ស្នេហ៍ហា

ស្នេហ៍ហា…!

          -Hello…! ថៅកែស្រី​ យ៉ាងម៉េចទៅហើយការលក់ដូររបស់យើងនោះ…?

          -ចាស៎ លោកប្រុស…មានអីភ្ញៀវហូររហែដែលហ្នឹង…

          -ផ្លាស់ពីធ្វើការមក៍លក់ដូរអ៊ីចឹង សប្បាយទេថៅកែតូច…?

          -សប្បាយជាងធ្វើការឱ្យគេ តែវាហត់បន្តិច…

          -មានត្រូវការបុគ្គលិកបន្ថែមទៀតទេ…? បើត្រូវការមានអ្នកជួយណា…

          -ខ្មាស់គេណាស់ កូនហាងតូចតែមួយហ្នឹង…បានប្រាក់ខែឯណាឲ្យគេទៅ…

          -ជួលឧត្តមទៅ  ឧត្តមមិនយកប្រាក់ខែទេ…

          -អរគុណហើយចាំមើលកាក់កបជាងនេះបន្តិចសិន…ឧត្តមញ៉ាំបាយហើយនៅ​ហ្នឹង…?

          -នៅ…ចុះពិសីវិញ…?

          -ចាំញ៉ាំជាមួយឧត្តមហ្នឹងណា…

          -បើឧត្តមមានស្លាប ឧត្តមនឹងហោះទៅញ៉ាំជាមួយថៅកែស្រីរូបស្រស់​ភ្លាម…

          -ឥឡូវឧត្តមសម្តីផ្អែមសម្បើមណាស់ហ្ន៎…

          -មកពីពិសីផ្អែមដែរហ្នឹង…

          -ហាស់…ឡប់…

          -ឡប់ក៏ព្រោះតែពិសី…

          -កុំថាស្រឡាញ់ពិសីណា…

          -ចាំបាច់ថាអី បើកំពុងស្រឡាញ់ទៅហើយហ្នឹង…

          -ខ្ជិលជឿណាស់ ឧត្តមនិយាយលែងអញ្ជឹងនោះ…

          -នែ៎…ពេលខ្លះឧត្តមនិយាយមែនណា តែវាដូចជាលែងអ៊ីចឹង…

          -ចុះម៉េចក៏មិននិយាយត្រង់ទៅ…?

          -មក៍ពីអៀនហ្នឹងណា…

          -ប្រុសអីចេះអៀនមើលតែស្រីអ៊ីចឹង…

          -ប្រុសសុភាពអ៊ីចឹងហើយ…

          -បែបសុភាពតែសម្តីទេដឹង…

          -មែនក៏អី…ឧត្តមហា៎ចាំយប់យើងនិយាយគ្នាទៀតណា …ឥឡូវខ្ញុំរវល់ខ្លាំង​ណាស់

          -អ៊ីចឹងក៏បាន…ពិសីថែរក្សាសុខភាពខ្លួនឯងផងណា…bye… bye

          -bye… see  you  mid night…

          ខ្សែទូរសព្ទទាំងសងខាងត្រូវបានបិទព្រមគ្នា បន្សល់ទុកតែស្នាមញញឹមមិនដាច់ចំពោះយុវកំលោះសង្ហា សម្បុរសណ្តែកបាយម្នាក់ ក្នុងសម្លៀកបំពាក់ជានិស្សិត កំពស់ប្រហែល១,៧០ម៉ែត្រ ឈររេរាក្បែររបងសាកលវិទ្យាល័យឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ។

          សហសម័យទំនើប ២០០៩នេះ បច្ចេកវិទ្យាពិតជារីកចំរើនជាលំដាប់ ទោះបីសេដ្ឋកិច្ចពិភព លោកកំពុងប្រឈមនឹងឱនភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ…។​ វាពិតជាមានភាពងាយស្រួលក្នុងការរស់នៅ និងការទាក់ទងគ្នាទៅវិញទៅមក ។ ការប្រើទូរសព្ទដៃ ស្ទើរតែគ្រប់គ្រួសារពេញផ្ទៃប្រទេស ទៅហើយ ។ គ្រួសារខ្លះមាន១ ខ្លះ២ ខ្លះគ្រប់សមាជិកក្នុងគ្រួសារទាំងអស់…ព្រោះការរប្រើទូរសព្ទ នេះ ធ្វើឱ្យមានភាពងាយស្រួលក្នុងការទាក់ទងគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ។ ហើយក៏ងាយ​ស្រួលសម្រាប់ការញ៉ែគ្នារបស់យុវវ័យផងដែរ…។ តួយ៉ាងដូចកំលោះសង្ហាយើង ស្ទើរតែរៀងរាល់​ថ្ងៃតែងបង្ហើរនូវសូរសៀងដ៏ផ្អែមស្អិតរបស់ខ្លួនតាមរលកធាតុអាកាសទៅកាន់ពិសីម្ចាស់ហាងកាហ្វេ តូចមួយដែលទើបបើកថ្មី នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ។ ឧត្តមហៅទៅកាន់នាងម្តងៗ មិនដែល ក្រោមមួយម៉ោងនោះទេ…និយាយបណ្តើរ សើចបណ្តើរ  ដូចជាសប្បាយខ្លាំងណាស់ ឥត​ស្តាយ​​ស្រណោះអ្វីបន្តិច ។ យូរៗទើបគេហៅទៅរកម្តាយមេមាយចំណាស់គេម្តង តែការនិយាយទៅកាន់ ម្តាយនោះមានរយៈពេលខ្លីណាស់…យ៉ាងច្រើន១០ នាទីប៉ុណ្ណោះ តែដូចជាស្តាយយ៉ាងសម្បើម ។ គេហៅទៅរកម្តាយ គ្រាន់តែសួរសុខទុក្ខ និងសុំប្រាក់ពីគាត់…។ ឯម្តាយគេវិញ គ្រាន់តែឮកូនត្អូញ ថា ខ្វះប្រាក់ទិញសៀវភៅ ខ្វះប្រាក់បង់ថ្លៃទឹក ថ្លៃភ្លើង បង់បន្ទប់ជួល ខះប្រឹងផ្តាច់ក្រពះខ្លួនឯង លក់នេះលក់នោះ ជួនខ្ចីបុលការប្រាក់គេទៀត ដើម្បីផ្តល់ប្រាក់ឱ្យកូន សង្ឃឹមថាកូននឹងបានសិក្សា បញ្ចប់ដោយសេចក្តីថ្លៃថ្នូរ មានការងារធ្វើល្អសម្រាប់ជីវិតខ្លួន ដោយមិនរំពឹងឱ្យកូនជួយដល់ខ្លួន ឯងវិញឡើយ…។

          កូនឯណេះវិញ នៅពេលបានប្រាក់ពីម្តាយមក គិតតែពីដើរលែង ប៉ាវស្រី បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទយ៉ាងហ៊ឺហា មិនដែលហ៊ាននិយាយថាខ្លួនមកពីស្រែ មានអ្នកម្តាយមេមាយក្រីក្រ ដល់​សង្សារសំណប់របស់គេឡើយ…។

          នៅល្ងាច​ថ្ងៃមួយ ឧត្តមជិះម៉ូតូចេញពីសាកលវិទ្យាល័យយ៉ាងលឿន ឫកពារជាក្មេងទំនើង មិនសមនឹងឈ្មោះរបស់ខ្លួនជានិស្សិតអ្វីបន្តិច ។ ប្រហែលជា១០នាទីប៉ុណ្ណោះ រូបគេក៏បានប្រាកដ ខ្លួនឡើងនៅលើសួនច្បារមុខវត្តបទុមវតី ដោយមាននារីវ័យក្មេងម្នាក់កំពុងឈររងចាំជាស្រេច ។ គ្រាន់តែបានក្រឡេកឃើញកញ្ញារូបស្រស់ សក់ហាយឡាយពណ៌ទង់ដែង បបូរមាត់ក្រហមរលើប​ស្រស់ កំពស់ប្រហែល១.៦០ម៉ែត្រ គ្រងដោយអាវយឺតរលង់ក សំពត់ខើចខ្លីបង្ហាញគល់ភ្លៅ គ្រប ដោយអាវផាយបែបអ៊ឺរ៉ុបពីលើភ្លាម កំលោះយើងញញឹមឥតឈប់ ដើរសំដៅមួយៗទៅកាន់នាង ដោយក្លែមនឹងបង្អែមសម្តី ៖

