ឱកាសទឹកភ្នែក
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៩
នៅឯខាងមុខព្រះបរមរាជវាំង ប្រជាជនប្រុសស្រី ក្មេងចាស់យ៉ាងច្រើនកុះករកំពុងឈរខ្លះ អង្គុយខ្លះត្រៀបត្រា ដើម្បីទស្សនាការប្រណាំងទូក ព្រមជាមួយទឹកមុខស្រស់ថ្លា សប្បាយរីករាយ លាយនឹងសំណើចហ៊ោរកញ្ជ្រៀវអឹងអាប់ សាទរចំពោះភាពអង់អាចនៃកីឡាករយើង ។ចំណែកឯនៅត្រើយខាងកើត ទល់មុខព្រះបរមរាជវាំងឯណោះវិញ ក៏មានប្រជាជនច្រើនមិនចាញ់ខាងមុខព្រះបរមរាជវាំងឡើយ តែភាគច្រើនសុទ្ធតែជាកីឡាករ កីឡាការិនីទូកង ទូកមួងតែប៉ុណ្ណោះ។ ឆ្នាំនេះពិតជាមានអារម្មណ៍សប្បាយ រំភើបយ៉ាងខ្លាំង ព្រោះរបៀបរៀបចំពិធីបុណ្យនេះមានសភាពសមរម្យល្អ ព្រមជាមួយអធ្យាស្រ័យ និងការយល់ដឹងពីសម្នាក់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ ។
ឆ្នាំនេះហាក់ដូចចំឡែកជាងឆ្នាំសព្វមួយដង ព្រោះផ្ទៃគង្គាឡើងខ្ពស់ មិនទាន់ស្រកដូចឆ្នាំមុនៗនោះទេ ដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ប៉ុន្តែបែរជាមានគ្រោះថ្នាក់តិចបំផុត ។ជម្លោះប្រទេសជាតិនឹងបច្ចាប្រទេសជិតខាងគួរតែមានកលយុគអ្វីមួយ តែផ្ទៃក្នុងប្រទេសបែរជាមានសន្តិសុខល្អ សុវត្ថិភាពគួរឲ្យសោមនស្ស ។ ជនដែលមានអាជីពជាអ្នកសុំទានមានចំនួនតិចជាងរាល់ឆ្នាំ…តែអ្វីដែលគួរឱ្យសម្គាល់ និងត្រេកត្រអាលនោះ គឺពួកយុវកញ្ញាច្រើនដេរដាស គ្រងដោយសម្លៀកបំពាក់ស្រស់ល្អឆើតគួរឲ្យទាក់ទាញ ដោយភាគច្រើនពាក់អាវយឺតពណ៌លឿង និងក្រហម ព្រមជាមួយសំពត់ ខោខ្លីៗត្រឹមភ្លៅ ឬលើក្បាលជង្គង់បន្តិចបន្តួចប៉ុណ្ណោះ ហាក់ដូចជាចង់បង្អួតនូវសម្រស់ដល់គ្នាទៅវិញទៅមក ដែលយើងស្ទើរតែអាចនិយាយបានថា«…សម័យទំនើបខោខ្លីភាវូបនីយកម្ម…»។
ម៉ោងប្រហែលជាបួនរសៀល យុវនារីមួយក្រុមចំនួន៥នាក់ សម្រស់ស្រស់ត្រកាល រូបឆោមឆើតឆាយ ឈររេរានៅឆ្ងាយពីប្រជុំមនុស្ស ក្រោមដើមប្រេងខ្យល់ ទល់មុខវត្តសំពៅត្រៃលក្ខណ៍ ។ ក្នុងចំណោមនារីទាំងនោះ យុវកញ្ញាម្នាក់សម្បុរសណ្តែកបាយ រង្វង់ភក្ត្រក្រហមរលើបដូចជាតួសម្តែង លម្អដោយសក់ទង់ដែង ពាក់អាវយឺតដៃខ្លី ករលង់ បង្ហាញសាច់ទ្រូងស្លៀកខោខៅប៊យរឹប
ខ្លីពាក់កណ្តាលភ្លៅ ក្នុងវ័យប្រហែល២៣ទៅ២៤ឆ្នាំ កាន់ទូរសព្ទមួយគ្រឿងជាប់នឹងដៃ នេត្រាទាំងគូត្របាញ់ឆ្ពោះទៅកាន់ហ្វូងមនុស្សដែលដើរទៅដើរមកតាមដងវិថី មិនដឹងថាតើនាងកំពុងរង់ចាំអ្វីឡើយ…។ បន្តិចនាងក្រឡេកមើលទូរសព្ទជាប់នៅនឹងដៃ បន្តិចនាងក្រឡេកមើលទៅកាន់ហ្វូងមនុស្ស ដោយអារម្មណ៍ច្របូកច្របល់រកស្មានមិនត្រូវ ។ នាងបន្លឺសំឡេងតិចៗដាច់ៗ ក្បែរត្រចៀកមិត្តនារីផ្សេងទៀតទាំងរសាប់រសល់លាយនឹងកំហឹង…«អំបាញ់មិញនេះដើរជាមួយគ្នាសោះ ស្រាប់តែបាត់ស្រមោលលែងឃើញ ហ៊ឺយ…មិនដឹងជាប្រកាច់ទៅណាទេនេះ…»។ស្រស់កញ្ញាម្នាក់ទៀតក្បែរនោះ ក៏តបទៅវិញក្នុងទឺកមុខស្ងួតចងចិញ្ចើម ៖
-ចុះទូរសព្ទនៅនឹងដៃ ម្តេចក៏មិនព្រមតេទៅ…ប្រហែលគេវង្វេងទេដឹង បើមនុស្សច្រើនម្លឹងៗអញ្ចឹងនោះ…
ឮវាចារំឭកពីសំឡាញ់យ៉ាងនេះ យុវតីរូបស្រស់បានលើកទូរសព្ទឡើងចុចលេខ តែចម្លើយដែលផ្តល់មកវិញគឺ«មិនអាចទាក់ទងបានទេនៅពេលនេះ»។ នាងព្យាយាមម្តងហើយម្តងទៀត តែចម្លើយនៅតែដដែល ។ អារម្មណ៍មួហ្មងកាន់តែកើតឡើងពេញខួរក្បាល ។ នាងនិយាយទៅកាន់កញ្ញាទាំង៤រូបជិតខ្លួនទាំងកំហឹង…៖
-បើចង់ទៅណា មិនចេះប្រាប់ឲ្យដឹងផងទេ ទូរសព្ទក៏បិទទៀត…ពួកយើងមិនចាំបាច់ចាំតទៅទៀតទេ…
ជំហានយ៉ាងលឿនបានបោះទៅមុខកាត់ហ្វូងមហាជន ឆ្ពោះទៅមាត់ទន្លេដើម្បីទស្សនាការប្រណាំងទូក…
ពីរម៉ោងក្រោយមក សំឡេងកាំជ្រួចបានរន្ថើនលាន់ឮយ៉ាងខ្លាំង ខ្ទររញ្ជួយអស់ផ្ទៃទឹក ដែលធ្វើឲ្យភ្លូកភ្លឹកអស់មនុស្សផងសឹងគ្រប់គ្នា ងើយមើលផ្កាភ្លើងកំពុងតែរីកលើផ្ទៃមេឃ។ ចម្លែកតែស្រីស្រស់យើងនៅតែអន្ទះសារមួហ្មងក្នុងចិន្តា ដោយនេត្រាទាំងគូសម្លឹងត្រង់ទៅកាន់ត្រើយខាងលិច តែមិនប្រាកដសម្លឹងរកអ្វីនោះឡើយ…
-ស៊ីនួន តោះត្រឡប់ទៅផ្ទះវិញ យប់ហើយ…
ទេពនារីសម្លឹងទៅរកម្ចាស់សំឡេងទាំងទឹកមុខស្ងួត ។ នាងងក់ក្បាលជំនួសវាចាយល់ព្រម ទៅកាន់មិត្តសំឡាញ់…។ ជំហានបវរកញ្ញាទាំង៥រូបបោះមួយៗ ឆ្ពោះតម្រង់ទៅកាន់ស្ពានជ្រោយចង្វារ…។ ដំណើរបានត្រឹមពាក់កណ្តាលផ្លូវ ពួកនាងក៏ត្រូវទុចជំហានគាំងស្តូក ជើងកម្រើកឈានទៅមុខលែងរួច ដោយសាររូបភាពកំលោះសង្ហាម្នាក់ កំពុងតែឱបចង្កេះនារីវ័យក្មេងម្នាក់ទៀត ប្រាកដឡើងចំពីមុខក្រោមចន្លោះដើមប្រេងខ្យល់ជាច្រើនដើម ។ ដំណក់ទឹកភ្នែកបានហូរកាត់ផែន
