កាលនៅពីក្មេង ខ្ញុំនេះរប៉ិលរបូចខ្លាំងណាស់ ចូលចិត្តលេងសើចសប្បាយច្រើន…រំពាត់តែងហើរមកសណ្ឋិតជាប់នឹងខ្នងរបស់ខ្ញុំ ធ្វើឲ្យបែកឈាមស្ទើររាល់ថ្ងៃ រហូតមានស្នាមផ្លែយ៉ាងវែងបន្សល់ទុកជាអនុស្សាវរីយ៍ពីស្នាដៃម៉ែមកទល់សព្វថ្ងៃ។ ខ្ញុំតែងតែលួចគិតក្នុងខួរបង្កងរបស់ខ្ញុំថា តើខ្ញុំនេះជាកូនរបស់គាត់ឬមិនមែនទេ? បើខ្ញុំជាកូនគាត់ តើហេតុអ្វីបានជាគាត់ចូលចិត្តវាយខ្ញុំខ្លាំងម្ល៉េះ…។ ពេលខ្លះម៉ែវាយទាំងខ្ញុំមិនទាន់បានដឹងថាខ្លួនខុសអ្វីឡើយ… មកដល់អាយុធំប៉ុណ្ណេះ ទើបខ្ញុំដឹងថា គាត់វាយក៏ព្រោះតែចង់ឲ្យខ្ញុំល្អប៉ុណ្ណោះ…ទម្រាំតែខ្ញុំដឹងខ្លួនវាជ្រុលពេលបាត់ ព្រោះឆ្នាំនេះខ្ញុំមានអាយុ២៦ឆ្នាំ ពេញកំលោះយ៉ាងក្រអួន លែងចង់ខាងរៀនខាងសូត្រស្អីទៀតទៅហើយ… ពេលនេះខ្ញុំចង់តែម្យ៉ាងគឺ…ចង់…ចង់បានប្រពន្ធ…តែមានស្រីឯណាគេព្រមស្រឡាញ់ខ្ញុំទៅ បើខ្ញុំគ្មានចេះស្អីបន្តិចផងនោះ ហើយម្យ៉ាងទៀតត្រឹមតែមានជីវិតជាកម្មករសំណង់ដ៏មហាវេទនាយ៉ាងនេះ។
សម័យនេះ អ្វីៗទំនើបណាស់ ពិភពលោកក៏កំពុងតែស្រែកដង្ហោយហៅអ្នកមានចំណេះដឹង និងអ្នកមានជំនាញដ៏ពិតប្រាកដ…ទីផ្សារការងារកំពុងតែប្រជែងគ្នាឥតឈប់ មានតែអ្នកមានចំណេះដឹង នឹងអ្នកមានជំនាញពិតទេ ដែលអាចបម្រើប្រទេសជាតិឲ្យរីកចម្រើនបាន… ចុះចំណែកខ្ញុំ… ខ្ញុំចេះស្អីទៅ… នេះកុំតែស្គាល់មេជាង ហើយធ្លាប់ធ្វើជាកូនជាងសំណង់ជាមួយគាត់ញឹកញាប់ទេ កុំអីសូម្បីតែខ្យល់ក៏ប្រហែលជាមិនទទួលឲ្យខ្ញុំទាត់ផងក៏មិនដឹង…ធ្វើជាកម្មករសំណង់មួយថ្ងៃបាន៨ពាន់រៀលដែរ និយាយរួមទៅមួយខែបានប្រហែល២០ម៉ឺនរៀល តែដល់ផាត់ទៅលើថ្លៃហូបចុក និងចំណាយកំប៉ិចកំប៉ុកបន្តិចទៀតនៅសល់បានត្រឹម៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ផ្ញើទៅផ្ទះឲ្យម៉ែ… តែខែខ្លះក៏សុំទោសម៉ែទៅចុះ គ្មានសល់មួយកាក់មួយសេនទេ ព្រោះចុងខែខ្លះ ក៏ត្រូវការជប់លៀងឲ្យស្រាស ស្រាថ្នាំ ទឹកត្នោតជូរអស់ទៅ…។