          -ពិសី អូនមក៍ចាំបងយូរហើយមែនទេ…?

          ពិសីជាដៃគូសន្ទនាសំណប់ចិត្តតាមរលកធាតុអាកាសស្ទើររាល់ថ្ងៃរបស់ឧត្តម ។ ពួកគេតែង ណាត់ដើរលែងជាមួយគ្នា ស្ទើររាល់ល្ងាចថ្ងៃសៅរ៍ ជាថ្ងៃដែលនាងអាចឆ្លៀតឱកាសចេញពីហាង បាន ព្រោះប្អូនស្រីរបស់នាង តែងមកជួយលក់នាងរៀងរាល់ថ្ងៃសៅរ៍ពេញមួយថ្ងៃ ។ ពិសីញញឹម ដាក់ឧត្តមបន្តិច ទើបស្រដីតបទៅវិញ ៖

          -ចាស៎…ទើបមកដល់មុននេះបន្តិចទេ…ចុះថ្ងៃនេះបងម៉េចក៏លឿនម្លេះ…?

          មាណពយកដៃក្រសោបចង្កេះមាណវី បណ្តើរគ្នាទៅរកកន្លែងអង្គុយ ព្រមជាមួយការឆ្លើយ តបសំណួររបស់ស្រីស្រស់ ៖

          -បងនឹកអូនឯងខ្លាំងពេកហ្នឹងណា បានជាបងប្រឹងស៊ុតម៉ូតូបន្តិច…

          សំនៀងផ្អែមត្រជាក់ចេញពីបបូរមាត់បុរស ប្រៀបបានទៅនឹងអ្នកជំនួញ ។ បើនាងមិនជឿ ការឃោសនារបស់គេទេ គេនឹងរកឧបាយនិយាយបន្តទៀត រហូតដល់ធ្វើយ៉ាងណាឲ្យនាងទុកចិត្ត លើគេ…។ មែន ពិសីស្រីស្រស់សិចស៊ី គ្រាន់តែឮសម្តីហានក្លា បោសអង្អែលចិត្តនាង ថ្ពាល់ទាំង សងចាប់ផ្តើមប្រែពីសរលើប ទៅក្រហមរលោង ញញឹមហើយញញឹមទៀត…។ ស្ថិតក្រោមរង្វង់​ហត្ថា ថ្នាក់ថ្នមអំពីយុវកម្លោះ  យុវតីយើងក៏មិនព្រមចុះចាញ់ទៅនឹងទង្វើបែបនោះដែរ ។ នាងបាន