ថ្ពាល់ស៊ីនួនដោយមិនដឹងខ្លួន មុខនាងឡើងក្រហមដូចអណ្តាតភ្លើងកំពុងតែឆាបឆេះ ឈរសម្លក់
គូស្នេហ៍មួយគូនោះញ័ររញ្ជួយអស់ទាំងខ្លួន ចង់តែស្ទុះទៅជេរស្តី ប្រទេចផ្តាសាឲ្យសមនឹងកំហឹងដែលបង្កប់ក្នុងខ្លួនជាយូរមកហើយនោះ ។ តែគ្នាននរណាបានដឹងពីអាការៈរបស់នាងឡើយក្រៅពីមិត្តនារីទាំងបូននាក់របស់គេ សូម្បីគូស្នេហ៍ដែលកំពុងកៀកប្រកិតគ្នាពីមុខនោះក៏ឥតបានដឹងថា ស៊ីនួនបម្រុងនឹងស្ទុះទៅកំទេចពួកគេដែរ…។ស្រមោលនៃគំនិតបានបំផុសខ្លួនឡើង ភ្ញោចឱ្យឃើញវិប្បដិសារីក្នុងអតីតកាល ពេញក្នុងខួរក្បាលរបស់នាង…។
តាមពិតស៊ីនួនមិនមែនជាអ្នកភ្នំពេញនោះទេ នាងធ្វើដំណើរពីខេត្តឆ្ងាយមកធ្វើជាកម្មការិនីនៅរោងចក្រកាត់ដេរមួយកន្លែងនៅម្តុំទួលសង្កែ កាលពីពីរឆ្នាំមុន ។ ការចាកឆ្ងាយពីផ្ទះច្រើនតែយល់ថាខ្លួនមានសេរីភាព…សម្រស់ភ្លើងពណ៌ច្រើនតែនឹកភ្នកចង់សប្បាយ…ឃើញគេឡូយឆាយច្រើននឹកចង់ហ៊ឺហាដូចគេដែរ…ម៉្លោះហើយកាលពីកន្លះឆ្នាំមុនដោយសារភាពឆោតល្ងង់ ចង់ហ៊ឺហា ចង់សប្បាយ មានសង្សារបង្អួតមិត្តភក្តិ ស៊ីនួនក៏ត្រូវចាញ់បោកកំលោះសង្ហាអ្នកមានកូនពីរម្នាក់ ដោយកុហកនាងថាគេនៅលីវ ស្មោះស្មគ្រ ស្រឡាញ់តែនាងម្នាក់ ធានាខុសត្រូវលើរូបនាង និងឱ្យឪពុកម្តាយចូលស្តីនាងតាមប្រពៃណី ។ នាងជឿគេទាំងស្រុង ឥតបានគិតពិចារណាអ្វីឲ្យបានវែងឆ្ងាយនោះឡើយ រហូតដល់ត្រូវលះបង់នូវភាពស្រស់បរិសុទ្ធរបស់ខ្លួនបូជាចំពោះបុរសនោះ ដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់របស់នាងទៅទៀត ។ ស៊ីនួន និងកំលោះក្លែងក្លាយនោះបាននិត្យនែបស្មោះស្មគ្រជាមួយគ្នាប្រៀបដូចប្តីប្រពន្ធដែលទើបរៀបការហើយថ្មីថ្មោង ។ ពួកគេសប្បាយណាស់ ថ្ងៃធ្វើការ យប់ជួបគ្នា ដើរលេងជាមួយគ្នា គេងនៅផ្ទះសម្នាក់ជាមួយគ្នា ដោយមានថ្ងៃខ្លះ គេនាំគ្នាគេងនៅឯផ្ទះជួលរបស់នាងទៀតផង ខណៈមិត្តរួមបន្ទប់មិននៅ…។ ភាពស្រស់ស្រាយរបស់នាងបានត្រឹមតែពីរខែប៉ុណ្ណោះ ផ្ការុះរោយកន្លង់តែងហើរចាកឆ្ងាយរកក្រេបផ្កាថ្មីទៀត សម្លតែមួយមុខមានរសដដែលៗ បរិភោគយូរទៅនឹងធ្វើឱ្យធុញទ្រាន់បាន ។ យ៉ាងណាមិញ នាងក៏មិនខុសពីផ្កាចាកទង ឬសម្លនោះដែរ…គេធុញទ្រាន់ នឿយណាយនឹងកាយនាងហើយ គេក៏ប្រឡេះដៃចាកឆ្ងាយពីនាងបាត់ទៅ ដោយបន្សល់តែសំណៅអាក្រក់ និងដំណក់ទឹកភ្នែកប៉ុណ្ណោះ ។
នឹកដល់រឿងនោះ នាងកាន់តែមានកំហឹងពុះពោរឡើងទ្វេ…នាងស្ទុះវឹងយ៉ាងរហ័សសំដៅស្តីថាហាទៅកាន់ស្រស់នារីដែលកំពុងលង់ទៅក្នុងកាមា ក្រោមម្រាមហត្ថាប្រលោមនែបនិត្យយ៉ាងខ្លាំងៗ ៖
-ស៊ីណា…ស៊ីណា…ត្រឡប់ទៅផ្ទះវិញ…បើស្រឡាញ់គ្នា កុំធ្វើយ៉ាងហ្នឹងអី ឱ្យចេះខ្មាសគេឯងផង…
តាមពិតស៊ីណាគឺជាប្អូនស្រីបង្កើតរបស់ស៊ីនួន។ ក្នុងតរុណីវ័យ១៧ឆ្នាំជាផ្កាកំពុងពេញក្រពុំ ស៊ីណាក៏ពិតជាមានសម្រស់ស្រស់ត្រកាលមិនចាញ់ស៊ីនួនប៉ុន្មានដែរ ។ នាងទើបតែត្រូវបងស្រីនាំមក ធ្វើការនៅឯរោងចក្រ៣ខែមុនប៉ុណ្ណោះ ។ ស៊ីណាគ្រាន់តែឃើញអាការៈបងស្រីរបស់ខ្លួនយ៉ាងនោះ វិញ្ញាណស្ទើរតែរកផ្លូវរត់ចេញពីខ្លួន នាងភ័យណាស់ ភក្ត្រាក្រហមរលោងដោយម្សៅ ប្រែជាស្លេកស្លាំង ឈាមរត់លែងត្រូវចង្វាក់ បេះដូងលោតលឿនខុសសភាពធម្មតា ដើរមួយៗថ្នមៗចេញពីរង្វង់ដៃនៃគូកំណាន់របស់ខ្លួន ស្របពេលស៊ីនួនបង្ហើរនូវព្យុះកំបុតត្បូងចេញពីបបូរមាត់បែបឌឺដង ឱ្យកំលោះនៅលើម៉ូតូបន្ថែមទៀត ៖
-ប្រុសល្អ គេមិនឆ្លៀតឱកាសធ្វើបែបនេះទេ…ឯងកុំទុកចិត្តមនុស្សប្រុសពេក…
ក្នុងទឹកមុខស្រពោន ដៃទាំងពីរកាន់ចង្កូតម៉ូតូ កំលោះសង្ហារូបនោះតបទៅវិញទាំងក្លាហានថា ៖
-ស្រឡាញ់គ្នាត្រូវលះបង់ខ្លះអ៊ីចឹងហើយ បើមិនលះបង់ទេ តើធ្វើម៉េចអាចបញ្ជាក់ថាស្រឡាញ់ទៅកើត…
ស៊ីនួនឮកំលោះស្ទាវក្លាហានស្រដីយ៉ាងនោះ ចំហេះក្នុងទ្រូងរឹតតែក្តៅរោលអារម្មណ៍ខ្លាំងឡើង… នាងប្រញាប់តមាត់ទៅវិញដោយសំដីធ្ងន់ៗ ៖
-បើស្រឡាញ់ស្មោះ គេមិនចង់បានអ្វីពីគ្នាឡើយ ទង្វើគាត់ឯងធ្វើមិនមែនទង្វើមនុស្សស្មោះត្រង់នោះទេ…
-ចុះស្មានតែមនុស្សប្រុសទាំងអស់ដូចគ្នាមែនទេ ?អ្នកសង្ហាសួរតប
-វាមិនដូចគ្នាទេ ព្រោះតែផ្សេងគ្នាហ្នឹងហើយ បានគេអាចដឹងថាប្រុសណាស្មោះ ប្រុសណាមិនស្មោះនោះ