នៅកន្លែងធ្វើសំណង់សព្វថ្ងៃ គេតែងហៅខ្ញុំថាអាថ្នាំ ព្រោះ… ខ្ញុំចូលចិត្តផឹកស្រាថ្នាំ ត្រាំបណ្ដូរពេជ្រ ជាមួយក្បាលពស់វែក… វារលាយឈាមល្អណាស់… សរសៃត្រសូងដើរស្រួលមិនសូវជាឈឺចង្កេះនោះទេ… បើខ្ញុំប៉ាវគេផឹកស៊ី គឺមានតែស្រាថ្នាំហ្នឹងឯង តែបើគេប៉ាវវិញគឺស្អីក៏បានដែរ… បើបានស្រាបៀរវិញមិនចាំបាច់និយាយទេ ស្រាថ្នាំខ្ញុំប្រាកដជាទុកចោលនៅក្នុងតៀមជាពុំខាន…។
កន្លែងសំណង់ ខ្ញុំមានមិត្តផឹកស៊ីច្រើនណាស់ តែមានតែអាត្រឹមត្រូវម្នាក់គត់ដែលជាមិត្តស្និទ្ធស្នាលនឹងខ្ញុំ…។ រាល់ល្ងាច ពេលចេញពីធ្វើការ វាតែងបបួលខ្ញុំឲ្យទៅរៀនភាសាបរទេសជាមួយវា… ខ្ញុំខ្ជិលរៀនណាស់… ខ្ញុំក៏ធ្លាប់សាកល្បងទៅរៀនគួរក្រៅម៉ោងជាមួយវាដែរ តែសែនមហាឈឺក្បាល… គ្មានអ្នកគ្រូក្រមុំបង្រៀន ខ្ញុំរៀនមិនចូលទេ… បើអាត្រឹមត្រូវវិញវាគ្រាន់បើមែនៗតែម្ដង…ល្ងាចថ្ងៃសៅរ៍មួយនោះ ក្រោយពេលដែលពួកយើងបើកលុយ ខ្ញុំក៏ល្បួងនិយាយទៅកាន់អាត្រឹមត្រូវ៖
-អាត្រឹមត្រូវ ថ្ងៃនេះគិតផឹកស៊ីឲ្យឆ្ងាញ់មាត់ម្តងទៅហ្អី…?
អាត្រឹមត្រូវធ្វើមុខស្មើនិយាយមកកាន់គ្នា៖
-សុំទោសអាសំឡាញ់…អញអត់ផឹកទេវ៉ឺ…
-ចុះឯងទុកលុយធ្វើអី ហ្អាស៎…?
-អានេះ ដល់ខែបង់លុយរៀនហើយ…បើគិតតែពីផឹកបានលុយឯណារៀន បានស្អីស៊ី បានស្អីផ្ញើឲ្យ អ្នកផ្ទះហ្អាស៎…
ខ្ញុំឮពាក្យ ផ្ញើឲ្យអ្នកផ្ទះពេញត្រចៀក… ពាក្យនោះដូចជាវាទះក្បាលខ្ញុំពេញមួយដៃ
យ៉ាងពេញទំហឹង ព្រោះខែមុខខ្ញុំក៏មិនបានផ្ញើទៅឲ្យអ្នកផ្ទះដែរ…មិនដឹងថាម៉ែឪបងប្អូនខ្ញុំតើបានស្អីហូបនោះទេ បើឪខ្ញុំលេងតែអាចោរជើង១ ម៉ែលេងតែបៀរគ្មានការងារធ្វើ ក្រឲ្យរហាម ហើយបងប្អូនច្រើនទៀតនោះ…ដំបូងខ្ញុំគិតចង់ផ្ញើទៅឲ្យពួកគាត់ដែរ…តែគិតយូរៗទៅ គំនិតចោលម្សៀតក៏នៅតែហោះហើរពេញខួរបង្កងខ្ញុំដដែល…ខ្ញុំនិយាយតទៅកាន់វា…៖
-ខានផ្ញើទៅឲ្យម្តងទៅអ្ហើយ…អញមិនដែលឃើញឯងចេះសប្បាយស្អីនឹងគេសោះ…
អាត្រឹមត្រូវធ្វើភ្នែកស្លឺ មុខជូរហួញជ្រួញចិញ្ចើម ហើយនិយាយមកកាន់ខ្ញុំធ្វើ វាហី៖
-មិនដឹងជាសប្បាយស្អីទេហ្អា៎…បើគេអ្នកមានទៅវាគ្រាន់សប្បាយ…មើលពួកយើងក្រល្ហាមបែបហ្នឹង កុំទៅសប្បាយស្អីខ្លាំងពេក…ចាំពួកយើងធូបន្តិចចាំសប្បាយក៏មិនយឺតពេលដែរ…
ខ្ញុំកំពុងតែគិតនូវសំដីរបស់វា ហៀបនឹងតបទៅវិញ តែវាបែរជាធ្វើអ្នកត្រឹមត្រូវបបួល ខ្ញុំម្តង៖
-អាថ្នាំ ឯងឈប់ផឹកទៅហ្អី…សន្សំលុយការប្រពន្ធអានេះ… បើមិនអ៊ីចឹងទេ ទៅរៀនភាសាបរទេសជាមួយអញទៅ…
ខ្ញុំដូចជាត្រេកអរបន្ដិចបន្តួចដែរ នៅពេលឮវាបបួលទៅរៀន តែអាគំនិតខ្ជិលច្រអូស វាបានគ្របពីលើក្បាលខ្ញុំជិតទៅហើយ…
-រៀបស្អីទេវ៉ើយ…អញរៀនអត់ចេះទេ…
ម្ដងនេះ វាតបមកវិញដោយមធុរវាចាស្រទន់ សមនឹងគេហៅអាត្រឹមត្រូវមែនទែន៖
-ឯងកុំដាក់ខ្លួនពេក…កុំមើលងាយខ្លួនឯងអ៊ីចឹងអី…គ្មានអ្នកណាគ្រាន់តែរៀនភ្លាម ចេះភ្លាមទេ…ឯងក៏ឆ្លាតណាស់ដែរ…តែមកពីមិនប្រឹងរៀនប៉ុណ្ណោះ
-ឯងឲ្យអញប្រឹងយ៉ាងម៉េចទៅ បើពេលនេះ…
-អញខ្ជិលមែនទេ…?
ខ្ញុំស្ទើរតែរកពាក្យឆ្លើយនឹងវាលែងបាន…ព្រោះត្បិតខ្ញុំខ្ជិល មិនចូលចិត្តរៀន តែខ្ញុំក៏ ពេញចិត្តឲ្យវារៀនដែរ…ខ្ញុំក៏សួរបញ្ជោះតបទៅវិញ៖
-បើរៀនចេះ យើងនឹងធ្វើស្អីបានទៅ…ក្រៅពីសំណង់ហ្នឹង…?
-រៀនស្អីក៏ដោយឲ្យរែចេះប្រាកដ វាមិនឥតប្រយោជន៍ទេ…
-អ្នកណាក៏ដឹងដែរអាពាក្យនឹងនោះ អញឮឡើងស្រកៀរត្រចៀកទៅហើយ… តែយើងចេះយ៉ាងណាក៏នៅតែខ្ញុំរបស់គេដដែលហ្នឹង…
-អើ បើខ្ញុំមែនក៏វារៀងកាលីបបន្តិចដែរវ៉ី…
-អើ…រៀនតែឯងទៅអ៊ីចឹង ក្រែងលោបានធ្វើខ្ញុំកាលីប… អញធ្វើតែប៉ុណ្ណឹង ក៏បានផឹកសប្បាយម៉ាទំហឹងដែរវ៉ើយ…
អាត្រឹមត្រូវធ្វើមុខជ្រួញ ពេបមាត់បន្តិច សើចខ្លាំងៗដូចតួចោរក្នុងខ្សែភាពយន្ត…៖
-ហាស៎…អញខ្ជិលនិយាយជាមួយឯងទៀតណាស់…ទៅរកដាំបាយស៊ីវិញល្អជាង… អានិយាយស្អីស្ដាប់គ្នាមិនបានអ៊ីចឹង…
ខ្ញុំមិនខឹងនឹងសម្ដីវាសូម្បីបន្តិច ព្រោះវានិយាយភាគច្រើន គឺសុទ្ធតែត្រឹមត្រូវទាំង
អស់…តែខ្ញុំនៅតែមិនអាចតាំងចិត្តធ្វើដូចវាបាន…។
យប់នោះខ្ញុំនិងកម្មករសំណង់អ្នកដូចគ្នាបួនប្រាំផ្សេងទៀត អង្គុយផឹកស្រាថ្នាំមួយ យប់ទល់ភ្លឺ គ្មានគិតពីថ្ងៃខាងមុខ នឹងប្រែប្រួលទៅជាយ៉ាងណាឡើយ…ផឹកស្រាថ្នាំក្លែមក្តឹប ស្វាយខ្ចី ចុចនឹងប្រហុក ពិតជាកំពូលមហាឆ្ងាញ់សម្រាប់ពួកកម្មករសំណង់ដ៏ល្ហាមដូចពួក យើង ឆ្ងាញ់ជាងស្រាបៀរក្លែមស្រីស្រស់របស់ក្រុមអ្នកតាំងខ្លួនជាអភិជនទៅទៀត ហាស៎… ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញកាំរស្មីទើបពួកយើងនាំគ្នាចូលសម្រាក…ម្យ៉ាងដែរ ពេលគេ ក្រសោបឱកាសធ្វើជាអ្នកមាន បែរជាពួកយើងដេក ឯពេលដែលពួកគេសម្រាកយកកម្លាំង ឬគិតរកមធ្យោបាយធ្វើឲ្យគ្រួសារគេរុងរឿង បែរជាពួកយើងនាំគ្នាផឹក…ហាស៎…
ព្រះអាទិត្យចាប់បង្វិលនាឡិកាឲ្យមកនៅត្រង់លេខ១១កន្លះ ទើបខ្ញុំបើកភ្នែក ដើរតេះតះទៅរកលុបមុខ ដ៏មានកែវភ្នែកទាំងគូរូងខូងដូចឡានគ្មានស្តុប មុខក្រហមហើមស្ពីង ដូចហីងប្រឡាក់អំបិល…។ មិនទាន់ទាំងបានស្វាងស្រាស្រយលបយលផង ភ្នែកស្អុយរបស់ខ្ញុំ បានចោលទៅប៉ះនឹងបុរសចំណាស់ក្នុងវ័យប្រមាណ៦០ឆ្នាំ អង្គុយលើកៅអីដ៏ពោរ ពេញដោយកាកកំបោរ ធ្វើមុខស្ងួតក្រៀមផ្អេះដូចអំបែងក្បឿងត្រូវថ្ងៃ ខោអាវយ៉ាងកញ្ចាស់ ដាច់រហែកផុយ…យាប់ជាងខោអាវសំណង់សំណប់របស់ខ្ញុំទៅទៀត…
ខ្ញុំដើទៅរកគាត់ ព្រមទាំងពោលសម្ដីយ៉ាងសោះកក្រោះ៖
-ពុកមោក៍ដល់តាំងពីស្មាណា…?
បុរសចំណាស់នោះគឺជាឪពុកខ្ញុំ…គាំត់មិនដែលនឹកនាដល់ខ្ញុំ ឬសូម្បីតែម៉ែអ្វីបន្តិច នោះទេ ព្រោះសព្វថ្ងៃគាត់នឹកតែអាប៉ោងសំណប់គាត់គាត់ប៉ុណ្ណោះ…ខ្ញុំដឹងច្បាស់ណាស់ថាគាត់នឹងមានការអ្វីនឹងខ្ញុំ…គឺគ្មានអ្វីក្រៅពីមករកលុយនោះទេ…គាត់ធ្វើមុខក្រញូវឆ្លើយ នឹងសំណួរខ្ញុំ៖
-អញមកមើលទឹកមាតើឯងហៀរតាំងពីថ្ងៃទើបពេញពន្លឺបានបន្តិចម្ល៉េះ…
-ចុះម៉េចពុកមិនព្រមដាស់ខ្ញុំ…
-អញដឹងថាឯងទើបតែដេក បានជាអញខ្ជិលដាស់…
ខ្ញុំបិទភ្នែកញញឹមដោយមិននឹកស្មានថា ឪខ្ញុំ គាត់គិតដល់ខ្ញុំបានប៉ុណ្ណេះសោះ… ហាស៎…ខ្ញុំបើកភ្នែកមើលទៅរង្វង់មុខគាត់ ព្រមទាំងញញឹមបែបសោះអង្គើយ…
-ពុកមកមានការអីមែនទេ…?
ពុកឆ្លើយនឹងខ្ញុំដោយសួរបញ្ច្រាសមកវិញ៖
-ឯងមានលុយចាយខ្លះទេហ្នឹង…?
-គ្មានទេពុក…
-ចុះម្សិលមិញ ក្រែងទើបតែបើកទេហី…គាត់និយាយសម្តីគំហកៗដាក់ខ្ញុំ
-ផឹកយប់មិញអស់ហើយ…
សម្លេងសួរឪកាន់តែឮខ្លាំងជាងមុន៖
-ឯងខ្លាចពុកមករកលុយឯងមែនទេ…?
ឃើញអាការៈឪខ្ញុំបែបនេះ បំពង់សំឡេងរបស់ខ្ញុំត្រូវបានស្ទះ ដូចគេយកសន្ទះអ្វី ម្យ៉ាងមកបាំង…ខ្ញុំគ្មានពាក្យអ្វីឆ្លើយតបនឹងគាត់វិញឡើយ…ខ្ញុំនៅចាំបានថា កាលខ្ញុំនៅពីក្មេងមិនទាន់ចេះដើរធ្វើកម្មករសំណង់ ពេលឪខឹងម្ដងៗ គាត់តែងជេរស្ដីអស់មួយទំហឹងឮ ខ្ទរផ្អើលអ្នកស្រុកពេញភូមិ វាយខ្ញុំនឹងដងរែក ខ្សែគោ ខ្សែតី…ចោលផ្គាក់ ពូថៅ គួរឲ្យព្រឺ ព្រួចក្រៃលែង…អ្វីដែលខ្ញុំនឹកស្មានមិនដល់នៅពេលនោះ គឺរង្វង់មុខឪបានប្រែប្រួលយ៉ាង ចម្លែកម្តងទៀត…ប្រែពីក្រញូវជ្រប់ចិញ្ចើម មកញញឹមឡើងពព្រាយដូចកំពុងតែត្រូវរង្វាន់ធំមហាសាល…ឪបានដកលុយ១០ម៉ឺនរៀលមកឲ្យខ្ញុំ ព្រមទាំងស្រដី៖
-យកទៅចាយទៅ…តែកុំចាយខ្ជះខ្ជាយពេក…
ខ្ញុំមើលមុខគាត់មួយសន្ធុះ ដោយភាពងឿងឆ្ងល់ឥតឧបមា…
-ពុកឲ្យខ្ញុំធ្វើអ្វី… ខ្ញុំមានការងារធ្វើ ខ្ញុំមិនយកទេ…
-អញឲ្យចេះតែយកទៅ អញមិនបានឲ្យឯងម្តងណាផង…
សំដីរបស់គាត់ បានធ្វើឲ្យបេះដូងរបស់ខ្ញុំរីកស្ទើរប៉ិនទន្លេសាប…ព្រោះពាក្យទាំងនេះ ខ្ញុំមិនដែលធ្លាប់ស្ដាប់ម្តងណាឡើយ…ខ្ញុំមិនត្រេកអរនឹងលុយ១០ម៉ឺនរៀលរបស់គាត់ទេ…តែអ្វីដែលខ្ញុំចង់បានគឺភាពកក់ក្ដៅដែលទទួលបានពីម្ដាយឪពុកខ្ញុំ…ខ្ញុំលូកដៃទទួលលុយ នោះទាំងក្ដីសង្ស័យ និងពោរពេញដោយក្ដីអៀនខ្មាសយ៉ាងខ្លាំង ព្រោះមុននេះខ្ញុំគិតថា គាត់នឹងមករកប្រាក់ជំនួយពីខ្ញុំ ហើយខ្ញុំក៏មិនបានទាំងសួរពីសុខទុក្ខ និងអាហារថ្ងៃត្រង់របស់គាត់ដែរ…
បានលុយនោះហើយ គឺជួយឲ្យខ្ញុំអាចទិញបាយ និងម្ហូបមកហូបជុំគាត់បានមួយ ពេល…ថ្ងៃនោះខ្ញុំពិតជាស្រឡាញ់ពុកខ្លាំងណាស់ លែងមានគំនិតអាក្រក់ទាំងអស់លើគាត់ ទៀតហើយ…ចាប់ពីថ្ងៃនោះមក ខ្ញុំគិតតែពីប្រឹងធ្វើការ សន្សំលុយយកទៅផ្ញើឲ្យពួកគាត់… តែលុយដែលខ្ញុំផ្ញើទៅឲ្យនោះ មិនល្មមគ្រាន់សម្រាប់ពួកគាត់ចិញ្ចឹមក្រពះឡើយ…បានខ្លះ ក៏ប្រសើរជាងអត់ដែរ…។ ជាងមួយខែក្រោយមកទើបខ្ញុំដឹងថា លុយដែលគាត់ឲ្យមកខ្ញុំ មិន មែនគាត់រកបានពីការងារ ឬមុខរបរស្អីនោះទេ គឺគាត់លក់ស្រែដើម្បីសងបំណុលល្បែង និងសម្រាប់ជួយទំនុកបម្រុងឲ្យប្អូនៗខ្ញុំរៀន…។ ខ្ញុំសប្បាយចិត្តណាស់ មិនខឹងនឹងពួកគាត់ ដូចពេលមុនៗទៀតឡើយ…ព្រោះឲ្យតែពួកគាត់ឈប់លេងល្បែង ចេះចូលវត្ត ធ្វើបុណ្យដូចចាស់ទុំគេឯង យកចិត្តទុកដាក់ចំពោះកូនៗប៉ុណ្ណោះគ្រប់គ្រាន់ហើយ…។
និយាយពីអាត្រឹមត្រូវសំឡាញ់ខ្ញុំ ក្រោយពេលធ្វើសំណង់វិឡារនៅច្បារអំពៅរួច វា ក៏លាឈប់ធ្វើកម្មករសំណង់ ទៅបើកគួរបង្រៀនភាសាបរទេសនៅឯស្រុកវិញ…ទទួលបាន ប្រាក់ចំណូលគួរសម ល្មមម៉ាចាយវាយ ចិញ្ចឹមម៉ែឪ ដណ្ដឹងប្រពន្ធបានយ៉ាងធូ…។ ឯខ្ញុំវិញ ហេតុតែមិនចេះអ្វីនឹងគេ នៅតែធ្វើជាកម្មករសំណង់ដដែល… បើគ្មានការងារធ្វើទេ មានតែ ដើរឈ្លោះគ្នាជាមួយខ្យល់ប៉ុណ្ណោះ…។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនអាចរកលុយ ដណ្ដឹងប្រពន្ធមួយនឹងគេបានផង…។ នេះពិតជាសមមុខខ្ញុំមែន ព្រោះមិនចេះហើយ ថែម គ្មានជំនាញទៀត…៕
ថ្ងៃទី០៨ កញ្ញា ២០១០
ម៉ោង០០.៣៦-០៣.៣០
ជំនិត.វិជិតភក្តី
ខ្ញុំនិងដំ នឹងអានរឿងនេះ បើមានពេលទំនេរ..
អានចប់ហើយ! 😀