ឱកាសខ្ញុំ

    ឱកាសខ្ញុំ

​​ខ្ញុំជាមនុស្សច្រឡើម​ ក្បាលខូច ​ចូលចិត្តធ្វើបាបចិត្តមនុស្សដូចគ្នា ជាពិសេសមាន់ស្រែ ដែលទើបតែដើរចូលមករកចំណីក្នុងទីក្រុង​ ។​​ ខ្ញុំមិនខ្វល់ថា​នរណាឈឺចិត្តស្អិតទ្រូងស្អីនោះទេ  សំខាន់​បំផុតឱ្យតែខ្ញុំបានសប្បាយ ។ នារីមកធ្វើការនៅរោងចក្រកាត់ដេរមួយ​ចំនួនធំត្រូវបានក្លាយជាអ្នកបំពេញតម្រូវកាមគុណ ដោយបូជា​យុវវ័យភាពដ៏ស្រស់ថ្លាបរិសុទ្ធរបស់ខ្លួនមកដល់ខ្ញុំ ។ និយាយដល់រឿងនេះ ខ្ញុំពិតជារំភើបណាស់  ហើយចង់តែអួតប្រាប់មនុស្សជុំវិញខ្លួនថា ខ្ញុំពូ​កែខាងទាក់ស្រីៗបំផុត ។ មានកម្មការនីរោងចក្រកាត់​ដេរខ្លះនិយាយថា នរណាខូចក៏ខូចចុះ កុំឲ្យតែពួកយើងខូច… មិនមែនស្រ្តីទាំងអស់សុទ្ធ​តែយ៉ាងហ្នឹងឯណា  ម្យ៉ាងទៀតបើយើងកុំរវល់ជាមួយពួកប្រុស​កំហូចទាំងនោះ  ពួកគេក៏គ្មានឱកាសដែរ ។ ខ្ញុំពិតជាឯកភាពចំពោះសំដី​នេះខ្លាំងណាស់ តែទាស់តែវា​គ្រាន់តែជាពាក្យសំដីមិនមែនការអនុវត្ត ។ នារីដែលខ្ញុំញ៉ែ​ និងទាក់ទងបាននោះគឺសុទ្ធតែប្រភេទ​មនុស្សស្រីនិយាយផ្សេងធ្វើផ្សេងនោះឯងហើយ។                                                                                                                                            ​          ធម្មតាទេមនុស្សយើងតែចាកឆ្ងាយពីផ្ទះ លែងនៅក្នុងគំនាបនៃការ​មើលថែពីម៉ែឪ​ទៅហើយចង់ធ្វើអ្វីស្រាច់តែក្បាលវាល់តែប៉ុណ្ណោះ ។ ឃើញគេល្អ ចេះតែចង់ល្អតាមគេដែរហើយ។ ថ្មីៗ​នេះខ្ញុំប្រម៉ាញ់បាននារីធ្វើការរោងចក្រកាត់ដេរម្នាក់នៅម្តុំកាណាឌីយ៉ាស្ទឹង​មានជ័យ ។ ដំបូងឡើយ អាសំឡាញ់របស់ខ្ញុំវាបានបបួលខ្ញុំ​ទៅលេងផ្ទះជួលសង្សារវានៅកាណាឌីយ៉ា ។ អារឿង​បបួលទៅផ្ទះស្រីៗស្នាក់នៅនេះ ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ ។​ ឲតែមានបុប្ផា​កន្លង់សាវាដូចជារូបខ្ញុំ​ត្រូវតែក្រវែលមើល បើពេញចិត្ត ត្រូវរូវជាមួយ​និងផ្កាភ្លាម ខ្ញុំនឹងរកល្បិចក្រែបលំអង​ផ្កា​នោះឲ្យបាន ។