បណ្តោយខ្លួនដោយសម្រួល ទៅតាមចង្វាក់ម្រាមដៃបុរស ហើយនាងក៏បានតបទៅវិញដោយការ ថើបថ្នមៗទៅកាន់គូសង្សារ…។ បើតាមវប្បធម៌ជនជាតិខ្មែរ ទង្វើបែបនេះពិតជាប្រាកដជាមិនមែន​ បើថាអ៊ឺរ៉ុបពិតជាមានមែន តែដូចជាមិនរហេតរហូតបែបនេះប៉ុន្មានឡើយ ។ តែរឿងស្នហាគ្មានអ្នក ណាហ៊ានធានាថាអាចកំណត់ពេលវេលា ទីកន្លែងច្បាស់លាស់បានឡើយ បើកាលណាដល់ពេល​ហើយ វានឹងកើតឡើងដោយឯកឯងពិតជាមិនខាន ។ បុរសកំពុងរង់ចាំឱកាសស្រាប់ បើមានអ្នក ផ្ដល់ឱកាសឲ្យយ៉ាងនេះ គេប្រាកដជាមិនបណ្ដោយឲ្យវេលាកន្លងទៅដោយឥតប្រយោជន៍ឡើយ។ សាច់នៅក្នុងមាត់ខ្លាទៅហើយ គឺមានតែរង់ចាំឱកាសឲ្យខ្លាត្របាក់ស៊ីប៉ុណ្ណោះ ។ មួយម៉ោងក្រោយ​មកអ្នកទាំងពីរក៏បានបំបែកផ្លូវគ្នាឡើងម៉ូតូរៀងៗខ្លួន ។

…………………………………………

          ពេលវេលាបានរំកិលទៅមុខបន្ដិចម្តងៗឥតឈប់ឈរ  ឧត្តម និង ពិសី បានបង្កើតនូវស្នាម​អនុស្សាវរីរាប់មិនអស់ជាមួយគ្នា ពិតជារំភើប ត្រេកត្រអាល សប្បាយ រកអ្វីមកប្រៀបគ្មាន ។ ពួក គេមិនដែលខ្វល់ពីអ្នកជុំវិញខ្លួន ចង់និយាយអ្វីនោះទេ អ្វីដែលពួកគេយល់ថាត្រឹមត្រូវ ពួកគេនឹងធ្វើដោយឥតរេរា ។ ទំនាក់ទំនងស្នេហារបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកចំហឡើង ប្រៀប បានទៅនឹងប្ដីប្រពន្ធដែលទើបតែរៀបការថ្មោងថ្មី…។ ពិសីមិនដែលនឹកស្ដាយនូវអ្វីដែលខ្លួនបានធ្វើ ជាមួយឧត្ដមឡើយ ចំណែកឧត្តមក៏យ៉ាងនោះដែរ ។​ មនុស្សស្រីដែលហ៊ានប្រគល់អ្វីសព្វ​បែបយ៉ាងឲ្យមនុស្សប្រុសក៏ព្រោះតែក្ដីស្រឡាញ់ស្មោះ និងចង់បានជីវិតអាពាហ៍ពិពាហ៍មួយដ៏ពិតប្រាកដនឹង​មនុស្សដែលខ្លួនស្រឡាញ់ តែមនុស្សប្រុសវិញស្នេហាប្រៀបនឹងប្រវត្ដិសាស្ត្រ…។