ស៊ីនួននិយាយដោយឥតសំចៃមាត់ ព្រោះនាងគិតថារូបនាងផ្ទាល់មានបទពិសោធន៍ស្នេហាបែបនេះរួចទៅហើយ…។
ឮសំឡេងឆ្លងឆ្លើយ ឌឺដងទៅវិញទៅមកមិនចេះចប់យ៉ាងនេះ គន្ធានៅក្បែរក៏បន្លឺសំឡេងដ៏ ស្រួយខ្ញោក បែបឆ្នាស់ឆ្នើមទៅកាន់ស៊ីនួន ៖
-នួន…តោះយប់ហើយ…ទៅផ្ទះវិញ…កុំទៅនិយាយជាមួយមនុស្សបែបនេះធ្វើអី…
ស៊ីនួនងក់ក្បាលជាបញ្ជាក់ពីការយល់ព្រម ហើយក៏រំកិលខ្លួនបន្តិចម្តងអមដោយស្រស់
ស្រី៥នាក់ផ្សេងទៀត ដើរឆ្លងស្ពានត្រឡប់ទៅកាន់ផ្ទះជួលរបស់ពួកគេវិញ…។ ស៊ីនួនដើរបណ្តើរ រអ៊ូស្តីឲ្យប្អូនស្រីបណ្តើរ ៖
-បើឯងធ្វើអ៊ីចឹងទៀត បងនឹងបញ្ជូនទៅស្រុក ឱ្យមើលគោនៅផ្ទះវិញ…ឯងគ្មានដឹងថាគេចាំ គេបារម្ភជា មួយខ្លួនឯងបន្តិចសោះ…បើឯងមានសង្សារ ខាតឬចំណេញ…វាគ្មានអីចំណេញក្រៅពីឲ្យពួកនោះធ្វើបាបយើងទេ…អូនឯងនៅក្មេងណាស់…
ស៊ីណាស្តាប់សំដីស៊ីនួនគ្មានឲ្យរំលងមួយម៉ាត់ឡើយ ។ នាងបានត្រឹមតែស្រក់ទឹកភ្នែកតាមពាក្យស្តីបន្ទោសរបស់បងស្រី និងកំហុសដែលខ្លួនបានធ្វើជ្រុលហួសជាមួយនឹងសង្សាររបស់ខ្លួន… តាមពិត ស៊ីណាលួចមានសង្សារ និងណាត់គ្នារួចជាស្រេចទៅហើយ តាមប្រព័ន្ធរលកធាតុអាកាស ដោយមិនបានឱ្យស៊ីនួនដឹងឡើយ ។ ពេលដែលស៊ីនួននិងស្រីស្រស់៤នាក់ទៀតកំពុងតែអន្ទះសាររង់ចាំខ្លួន គឺជាពេលដែលខ្លួនកំពុងតែជឿវាចាទឹកឃ្មុំលួងលោម ហើយក៏ត្រូវបរិច្ចាគនូវភាពស្រស់ត្រកាលនៃមាណវី ឱ្យទៅសង្សាររបស់ខ្លួននៅឯផ្ទះសម្នាក់VIP… ក្នុងទឹកដីសង្កាត់ព្រែកលៀប ឯណោះ…។
សម្តីរបស់ស៊ីនួន បានដាស់ស្មារតីប្អូនស្រី ប៉ុណ្ណោះហួសពេលបន្តិចទៅហើយ តែក៏ធ្វើឲ្យស៊ីណាយល់ច្បាស់ថា ខ្លួនចាញ់បោកប្រុសព្រានហើយ ខ្លួនខុសហើយ សង្ឃឹមថានឹងគ្មានលើកទីពីរទៀត ឡើយ ។ មិនគួរណាជឿមធុរវាចាលួងលោមរបស់បុរសយ៉ាងនេះទាល់តែសោះ…៕
ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០០៩
ចំណងដៃថ្ងៃអុំទូក
លោកគ្រូប៉ោកបិន.. ខានចូលផ្ទះលោកគ្រូពីរបីថ្ងៃប្រកាសច្រើនផង!! ហិហិ.. ស៊ូស៊ូ..
ពេលបង្កើតថ្មី មានអារម្មណ៍ថា ធុញថប់ អផ្សុក មិនសូវស្គាល់គ្នីគ្នី គ្រាន់នឹងបានបោកគេកែអផ្សុក ហិហិ 🙂 ដល់ប្រើយូរទៅ គេគង់នឹងចាញ់បោកច្រើនទេ ហេហេហិ..