          ក្នុងបន្ទប់ផ្ទះជួលមាននារីស្រស់ស្អាត៤នាក់ សុទ្ធតែមកពីស្រុកស្រែ​ទាំងអស់ ។ ស្រុកស្រែមែន តែសម្ផស្សសោភាមិនចាញ់អ្នកទីក្រុងឯណា  បើម្នាក់ៗគិតតែតុបតែងខ្លួន​បង្អួតសម្រស់គ្នាយ៉ាងហ្នឹងនោះ ។ ស្រីស្អាតទាំងបួននាក់នោះ សុទ្ធតែមានម្ចាស់គ្រងរក្សាហួងហែង​ទៅហើយ ក្នុងនោះក៏មានសំឡាញ់ខ្ញុំម្នាក់ផងដែរ ។

          សម័យនេះពួកប្រុសៗ ប្រើទឹកប្រាក់សម្ភារៈ​បច្ចេកវិទ្យាវិទ្យាសាស្ត្រ​ទំនើបៗ ដើម្បីជានុយសម្រស់ទាក់ស្រីៗ។​  បើស្រីណាចិត្តងាយផង ឃើញឧបករណ៍ជានុយហើយព្រមទទួលស្វាគមន៍ ប្រុសៗទាំងនោះ ស្រីនោះនឹងប្រាកដធ្លាក់ខ្លួនដូចជាត្រីជាប់សន្ទូចជាមិនខាន ។ គួរសរសើរពាក្យបុរាណដែរ ដែលបានផ្តល់នូវល្បិចពិសេសសំរាប់មនុស្ស​កំហូច ឲ្យរបស់ស្រណោះដៃ ។ មែន​ប្រុសៗប្រើល្បិចនេះឯង យក​របស់នេះយករបស់នោះ ផ្គាប់ផ្គន់ស្រីៗភាគច្រើន គឺបានជោគជ័យ យ៉ាងពិតប្រាកដ ។​

          ល្ងាចថ្ងៃនោះអាម៉ាកខ្ញុំ វាបានបបួលសង្សាររបស់វា និងនារីម្នាក់ទៀត​ទៅដើរលេជាមួយគ្នា​ ។ វាឌុបសង្សារវា ខ្ញុំឌុបសង្សារគេ ។ ម្យ៉ាងដែរ​ម៉ូតូមួយនោះគេនិយាយគ្នា ប្រើភាសាបងអូនយ៉ាងផ្អែម តែម៉ូតូខ្ញុំវិញបែជាប្រើភាសាពូមីងទៅវិញ  គឺគេហៅខ្ញុំថាពូ ហើយខ្ញុំក៏ហៅ គេមីង វិញទៅ។​  ម៉ោងប្រហែល៧ល្ងាច​ ម៉ូតូយើងទាំងពីរបានសំចត​ទុកអែបចិញ្ចើមថ្នល់មុខវត្តបទុមវតី រួចនាំគ្នាទៅអង្គុយមើលទឹករាំក្នុង​បរិវេនសួនច្បារ ។  ខ្ញុំឃើញសំឡាញ់ខ្ញុំឱបចង្កេះសង្សាររបស់ គេជាប់ ជួនកាលឃើញេគេថើបគ្នាយ៉ាងជក់ចិត្ត ។ អូយរំភើបណាស់ ឃើញគេ​ប្រលែងគ្នាបែបស្រៀវស្រើបបែបនេះនោះ ។ ខ្ញុំពិតជាចង់ប្រឡែង​ប្រលោមថ្នមថ្នាក់នារីម្នាក់នៅក្បែរខ្ញុំនេះខ្លាំងណាស់ តែខ្ញុំទើបតែស្គាល់គ្នាជាមួយនាង ធ្វើម្តេចខ្ញុំហ៊ានធ្វើយ៉ាងនេះទៅ ម្យ៉ាងទៀតមើលទៅ នាងម្នាក់នោះដូចជារាងសុភាព សមរម្យ និយាយស្តីម៉ត់ចត់ម៉ឹងម៉ាត់ផង  ។