…………………………………………

ក្រោយពេលប្រឡងបញ្ចប់ឆ្នាំទី២ ឆ្នាំសិក្សា២០០៨-២០០៩ លទ្ធផលប្រឡងគួរជាទីមោទនៈ បំផុតសម្រាប់ឧត្តម ។ ឧត្ដមត្រូវបានទទួលការប្រឡងសងចំនួន ៣មុខវិជ្ជា ក្នុងចំណោម ៥មុខ ។ ប្រាក់បង់សម្រាប់ការប្រឡងសងគ្មានសម្រាប់គេឡើយ តែបើប្រាក់សម្រាប់បញ្ចូលកាតទូរសព្ទញ៉ែស្រី និងផឹកស៊ីសម្រាប់គេមានមិនចេះខ្វះ។ ឧត្តមសម្រេចចិត្តទូរសព្ទហៅទៅកាន់អ្នកម្តាយមេមាយ របស់គេ ដែលកំពុងតែបញ្ចេញនូវកម្លាំងយ៉ាងស្វាហាប់ក្នុងវាលស្រែដែលពេញដោយស្រូវទុំ ។ អ្នកម្តាយគ្រាន់តែដឹងថាកូនខ្វះប្រាក់សម្រាប់សិក្សា ទ្រូងម្តាយរែងអន្ទះសា ដើរខ្ចីបុលការប្រាក់ពីអ្នកជិតខាងយ៉ាងប្រញាប់ ដើម្បីបញ្ជូនទៅឱ្យកូនប្រុស…។ អ្នកម្តាយសុខចិត្តលេបថ្មលេបគ្រួស ហូរញើស បញ្ចេញកម្លាំងព្រោះតែកូន ​តែកូនឥតបានដឹងថាម្ដាយខ្លួនលំបាកយ៉ាងណានោះឡើយ…អ្នកភ្លេចអស់ហើយថាខ្លួនជាកូនអ្នកស្រែ ធ្លាប់ដកស្រូង រើសក្តាមខ្យងតាមវាលស្រែ ធ្លាប់ លំបាកសព្វបែបយ៉ាង…។ កាលនៅឯស្រែ ធ្លាប់ធ្វើជាក្មេងល្អ ជួយការងារម្តាយ​ ស្គាល់ច្បាស់ពីផល ដែលបានមកពីការប្រឹងប្រែង តែពេលដែលសិក្សាបានច្រើន កាន់តែខ្ពស់ ខ្លួនកាន់តែធំ បែរជា​បំភ្លេច​ពីទុក្ខលំបាកទាំងអស់នោះទៅវិញ…។ ប្រាំបីថ្ងៃទៅហើយដែលគេបានហៅទៅកាន់ម្តាយ តែ មិនឃើញម្តាយគេផ្ញើប្រាក់មកដូចសព្វដងសោះ ។ គេព្យាយាមទាក់ទងទៅម្តាយជាច្រើនលើក តែ ទូរសព្ទម្តាយគេមិនអាចទទួលការហៅចូលបាន…ក្នុងខ្លួនមួរហ្មង រសេះរសោះអស់ទាំងខ្លួន​ ម៉ោងប្រហែល២រសៀល គេក៏ប្រញាប់ខ្ចីប្រាក់ពី​មិត្តភក្តិបានបន្ដិចបន្តួច ដើម្បីធ្វើដំណើរទៅកាន់ស្រុក កំពុងស្វាយ ដែនដីកំណើតរបស់គេ…។

ម៉ោងប្រហែល៦ល្ងាច រថយន្តតាក់ស៊ីមួយគ្រឿងបានឈប់សំចតនៅក្បែរគល់ស្ពានឆ្លងស្ទឹង ព្រៃប្រស់បន្តិច រួចក៏បន្តដំណើរទៅមុខទៀត​ ដោយបន្សល់តែរូបឧត្តមនាយកំលោះយើងឈររេរា តែម្នាក់ឯង ។ បន្តិចក្រោយមក រូបគេក៏ប្រតិស្ឋខ្លួនឡើងនៅពីមុខផ្ទះឈើ ជញ្ជាំងស្លឹកត្នោត ដំបូលសង្កសីមួយខ្នង…។ ឧត្តមឡើងទៅលើផ្ទះយ៉ាងលឿន តែគេឥតបានឃើញនរណាម្នាក់ក្នុងផ្ទះនោះឡើយ ។ ផ្ទះដែលធ្លាប់តែមានមនុស្សនៅ គ្មានធូលីជាប់រនាប ត្រូវប្រែក្លាយជាផ្ទះខ្មោច គ្មានរបៀប រៀបរយល្អ​ ខោអាវរប៉ាត់រប៉ាយ ចានបាយសម្លស្អុយដុះផ្សិត…។ ឧត្តមឃើញរូបភាពផ្ទះនោះដូច្នោះ ភក្ត្រាដេលធ្លាប់តែបំព្រង ប្រែជាស្រពោនក្រៀម យកដៃទះថ្ងាសខ្លួនឯងយ៉ាងខ្លាំងព្រមនឹងសម្រែក​«ម៉ែ…»។ គេដឹងថាម៉ែរបស់គេមិនដែលទុកដាក់របស់របរគ្មានសណ្តាប់ធ្នាប់យ៉ាងនេះឡើយ​ គាត់ ប្រាកដជាមានរឿងអ្វីជាមិនខាន…។ ឧត្តមស្ទុះចុះពីលើផ្ទះរត់ទៅសួរអ្នកជិតខាង តែគ្មាននរណាម្នាក់ដឹងថា​ម្តាយឧត្តមទៅណា ឬនៅទីណាឡើយ …។ ជលនេត្របានរត់ប្រជែងគ្នាឥតឈប់តាម ចក្ខុវិថីឧត្តម ក្នុងដំណើរសោះកក្រោះទៅកាន់ផ្ទះរបស់ខ្លួនវិញ…បេះដូងលោតលឿនខុសចង្វាក់ រង្វង់មុខកាន់តែស្លេកស្លាំងជាងមុនទៅទៀត…សំឡេងរងំ «ម៉ែ…! ម៉ែនៅឯណា…ម៉ែមានរឿងអីមែន ទេម៉ែ…» នៅក្នុងបំពុងកមិនដាច់…។ ឧត្តមដើររកម្តាយឆ្លងពីភូមិមួយទៅភូមិមួយទៀតពេញអស់ មួយយប់ តែគឺជាការប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះសូម្បីតែដំណឹងពីម្តាយដ៏តិចតួចក៏គ្មាន

