពេលឪខឹងម្ដងៗ គាត់តែងជេរស្ដីអស់មួយទំហឹងឮ ខ្ទរផ្អើលអ្នកស្រុកពេញភូមិ  វាយខ្ញុំនឹងដងរែក ខ្សែគោ ខ្សែតី…ចោលផ្គាក់ ពូថៅ គួរឲ្យព្រឺ ព្រួចក្រៃលែង…អ្វីដែលខ្ញុំនឹកស្មានមិនដល់នៅពេលនោះ គឺរង្វង់មុខឪបានប្រែប្រួលយ៉ាង ចម្លែកម្តងទៀត…ប្រែពីក្រញូវជ្រប់ចិញ្ចើម មកញញឹមឡើងពព្រាយដូចកំពុងតែ​ត្រូវរង្វាន់​ធំមហាសាល…ឪបានដកលុយ១០ម៉ឺនរៀលមកឲ្យខ្ញុំ ព្រមទាំងស្រដី៖

-យកទៅចាយទៅ…តែកុំចាយខ្ជះខ្ជាយពេក…

ខ្ញុំមើលមុខគាត់មួយសន្ធុះ ដោយភាពងឿងឆ្ងល់ឥតឧបមា…

-ពុកឲ្យខ្ញុំធ្វើអ្វី… ខ្ញុំមានការងារធ្វើ ខ្ញុំមិនយកទេ…

-អញឲ្យចេះតែយកទៅ អញមិនបានឲ្យឯងម្តងណាផង…

សំដីរបស់គាត់ បានធ្វើឲ្យបេះដូងរបស់ខ្ញុំរីកស្ទើរប៉ិនទន្លេសាប…ព្រោះពាក្យទាំងនេះ ខ្ញុំមិនដែលធ្លាប់ស្ដាប់ម្តងណាឡើយ…ខ្ញុំមិនត្រេកអរនឹងលុយ១០ម៉ឺនរៀលរបស់គាត់ទេ…តែអ្វីដែលខ្ញុំចង់បានគឺភាពកក់ក្ដៅដែលទទួលបានពីម្ដាយឪពុកខ្ញុំ…ខ្ញុំលូកដៃទទួលលុយ នោះទាំងក្ដីសង្ស័យ និងពោរពេញដោយក្ដីអៀនខ្មាសយ៉ាងខ្លាំង ព្រោះមុននេះខ្ញុំគិតថា​ គាត់នឹងមករកប្រាក់ជំនួយពីខ្ញុំ ហើយខ្ញុំក៏មិនបានទាំងសួរពីសុខទុក្ខ និងអាហារថ្ងៃត្រង់​របស់គាត់ដែរ…

បានលុយនោះហើយ គឺជួយឲ្យខ្ញុំអាចទិញបាយ និងម្ហូបមកហូបជុំគាត់បានមួយ ពេល…ថ្ងៃនោះខ្ញុំពិតជាស្រឡាញ់ពុកខ្លាំងណាស់ លែងមានគំនិតអាក្រក់ទាំងអស់លើគាត់ ទៀតហើយ…ចាប់ពីថ្ងៃនោះមក ខ្ញុំគិតតែពីប្រឹងធ្វើការ សន្សំលុយយកទៅផ្ញើឲ្យពួកគាត់… តែលុយដែលខ្ញុំផ្ញើទៅឲ្យនោះ មិនល្មមគ្រាន់សម្រាប់ពួកគាត់ចិញ្ចឹមក្រពះឡើយ…បានខ្លះ ក៏ប្រសើរជាងអត់ដែរ…។ ជាងមួយខែក្រោយមកទើបខ្ញុំដឹងថា លុយដែលគាត់ឲ្យមកខ្ញុំ មិន មែនគាត់រកបានពីការងារ ឬមុខរបរស្អីនោះទេ គឺគាត់លក់ស្រែដើម្បីសងបំណុលល្បែង និងសម្រាប់ជួយទំនុកបម្រុងឲ្យប្អូនៗខ្ញុំរៀន…។ ខ្ញុំសប្បាយចិត្តណាស់ មិនខឹងនឹងពួកគាត់ ដូចពេលមុនៗទៀតឡើយ…ព្រោះឲ្យតែពួកគាត់ឈប់លេងល្បែង ចេះចូលវត្ត ធ្វើបុណ្យ​ដូច​ចាស់ទុំគេឯង យកចិត្តទុកដាក់ចំពោះកូនៗប៉ុណ្ណោះគ្រប់គ្រាន់ហើយ…។