          និស្ស័យមនុស្សខូចដូចខ្ញុំ តែកាលណាឃើញប្រើធម៌ក្តៅមិនបានទេ​ ប្រាកដជាប្រើល្បិចធម៌ត្រជាក់វិញជាមិនខាន ។ ខ្ញុំរកឃើញល្បិចប្រលោមនាងច្រើនយ៉ាងណាស់ ខ្ញុំគិតមួយសន្ទុះ រួចក៏បែរមុខទៅសួរនារីក្បែរខ្លួនធ្វើដូចខ្លួនឯងអ្នកចេះអ៊ីចឹង៖

          -មីងមកធ្វើការប៉ុន្មានឆ្នាំហើយ…?

          -បីឆ្នាំហើយ…

          ខ្ញុំគ្រាន់តែឮបីឆ្នាំហើយ…ខួរក្បាលខ្ញុំចាប់ផ្ដើមគិតថា ‹អ៊ីយ៉ាចាស់វស្សាទៅហើយនេះ›… តែខ្ញុំនៅធ្វើធម្មតា ដូចជាមិនចាប់អារម្មណ៍…ខ្ញុំសួរបន្ត៖

          -មីងដែលទៅស្រុកទេឥឡូវហ្នឹង…?

          -ខានទៅបីខែហើយ ផ្ញើតែប្រាក់ខែឱ្យអ្នកផ្ទះប៉ុណ្ណោះ (នាងឆ្លើយយ៉ាងកំបុត ក្នុងទឹកមុខញញឹម ស្ងួត) ។

          -កាលនៅស្រុកមីងរៀនដល់ថ្នាក់ទីប៉ុន្មាន…?

          -ចាស ខ្ញុំរៀនដល់ថ្នាក់ទី១២ តែមិនបានប្រឡងបាក់ឌុបទេ…

          -ម៉េចក៏អ៊ីចឹង…?

          ខ្ញុំសួរនាងបន្ទាន់បែបនេះ នាងមើលមុខខ្ញុំចំៗ ដោយកែវភ្នែកមុតថ្លា ព្រមនឹងសំណើចរងំ ជាប់បំពង់ក…

          -ខ្ញុំសូមមិនឆ្លើយបានទេ…

          -តាមចិត្តមីងចុះ បើមីងមិនចង់ប្រាប់ក៏មិនអី…

          ក្នុងលោកនេះគ្មានអ្វីអាថ៌កំបាំងឡើយ។ មនុស្សខ្ញុំនេះ បើរឿងអ្វីដែលគេមិនចង់ឱ្យដឹង ខ្ញុំ រឹតតែចង់ដឹងទ្វេឡើង ទោះបីរឿងនោះល្អ ឬអាក្រក់យ៉ាងណាក៏ដោយ ។ ពួកយើងទើបតែស្គាល់ គ្នាមែន តែខ្ញុំមានអារម្មណ៍ថា នាង និងខ្ញុំហាក់ស្និទ្ធិស្នាលគ្នាសម្បើមណាស់។ គូស្នេហ៍មួយគូ នោះ មិនខ្ចីរវល់នឹងអ្វីឡើយ សំឡាញ់ខ្ញុំគិតតែពីថើប ស្ទាប អង្អែល គូកំណាន់របស់ខ្លួនសព្វ សារពាង្គកាយទាំងអស់ ។

          ម៉ោងប្រហែល៩យប់ថ្ងៃនោះ ពួកយើងបានចូលការាអូខេបន្តទៀត ។ ទំនាក់ទំនងរវាង យើងទាំង៤នាក់កាន់តែស្និទ្ធិស្នាលឡើងៗ។ ពួកយើងនាំគ្នាផឹកបៀរផង ច្រៀងផង រហូតដល់ខ្ញុំ មិនដឹងថាដៃទាំងពីររបស់ខ្ញុំកំពុងធ្វើអ្វីនោះឡើយ ។ ខ្ញុំរឹងខ្លួនអស់ហើយ ។ ខ្ញុំឮតែសំឡេងភ្លេង