ដែរ…។

          យប់មួយផុតរត់រំលងឆ្លងឆ្ងាយទៅ អាទិទេពកំដៅ បានចរលាយាត្រាពីទិសបូព៌ បញ្ចេញនូវ ពន្លឺពណ៌មាស ផ្សាយនូវឱភាសដើម្បីផ្តល់នូវសេចក្តីសង្ឃឹមដល់សត្តនិករ…រូបភាពឧត្តមនៅតែបន្ត ស្វែងរកម្តាយគេទៀតឥតឈប់…ស្ទើរតែគ្រប់កន្លែងដែលគេធ្លាប់ស្គាល់ ។ ដំណើរយ៉ាងលឿនបាន ប្រាកដនៅលើភ្លឺស្រែដ៏ល្វឹងល្វើយ ភ្នែករំពៃគ្រប់ទិសទាំងអស់​ ឧត្តមឃើញប្រជាជនជាច្រើនកំពុង តែប្រមូលផលពីការប្រឹងប្រែងដកស្ទូងកន្លងមក ចំឡែកបាត់តែម្តាយគេ…ឧត្តមមុខស្ងួតនិយាយតិចៗ «តើម្តាយអញលំបាកយ៉ាងណាទៅ…អញក៏ធ្លាប់ធ្វើស្រែជាមួយគាត់យ៉ាងនេះដែរ…អញមិន មែនជាកូនអភិជនឯណា ហេតុអីក៏អញបំផ្លាញម្តាយអញយ៉ាងនេះទៅវិញ…»។​ វិប្បដិសារីបានស្តី បន្ទោសចំពោះរូបគេឥតឈប់ ធ្វើឱ្យឧត្តមគតិនៃកូនកតញ្ញូកើតឡើងវិញ…។ ឧត្តមដើរបណ្តើរ សួរ ដំណឹងម្តាយគេបណ្តើរ ខ្លះដឹង ខ្លះមិនដឹង តែចម្លើយដែលដឹង ១០នាក់ ស្ទើរខុសគ្នាទាំង១០នាក់ មិនអាចឲ្យឧត្តមយកជាការបានឡើយ…។