និយាយពីអាត្រឹមត្រូវសំឡាញ់ខ្ញុំ ក្រោយពេលធ្វើសំណង់វិឡារនៅច្បារអំពៅរួច វា ក៏លាឈប់ធ្វើកម្មករសំណង់ ទៅបើកគួរបង្រៀនភាសាបរទេសនៅឯស្រុកវិញ…ទទួលបាន ប្រាក់ចំណូលគួរសម ល្មមម៉ាចាយវាយ ចិញ្ចឹមម៉ែឪ ដណ្ដឹងប្រពន្ធបានយ៉ាងធូ…។ ឯខ្ញុំវិញ ហេតុតែមិនចេះអ្វីនឹងគេ នៅតែធ្វើជាកម្មករសំណង់ដដែល… បើគ្មានការងារធ្វើទេ មានតែ ដើរឈ្លោះគ្នាជាមួយខ្យល់ប៉ុណ្ណោះ…។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនអាចរកលុយ ដណ្ដឹងប្រពន្ធមួយនឹងគេបានផង…។ នេះពិតជាសមមុខខ្ញុំមែន ព្រោះមិនចេះហើយ ថែម គ្មានជំនាញទៀត…៕

ថ្ងៃទី០៨ កញ្ញា ២០១០

ម៉ោង០០.៣៦-០៣.៣០

ជំនិត.វិជិតភក្តី

ប្រដាល់

ប្រដាល់

 

បទពាក្យ៧

 

គ្មានអ្នកណាម្នាក់ចង់ដាល់គ្នា

ឲ្យកាយគ្រាំគ្រាឈឺចុកផ្សា

ចង់មានសត្រូវរោមអាត្មា                     

ចង់ឲ្យអស្ចារ្យថាខ្លាំងឡើយ  

ដាល់លើសង្វៀនព្រោះតែប្រាក់              

ក្រពះរើបាក់ស្រេកឥតល្ហើយ

ដាល់ឈាមពេញមុខមាត់លាត់សើយ     

ដែជើងឆ្លងឆ្លើយយកឈ្នះចាញ់  ។

អ្នកមើលស្រែកហ៊ោលាន់អឺងអាប់          

អ្នកដាល់ប្រឹងសាប់ញើសដូចខ្លាញ់

អ្នកមើលប្រឹងមើលភ្នែកត្របាញ់            

 អ្នកដាល់សំឡាញ់ឈឺពេញប្រាណ  ។

អ្នកមើលខំប្រឹងភ្នាល់ដាក់លុយ              

ល្បែងដាល់ឆ្ងាញ់ឈ្ងុយយ៉ាងចំណាន

ស្រែកលើកទឹកចិត្តទាំងតឹងតាន             

បើឈ្នះនឹងបានរង្វាន់ធំ      ។

អ្នកដាល់គ្រាន់តែឮបានប្រាក់                 

ខំវាយឥតអាក់ផ្តួលរលំ

គេហ៊ោឯងជោរលែងតាំងឃុំ                            

ដាល់ដូចធ្លាប់គុំគ្នារាប់ឆ្នាំ     ។

ឯងចាញ់គេជេរស្តីផ្តាសា                       

ដៀលគ្មានបានការអន់សាច់កម្ម

ឈ្នះបានត្រឹមប្រាក់យកទិញថ្នាំ              

ផឹកស៊ីប្រចាំស្ទើរមិនគ្រប់    ៕

ថ្ងែទី២៨ ខែកញ្ញា ២០០៩

ជំនិត វិជិតភក្តី

សុំផឹក

 

សុំ…ផឹក

 

បទពាក្យ៧

 

នែ៎…ឯងកុំខ្លាំងជាមួយអញ

ផឹកទៅសំឡាញ់ឲ្យឆ្ងាញ់មាត់

សាច់ក្លែមពេញចាននាំគ្នាវាត់

ឯងញាត់អញញាត់ក្លែមនឹងស្រា។

 

សំឡាញ់កុំភ័យអ្វីបើអស់

កុំទៅស្រណោះនាំបញ្ហា

ដើរសុំគេទៀតបើត្រូវការ

ប្រាប់អត់អាហារគេឲ្យហើយ។

 

បើគេឲ្យលុយយើងផឹកទៀត

ទាន់ឃ្លានយើងឈ្លាតផឹកឲ្យស្បើយ

ផឹកអស់រួចសុំកុំកន្តើយ

គេអត់ដឹងឡើយយើងសុំផឹក៕

 

    ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៩

ឱកាសខ្ញុំ

    ឱកាសខ្ញុំ

​​ខ្ញុំជាមនុស្សច្រឡើម​ ក្បាលខូច ​ចូលចិត្តធ្វើបាបចិត្តមនុស្សដូចគ្នា ជាពិសេសមាន់ស្រែ ដែលទើបតែដើរចូលមករកចំណីក្នុងទីក្រុង​ ។​​ ខ្ញុំមិនខ្វល់ថា​នរណាឈឺចិត្តស្អិតទ្រូងស្អីនោះទេ  សំខាន់​បំផុតឱ្យតែខ្ញុំបានសប្បាយ ។ នារីមកធ្វើការនៅរោងចក្រកាត់ដេរមួយ​ចំនួនធំត្រូវបានក្លាយជាអ្នកបំពេញតម្រូវកាមគុណ ដោយបូជា​យុវវ័យភាពដ៏ស្រស់ថ្លាបរិសុទ្ធរបស់ខ្លួនមកដល់ខ្ញុំ ។ និយាយដល់រឿងនេះ ខ្ញុំពិតជារំភើបណាស់  ហើយចង់តែអួតប្រាប់មនុស្សជុំវិញខ្លួនថា ខ្ញុំពូ​កែខាងទាក់ស្រីៗបំផុត ។ មានកម្មការនីរោងចក្រកាត់​ដេរខ្លះនិយាយថា នរណាខូចក៏ខូចចុះ កុំឲ្យតែពួកយើងខូច… មិនមែនស្រ្តីទាំងអស់សុទ្ធ​តែយ៉ាងហ្នឹងឯណា  ម្យ៉ាងទៀតបើយើងកុំរវល់ជាមួយពួកប្រុស​កំហូចទាំងនោះ  ពួកគេក៏គ្មានឱកាសដែរ ។ ខ្ញុំពិតជាឯកភាពចំពោះសំដី​នេះខ្លាំងណាស់ តែទាស់តែវា​គ្រាន់តែជាពាក្យសំដីមិនមែនការអនុវត្ត ។ នារីដែលខ្ញុំញ៉ែ​ និងទាក់ទងបាននោះគឺសុទ្ធតែប្រភេទ​មនុស្សស្រីនិយាយផ្សេងធ្វើផ្សេងនោះឯងហើយ។                                                                                                                                            ​          ធម្មតាទេមនុស្សយើងតែចាកឆ្ងាយពីផ្ទះ លែងនៅក្នុងគំនាបនៃការ​មើលថែពីម៉ែឪ​ទៅហើយចង់ធ្វើអ្វីស្រាច់តែក្បាលវាល់តែប៉ុណ្ណោះ ។ ឃើញគេល្អ ចេះតែចង់ល្អតាមគេដែរហើយ។ ថ្មីៗ​នេះខ្ញុំប្រម៉ាញ់បាននារីធ្វើការរោងចក្រកាត់ដេរម្នាក់នៅម្តុំកាណាឌីយ៉ាស្ទឹង​មានជ័យ ។ ដំបូងឡើយ អាសំឡាញ់របស់ខ្ញុំវាបានបបួលខ្ញុំ​ទៅលេងផ្ទះជួលសង្សារវានៅកាណាឌីយ៉ា ។ អារឿង​បបួលទៅផ្ទះស្រីៗស្នាក់នៅនេះ ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ ។​ ឲតែមានបុប្ផា​កន្លង់សាវាដូចជារូបខ្ញុំ​ត្រូវតែក្រវែលមើល បើពេញចិត្ត ត្រូវរូវជាមួយ​និងផ្កាភ្លាម ខ្ញុំនឹងរកល្បិចក្រែបលំអង​ផ្កា​នោះឲ្យបាន ។

          ក្នុងបន្ទប់ផ្ទះជួលមាននារីស្រស់ស្អាត៤នាក់ សុទ្ធតែមកពីស្រុកស្រែ​ទាំងអស់ ។ ស្រុកស្រែមែន តែសម្ផស្សសោភាមិនចាញ់អ្នកទីក្រុងឯណា  បើម្នាក់ៗគិតតែតុបតែងខ្លួន​បង្អួតសម្រស់គ្នាយ៉ាងហ្នឹងនោះ ។ ស្រីស្អាតទាំងបួននាក់នោះ សុទ្ធតែមានម្ចាស់គ្រងរក្សាហួងហែង​ទៅហើយ ក្នុងនោះក៏មានសំឡាញ់ខ្ញុំម្នាក់ផងដែរ ។

          សម័យនេះពួកប្រុសៗ ប្រើទឹកប្រាក់សម្ភារៈ​បច្ចេកវិទ្យាវិទ្យាសាស្ត្រ​ទំនើបៗ ដើម្បីជានុយសម្រស់ទាក់ស្រីៗ។​  បើស្រីណាចិត្តងាយផង ឃើញឧបករណ៍ជានុយហើយព្រមទទួលស្វាគមន៍ ប្រុសៗទាំងនោះ ស្រីនោះនឹងប្រាកដធ្លាក់ខ្លួនដូចជាត្រីជាប់សន្ទូចជាមិនខាន ។ គួរសរសើរពាក្យបុរាណដែរ ដែលបានផ្តល់នូវល្បិចពិសេសសំរាប់មនុស្ស​កំហូច ឲ្យរបស់ស្រណោះដៃ ។ មែន​ប្រុសៗប្រើល្បិចនេះឯង យក​របស់នេះយករបស់នោះ ផ្គាប់ផ្គន់ស្រីៗភាគច្រើន គឺបានជោគជ័យ យ៉ាងពិតប្រាកដ ។​

          ល្ងាចថ្ងៃនោះអាម៉ាកខ្ញុំ វាបានបបួលសង្សាររបស់វា និងនារីម្នាក់ទៀត​ទៅដើរលេជាមួយគ្នា​ ។ វាឌុបសង្សារវា ខ្ញុំឌុបសង្សារគេ ។ ម្យ៉ាងដែរ​ម៉ូតូមួយនោះគេនិយាយគ្នា ប្រើភាសាបងអូនយ៉ាងផ្អែម តែម៉ូតូខ្ញុំវិញបែជាប្រើភាសាពូមីងទៅវិញ  គឺគេហៅខ្ញុំថាពូ ហើយខ្ញុំក៏ហៅ គេមីង វិញទៅ។​  ម៉ោងប្រហែល៧ល្ងាច​ ម៉ូតូយើងទាំងពីរបានសំចត​ទុកអែបចិញ្ចើមថ្នល់មុខវត្តបទុមវតី រួចនាំគ្នាទៅអង្គុយមើលទឹករាំក្នុង​បរិវេនសួនច្បារ ។  ខ្ញុំឃើញសំឡាញ់ខ្ញុំឱបចង្កេះសង្សាររបស់ គេជាប់ ជួនកាលឃើញេគេថើបគ្នាយ៉ាងជក់ចិត្ត ។ អូយរំភើបណាស់ ឃើញគេ​ប្រលែងគ្នាបែបស្រៀវស្រើបបែបនេះនោះ ។ ខ្ញុំពិតជាចង់ប្រឡែង​ប្រលោមថ្នមថ្នាក់នារីម្នាក់នៅក្បែរខ្ញុំនេះខ្លាំងណាស់ តែខ្ញុំទើបតែស្គាល់គ្នាជាមួយនាង ធ្វើម្តេចខ្ញុំហ៊ានធ្វើយ៉ាងនេះទៅ ម្យ៉ាងទៀតមើលទៅ នាងម្នាក់នោះដូចជារាងសុភាព សមរម្យ និយាយស្តីម៉ត់ចត់ម៉ឹងម៉ាត់ផង  ។

          និស្ស័យមនុស្សខូចដូចខ្ញុំ តែកាលណាឃើញប្រើធម៌ក្តៅមិនបានទេ​ ប្រាកដជាប្រើល្បិចធម៌ត្រជាក់វិញជាមិនខាន ។ ខ្ញុំរកឃើញល្បិចប្រលោមនាងច្រើនយ៉ាងណាស់ ខ្ញុំគិតមួយសន្ទុះ រួចក៏បែរមុខទៅសួរនារីក្បែរខ្លួនធ្វើដូចខ្លួនឯងអ្នកចេះអ៊ីចឹង៖

          -មីងមកធ្វើការប៉ុន្មានឆ្នាំហើយ…?

          -បីឆ្នាំហើយ…

          ខ្ញុំគ្រាន់តែឮបីឆ្នាំហើយ…ខួរក្បាលខ្ញុំចាប់ផ្ដើមគិតថា ‹អ៊ីយ៉ាចាស់វស្សាទៅហើយនេះ›… តែខ្ញុំនៅធ្វើធម្មតា ដូចជាមិនចាប់អារម្មណ៍…ខ្ញុំសួរបន្ត៖

          -មីងដែលទៅស្រុកទេឥឡូវហ្នឹង…?

          -ខានទៅបីខែហើយ ផ្ញើតែប្រាក់ខែឱ្យអ្នកផ្ទះប៉ុណ្ណោះ (នាងឆ្លើយយ៉ាងកំបុត ក្នុងទឹកមុខញញឹម ស្ងួត) ។

          -កាលនៅស្រុកមីងរៀនដល់ថ្នាក់ទីប៉ុន្មាន…?

          -ចាស ខ្ញុំរៀនដល់ថ្នាក់ទី១២ តែមិនបានប្រឡងបាក់ឌុបទេ…

          -ម៉េចក៏អ៊ីចឹង…?

          ខ្ញុំសួរនាងបន្ទាន់បែបនេះ នាងមើលមុខខ្ញុំចំៗ ដោយកែវភ្នែកមុតថ្លា ព្រមនឹងសំណើចរងំ ជាប់បំពង់ក…

          -ខ្ញុំសូមមិនឆ្លើយបានទេ…

          -តាមចិត្តមីងចុះ បើមីងមិនចង់ប្រាប់ក៏មិនអី…

          ក្នុងលោកនេះគ្មានអ្វីអាថ៌កំបាំងឡើយ។ មនុស្សខ្ញុំនេះ បើរឿងអ្វីដែលគេមិនចង់ឱ្យដឹង ខ្ញុំ រឹតតែចង់ដឹងទ្វេឡើង ទោះបីរឿងនោះល្អ ឬអាក្រក់យ៉ាងណាក៏ដោយ ។ ពួកយើងទើបតែស្គាល់ គ្នាមែន តែខ្ញុំមានអារម្មណ៍ថា នាង និងខ្ញុំហាក់ស្និទ្ធិស្នាលគ្នាសម្បើមណាស់។ គូស្នេហ៍មួយគូ នោះ មិនខ្ចីរវល់នឹងអ្វីឡើយ សំឡាញ់ខ្ញុំគិតតែពីថើប ស្ទាប អង្អែល គូកំណាន់របស់ខ្លួនសព្វ សារពាង្គកាយទាំងអស់ ។

          ម៉ោងប្រហែល៩យប់ថ្ងៃនោះ ពួកយើងបានចូលការាអូខេបន្តទៀត ។ ទំនាក់ទំនងរវាង យើងទាំង៤នាក់កាន់តែស្និទ្ធិស្នាលឡើងៗ។ ពួកយើងនាំគ្នាផឹកបៀរផង ច្រៀងផង រហូតដល់ខ្ញុំ មិនដឹងថាដៃទាំងពីររបស់ខ្ញុំកំពុងធ្វើអ្វីនោះឡើយ ។ ខ្ញុំរឹងខ្លួនអស់ហើយ ។ ខ្ញុំឮតែសំឡេងភ្លេង

តែក៏មិនដឹងថាវាជាបទអ្វីឡើយ ។ ពួកយើងពិតជាសប្បាយរកលេខដាក់គ្មាន រហូតដល់ម៉ោង ១១អាធ្រាត្រ ទើបពួកយើងនាំគ្នាទៅរកផ្ទះសម្នាក់ដើម្បីសម្រាក ។ ខ្ញុំនិងសំឡាញ់ខ្ញុំ ស្រវឹងជោគប្រាណ បោះជំហានទៅមុខស្ទើរពុំរួច ឯពួកនាងវិញក៏ដូចគ្នា តែមិនណាស់ណាដូចពួកយើង ឡើយ។

‌          យប់មួយផុតរត់រំលងឆ្លងឆ្ងាយទៅ អ្វីៗត្រូវបានបញ្ចប់ ខ្ញុំនឹងសំឡាញ់បានឌុបស្រីៗទាំង ពីរនាក់ ទៅដាក់នៅមុខរោងចក្រកាត់ដេរវិញ ។

          ត្រឹមតែមួយយប់សោះ ខ្ញុំក៏បាន……។ ណ្ហើយកុំខ្វល់ពេក…យើងមិនបានសុំគេឯណា គេ ព្រមឱ្យយើងខ្លួនគេទេតើ…បើគេឱ្យហើយយើងមិនទទួលដូចជាដាច់ចិត្តខ្លាំងពេក…​កុំយល់ច្រឡំ គឺ​គេឱ្យលេខទូរសព្ទគេមកខ្ញុំប៉ុណ្ណោះ… ហាស…! តាមពិតខ្ញុំពុំបានប៉ះអ្វីនាង សូម្បីមួយចំរៀកសក់ ព្រោះនាងខ្លាចចាញ់បោកពួកប្រុសៗខ្លាំងណាស់…។

          បានលេខទូរសព្ទដូចសង្ឃឹមបាននាងពាក់កណ្ដាលអ៊ីចឹង…។ ទោះបីដឹងថា នាងមាន សង្សារហើយឯណាក៏ដោយ ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ ខ្ញុំគ្រាន់តែដឹងថា អ្នកណាបានមុន គឺជារបស់អ្នកនោះយ៉ាងពិតប្រាកដ។ ស្ទើរតែរាល់ថ្ងៃ ខ្ញុំតែងទូរសព្ទទៅញ៉ែនាង បបួលនាងដើរលេង និយាយសុទ្ធតែពាក្យត្រឹមត្រូវផ្អែមល្ហែម…តែពាក្យពេចន៍ទាំងនោះគឺសុទ្ធតែជាល្បិចទាញយក ប្រយោជន៍ថ្ងៃក្រោយទាំងអស់…។ ធម្មតានយោបាយគេមិនមែនធ្វើថ្ងៃហ្នឹង ចង់បានលទ្ធផលថ្ងៃ ហ្នឹងតែម្តងនោះទេ …គឺគេប្រាថ្នាលទ្ធផលថ្ងៃខាងមុខឯណោះទេ…។

………………………………………………

          ម៉ោង៣រសៀលថ្ងៃអាទិត្យ ២៧ ធ្នូ ២០០៩

          នាងបានទូរសព្ទមកខ្ញុំ ប្រាប់ថាមានការចង់និយាយជាមួយ ឱ្យទៅឌុបនាងដើរលេងផង អ៊ីយ៉ា នេះជាឱកាសខ្ញុំទេតើ…ខ្ញុំប្រញាប់បញ្ជាម៉ូតូស្នេហ៍របស់ខ្ញុំយ៉ាងលឿន ចំណាយពេលតែ ប្រមាណ៣០នាទីប៉ុណ្ណោះទៅរកនាង ព្រោះដើម្បីចាប់ក្រសោបយកឱកាសចំពោះមុខឱ្យបាន ។ ពេលទៅដល់នាងបានឈររងចាំខ្ញុំរួចជាស្រេចដោយមានសំលៀកបំពាក់សមសួន តែងខ្លួនមិនចាញ់អ្នករាជធានីប៉ុន្មានឡើយ…។

          -ឱ្យខ្ញុំសុំទោសដែលខ្ញុំមកយឺតបន្តិច…ចន្ធីរងចាំខ្ញុំយូរហើយមែនទេ…?

​​​ខ្ញុំនិយាយយ៉ាងគួរសម ព្រោះចង់ឱ្យគេទុកចិត្តថាជាប្រុសមាន​សីលធម៌ ។ ដំបូងខ្ញុំឃើញមុខនាងឡើងក្រញ៉ូវ តែឮខ្ញុំនិយាយបែបនោះ ភក្ត្រាក៏ប្រែជាញញឹមឡើងវិញ…

          -មិនចាំយូរទេ…វណ្ណៈ…

          ខ្ញុំបានឌុបនាងស្ទើរពេញរាជធានី…ទីបំផុតម៉ូតូស្នេហ៍របស់​យើងបានឈប់គាំងស្ដូក នៅប្របមាត់ច្រាំងទន្លេក្បែរ Naga World ព្រោះទីនោះងងឹតល្មម អាចឱ្យខ្ញុំប្រលោមស្នេហ៍លើនាង បាន…ខ្ញុំមិនទាន់ទាំងបានប្រើល្បិចបញ្ឆោតស្នេហ៍លើរូបនាងផង ក្នុងទឹកមុខស្ងួតស្រពោន នាងនិយាយមកកាន់ខ្ញុំមុនថា៖

          -វណ្ណៈ ចូលចិត្តកន្លែងនេះខ្លាំងណាស់មែនទេ…?

          ខ្ញុំញញឹមស្ទើរបន្តិច រួចឆ្លើយសំណួរស្រីស្រស់៖

          -មិនសូវប៉ុន្មានទេ …តែទីនេះខ្យល់អាកាសបរិសុទ្ធល្អ…ចុះចន្ធី ពេញចិត្តទីនេះដែរទេ…?

          -ម្យ៉ាងដែរ…តើវណ្ណអាចឆ្លើយសំណួរខ្ញុំមួយបានទេ…?

          -បាន ឱ្យតែខ្ញុំអាចឆ្លើយបាន…

          -អ្វីទៅហៅថាស្នេហា…?

          ខ្ញុំពិតជាមិនដឹងត្រូវឆ្លើយជាមួយនាងយ៉ាងណានោះទេ…សំណួររបស់នាងសំរាប់ខ្ញុំគឺ ពិបាកនឹងឆ្លើយខ្លាំងណាស់ ព្រោះខ្ញុំគ្រាន់តែជាព្រានបញ្ឆោតមនោសញ្ចេតនាតែប៉ុណ្ណោះ… សំណួរនេះធ្វើឱ្យខ្ញុំនឹកឃើញថា ខ្ញុំក៏ធ្លាប់មានស្នេហានោះដែរ តែម្ចាស់ស្នេហ៍របស់ខ្ញុំនោះត្រូវ បានឃ្លាតឆ្ងាយពីខ្ញុំទៅហើយ… នាងទៅរហូត… រហូតដល់ខ្ញុំក្លាយទៅជាព្រានស្នេហ៍អន់ជាង តិរិច្ឆានទៅទៀត។ ខ្ញុំនឹកឃើញថា ខ្ញុំធ្លាប់ស្រលាញ់គ្នាជាមួយនារីម្នាក់ យើងទាំងពីរពិតជាស្មោះ នឹងគ្នាយ៉ាងពិតប្រាកដ…ថ្ងៃមួយយើងបានដើរលេងជាមួយគ្នាពេញមួយថ្ងៃ…ពេលត្រឡប់ទៅ ដល់ផ្ទះនាងវិញ ម្ដាយនាងបានស្ដីបន្ទោសនាងយ៉ាងខ្លាំង ជេរនាងដោយពាក្យមិនសមគួរច្រើន បែប នៅចំពោះមុខខ្ញុំ និងមនុស្សជាច្រើន…ខ្ញុំក៏បានចូលរួមចំណែកសាងកំហុសនោះដែរ… ខ្ញុំ្ ព្យាយាមសុំទោសម្ដាយនាងជាមួយនាង តែម្ដាយនាងនៅតែប្រមាថជេរ នាងដដែលៗ…។ យុវភាពនៃក្មេងស្រីកំពុងពេញក្រពុំពិតជាខ្មាសគេ​ខ្លាំងណាស់ ជាពិសេសគឺរូបខ្ញុំ…នាងខ្ទប់មុខ រត់ចូលទៅខាងក្នុងផ្ទះ​យ៉ាងលឿន ដោយបន្សល់ទុកទឹកថ្លាស្អាតពេញដោយកំដៅចេញពីកែវ ភ្នែករាប់ពាន់ដំណក់ស្រោចមកលើផែនដី…។ ខ្ញុំព្យាយាមនិយាយជាមួយ​ម្ដាយនាងពីការពិត សារភាពពីសេចក្ដីស្មោះស្មគ្រ​ភាពបរិសុទ្ធនៃ​យើងទាំងពីរ…តែម្ដាយនាងមិនទទួលស្ដាប់ពាក្យខ្ញុំឡើយ…​ទីបំផុតខ្ញុំក៏ត្រូវសម្រេចចិត្តត្រឡប់មកកាន់ផ្ទះរបស់ខ្ញុំវិញ…។ យប់នោះខ្ញុំរសេះរសោះ គេងមិនលក់សោះ ចេះតែស្រមៃឃើញនាង​នៅនឹងកែវភ្នែកស្រស់ៗ…ហេតុអ្វីក៏ម្ដាយនាងមិន ស្ដាប់ហេតុផលរបស់​ពួកយើង តើគាត់ជេរពួកយើងព្រោះតែការស្រឡាញ់កូនគាត់មែនឬ…?

          តាំងពីល្ងាចនោះមក ខ្ញុំខានបានជួបនាងរហូត សូម្បីតែទូរសព្ទក៏បិទ…ខ្ញុំព្យាយាមទៅសួរ ម្ដាយនាង តែម្ដាយនាងឥតបាននិយាយរកខ្ញុំមួយម៉ាត់…ឯអ្នកជិតខាង មិត្តភក្តិជិតស្និទ្ធិនឹងនាង ទៀតសោត ក៏គ្មាននរណាឆ្លើយ​ប្រាប់ខ្ញុំឡើយ…។ ខ្ញុំព្យាយាម ទំនាក់ទំនងរកនាងទាំងក្តីបារម្ភ និងឈឺចាប់បំផុត…តែជាការប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះរឿងស្មោះស្នេហ៍នោះ គ្រាន់ តែជាការយល់សប្ដិរបស់ខ្ញុំប៉ុណ្ណោះ…ហាស…។

          -វណ្ណៈ ហេតុអ្វីបានជាមិនឆ្លើយសំណួរខ្ញុំ…?(នាងសួរបញ្ជាក់…)

          -ខ្ញុំមិនដឹងទេ…(ខ្ញុំឆ្លើយដោយបិទភ្នែក)

          -តើមនុស្សប្រុសមានមួយណាស្មោះដែរ ឬទេ…?(នាងសួរបន្ថែម…)

          -គ្មានទេ…រួមទាំងរូបខ្ញុំ…ហាស…

          -តែវណ្ណៈ មិនសមទេ…

          -សំបកក្រៅគឺយ៉ាងនេះឯង…ជឿទេ…(ខ្ញុំនិយាយពោរពេញដោយ​ល្បិច…)​

          -មិនសូវជាជឿប៉ុន្មានដែរ…ព្រោះ…

          -ព្រោះយ៉ាងម៉េច…?

          -ព្រោះវណ្ណៈ…មិនចេះឆ្លៀតឱកាសកេងចំណេញលើស្រីៗផង…

          -ម៉េចបានដឹង…នែ តិចចាញ់បោកវណ្ណៈណា…

          -បើចាញ់បោកគឺ ចាញ់បោកយូរណាស់ហើយ…

          តាមពិតខ្ញុំកំពុងតែចាប់យកឱកាស តែនាងបែរជានិយាយថា ខ្ញុំមិនចេះឆ្លៀតឱកាសទៅ វិញ…ហាស…

          -ហាស…!

          -នែ…សើចស្អីនឹង…

          -មានអី…សើចត្រង់ត្រីជិតចូលសន្ទូចទៅហើយ នៅយល់ថា សន្ទូចជាមិត្តនឹងត្រីទៀត…

          -អ៊ីចឹង…វណ្ណៈ ចង់ធ្វើបាបខ្ញុំមែនទេ…?

          -មែន…

          ខ្ញុំយកនាងមកកន្លែងនេះ  គឺដើម្បីឱនាងឃើញគូស្នេហ៍ជាច្រើនគូ​កំពុងតែក្បត់នឹងឪពុក ម្ដាយ មកបង្កើតអនុស្សាវរីយ៍ចុកឈាមនៅមាត់​ទន្លេនេះឯង…សម្ដីខ្ញុំនិយាយជាពាក្យពិត តែហាក់ដូចជាការលែងសើច​នឹងនាង…ម្ល៉េះហើយទើបនាងនៅតែមិនដឹងពីពុតត្បត់ដ៏អាក្រក់របស់ ខ្ញុំទៀត…យប់មុនខ្ញុំខ្លាចគេដឹង តែយប់នេះគ្មាននរណាដឹងឡើយ ស្រមោចនឹងស្ករ បើវានៅជិត គ្នាទៅហើយ …គិតទៅមនុស្សយើង​ខ្លាច​ចាញ់ល្បិចរបស់គេពេក…ដល់ពេលល្បិចរាក់កំផែល បែបនេះ បែរជាមើលមិនដឹង។ ថ្ងៃនោះខ្ញុំនាំនាងដើរលេងរហូតដល់ម៉ោងប្រហែល១១អាធ្រាត្រ ទើបនាំនាងទៅគេងនៅឯផ្ទះសំណាក់…។

          គិតទៅប្រុសព្រានដូចជាខ្ញុំនេះ មិនចេះខ្វះល្បិចរាយអន្ទាក់ចាប់ស្រី​ស្រស់ទាល់តែសោះ។ ទីបំផុតឱកាសដែររំពឹងទុក ត្រូវបានបើកបង្ហាញ​ជាផ្ទាំងសម្រាប់ខ្ញុំ…ខ្ញុំមិនចេះទុកឱកាសនោះ ឱ្យកន្លងផុតទៅដោយឥត​ប្រយោជន៍នោះទេ…

          ព្រះអាទិត្យ បានបង្វិលនាឡិកា ឱ្យម៉ោងរត់មកនៅត្រឹមលេខ៥កន្លះ…ខ្ញុំដឹងខ្លួនពីដំណេក ឡើង រាវរកចន្ធី ដែលគេងនៅក្បែរខ្លួន… តែមិនឃើញ​រូបនាងសោះ…អីយ៉ាតាមពិតខ្ញុំយល់សប្តិទេតើ…យីយល់សប្ដិដូចជាការ​ពិតអញ្ជឹង…ចាញ់បោកយល់សប្ដិអស់មួយយប់…

          មនុស្សល្អស្មោះនឹងស្នេហ៍សោះ បែរជាក្លាយជាព្រានទៅវិញ…ហាស…

                                                         ថ្ងៃទី២៦ ធ្នូ ២០០៩

                                                 ម៉ោង ២.១៥នាទីរំលងអាធ្រាត្រ