តែក៏មិនដឹងថាវាជាបទអ្វីឡើយ ។ ពួកយើងពិតជាសប្បាយរកលេខដាក់គ្មាន រហូតដល់ម៉ោង ១១អាធ្រាត្រ ទើបពួកយើងនាំគ្នាទៅរកផ្ទះសម្នាក់ដើម្បីសម្រាក ។ ខ្ញុំនិងសំឡាញ់ខ្ញុំ ស្រវឹងជោគប្រាណ បោះជំហានទៅមុខស្ទើរពុំរួច ឯពួកនាងវិញក៏ដូចគ្នា តែមិនណាស់ណាដូចពួកយើង ឡើយ។

‌          យប់មួយផុតរត់រំលងឆ្លងឆ្ងាយទៅ អ្វីៗត្រូវបានបញ្ចប់ ខ្ញុំនឹងសំឡាញ់បានឌុបស្រីៗទាំង ពីរនាក់ ទៅដាក់នៅមុខរោងចក្រកាត់ដេរវិញ ។

          ត្រឹមតែមួយយប់សោះ ខ្ញុំក៏បាន……។ ណ្ហើយកុំខ្វល់ពេក…យើងមិនបានសុំគេឯណា គេ ព្រមឱ្យយើងខ្លួនគេទេតើ…បើគេឱ្យហើយយើងមិនទទួលដូចជាដាច់ចិត្តខ្លាំងពេក…​កុំយល់ច្រឡំ គឺ​គេឱ្យលេខទូរសព្ទគេមកខ្ញុំប៉ុណ្ណោះ… ហាស…! តាមពិតខ្ញុំពុំបានប៉ះអ្វីនាង សូម្បីមួយចំរៀកសក់ ព្រោះនាងខ្លាចចាញ់បោកពួកប្រុសៗខ្លាំងណាស់…។

          បានលេខទូរសព្ទដូចសង្ឃឹមបាននាងពាក់កណ្ដាលអ៊ីចឹង…។ ទោះបីដឹងថា នាងមាន សង្សារហើយឯណាក៏ដោយ ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់ ខ្ញុំគ្រាន់តែដឹងថា អ្នកណាបានមុន គឺជារបស់អ្នកនោះយ៉ាងពិតប្រាកដ។ ស្ទើរតែរាល់ថ្ងៃ ខ្ញុំតែងទូរសព្ទទៅញ៉ែនាង បបួលនាងដើរលេង និយាយសុទ្ធតែពាក្យត្រឹមត្រូវផ្អែមល្ហែម…តែពាក្យពេចន៍ទាំងនោះគឺសុទ្ធតែជាល្បិចទាញយក ប្រយោជន៍ថ្ងៃក្រោយទាំងអស់…។ ធម្មតានយោបាយគេមិនមែនធ្វើថ្ងៃហ្នឹង ចង់បានលទ្ធផលថ្ងៃ ហ្នឹងតែម្តងនោះទេ …គឺគេប្រាថ្នាលទ្ធផលថ្ងៃខាងមុខឯណោះទេ…។

………………………………………………

          ម៉ោង៣រសៀលថ្ងៃអាទិត្យ ២៧ ធ្នូ ២០០៩

          នាងបានទូរសព្ទមកខ្ញុំ ប្រាប់ថាមានការចង់និយាយជាមួយ ឱ្យទៅឌុបនាងដើរលេងផង អ៊ីយ៉ា នេះជាឱកាសខ្ញុំទេតើ…ខ្ញុំប្រញាប់បញ្ជាម៉ូតូស្នេហ៍របស់ខ្ញុំយ៉ាងលឿន ចំណាយពេលតែ ប្រមាណ៣០នាទីប៉ុណ្ណោះទៅរកនាង ព្រោះដើម្បីចាប់ក្រសោបយកឱកាសចំពោះមុខឱ្យបាន ។ ពេលទៅដល់នាងបានឈររងចាំខ្ញុំរួចជាស្រេចដោយមានសំលៀកបំពាក់សមសួន តែងខ្លួនមិនចាញ់អ្នករាជធានីប៉ុន្មានឡើយ…។

          -ឱ្យខ្ញុំសុំទោសដែលខ្ញុំមកយឺតបន្តិច…ចន្ធីរងចាំខ្ញុំយូរហើយមែនទេ…?

​​​ខ្ញុំនិយាយយ៉ាងគួរសម ព្រោះចង់ឱ្យគេទុកចិត្តថាជាប្រុសមាន​សីលធម៌ ។ ដំបូងខ្ញុំឃើញមុខនាងឡើងក្រញ៉ូវ តែឮខ្ញុំនិយាយបែបនោះ ភក្ត្រាក៏ប្រែជាញញឹមឡើងវិញ…

          -មិនចាំយូរទេ…វណ្ណៈ…

          ខ្ញុំបានឌុបនាងស្ទើរពេញរាជធានី…ទីបំផុតម៉ូតូស្នេហ៍របស់​យើងបានឈប់គាំងស្ដូក នៅប្របមាត់ច្រាំងទន្លេក្បែរ Naga World ព្រោះទីនោះងងឹតល្មម អាចឱ្យខ្ញុំប្រលោមស្នេហ៍លើនាង បាន…ខ្ញុំមិនទាន់ទាំងបានប្រើល្បិចបញ្ឆោតស្នេហ៍លើរូបនាងផង ក្នុងទឹកមុខស្ងួតស្រពោន នាងនិយាយមកកាន់ខ្ញុំមុនថា៖

          -វណ្ណៈ ចូលចិត្តកន្លែងនេះខ្លាំងណាស់មែនទេ…?

          ខ្ញុំញញឹមស្ទើរបន្តិច រួចឆ្លើយសំណួរស្រីស្រស់៖

          -មិនសូវប៉ុន្មានទេ …តែទីនេះខ្យល់អាកាសបរិសុទ្ធល្អ…ចុះចន្ធី ពេញចិត្តទីនេះដែរទេ…?

          -ម្យ៉ាងដែរ…តើវណ្ណអាចឆ្លើយសំណួរខ្ញុំមួយបានទេ…?

          -បាន ឱ្យតែខ្ញុំអាចឆ្លើយបាន…

          -អ្វីទៅហៅថាស្នេហា…?

          ខ្ញុំពិតជាមិនដឹងត្រូវឆ្លើយជាមួយនាងយ៉ាងណានោះទេ…សំណួររបស់នាងសំរាប់ខ្ញុំគឺ ពិបាកនឹងឆ្លើយខ្លាំងណាស់ ព្រោះខ្ញុំគ្រាន់តែជាព្រានបញ្ឆោតមនោសញ្ចេតនាតែប៉ុណ្ណោះ… សំណួរនេះធ្វើឱ្យខ្ញុំនឹកឃើញថា ខ្ញុំក៏ធ្លាប់មានស្នេហានោះដែរ តែម្ចាស់ស្នេហ៍របស់ខ្ញុំនោះត្រូវ បានឃ្លាតឆ្ងាយពីខ្ញុំទៅហើយ… នាងទៅរហូត… រហូតដល់ខ្ញុំក្លាយទៅជាព្រានស្នេហ៍អន់ជាង តិរិច្ឆានទៅទៀត។ ខ្ញុំនឹកឃើញថា ខ្ញុំធ្លាប់ស្រលាញ់គ្នាជាមួយនារីម្នាក់ យើងទាំងពីរពិតជាស្មោះ នឹងគ្នាយ៉ាងពិតប្រាកដ…ថ្ងៃមួយយើងបានដើរលេងជាមួយគ្នាពេញមួយថ្ងៃ…ពេលត្រឡប់ទៅ ដល់ផ្ទះនាងវិញ ម្ដាយនាងបានស្ដីបន្ទោសនាងយ៉ាងខ្លាំង ជេរនាងដោយពាក្យមិនសមគួរច្រើន បែប នៅចំពោះមុខខ្ញុំ និងមនុស្សជាច្រើន…ខ្ញុំក៏បានចូលរួមចំណែកសាងកំហុសនោះដែរ… ខ្ញុំ្ ព្យាយាមសុំទោសម្ដាយនាងជាមួយនាង តែម្ដាយនាងនៅតែប្រមាថជេរ នាងដដែលៗ…។ យុវភាពនៃក្មេងស្រីកំពុងពេញក្រពុំពិតជាខ្មាសគេ​ខ្លាំងណាស់ ជាពិសេសគឺរូបខ្ញុំ…នាងខ្ទប់មុខ រត់ចូលទៅខាងក្នុងផ្ទះ​យ៉ាងលឿន ដោយបន្សល់ទុកទឹកថ្លាស្អាតពេញដោយកំដៅចេញពីកែវ ភ្នែករាប់ពាន់ដំណក់ស្រោចមកលើផែនដី…។ ខ្ញុំព្យាយាមនិយាយជាមួយ​ម្ដាយនាងពីការពិត សារភាពពីសេចក្ដីស្មោះស្មគ្រ​ភាពបរិសុទ្ធនៃ​យើងទាំងពីរ…តែម្ដាយនាងមិនទទួលស្ដាប់ពាក្យខ្ញុំឡើយ…​ទីបំផុតខ្ញុំក៏ត្រូវសម្រេចចិត្តត្រឡប់មកកាន់ផ្ទះរបស់ខ្ញុំវិញ…។ យប់នោះខ្ញុំរសេះរសោះ គេងមិនលក់សោះ ចេះតែស្រមៃឃើញនាង​នៅនឹងកែវភ្នែកស្រស់ៗ…ហេតុអ្វីក៏ម្ដាយនាងមិន ស្ដាប់ហេតុផលរបស់​ពួកយើង តើគាត់ជេរពួកយើងព្រោះតែការស្រឡាញ់កូនគាត់មែនឬ…?

          តាំងពីល្ងាចនោះមក ខ្ញុំខានបានជួបនាងរហូត សូម្បីតែទូរសព្ទក៏បិទ…ខ្ញុំព្យាយាមទៅសួរ ម្ដាយនាង តែម្ដាយនាងឥតបាននិយាយរកខ្ញុំមួយម៉ាត់…ឯអ្នកជិតខាង មិត្តភក្តិជិតស្និទ្ធិនឹងនាង ទៀតសោត ក៏គ្មាននរណាឆ្លើយ​ប្រាប់ខ្ញុំឡើយ…។ ខ្ញុំព្យាយាម ទំនាក់ទំនងរកនាងទាំងក្តីបារម្ភ និងឈឺចាប់បំផុត…តែជាការប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះរឿងស្មោះស្នេហ៍នោះ គ្រាន់ តែជាការយល់សប្ដិរបស់ខ្ញុំប៉ុណ្ណោះ…ហាស…។

          -វណ្ណៈ ហេតុអ្វីបានជាមិនឆ្លើយសំណួរខ្ញុំ…?(នាងសួរបញ្ជាក់…)

          -ខ្ញុំមិនដឹងទេ…(ខ្ញុំឆ្លើយដោយបិទភ្នែក)

          -តើមនុស្សប្រុសមានមួយណាស្មោះដែរ ឬទេ…?(នាងសួរបន្ថែម…)

          -គ្មានទេ…រួមទាំងរូបខ្ញុំ…ហាស…

          -តែវណ្ណៈ មិនសមទេ…

          -សំបកក្រៅគឺយ៉ាងនេះឯង…ជឿទេ…(ខ្ញុំនិយាយពោរពេញដោយ​ល្បិច…)​

          -មិនសូវជាជឿប៉ុន្មានដែរ…ព្រោះ…

          -ព្រោះយ៉ាងម៉េច…?

          -ព្រោះវណ្ណៈ…មិនចេះឆ្លៀតឱកាសកេងចំណេញលើស្រីៗផង…

          -ម៉េចបានដឹង…នែ តិចចាញ់បោកវណ្ណៈណា…

          -បើចាញ់បោកគឺ ចាញ់បោកយូរណាស់ហើយ…

          តាមពិតខ្ញុំកំពុងតែចាប់យកឱកាស តែនាងបែរជានិយាយថា ខ្ញុំមិនចេះឆ្លៀតឱកាសទៅ វិញ…ហាស…

          -ហាស…!

          -នែ…សើចស្អីនឹង…

          -មានអី…សើចត្រង់ត្រីជិតចូលសន្ទូចទៅហើយ នៅយល់ថា សន្ទូចជាមិត្តនឹងត្រីទៀត…

          -អ៊ីចឹង…វណ្ណៈ ចង់ធ្វើបាបខ្ញុំមែនទេ…?

          -មែន…

          ខ្ញុំយកនាងមកកន្លែងនេះ  គឺដើម្បីឱនាងឃើញគូស្នេហ៍ជាច្រើនគូ​កំពុងតែក្បត់នឹងឪពុក ម្ដាយ មកបង្កើតអនុស្សាវរីយ៍ចុកឈាមនៅមាត់​ទន្លេនេះឯង…សម្ដីខ្ញុំនិយាយជាពាក្យពិត តែហាក់ដូចជាការលែងសើច​នឹងនាង…ម្ល៉េះហើយទើបនាងនៅតែមិនដឹងពីពុតត្បត់ដ៏អាក្រក់របស់ ខ្ញុំទៀត…យប់មុនខ្ញុំខ្លាចគេដឹង តែយប់នេះគ្មាននរណាដឹងឡើយ ស្រមោចនឹងស្ករ បើវានៅជិត គ្នាទៅហើយ …គិតទៅមនុស្សយើង​ខ្លាច​ចាញ់ល្បិចរបស់គេពេក…ដល់ពេលល្បិចរាក់កំផែល បែបនេះ បែរជាមើលមិនដឹង។ ថ្ងៃនោះខ្ញុំនាំនាងដើរលេងរហូតដល់ម៉ោងប្រហែល១១អាធ្រាត្រ ទើបនាំនាងទៅគេងនៅឯផ្ទះសំណាក់…។

          គិតទៅប្រុសព្រានដូចជាខ្ញុំនេះ មិនចេះខ្វះល្បិចរាយអន្ទាក់ចាប់ស្រី​ស្រស់ទាល់តែសោះ។ ទីបំផុតឱកាសដែររំពឹងទុក ត្រូវបានបើកបង្ហាញ​ជាផ្ទាំងសម្រាប់ខ្ញុំ…ខ្ញុំមិនចេះទុកឱកាសនោះ ឱ្យកន្លងផុតទៅដោយឥត​ប្រយោជន៍នោះទេ…

          ព្រះអាទិត្យ បានបង្វិលនាឡិកា ឱ្យម៉ោងរត់មកនៅត្រឹមលេខ៥កន្លះ…ខ្ញុំដឹងខ្លួនពីដំណេក ឡើង រាវរកចន្ធី ដែលគេងនៅក្បែរខ្លួន… តែមិនឃើញ​រូបនាងសោះ…អីយ៉ាតាមពិតខ្ញុំយល់សប្តិទេតើ…យីយល់សប្ដិដូចជាការ​ពិតអញ្ជឹង…ចាញ់បោកយល់សប្ដិអស់មួយយប់…

          មនុស្សល្អស្មោះនឹងស្នេហ៍សោះ បែរជាក្លាយជាព្រានទៅវិញ…ហាស…

                                                         ថ្ងៃទី២៦ ធ្នូ ២០០៩

                                                 ម៉ោង ២.១៥នាទីរំលងអាធ្រាត្រ

ចុះផ្សាយដោយ krupaokbin

nothing to say

%d bloggers like this: