ពូជខ្ញុំ

បទពាក្យ៨(រមាំងដើរព្រៃ)

ពូជអើយខ្ញុំខំកើតឆើតឆោមឆាយ

មានអើយកាយក្លាយខ្លៅខ្មៅស្រមោច

រស់អើយរួបជួបជុំពុំដែលហោច

កម្មអើយបោចខ្លោចប្រាណបានអប្រិយ។

 

ពូជអើយខ្ញុំចំជាពៀរមានជាប់​

រស់អើយធ្លាប់ជាប់ចិត្តឥតប្រណី

ពូជអើយឯងក្លែងក្បត់អត់ភក្តី

ឲ្យអើយដីត្រីវេរគេរក្សា ​​​។

 

ពូជអើយខ្ញុំសមណាស់ច្បាស់អំនួត

ប៉ិនអើយអួតពួតជែងលែងស្គាល់ការណ៍

ខ្លួនអើយអន់កុនធ្លាក់ជាក់ទុក្ខា

នៅអើយថាក្បាលសព្វកប់នភា។

 

ពូជអើយខ្ញុំពុំភ្ញាក់ជាក់ដឹងខ្លួន

រស់អើយពួនក្បួនពត់លត់លូនវា

រស់អើយខ្លបអបអែបបែបអ្នកងារ

រស់អើយជាលាឈ្មោះរស់ដូចខ្មោច ។

 

ពូជអើយខ្ញុំផ្តុំកាត់បាត់រូបឆោម

នៅអើយចោមក្រោមជើងភ្លើងស្រមោច

យើងអើយម្ចាស់ច្បាស់ពិតឥតប្រយោជន៍

គេអើយបោចដោចដាច់ស្រេចតាមចិត្ត។

 

ពូជអើយខ្ញុំខំធ្វើល្ងើយ៉ាងហ្នឹង

គង់អើយដឹងប្រឹងប្រាយស្តាយអតីត

មិនអើយគួរជួរបែកខ្ញែកស្នេហ៍ស្និទ្ឋ

រស់អើយផិតគិតកែប្រែរលាយ                ។

ថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០០៩

ចុះផ្សាយដោយ krupaokbin

nothing to say

%d bloggers like this: