ប្រដាល់
បទពាក្យ៧
គ្មានអ្នកណាម្នាក់ចង់ដាល់គ្នា
ឲ្យកាយគ្រាំគ្រាឈឺចុកផ្សា
ចង់មានសត្រូវរោមអាត្មា
ចង់ឲ្យអស្ចារ្យថាខ្លាំងឡើយ ។
ដាល់លើសង្វៀនព្រោះតែប្រាក់
ក្រពះរើបាក់ស្រេកឥតល្ហើយ
ដាល់ឈាមពេញមុខមាត់លាត់សើយ
ដែជើងឆ្លងឆ្លើយយកឈ្នះចាញ់ ។
អ្នកមើលស្រែកហ៊ោលាន់អឺងអាប់
អ្នកដាល់ប្រឹងសាប់ញើសដូចខ្លាញ់
អ្នកមើលប្រឹងមើលភ្នែកត្របាញ់
អ្នកដាល់សំឡាញ់ឈឺពេញប្រាណ ។
អ្នកមើលខំប្រឹងភ្នាល់ដាក់លុយ
ល្បែងដាល់ឆ្ងាញ់ឈ្ងុយយ៉ាងចំណាន
ស្រែកលើកទឹកចិត្តទាំងតឹងតាន
បើឈ្នះនឹងបានរង្វាន់ធំ ។
អ្នកដាល់គ្រាន់តែឮបានប្រាក់
ខំវាយឥតអាក់ផ្តួលរលំ
គេហ៊ោឯងជោរលែងតាំងឃុំ
ដាល់ដូចធ្លាប់គុំគ្នារាប់ឆ្នាំ ។
ឯងចាញ់គេជេរស្តីផ្តាសា
ដៀលគ្មានបានការអន់សាច់កម្ម
ឈ្នះបានត្រឹមប្រាក់យកទិញថ្នាំ
ផឹកស៊ីប្រចាំស្ទើរមិនគ្រប់ ៕
ថ្ងែទី២៨ ខែកញ្ញា ២០០៩
ជំនិត វិជិតភក្តី