សំណោកអំនួត

 

គិតទៅការរស់នៅរបស់មនុស្សគឺសុទ្ធតែជាអំនួត…ហាស៎… មែនបើយើងគ្មានអំនួតទេ តើ​ម្តេចនឹងអាចរស់កើតទៅ…រៀនសូត្រ បើគ្មានអំនួត ក៏មិនអាចរីក​ចម្រើន​បាន​ដែរ…​ពាក្យ​សម្តី​ក៏ដូចគ្នា… និយាយរួម គ្រប់សកម្មភាពទាំងអស់ គឺជាអំនួត…ពីមុនខ្ញុំមិនចូលចិត្តពាក្យ អំនួតនេះ​ទេ…ស្អប់មនុស្សអួតខ្លាំងណាស់…បើមានមនុស្សអួតក្បែរខ្ញុំ…ខ្ញុំអាចមិនយកចិត្តទុក ដាក់ជាមួយគេ ឬបើទ្រាំមិនបានទេ ខ្ញុំនឹងព្យាយាមធ្វើអ្វីមួយ ឲ្យភាពអួតក្អេងក្អាងរបស់គេនោះ ក្លាយទៅជាភាពចម្កួត…។ តែដល់គិតយូរៗទៅ គេនិងខ្ញុំដូចតែគ្នាសោះ…គេអួត ព្រោះចង់ឲ្យ អ្នក​ដទៃចាប់​អារម្មណ៍ និងសរសើររូបគេ…ឯខ្ញុំប្រឹងកាច់បំបាក់គេ ក៏ព្រោះតែចង់អួត​ប្រាប់​គេថា ខ្ញុំក៏ចេះដឹង មិនចាញ់គេប៉ុន្មានដែរ… … …

កំលោះៗ វ័យប្រហាក់ប្រហែលនឹងខ្ញុំ ខ្លះគេរៀបការមានប្រពន្ធកូនទៅហើយ ខ្លះមាន​សង្សារ​បណ្តើរគ្នាដូចប្តីប្រពន្ធ ព្រោះតែចង់អួតប្រាប់ពីសមត្ថភាពស្នេហារបស់ពួកគេ…ខ្ញុំឯ​ណេះ​​​វិញ ក៏មានសង្សារគ្រាន់បណ្ដើរបង្អួតអ្នកទាំងនោះផងដែរ…។

ខ្ញុំឈឺក្បាលខ្លាំងណាស់ នៅពេលដែលនឹកដល់រឿងរ៉ាវស្នេហាម្តងៗ…ពេលខ្លះ វាធ្វើឲ្យ យើងសប្បាយមែន តែពេលខ្លះ វាក៏បានបង្វក់នូវខួរក្បាលរបស់យើង មិនឲ្យធ្វើអ្វីមួយកើត… យើងត្រូវចំណាយនូវពេលវេលាយ៉ាងច្រើន ព្រោះតែវា…ពេលខ្លះដោយសារតែការផ្គាប់ផ្គន់ រាជិនីស្នេហ៍ ខ្ញុំត្រូវធ្វើការណាដែលឥតប្រយោជន៍ ក្បត់នឹងមនសិការ ក្បត់នឹងឪពុកម្ដាយ ក្បត់ នឹងមនុស្សដែលរស់នៅជុំវិញខ្លួនខ្ញុំ…។ ពេលខ្លះខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងវាខ្លាំងណាស់… ឲ្យតែដល់ថ្ងៃណាដែលគេយល់ថាថ្ងៃពិសេសបន្តិចបន្តួច វាតាំងធ្វើឲ្យយើងនឹកទៅដល់រឿងរ៉ាវ អនុស្សាវរីយ៍…ផ្ដល់កាដូនេះ ផ្ដល់កាដូនោះ ឲ្យគ្នាទៅវិញទៅមកឥតឈប់… ភ្លើតភ្លើននឹងភ្លើង កាមា ប្រវេប្រវារកតែជ្រោះសុខក្នុងអន្លង់ភក់ជ្រាំ…ដូចជាយប់នេះ ខ្ញុំត្រូវក្បត់មនសិការខ្ញុំយ៉ាង ពេញទំហឹង…ដោយសារតែវាជាថ្ងៃពិសេសសម្រាប់មនុស្ស…ហាស…ហា…ខ្ញុំត្រូវកំដរទេពអប្សរ ដួងចិត្តរបស់ខ្ញុំ ដើរលេងកំសាន្តពេញរាជធានីភ្នំពេញ…។ មែនពួកយើងពិតជាសប្បាយណាស់ ម្ដងទៅមើលគេប្រគុំតន្ត្រីនៅឯវត្តភ្នំ ម្តងធ្វើដំណើរទៅកម្សាន្តនៅមាត់ទន្លេមុខវាំង…រងចាំទទួល ថ្ងៃឆ្លងឆ្នាំមកដល់…រងចាំមើលផ្កាភ្លើង ដែលផ្ទុះលើដី តែបញ្ចេញរស្មីនៅលើផ្ទៃអាកាស…រងចាំ ថ្ងៃដែលអាយុរបស់ខ្ញុំខិតទៅរកសេចក្ដីស្លាប់បានមួយឆ្នាំទៀត…

-នែ៎…ឯងកុំខ្វល់ខ្លាំងពេកមើល អាស្អីគេនេះ…បើឯងគិតតែអ៊ីចឹង តើធ្វើម្តេចបានសប្បាយ នឹងគេទៅ…?

-ឯងមិនដឹងថា ទង្វើដែលឯងធ្វើនេះ គ្មានបានការអ្វីទេឬ…? ឯងចង់សប្បាយ…យើងក៏ចង់សប្បាយ តែការសប្បាយភ្លើតភ្លើនបែបនេះ ឯងសប្បាយទៅរួចដែរ មែនទេ…?

-ឯងនេះគិតច្រើនណាស់វ៉ី…បើគេនាំគ្នាធ្វើយ៉ាងនេះទៅហើយ ឯងមិនធ្វើតាមគេ មានតែឯងនឹងឆ្កួត…

-មែនគ្នាឆ្កួតមែន…គ្នាមិនមែនមិនចង់សប្បាយនោះទេ…តែគ្រាន់តែ…

-ចុះឯងមានតែ កាហ្វេស្អីទៀត…

-កុំឲ្យសប្បាយភ្លេចខ្លួន…

-យីអានេះ ចេះរអ៊ូ មើលតែមនុស្សចាស់ទៅហើយ…

-ហាស់…

មនសិការខ្ញុំ បានឈ្លោះប្រកែកគ្នាឥតព្រមឈប់… គិតមកដល់ត្រឹមនេះ ខ្ញុំក៏ត្រូវភ្ញាក់ខ្លួន ឡើងវិញ ដោយសារតែឮពាក្យអសុរសចេញពីក្រអូមមាត់គូស្នេហ៍ក្បែរខ្ញុំ…

-ទៅឲ្យឆ្ងាយទៅ អញធុញណាស់ គ្មានលុយឯណាឲ្យឯងទេ…កុំមករអ៊ូក្បែរអញទៀត…ទៅ ប្រយ័ត្នអញ​សំពង​បែក​ក្បាលឥឡូវហ្នឹង…

ខ្ញុំឃើញក្មេងស្រីម្នាក់ អាយុប្រហែល៩-១០ឆ្នាំ លើកដៃប្រណម្យ មុខគួរឲ្យអាណិត ឈរ សម្រក់ទឹកភ្នែក លើរាងកាយដ៏សុទ្ធតែឆ្អឹងដណ្ដប់ដោយស្បែកដ៏ស្ដើង ក្នុងសម្លៀកបំពាក់ដាច់ រហែក ក្រាស់ឃ្មឹកដោយធូលីញើសក្អែល…។ ខ្ញុំកោតសរសើរបុរសម្នាក់នោះណាស់ គេដាច់ចិត្ត ហ៊ានប្រមាថមើលងាយក្មេងសុំទាននោះ…ពិតជាគួរឲ្យសរសើរនូវសន្ដានគម្រក់របស់គេមែន… គ្នាគ្រាន់តែសុំដើម្បីរស់ប៉ុណ្ណោះ ម្ដេចក៏ចាំបាច់និយាយពាក្យជម្លើយ គ្មានសីលធម៌បែបនេះ…​ខ្លួនចេះគិតថា គេគ្មានសីលធម៌ ចុះទង្វើរបស់ខ្លួនឯងនោះ មានសីលធម៌ខ្លាំងណាស់មែនឬ… កំលោះម្នាក់​នោះ ចង់បង្អួតប្រាប់ស្រីស្នេហ៍របស់ខ្លួន ដោយរូបភាពធ្វើគ្រាន់បើ… ឯខ្ញុំក៏ចង់អួត ប្រាប់គូស្នេហ៍របស់ខ្ញុំផងដែរ…។ ខ្ញុំដកលុយចេញពីហោប៉ៅខោបាន១០០០រៀលហុចទៅឲ្យ ក្មេងនោះ…ឯសង្សាររបស់ខ្ញុំឃើញខ្ញុំធ្វើយ៉ាងនេះ នាងក៏ឲ្យនំពងអន្សងមួយថង់ដែលខ្ញុំចូលចិត្ត ហើយទើបតែទិញមកនៅក្តៅៗនៅឡើយ ជាមួយនឹងCocaCola មួយកំប៉ុងឲ្យទៅក្មេងស្រីនោះ ដែរ…។ ខ្ញុំពិតជាមានអារម្មណ៍រំភើបចំពោះអ្វីដែលស្រីស្រស់របស់ខ្ញុំបានធ្វើ…ហើយក៏កោតសរ សើរចំពោះការទទួលយកដោយពាក្យអរគុណដ៏មានសុជីវធម៌របស់ក្មេងស្រីសុំទាន…។

……………………………………………………………………..

          សំឡេងកាំជ្រួចលាន់រំពងដូចសំឡេងបេផ្លោងដាក់គ្នា រង្គើលញ័រអស់ខ្លួនប្រាណទាំង​មូល ហាក់ដូចជាផែនដីកំពុងតែរញ្ជួយ ជាវេលាប្រាប់ថា ឆ្នាំថ្មីមកដល់ហើយ…​ដាស់ប្រាប់​សម្បជញ្ញៈខ្ញុំថា យើងគួរតែធ្វើអ្វីដែលថ្មីៗ ឬអ្វីដែលមិនទាន់សម្រេចឲ្យសម្រេចឡើង… ខ្ញុំគ្មាន​ចិត្តរីករាយ​ ត្រេក​ត្រអាលនឹងការបាញ់កាំជ្រួច រួមជាមួយមនុស្សជុំវិញខ្លួនរបស់ខ្ញុំនោះ​ឡើយ​…ក្បាលរបស់ខ្ញុំមិនខ្ចីងើយមើលផ្កាភ្លើងស្អីគេនោះទេ… ផ្ទុយទៅវិញ ខ្ញុំបានបញ្ជានូវកែវភ្នែក​ទាំងគូសម្លឹង​ត្រង់ តម្រង់កាន់ហ្វូងមនុស្សដែលនៅជុំវិញខ្លួន…។

ដោយសារតែភ្លើងកាំជ្រួច ខ្ញុំអាចក្រឡេកឃើញនូវល្បិចនិងឱកាសដ៏គម្រក់របស់យុវវ័យ យ៉ាងសន្ធឹកសន្ធាប់…។ ខ្ញុំឃើញគូស្នេហ៍មួយចំនួន កំពុងតែប្ដូរកាដូគ្នាទៅវិញទៅមក យ៉ាងរីក រាយ…ឃើញកាមាកំពុងតែបបោសអង្អែលយុវវ័យភាពឲ្យលង់លក់ក្នុងមោហោឃៈ… ឃើញកូន​ក្មេងតូចៗយួរកំប៉ុងប៊ីយែរដើរលក់… ឃើញមនុស្សក្បាលកញ្ចាស់ធំក្លិនខ្លួនផ្អួរ ឆួលដោយក្លិន ស្រាដើរទ្រេតត្រតសុំទានឥតអៀនខ្មាស…ខ្ញុំឃើញ…ឃើញ…ប្រពៃណីវប្បធម៌ខ្មែរយើងកំពុងតែ ដាំក្បាលទីង ទម្លាក់ខ្លួនចុះទៅកាន់បាតទន្លេចតុម្មុខ…

-ហាស៎…បើវាយ៉ាងនេះមែន តើឯងជួយអ្វីកើតទៅ…ឯងមិនមែនជាអាទិទេពឯណា… បើ គេធ្វើយ៉ាងណា ឯងធ្វើយ៉ាងនោះដែរទៅ…កុំទៅរវល់ខ្លាំងពេក…

បង្គាប់នៃគំនិតនេះ ជំរុញឲ្យខ្ញុំធ្វើបែបនេះមែន…

-បងជូនអូនក្នុងថ្ងៃពិសេស…ជាកាដូអនុស្សាវរីយ៍ មុនពិភពលោកមិនទាន់ប្រែប្រួល…

សោភ័ណនារីទទួលយកកាដូពិសេសពីដៃខ្ញុំក្នុងរង្វង់ភក្ត្រាញញឹមស្រស់…នាងមិននឹក ស្មានថាកាដូដែលខ្ញុំជូននាង គឺត្រឹមតែដង្កៀបសក់ត្រឡោកដូងដែលឆ្លាក់ឈ្មោះពីលើថា គន្ធា… ជាវត្ថុធាតុចេញពីស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ…វាមានតម្លៃថោកមែន តែវាជាសន្តានចិត្តដ៏ ស្មោះស្ម័គ្ររបស់ខ្ញុំ…។ កាដូរបស់ខ្ញុំនេះ មិន​ត្រូវការផ្លាស់ប្តូរជាមួយកាដូអ្វីពីនាងទាំងអស់…តែអ្វី​ដែលខ្ញុំចង់បាន គឺភាពស្មោះត្រង់រវាងខ្ញុំនឹងនាង…។

-គន្ធា ក៏មានរបស់ជូនបងវិញដែរ…

-ឯណាម្ដេចក៏មិនឃើញ…?(ខ្ញុំនិយាយអមដោយស្នាមញញឹមជាប់ផ្ទៃមុខដាក់ស្រស់ស្រី ​)

-អូនទុកនៅក្រោយខ្នងបងឯណោះ…

ខ្ញុំប្រញាប់ក្រឡេកមើល​ទៅក្រោយខ្នង យកដៃស្ទាបចុះស្ទាបឡើង តែអ្វីៗគឺទទេ…ខ្ញុំធ្លាប់ តែបោកគន្ធា តែពេលនេះ…គួរឲ្យខ្មាសគេណាស់…ហាស…។ ខ្ញុំងាកទៅរកកំពូលដួងចិត្តខ្ញុំវិញ

ជាមួយនឹងសំណើច… តែក៏ត្រូវគាំងខ្លួនរឹងស្ដូក ដោយសារតែឃើញពួកក្មេងប្រុសៗមួយហ្វូង​មិន​​​ទាន់ជ្រុះពន្លៃចេញពីក្បាល អាយុប្រហែល១២-១៣ឆ្នាំ អង្គុយគោះកំប៉ុងប៊ីយែរ លើកអក ផឹកស៊ីឆ្លងបំណាច់ឆ្នាំ…។ យីអើ មិនដឹងថានេះជាសម័យស្អីនោះទេ ផ្ការីកមុនរដូវ…ស្លឹកខ្ចីជ្រុះ មុនស្លឹកចាស់…ចៅពរយាយដឹកដៃតាទម្លាក់ជ្រោះហើយទេតើនេះ…ថ្ងៃឆ្លងឆ្នាំគឺជាថ្ងៃយ៉ាងហ្នឹង ឯងមែនទេ…?

-បង…នេះជារបស់បង…

-ស្អាតណាស់…តែវាថ្លៃណាស់អូន…

-ប្រាក់មិនសំខាន់ទេ…អ្វីដែលសំខាន់ គឺតម្លៃស្នេហ៍របស់យើង…

-ហេតុអ្វីបានជាអូនទុកចិត្តបងខ្លាំងម្លេះ…? អូនមិនខ្លាចបងធ្វើបាបចិត្តអូនទេឬអី…?

នាងមើលមុខខ្ញុំយ៉ាងយូរ ដោយគ្មានវាចាតបមួយម៉ាត់…ខ្ញុំមិនដឹងថា​តើនាងគិតយ៉ាង​ណាចំពោះសម្ដីខ្ញុំនោះទេ…នាងញញឹម លាយសំណើចតិចៗ គ្រវីក្បាល…

-ហេតុអ្វីបានជាអូនសើច…?(ខ្ញុំសួរនាង)

-បងមិនដូចគេផ្សេងទេ អូនស្រឡាញ់បង មកពីបងយ៉ាងនេះឯង…

-គន្ធា មិនគួរទុកចិត្តលើកាយវិការខាងក្រៅនោះទេ…

-តែចំពោះបង គឺអូនទុកចិត្ត…បើបងចង់ធ្វើបាបខ្ញុំ គឺធ្វើបាបយូរហើយ… មិនមែនទុកឱកាសឲ្យដើរកន្លង ក្បាលហួសទៅទទេៗអ៊ីចឹងឡើយ…

-អូនចង់ឲ្យបង ធ្វើដូចគូស្នេហ៍របស់គេនោះមែនទេ…? ហាស…(ខ្ញុំនិយាយមែន តែធ្វើដូចលែង ដើម្បីផ្លាស់ប្ដូរបរិយាកាស )

-យ៉ាប់មែន…

-យ៉ាប់ត្រង់ណាអូន…

-យ៉ាប់…យ៉ាប់…ត្រង់នេះនែក៎…(នាងនិយាយព្រមទាំងយកដៃមួរស្លឹកត្រចៀករបស់ខ្ញុំ​ )

នាងដឹងថា ខ្ញុំចូលចិត្តសរសេរអក្សរ គូសវាសតែផ្ដេសផ្ដាស ដូច្នេះហើយបានជានាង​ទិញប៊ិចឲ្យខ្ញុំមួយដើម…នេះជាលើកទីមួយហើយដែលខ្ញុំ បានដោះដូរកាដូជាមួយមនុស្សស្រី… តាមពិតកាដូពួកយើងមិនមានតម្លៃអ្វីច្រើននោះទេ…។ ដង្កៀបសក់របស់ខ្ញុំជូននាង តម្លៃត្រឹមតែ ៣០០០រៀលប៉ុណ្ណោះ តែវាជាវត្ថុតំណាងឲ្យរូបខ្ញុំ… បើនាងដាក់វានៅកន្លែងណា គឺខ្ញុំនៅទីនោះ​ហើយ…។

ម៉ោង០១ រំលងអធ្រាត ត្រូវនឹងថ្ងៃទី០១ ខែ០១… ម៉ោង ពេលវេលា សុទ្ធតែពិសេសទាំង

អស់…ខ្ញុំបាននាំគន្ធាទៅគេងនៅឯផ្ទះសំណាក់ ព្រោះយប់ជ្រៅទៅហើយ មិនចង់រំខានដល់អ្នក ផ្ទះរៀងខ្លួន…។ ខ្ញុំឃើញនៅឯផ្ទះសំណាក់ដ៏ច្រើន សុទ្ធតែគូស្នេហ៍វ័យក្មេង ប៉ាវដាច់ សម្ពោធគ្នា ទៅវិញទៅមកដើម្បីឆ្លងឆ្នាំថ្មី…។

ខ្ញុំក៏ជាយុវវ័យសម័យថ្មីនេះដែរ តែខ្ញុំហាក់តាមមិនទាន់សង្គមទំនើបនេះទាល់តែសោះ… ថ្ងៃ១៤កុម្ភៈ ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំ អុំទូក ណូអែល ឆ្លងឆ្នាំ សុទ្ធតែជាថ្ងៃបើកឱកាស​សម្រាប់​ភាពភ្លើតភ្លើននៃយុវវ័យ…ភ្លេចអស់ប្រពៃណីរបស់ជាតិខ្លួន…។ រឿងសប្បាយ តើនរណា​មិនចង់ នោះ…គ្មានអ្នកណាកើតមកជាដំថ្មនោះទេ…តែគ្រាន់តែតម្រូវការសប្បាយផ្សេងគ្នាប៉ុណ្ណោះ…។

យប់នោះគន្ធា និងខ្ញុំឥតបានគេងពេញមួយយប់…ព្រោះ…ព្រោះ…ព្រោះ…

ភ្លឺឡើង ភាពសប្បាយរីករាយត្រូវបានបញ្ច​ប់ ដោយសារតែភាពនឿយហត់ អស់កម្លាំង ឈឺក្បាល ស្លក់មុខ… តែវាក៏ជាអនុស្សាវរីយ៍ទឹកឃ្មុំមិនអាចភ្លេចបាន…មួយយប់…មួយយប់នោះ​គឺ ខ្ញុំនិងនាងអង្គុយហាលទឹកសន្សើមអែបច្រាំងទន្លេរហូត…ព្រោះតែផ្ទះសំណាក់ជាច្រើនបាន ស្អប់ខ្ពើមពួកយើង…៕

 

ថ្ងៃទី០១ ខែ០១ ឆ្នាំ២០១០

ម៉ោង០១រំលងអធ្រាត

ចំណងដៃថ្ងៃឆ្លងឆ្នាំ

ចុះផ្សាយដោយ krupaokbin

nothing to say

%d bloggers like this: