មិនចោលពុត
(បទពាក្យ៧)
ចិញ្ចឹមឆ្កែមួយឡូយអស្ចារ្យ មាឌធំសង្ហារោមក្រាស់ឃ្មឹក
ខ្ញុំបង្ហាត់វាថ្ងៃល្ងាចព្រឹក ព្រោះចង់បង្វិកជាឆ្កែល្អ ។
អាហារសុទ្ធតែស្អាតប្រណីត ដាក់ឱ្យដោយចិត្ដពិតស្មោះស
ម្ជូរគ្រឿងសាច់គោឬសាច់ខ សាច់អាំងសម្លសព្វបែបយ៉ាង ។
សូម្បីតែឆ្អឹងក៏មិនដាក់ ខ្លាចវាស៊ីឆ្លាក់កាចកោងកាង
លាមកសំណល់ឥតសំណាង មិនចោលជិតខាងខ្លាចវាឆី ។
ខ្ញុំចិញ្ចឹមវាអស់យូរឆ្នាំ វាឆ្លាតវាចាំគ្មានទាស់អ្វី
ស្រាប់តែថ្ងៃមួយហួសស្រដី វាធ្វើវាហីខ្ពើមអាហារ ។
ខ្ញុំបានរៀបបាយលាយសាច់ឆ្ងាញ់ ឱ្យអាសំឡាញ់សុនខា
វាឃើញគេបោះឆ្អឹងត្រៀបត្រា ស្រាប់ស្ទុះយ៉ាងក្លាទៅត្របាក់ ។
ក្រឡេកឆ្វេងស្ដាំឃើញសំណល់ លាមកហាលខ្យល់ហៀរកក្លាក់
វាចោលឆ្អឹងទៀតហេសស្លាក់ ស្ទុះស៊ីគ្មានអាក់ចាកមួយម៉ាត់ ។
ថ្ងៃទី១៥កញ្ញា ២០០៩
ប៉ោកបិន