          ម៉ោងប្រហែល១២ថ្ងៃត្រង់ ឧត្តមក៏ត្រឡប់មកកាន់ផ្ទះវិញ ។ គេឃើញមនុស្សជាច្រើន ខ្លះ​ឈររេរា ខ្លះអង្គុយ មុខស្រពោនគ្រប់គ្នានៅក្នុងផ្ទះរបស់គេ…គេប្រញាប់ស្ទុះវឹងឡើងទៅលើផ្ទះ គ្មាននិយាយអ្វីបន្តិច ។ ស្ត្រីចំណាស់ម្នាក់កំពុងតែសម្រានស្តូកស្តឹង ខ្លួនក្តៅដូចភ្លើងតែរងា ភ្នែកបិទ ជិតតែបង្ហូរនូវទឺកថ្លាស្អាតមកលើផែនថ្ពាល់ទាំងសង ក្នុងវ័យប្រមាណ៧០ឆ្នាំ​ និងក្បែរស្ត្រីចំណាស់ មានស្ត្រីម្នាក់ទៀតមុខស្លេកបន្តិច ក្នុងវ័យប្រមាណ៥០ឆ្នាំអង្គុយសម្រក់ទឹកភ្នែក ដោយដៃកាន់​ក្រមាជ្រលក់ទឹក ជូតថ្នមៗលើថ្ងាសស្ត្រីចំណាស់កំពុងសំរាន្ត…។ ឧត្តមឃើញហេតុការណ៍នេះ គេ តូចចិត្តចំពខ្លួនឯងយ៉ាងខ្លាំង ដែលមិនអាចជួយអ្វីដល់ពួកគាត់បាន…។ ឧត្តមបោះជំហានថ្នមៗ ហើយនិយាយទៅកាន់ស្ត្រីចំណាស់អាយុ៥០ឆ្នាំថា ៖

          -ម៉ែ…សម្រាកទៅ ទុកឲ្យខ្ញុំវិញ…

          ស្ត្រីចំណាស់រូបនោះ ឥតបានតបមកកាន់គេវិញឡើយ… គាត់នៅតែបន្តសកម្មភាពនោះ​ដដែល… យូរបន្ដិចទើបគាត់ព្រមនិយាយ ៖

          -ខ្ញុំមានម្តាយតែម្នាក់ តែម្តាយខ្ញុំមានកូនច្រើន…ម៉ែចិញ្ចឹមកូនរស់ តែកូនច្រើនមិនអាចចិញ្ចឹម ម៉ែខ្លូនឯងម្នាក់បាន…មិនអាចមើលខុសត្រូវចំពោះសុខភាពម៉ែបានសោះ…

          គ្មាននរណាម្នាក់ដែលមិនបានឮនូវសម្តីស្ត្រីមេមាយរូបនេះឡើយ ហើយក៏គ្មាននរណាហ៊ាន តទៅកាន់គាត់វិញដែរ…តែពាក្យនោះគឺជាពាក្យទូន្មានដ៏សំខាន់បំផុតសម្រាប់ឧត្តម…។ ជម្ងឺជីដូន ធ្ងន់យ៉ាងនេះ គឺមកពីខ្វះការយកចិត្តទុកដាក់ពីកូនៗ មួយអន្លើដោយការខ្វះប្រាក់មើលជម្ងឺទៀត ផង…។ យប់នោះដែរ ជីដូនឧត្តមក៏បានធ្វើដំណើរចាកលោកយ៉ាងស្ងៀមស្ងាត់ បន្សល់តែសេចក្តី ស្តាយស្រណោះដល់កូនចៅ…។

          ឧត្តម មិនដែលធ្លាប់នឹកថា រឿងរ៉ាវបានកើតឡើងតែមួយប៉ប្រិចភ្នែកសោះ ។ នៅពេលរូបគេ Callមករកម្តាយដើម្បីសុំប្រាក់យកទៅបង់ថ្លៃប្រឡងសង ជីដូនរបស់គេក៏កំពុងតែសម្រាន្តស្តូកស្តឹង លែងដឹងស្មារតី នៅឯផ្ទះម្តាយមីង ក្នុងស្រុកស្ទោងឯណោះ ។ គ្រាន់តែឧត្តមដាក់ទូរសព្ទភ្លាម ម្តាយ ឧត្តមក៏បានទទួលដំណឹងដ៏គួរឲ្យតក់ស្លុតពីម្តាយរបស់ខ្លួនតាមរយៈអ្នកជិតខាងក្បែរផ្ទះម្តាយ បាន Call​ មកប្រាប់ភ្លាមដែរ ។ ដោយប្រញាប់ខ្លាំងពេកកសិករមេមាយរូបនេះ ​មិនបានប្រាប់​ពីដំណើរ​របស់​ខ្លួនដល់អ្នកជិតខាងឡើយ…រហូតដល់ឃើញរូបគាត់នាំអ្នកម្តាយកំសត់មកវិញ ទើបអ្នកភូមិជា​​​មួយដឹងថារូបគាត់បាត់ខ្លួនព្រោះទៅថែម្តាយខ្លួន…។

…………………………………………….

ក្រោយពីធ្វើបុណ្យសព្វជីដូនតាមប្រពៃណីរួចមក ឧត្តមបានសុំការអនុញ្ញាតពីម្តាយឈប់ រៀនបន្ដ ព្រោះគេឃើញម្ដាយរបស់គេ ជំពាក់អ្នកជិតខាងច្រើនពេក…តែម្ដាយរបស់គេមិនព្រមជា ដាច់ខាត ។ ឧត្តមក៏ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកមកកាន់រាជធានីភ្នំពេញដើម្បីបន្ដការសិក្សា…។

ចាប់ពីថ្ងៃនោះមក ឧត្តមកាត់បន្ថយការដើរលេង ផឹកស៊ី និយាយទូរសព្ទយ៉ាងច្រើន…គេកែ ខ្លួនសាជាថ្មី ព្រោះនឹកអាណិតចំពោះម្តាយខ្លួន ។ តាំងពីឧត្ដមឈប់ហ៊ឺហាមក ពិសីម្ចាស់ហាង​កាហ្វេគល់ស្ពានស្ទឹងមានជ័យ ក៏បានកាត់បន្ថយទំនាក់ទំនងស្នេហាជាមួយឧត្តមផងដែរ…។ ឧត្តម ស្តាយណាស់ ព្រោះរូបគេពិតជាស្រឡាញ់នាងដោយស្មោះ ឥតមានចិត្តគេចកែ ក្រឡាស់ ក្បត់ចិត្ត នាងឡើយ ។ គេប្រាថ្នាយកនាងជាគូគាប់អនាគតដ៏ពិតប្រាកដ ។ ទីបំផុតទំនាក់ទំនងរបស់គូស្នេហ៍ មួយគូនេះ ត្រូវបានបញ្ចប់ ព្រោះតែឧត្តមគ្មានអ្វីផ្គាប់ចិត្តនាងទៀត ។ គេគិតតែពីរៀន និងធ្វើការ គ្មានថ្ងៃសម្រាក ។ ពិសីក៏មានសង្សារថ្មីទៀត…។

ឧត្តមមិនបន្ទោសអ្នកណានោះទេ ព្រោះគេគិតថា ស្នេហារវាងគេ និងពិសីមិនមែនជា

ចំណងស្នេហាពិត ។ ឧត្តមតែងនិយាយថា«ខ្ញុំនៅតែស្រឡាញ់នាងជាដរាប តែស្នេហាខ្ញុំ និងនាង មិនមែនជាស្នេហ៍ខ្ជិប តែគឺជាចំណង ស្នេហ៍ហា ដ៏ពិត…អ្វីដែលខ្ញុំសោកស្តាយ គឺការចំណាយ​ពេលពីមុនដោយឥតប្រយោជន៍ ជាមួយនឹងការក្បត់ទឹកចិត្ត​អ្នកម្តាយរបស់ខ្ញុំ…» ទៅកាន់មិត្ត​ភក្តិ​ដែល​បានសួរពីរឿងស្នេហារបស់គេ…៕

                                                          ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩

ចុះផ្សាយដោយ krupaokbin

nothing to say

2 thoughts on “ស្នេហ៍ហា

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។

%d bloggers like this: