ទង្វើរបស់យើងសោះ

គ្រប់សកម្មភាពទាំងអស់ សុទ្ធតែអាចនឹងមានឥទ្ធិពល មិនថាតិច ឬច្រើនទេទៅដល់អ្នកដទៃ ជាពិសេសអ្នកដែលនៅក្បែរៗខ្លួនយើង… ហាស៎…តើយើងគួរតែធ្វើយ៉ាងដូចម្ដេចទៅ ដើម្បីកុំឲ្យមាន​ឥទ្ធិពល​លើគេនោះ? ហាស៎…

គេ…ឯង

សូរសៀងសារស័ព្ទស្រែកក្អេងក្អាង  ប្រាប់អ្នកជិតខាងដោយអំណួត

ថាខ្ញុំជាតិនេះស្អប់អ្នកអួត                     ពួកអ្នកឆ្កួតៗស្តីរឿងគេ       ។

អ្នកស្តាប់ភ្លេចគិតចិត្តសរសើរ            គាត់នេះគ្រាន់បើអ្វីម្ល៉េះទេ

និយាយត្រឹមត្រូវគិតគ្នាន់គ្នេរ               គួរអញរិះរេរៀនធ្វើតាម      ។

តែបើស្តាប់ហើយគិតឲ្យល្អិត              ពិចារពីចិត្តនឹងឃើញស្នាម

ប្រាប់នេះស្អប់នោះច្រឡោមខាម       ឯងសគេដាមដោយទឹកខ្មៅ ។

តើនេះពិតជាអ្នកត្រឹមត្រង់                  អ្នកផ្ចិតគិតផ្ចង់សព្វក្នុងក្រៅ

ឬអ្នកមាត់ទេពចិត្តពាលខ្លៅ                រស់ក្នុងក្រយៅអួតប្រយោល         …?

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៩

ស្នេហ៍ហា

ស្នេហ៍ហា…!

          -Hello…! ថៅកែស្រី​ យ៉ាងម៉េចទៅហើយការលក់ដូររបស់យើងនោះ…?

          -ចាស៎ លោកប្រុស…មានអីភ្ញៀវហូររហែដែលហ្នឹង…

          -ផ្លាស់ពីធ្វើការមក៍លក់ដូរអ៊ីចឹង សប្បាយទេថៅកែតូច…?

          -សប្បាយជាងធ្វើការឱ្យគេ តែវាហត់បន្តិច…

          -មានត្រូវការបុគ្គលិកបន្ថែមទៀតទេ…? បើត្រូវការមានអ្នកជួយណា…

          -ខ្មាស់គេណាស់ កូនហាងតូចតែមួយហ្នឹង…បានប្រាក់ខែឯណាឲ្យគេទៅ…

          -ជួលឧត្តមទៅ  ឧត្តមមិនយកប្រាក់ខែទេ…

          -អរគុណហើយចាំមើលកាក់កបជាងនេះបន្តិចសិន…ឧត្តមញ៉ាំបាយហើយនៅ​ហ្នឹង…?

          -នៅ…ចុះពិសីវិញ…?

          -ចាំញ៉ាំជាមួយឧត្តមហ្នឹងណា…

          -បើឧត្តមមានស្លាប ឧត្តមនឹងហោះទៅញ៉ាំជាមួយថៅកែស្រីរូបស្រស់​ភ្លាម…

          -ឥឡូវឧត្តមសម្តីផ្អែមសម្បើមណាស់ហ្ន៎…

          -មកពីពិសីផ្អែមដែរហ្នឹង…

          -ហាស់…ឡប់…

          -ឡប់ក៏ព្រោះតែពិសី…

          -កុំថាស្រឡាញ់ពិសីណា…

          -ចាំបាច់ថាអី បើកំពុងស្រឡាញ់ទៅហើយហ្នឹង…

          -ខ្ជិលជឿណាស់ ឧត្តមនិយាយលែងអញ្ជឹងនោះ…

          -នែ៎…ពេលខ្លះឧត្តមនិយាយមែនណា តែវាដូចជាលែងអ៊ីចឹង…

          -ចុះម៉េចក៏មិននិយាយត្រង់ទៅ…?

          -មក៍ពីអៀនហ្នឹងណា…

          -ប្រុសអីចេះអៀនមើលតែស្រីអ៊ីចឹង…

          -ប្រុសសុភាពអ៊ីចឹងហើយ…

          -បែបសុភាពតែសម្តីទេដឹង…

          -មែនក៏អី…ឧត្តមហា៎ចាំយប់យើងនិយាយគ្នាទៀតណា …ឥឡូវខ្ញុំរវល់ខ្លាំង​ណាស់

          -អ៊ីចឹងក៏បាន…ពិសីថែរក្សាសុខភាពខ្លួនឯងផងណា…bye… bye

          -bye… see  you  mid night…

          ខ្សែទូរសព្ទទាំងសងខាងត្រូវបានបិទព្រមគ្នា បន្សល់ទុកតែស្នាមញញឹមមិនដាច់ចំពោះយុវកំលោះសង្ហា សម្បុរសណ្តែកបាយម្នាក់ ក្នុងសម្លៀកបំពាក់ជានិស្សិត កំពស់ប្រហែល១,៧០ម៉ែត្រ ឈររេរាក្បែររបងសាកលវិទ្យាល័យឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ ។

          សហសម័យទំនើប ២០០៩នេះ បច្ចេកវិទ្យាពិតជារីកចំរើនជាលំដាប់ ទោះបីសេដ្ឋកិច្ចពិភព លោកកំពុងប្រឈមនឹងឱនភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ…។​ វាពិតជាមានភាពងាយស្រួលក្នុងការរស់នៅ និងការទាក់ទងគ្នាទៅវិញទៅមក ។ ការប្រើទូរសព្ទដៃ ស្ទើរតែគ្រប់គ្រួសារពេញផ្ទៃប្រទេស ទៅហើយ ។ គ្រួសារខ្លះមាន១ ខ្លះ២ ខ្លះគ្រប់សមាជិកក្នុងគ្រួសារទាំងអស់…ព្រោះការរប្រើទូរសព្ទ នេះ ធ្វើឱ្យមានភាពងាយស្រួលក្នុងការទាក់ទងគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ។ ហើយក៏ងាយ​ស្រួលសម្រាប់ការញ៉ែគ្នារបស់យុវវ័យផងដែរ…។ តួយ៉ាងដូចកំលោះសង្ហាយើង ស្ទើរតែរៀងរាល់​ថ្ងៃតែងបង្ហើរនូវសូរសៀងដ៏ផ្អែមស្អិតរបស់ខ្លួនតាមរលកធាតុអាកាសទៅកាន់ពិសីម្ចាស់ហាងកាហ្វេ តូចមួយដែលទើបបើកថ្មី នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ។ ឧត្តមហៅទៅកាន់នាងម្តងៗ មិនដែល ក្រោមមួយម៉ោងនោះទេ…និយាយបណ្តើរ សើចបណ្តើរ  ដូចជាសប្បាយខ្លាំងណាស់ ឥត​ស្តាយ​​ស្រណោះអ្វីបន្តិច ។ យូរៗទើបគេហៅទៅរកម្តាយមេមាយចំណាស់គេម្តង តែការនិយាយទៅកាន់ ម្តាយនោះមានរយៈពេលខ្លីណាស់…យ៉ាងច្រើន១០ នាទីប៉ុណ្ណោះ តែដូចជាស្តាយយ៉ាងសម្បើម ។ គេហៅទៅរកម្តាយ គ្រាន់តែសួរសុខទុក្ខ និងសុំប្រាក់ពីគាត់…។ ឯម្តាយគេវិញ គ្រាន់តែឮកូនត្អូញ ថា ខ្វះប្រាក់ទិញសៀវភៅ ខ្វះប្រាក់បង់ថ្លៃទឹក ថ្លៃភ្លើង បង់បន្ទប់ជួល ខះប្រឹងផ្តាច់ក្រពះខ្លួនឯង លក់នេះលក់នោះ ជួនខ្ចីបុលការប្រាក់គេទៀត ដើម្បីផ្តល់ប្រាក់ឱ្យកូន សង្ឃឹមថាកូននឹងបានសិក្សា បញ្ចប់ដោយសេចក្តីថ្លៃថ្នូរ មានការងារធ្វើល្អសម្រាប់ជីវិតខ្លួន ដោយមិនរំពឹងឱ្យកូនជួយដល់ខ្លួន ឯងវិញឡើយ…។

          កូនឯណេះវិញ នៅពេលបានប្រាក់ពីម្តាយមក គិតតែពីដើរលែង ប៉ាវស្រី បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទយ៉ាងហ៊ឺហា មិនដែលហ៊ាននិយាយថាខ្លួនមកពីស្រែ មានអ្នកម្តាយមេមាយក្រីក្រ ដល់​សង្សារសំណប់របស់គេឡើយ…។

          នៅល្ងាច​ថ្ងៃមួយ ឧត្តមជិះម៉ូតូចេញពីសាកលវិទ្យាល័យយ៉ាងលឿន ឫកពារជាក្មេងទំនើង មិនសមនឹងឈ្មោះរបស់ខ្លួនជានិស្សិតអ្វីបន្តិច ។ ប្រហែលជា១០នាទីប៉ុណ្ណោះ រូបគេក៏បានប្រាកដ ខ្លួនឡើងនៅលើសួនច្បារមុខវត្តបទុមវតី ដោយមាននារីវ័យក្មេងម្នាក់កំពុងឈររងចាំជាស្រេច ។ គ្រាន់តែបានក្រឡេកឃើញកញ្ញារូបស្រស់ សក់ហាយឡាយពណ៌ទង់ដែង បបូរមាត់ក្រហមរលើប​ស្រស់ កំពស់ប្រហែល១.៦០ម៉ែត្រ គ្រងដោយអាវយឺតរលង់ក សំពត់ខើចខ្លីបង្ហាញគល់ភ្លៅ គ្រប ដោយអាវផាយបែបអ៊ឺរ៉ុបពីលើភ្លាម កំលោះយើងញញឹមឥតឈប់ ដើរសំដៅមួយៗទៅកាន់នាង ដោយក្លែមនឹងបង្អែមសម្តី ៖

          -ពិសី អូនមក៍ចាំបងយូរហើយមែនទេ…?

          ពិសីជាដៃគូសន្ទនាសំណប់ចិត្តតាមរលកធាតុអាកាសស្ទើររាល់ថ្ងៃរបស់ឧត្តម ។ ពួកគេតែង ណាត់ដើរលែងជាមួយគ្នា ស្ទើររាល់ល្ងាចថ្ងៃសៅរ៍ ជាថ្ងៃដែលនាងអាចឆ្លៀតឱកាសចេញពីហាង បាន ព្រោះប្អូនស្រីរបស់នាង តែងមកជួយលក់នាងរៀងរាល់ថ្ងៃសៅរ៍ពេញមួយថ្ងៃ ។ ពិសីញញឹម ដាក់ឧត្តមបន្តិច ទើបស្រដីតបទៅវិញ ៖

          -ចាស៎…ទើបមកដល់មុននេះបន្តិចទេ…ចុះថ្ងៃនេះបងម៉េចក៏លឿនម្លេះ…?

          មាណពយកដៃក្រសោបចង្កេះមាណវី បណ្តើរគ្នាទៅរកកន្លែងអង្គុយ ព្រមជាមួយការឆ្លើយ តបសំណួររបស់ស្រីស្រស់ ៖

          -បងនឹកអូនឯងខ្លាំងពេកហ្នឹងណា បានជាបងប្រឹងស៊ុតម៉ូតូបន្តិច…

          សំនៀងផ្អែមត្រជាក់ចេញពីបបូរមាត់បុរស ប្រៀបបានទៅនឹងអ្នកជំនួញ ។ បើនាងមិនជឿ ការឃោសនារបស់គេទេ គេនឹងរកឧបាយនិយាយបន្តទៀត រហូតដល់ធ្វើយ៉ាងណាឲ្យនាងទុកចិត្ត លើគេ…។ មែន ពិសីស្រីស្រស់សិចស៊ី គ្រាន់តែឮសម្តីហានក្លា បោសអង្អែលចិត្តនាង ថ្ពាល់ទាំង សងចាប់ផ្តើមប្រែពីសរលើប ទៅក្រហមរលោង ញញឹមហើយញញឹមទៀត…។ ស្ថិតក្រោមរង្វង់​ហត្ថា ថ្នាក់ថ្នមអំពីយុវកម្លោះ  យុវតីយើងក៏មិនព្រមចុះចាញ់ទៅនឹងទង្វើបែបនោះដែរ ។ នាងបាន

បណ្តោយខ្លួនដោយសម្រួល ទៅតាមចង្វាក់ម្រាមដៃបុរស ហើយនាងក៏បានតបទៅវិញដោយការ ថើបថ្នមៗទៅកាន់គូសង្សារ…។ បើតាមវប្បធម៌ជនជាតិខ្មែរ ទង្វើបែបនេះពិតជាប្រាកដជាមិនមែន​ បើថាអ៊ឺរ៉ុបពិតជាមានមែន តែដូចជាមិនរហេតរហូតបែបនេះប៉ុន្មានឡើយ ។ តែរឿងស្នហាគ្មានអ្នក ណាហ៊ានធានាថាអាចកំណត់ពេលវេលា ទីកន្លែងច្បាស់លាស់បានឡើយ បើកាលណាដល់ពេល​ហើយ វានឹងកើតឡើងដោយឯកឯងពិតជាមិនខាន ។ បុរសកំពុងរង់ចាំឱកាសស្រាប់ បើមានអ្នក ផ្ដល់ឱកាសឲ្យយ៉ាងនេះ គេប្រាកដជាមិនបណ្ដោយឲ្យវេលាកន្លងទៅដោយឥតប្រយោជន៍ឡើយ។ សាច់នៅក្នុងមាត់ខ្លាទៅហើយ គឺមានតែរង់ចាំឱកាសឲ្យខ្លាត្របាក់ស៊ីប៉ុណ្ណោះ ។ មួយម៉ោងក្រោយ​មកអ្នកទាំងពីរក៏បានបំបែកផ្លូវគ្នាឡើងម៉ូតូរៀងៗខ្លួន ។

…………………………………………

          ពេលវេលាបានរំកិលទៅមុខបន្ដិចម្តងៗឥតឈប់ឈរ  ឧត្តម និង ពិសី បានបង្កើតនូវស្នាម​អនុស្សាវរីរាប់មិនអស់ជាមួយគ្នា ពិតជារំភើប ត្រេកត្រអាល សប្បាយ រកអ្វីមកប្រៀបគ្មាន ។ ពួក គេមិនដែលខ្វល់ពីអ្នកជុំវិញខ្លួន ចង់និយាយអ្វីនោះទេ អ្វីដែលពួកគេយល់ថាត្រឹមត្រូវ ពួកគេនឹងធ្វើដោយឥតរេរា ។ ទំនាក់ទំនងស្នេហារបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកចំហឡើង ប្រៀប បានទៅនឹងប្ដីប្រពន្ធដែលទើបតែរៀបការថ្មោងថ្មី…។ ពិសីមិនដែលនឹកស្ដាយនូវអ្វីដែលខ្លួនបានធ្វើ ជាមួយឧត្ដមឡើយ ចំណែកឧត្តមក៏យ៉ាងនោះដែរ ។​ មនុស្សស្រីដែលហ៊ានប្រគល់អ្វីសព្វ​បែបយ៉ាងឲ្យមនុស្សប្រុសក៏ព្រោះតែក្ដីស្រឡាញ់ស្មោះ និងចង់បានជីវិតអាពាហ៍ពិពាហ៍មួយដ៏ពិតប្រាកដនឹង​មនុស្សដែលខ្លួនស្រឡាញ់ តែមនុស្សប្រុសវិញស្នេហាប្រៀបនឹងប្រវត្ដិសាស្ត្រ…។

…………………………………………

ក្រោយពេលប្រឡងបញ្ចប់ឆ្នាំទី២ ឆ្នាំសិក្សា២០០៨-២០០៩ លទ្ធផលប្រឡងគួរជាទីមោទនៈ បំផុតសម្រាប់ឧត្តម ។ ឧត្ដមត្រូវបានទទួលការប្រឡងសងចំនួន ៣មុខវិជ្ជា ក្នុងចំណោម ៥មុខ ។ ប្រាក់បង់សម្រាប់ការប្រឡងសងគ្មានសម្រាប់គេឡើយ តែបើប្រាក់សម្រាប់បញ្ចូលកាតទូរសព្ទញ៉ែស្រី និងផឹកស៊ីសម្រាប់គេមានមិនចេះខ្វះ។ ឧត្តមសម្រេចចិត្តទូរសព្ទហៅទៅកាន់អ្នកម្តាយមេមាយ របស់គេ ដែលកំពុងតែបញ្ចេញនូវកម្លាំងយ៉ាងស្វាហាប់ក្នុងវាលស្រែដែលពេញដោយស្រូវទុំ ។ អ្នកម្តាយគ្រាន់តែដឹងថាកូនខ្វះប្រាក់សម្រាប់សិក្សា ទ្រូងម្តាយរែងអន្ទះសា ដើរខ្ចីបុលការប្រាក់ពីអ្នកជិតខាងយ៉ាងប្រញាប់ ដើម្បីបញ្ជូនទៅឱ្យកូនប្រុស…។ អ្នកម្តាយសុខចិត្តលេបថ្មលេបគ្រួស ហូរញើស បញ្ចេញកម្លាំងព្រោះតែកូន ​តែកូនឥតបានដឹងថាម្ដាយខ្លួនលំបាកយ៉ាងណានោះឡើយ…អ្នកភ្លេចអស់ហើយថាខ្លួនជាកូនអ្នកស្រែ ធ្លាប់ដកស្រូង រើសក្តាមខ្យងតាមវាលស្រែ ធ្លាប់ លំបាកសព្វបែបយ៉ាង…។ កាលនៅឯស្រែ ធ្លាប់ធ្វើជាក្មេងល្អ ជួយការងារម្តាយ​ ស្គាល់ច្បាស់ពីផល ដែលបានមកពីការប្រឹងប្រែង តែពេលដែលសិក្សាបានច្រើន កាន់តែខ្ពស់ ខ្លួនកាន់តែធំ បែរជា​បំភ្លេច​ពីទុក្ខលំបាកទាំងអស់នោះទៅវិញ…។ ប្រាំបីថ្ងៃទៅហើយដែលគេបានហៅទៅកាន់ម្តាយ តែ មិនឃើញម្តាយគេផ្ញើប្រាក់មកដូចសព្វដងសោះ ។ គេព្យាយាមទាក់ទងទៅម្តាយជាច្រើនលើក តែ ទូរសព្ទម្តាយគេមិនអាចទទួលការហៅចូលបាន…ក្នុងខ្លួនមួរហ្មង រសេះរសោះអស់ទាំងខ្លួន​ ម៉ោងប្រហែល២រសៀល គេក៏ប្រញាប់ខ្ចីប្រាក់ពី​មិត្តភក្តិបានបន្ដិចបន្តួច ដើម្បីធ្វើដំណើរទៅកាន់ស្រុក កំពុងស្វាយ ដែនដីកំណើតរបស់គេ…។

ម៉ោងប្រហែល៦ល្ងាច រថយន្តតាក់ស៊ីមួយគ្រឿងបានឈប់សំចតនៅក្បែរគល់ស្ពានឆ្លងស្ទឹង ព្រៃប្រស់បន្តិច រួចក៏បន្តដំណើរទៅមុខទៀត​ ដោយបន្សល់តែរូបឧត្តមនាយកំលោះយើងឈររេរា តែម្នាក់ឯង ។ បន្តិចក្រោយមក រូបគេក៏ប្រតិស្ឋខ្លួនឡើងនៅពីមុខផ្ទះឈើ ជញ្ជាំងស្លឹកត្នោត ដំបូលសង្កសីមួយខ្នង…។ ឧត្តមឡើងទៅលើផ្ទះយ៉ាងលឿន តែគេឥតបានឃើញនរណាម្នាក់ក្នុងផ្ទះនោះឡើយ ។ ផ្ទះដែលធ្លាប់តែមានមនុស្សនៅ គ្មានធូលីជាប់រនាប ត្រូវប្រែក្លាយជាផ្ទះខ្មោច គ្មានរបៀប រៀបរយល្អ​ ខោអាវរប៉ាត់រប៉ាយ ចានបាយសម្លស្អុយដុះផ្សិត…។ ឧត្តមឃើញរូបភាពផ្ទះនោះដូច្នោះ ភក្ត្រាដេលធ្លាប់តែបំព្រង ប្រែជាស្រពោនក្រៀម យកដៃទះថ្ងាសខ្លួនឯងយ៉ាងខ្លាំងព្រមនឹងសម្រែក​«ម៉ែ…»។ គេដឹងថាម៉ែរបស់គេមិនដែលទុកដាក់របស់របរគ្មានសណ្តាប់ធ្នាប់យ៉ាងនេះឡើយ​ គាត់ ប្រាកដជាមានរឿងអ្វីជាមិនខាន…។ ឧត្តមស្ទុះចុះពីលើផ្ទះរត់ទៅសួរអ្នកជិតខាង តែគ្មាននរណាម្នាក់ដឹងថា​ម្តាយឧត្តមទៅណា ឬនៅទីណាឡើយ …។ ជលនេត្របានរត់ប្រជែងគ្នាឥតឈប់តាម ចក្ខុវិថីឧត្តម ក្នុងដំណើរសោះកក្រោះទៅកាន់ផ្ទះរបស់ខ្លួនវិញ…បេះដូងលោតលឿនខុសចង្វាក់ រង្វង់មុខកាន់តែស្លេកស្លាំងជាងមុនទៅទៀត…សំឡេងរងំ «ម៉ែ…! ម៉ែនៅឯណា…ម៉ែមានរឿងអីមែន ទេម៉ែ…» នៅក្នុងបំពុងកមិនដាច់…។ ឧត្តមដើររកម្តាយឆ្លងពីភូមិមួយទៅភូមិមួយទៀតពេញអស់ មួយយប់ តែគឺជាការប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះសូម្បីតែដំណឹងពីម្តាយដ៏តិចតួចក៏គ្មាន

ដែរ…។

          យប់មួយផុតរត់រំលងឆ្លងឆ្ងាយទៅ អាទិទេពកំដៅ បានចរលាយាត្រាពីទិសបូព៌ បញ្ចេញនូវ ពន្លឺពណ៌មាស ផ្សាយនូវឱភាសដើម្បីផ្តល់នូវសេចក្តីសង្ឃឹមដល់សត្តនិករ…រូបភាពឧត្តមនៅតែបន្ត ស្វែងរកម្តាយគេទៀតឥតឈប់…ស្ទើរតែគ្រប់កន្លែងដែលគេធ្លាប់ស្គាល់ ។ ដំណើរយ៉ាងលឿនបាន ប្រាកដនៅលើភ្លឺស្រែដ៏ល្វឹងល្វើយ ភ្នែករំពៃគ្រប់ទិសទាំងអស់​ ឧត្តមឃើញប្រជាជនជាច្រើនកំពុង តែប្រមូលផលពីការប្រឹងប្រែងដកស្ទូងកន្លងមក ចំឡែកបាត់តែម្តាយគេ…ឧត្តមមុខស្ងួតនិយាយតិចៗ «តើម្តាយអញលំបាកយ៉ាងណាទៅ…អញក៏ធ្លាប់ធ្វើស្រែជាមួយគាត់យ៉ាងនេះដែរ…អញមិន មែនជាកូនអភិជនឯណា ហេតុអីក៏អញបំផ្លាញម្តាយអញយ៉ាងនេះទៅវិញ…»។​ វិប្បដិសារីបានស្តី បន្ទោសចំពោះរូបគេឥតឈប់ ធ្វើឱ្យឧត្តមគតិនៃកូនកតញ្ញូកើតឡើងវិញ…។ ឧត្តមដើរបណ្តើរ សួរ ដំណឹងម្តាយគេបណ្តើរ ខ្លះដឹង ខ្លះមិនដឹង តែចម្លើយដែលដឹង ១០នាក់ ស្ទើរខុសគ្នាទាំង១០នាក់ មិនអាចឲ្យឧត្តមយកជាការបានឡើយ…។

          ម៉ោងប្រហែល១២ថ្ងៃត្រង់ ឧត្តមក៏ត្រឡប់មកកាន់ផ្ទះវិញ ។ គេឃើញមនុស្សជាច្រើន ខ្លះ​ឈររេរា ខ្លះអង្គុយ មុខស្រពោនគ្រប់គ្នានៅក្នុងផ្ទះរបស់គេ…គេប្រញាប់ស្ទុះវឹងឡើងទៅលើផ្ទះ គ្មាននិយាយអ្វីបន្តិច ។ ស្ត្រីចំណាស់ម្នាក់កំពុងតែសម្រានស្តូកស្តឹង ខ្លួនក្តៅដូចភ្លើងតែរងា ភ្នែកបិទ ជិតតែបង្ហូរនូវទឺកថ្លាស្អាតមកលើផែនថ្ពាល់ទាំងសង ក្នុងវ័យប្រមាណ៧០ឆ្នាំ​ និងក្បែរស្ត្រីចំណាស់ មានស្ត្រីម្នាក់ទៀតមុខស្លេកបន្តិច ក្នុងវ័យប្រមាណ៥០ឆ្នាំអង្គុយសម្រក់ទឹកភ្នែក ដោយដៃកាន់​ក្រមាជ្រលក់ទឹក ជូតថ្នមៗលើថ្ងាសស្ត្រីចំណាស់កំពុងសំរាន្ត…។ ឧត្តមឃើញហេតុការណ៍នេះ គេ តូចចិត្តចំពខ្លួនឯងយ៉ាងខ្លាំង ដែលមិនអាចជួយអ្វីដល់ពួកគាត់បាន…។ ឧត្តមបោះជំហានថ្នមៗ ហើយនិយាយទៅកាន់ស្ត្រីចំណាស់អាយុ៥០ឆ្នាំថា ៖

          -ម៉ែ…សម្រាកទៅ ទុកឲ្យខ្ញុំវិញ…

          ស្ត្រីចំណាស់រូបនោះ ឥតបានតបមកកាន់គេវិញឡើយ… គាត់នៅតែបន្តសកម្មភាពនោះ​ដដែល… យូរបន្ដិចទើបគាត់ព្រមនិយាយ ៖

          -ខ្ញុំមានម្តាយតែម្នាក់ តែម្តាយខ្ញុំមានកូនច្រើន…ម៉ែចិញ្ចឹមកូនរស់ តែកូនច្រើនមិនអាចចិញ្ចឹម ម៉ែខ្លូនឯងម្នាក់បាន…មិនអាចមើលខុសត្រូវចំពោះសុខភាពម៉ែបានសោះ…

          គ្មាននរណាម្នាក់ដែលមិនបានឮនូវសម្តីស្ត្រីមេមាយរូបនេះឡើយ ហើយក៏គ្មាននរណាហ៊ាន តទៅកាន់គាត់វិញដែរ…តែពាក្យនោះគឺជាពាក្យទូន្មានដ៏សំខាន់បំផុតសម្រាប់ឧត្តម…។ ជម្ងឺជីដូន ធ្ងន់យ៉ាងនេះ គឺមកពីខ្វះការយកចិត្តទុកដាក់ពីកូនៗ មួយអន្លើដោយការខ្វះប្រាក់មើលជម្ងឺទៀត ផង…។ យប់នោះដែរ ជីដូនឧត្តមក៏បានធ្វើដំណើរចាកលោកយ៉ាងស្ងៀមស្ងាត់ បន្សល់តែសេចក្តី ស្តាយស្រណោះដល់កូនចៅ…។

          ឧត្តម មិនដែលធ្លាប់នឹកថា រឿងរ៉ាវបានកើតឡើងតែមួយប៉ប្រិចភ្នែកសោះ ។ នៅពេលរូបគេ Callមករកម្តាយដើម្បីសុំប្រាក់យកទៅបង់ថ្លៃប្រឡងសង ជីដូនរបស់គេក៏កំពុងតែសម្រាន្តស្តូកស្តឹង លែងដឹងស្មារតី នៅឯផ្ទះម្តាយមីង ក្នុងស្រុកស្ទោងឯណោះ ។ គ្រាន់តែឧត្តមដាក់ទូរសព្ទភ្លាម ម្តាយ ឧត្តមក៏បានទទួលដំណឹងដ៏គួរឲ្យតក់ស្លុតពីម្តាយរបស់ខ្លួនតាមរយៈអ្នកជិតខាងក្បែរផ្ទះម្តាយ បាន Call​ មកប្រាប់ភ្លាមដែរ ។ ដោយប្រញាប់ខ្លាំងពេកកសិករមេមាយរូបនេះ ​មិនបានប្រាប់​ពីដំណើរ​របស់​ខ្លួនដល់អ្នកជិតខាងឡើយ…រហូតដល់ឃើញរូបគាត់នាំអ្នកម្តាយកំសត់មកវិញ ទើបអ្នកភូមិជា​​​មួយដឹងថារូបគាត់បាត់ខ្លួនព្រោះទៅថែម្តាយខ្លួន…។

…………………………………………….

ក្រោយពីធ្វើបុណ្យសព្វជីដូនតាមប្រពៃណីរួចមក ឧត្តមបានសុំការអនុញ្ញាតពីម្តាយឈប់ រៀនបន្ដ ព្រោះគេឃើញម្ដាយរបស់គេ ជំពាក់អ្នកជិតខាងច្រើនពេក…តែម្ដាយរបស់គេមិនព្រមជា ដាច់ខាត ។ ឧត្តមក៏ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកមកកាន់រាជធានីភ្នំពេញដើម្បីបន្ដការសិក្សា…។

ចាប់ពីថ្ងៃនោះមក ឧត្តមកាត់បន្ថយការដើរលេង ផឹកស៊ី និយាយទូរសព្ទយ៉ាងច្រើន…គេកែ ខ្លួនសាជាថ្មី ព្រោះនឹកអាណិតចំពោះម្តាយខ្លួន ។ តាំងពីឧត្ដមឈប់ហ៊ឺហាមក ពិសីម្ចាស់ហាង​កាហ្វេគល់ស្ពានស្ទឹងមានជ័យ ក៏បានកាត់បន្ថយទំនាក់ទំនងស្នេហាជាមួយឧត្តមផងដែរ…។ ឧត្តម ស្តាយណាស់ ព្រោះរូបគេពិតជាស្រឡាញ់នាងដោយស្មោះ ឥតមានចិត្តគេចកែ ក្រឡាស់ ក្បត់ចិត្ត នាងឡើយ ។ គេប្រាថ្នាយកនាងជាគូគាប់អនាគតដ៏ពិតប្រាកដ ។ ទីបំផុតទំនាក់ទំនងរបស់គូស្នេហ៍ មួយគូនេះ ត្រូវបានបញ្ចប់ ព្រោះតែឧត្តមគ្មានអ្វីផ្គាប់ចិត្តនាងទៀត ។ គេគិតតែពីរៀន និងធ្វើការ គ្មានថ្ងៃសម្រាក ។ ពិសីក៏មានសង្សារថ្មីទៀត…។

ឧត្តមមិនបន្ទោសអ្នកណានោះទេ ព្រោះគេគិតថា ស្នេហារវាងគេ និងពិសីមិនមែនជា

ចំណងស្នេហាពិត ។ ឧត្តមតែងនិយាយថា«ខ្ញុំនៅតែស្រឡាញ់នាងជាដរាប តែស្នេហាខ្ញុំ និងនាង មិនមែនជាស្នេហ៍ខ្ជិប តែគឺជាចំណង ស្នេហ៍ហា ដ៏ពិត…អ្វីដែលខ្ញុំសោកស្តាយ គឺការចំណាយ​ពេលពីមុនដោយឥតប្រយោជន៍ ជាមួយនឹងការក្បត់ទឹកចិត្ត​អ្នកម្តាយរបស់ខ្ញុំ…» ទៅកាន់មិត្ត​ភក្តិ​ដែល​បានសួរពីរឿងស្នេហារបស់គេ…៕

                                                          ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩

ដើមឈើ

ដើមឈើ

(បទពាក្យ៨)

ធម្មជាតិតាក់តែងបង្កើតរុក្ខា               ច្រើនប្រភេទដល់ត្រារាប់ពុំបាន

ឈើខ្លះមានខ្លឹមខ្លួនយ៉ាងចំណាន     ខ្លះសោភាល្អក្សាន្ដប្រហោងកាយ។

ឈើខ្លះមានខ្លឹមត្រឹមនៅសម្បក        ឯខាងក្នុងណែនកកពេញដោយស្រាយ

ឈើខ្លះធំខ្ពស់ហួសវែងអន្លាយ          មែកបែកខ្ញែករសាយពេញវនា ។

ទោះស្រាយប្រហោងឬក៏ឈើខ្លឹម      ឈើទាំងអស់ចិញ្ចឹមខ្លួនដូចគ្នា

ដើមឈើត្រូវការរស់បានសុខជា        ស្ថិតនៅក្នុងនាមាល្អពិសី          ។

ឈើខ្លះអាងតែថាខ្លូនឯងធំ                  បែកមែករិតជិតជុំឥតប្រណី

គ្របលើឈើតូចកម្លាំងទន់ខ្ចី               មិនអាចឱ្យឈើថ្មីលូតបានល្អ  ។

ឈើតូចខ្លះត្រូវរួញខ្លួនក្រញ៉ង់             មិនអាចនឹងតម្រង់ងើបងើយក

ឈើតូចខ្លះទៀតមិនខ្ចីអង្វរ                  ខំប្រឹងប្រែងធ្វើសស៊ូដល់ស្លាប់ ។

ឈើតូចខ្លះទៀតពូកែអែបអប             ចេះធ្វើខ្លួនរណបខ្លបចំណាប់

ដើម្បីខ្លួនរស់ខ្ពស់មានគេស្ដាប់            ហ៊ានប្រល័យសម្លាប់កាប់មិត្ដខ្លួន។

ពិតមែនណាស់ឈើមានច្រើនប្រការ ឥតមានឈើមួយណាមិនចង់មួន

មិនចង់អាស្រ័យរស់នៅជួបជួន           រស់នៅបានសមសួននឹងញាតិឡើយ។ 

                                                            ​​ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០០៩

                                                       

ឱកាសទឹកភ្នែក

ឱកាសទឹកភ្នែក

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៩

នៅឯខាងមុខព្រះបរមរាជវាំង ប្រជាជនប្រុសស្រី ក្មេងចាស់យ៉ាងច្រើន​កុះករកំពុង​ឈរខ្លះ អង្គុយខ្លះត្រៀបត្រា ដើម្បីទស្សនាការប្រណាំងទូក ព្រមជាមួយទឹក​មុខស្រស់ថ្លា សប្បាយរីករាយ លាយនឹងសំណើច​ហ៊ោរកញ្ជ្រៀវអឹងអាប់ សាទរចំពោះភាពអង់អាច​នៃកីឡាករយើង ។​ចំណែកឯ​នៅត្រើយខាងកើត ទល់មុខព្រះបរមរាជវាំងឯណោះ​វិញ ក៏មានប្រជាជនច្រើនមិនចាញ់ខាងមុខ​ព្រះបរមរាជវាំងឡើយ តែភាគច្រើនសុទ្ធតែជាកីឡាករ កីឡាការិនីទូកង ទូកមួងតែប៉ុណ្ណោះ។​ ឆ្នាំនេះពិតជាមានអារម្មណ៍សប្បាយ រំភើបយ៉ាងខ្លាំង​ ព្រោះរបៀប​រៀបចំពិធីបុណ្យនេះមានសភាព​សមរម្យល្អ ព្រមជាមួយអធ្យាស្រ័យ និងការយល់ដឹងពីសម្នាក់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់​ ។​​

ឆ្នាំនេះហាក់ដូចចំឡែកជាងឆ្នាំសព្វមួយដង ព្រោះផ្ទៃគង្គាឡើងខ្ពស់ មិនទាន់ស្រកដូចឆ្នាំមុនៗនោះទេ​ ដែលត្រូវប្រឈមមុខនឹងគ្រោះ​ថ្នាក់យ៉ាងខ្លាំង ប៉ុន្តែបែរជាមានគ្រោះថ្នាក់តិចបំផុត ។​ជម្លោះ​ប្រទេសជាតិនឹងបច្ចាប្រទេសជិតខាងគួរតែមានកលយុគអ្វីមួយ តែផ្ទៃក្នុងប្រទេសបែរជា​មានសន្តិសុខល្អ​ សុវត្ថិភាពគួរឲ្យសោមនស្ស ។ ជនដែលមានអាជីពជាអ្នកសុំទានមានចំនួនតិច​ជាង​រាល់ឆ្នាំ…តែអ្វីដែលគួរឱ្យសម្គាល់ និងត្រេកត្រអាលនោះ គឺពួកយុវកញ្ញាច្រើនដេរដាស គ្រង​ដោយសម្លៀកបំពាក់ស្រស់ល្អឆើតគួរឲ្យទាក់ទាញ ដោយភាគច្រើនពាក់អាវយឺតពណ៌លឿង និង​ក្រហម​ ព្រមជាមួយសំពត់​ ខោខ្លីៗត្រឹមភ្លៅ ឬលើក្បាលជង្គង់បន្តិចបន្តួចប៉ុណ្ណោះ ហាក់ដូចជាចង់​បង្អួតនូវសម្រស់ដល់គ្នាទៅវិញទៅមក ​ដែលយើងស្ទើរតែអាចនិយាយបានថា«…សម័យទំនើបខោ​ខ្លីភាវូបនីយកម្ម…»។

ម៉ោងប្រហែលជាបួនរសៀល យុវនារីមួយក្រុម​ចំនួន៥នាក់ សម្រស់ស្រស់ត្រកាល រូបឆោម​ឆើតឆាយ ឈររេរានៅឆ្ងាយពីប្រជុំមនុស្ស ក្រោមដើមប្រេងខ្យល់ ទល់មុខវត្តសំពៅត្រៃលក្ខណ៍ ។​ ក្នុងចំណោមនារីទាំងនោះ យុវកញ្ញាម្នាក់សម្បុរសណ្តែកបាយ រង្វង់ភក្ត្រក្រហមរលើបដូចជាតួ​សម្តែង លម្អដោយសក់ទង់ដែង ពាក់អាវយឺតដៃខ្លី ករលង់​ បង្ហាញសាច់ទ្រូង​ស្លៀកខោខៅប៊យរឹប​

ខ្លីពាក់កណ្តាលភ្លៅ ក្នុងវ័យប្រហែល២៣ទៅ២៤ឆ្នាំ​ កាន់ទូរសព្ទមួយគ្រឿងជាប់នឹងដៃ នេត្រា​ទាំងគូត្របាញ់ឆ្ពោះទៅកាន់ហ្វូងមនុស្សដែលដើរទៅដើរមកតាមដងវិថី​ មិនដឹងថាតើនាងកំពុងរង់ចាំអ្វីឡើយ…។​ បន្តិចនាងក្រឡេកមើលទូរសព្ទជាប់នៅនឹងដៃ បន្តិចនាងក្រឡេកមើលទៅកាន់ហ្វូងមនុស្ស ដោយអារម្មណ៍ច្របូកច្របល់រកស្មានមិនត្រូវ ។ នាងបន្លឺសំឡេងតិចៗដាច់ៗ ក្បែរត្រចៀក​មិត្តនារីផ្សេងទៀតទាំងរសាប់រសល់លាយនឹងកំហឹង…«អំបាញ់មិញនេះដើរជាមួយគ្នាសោះ ស្រាប់​តែបាត់ស្រមោលលែងឃើញ ហ៊ឺយ…មិនដឹងជាប្រកាច់ទៅណាទេនេះ…»។ស្រស់កញ្ញាម្នាក់​ទៀត​ក្បែរនោះ ក៏តបទៅវិញក្នុងទឺកមុខស្ងួតចងចិញ្ចើម ៖

            -ចុះទូរសព្ទនៅនឹងដៃ ម្តេចក៏មិនព្រមតេទៅ…ប្រហែលគេវង្វេងទេដឹង បើមនុស្សច្រើនម្លឹងៗ​អញ្ចឹងនោះ…

            ឮវាចារំឭកពីសំឡាញ់យ៉ាងនេះ យុវតីរូបស្រស់បានលើកទូរសព្ទឡើងចុចលេខ​ តែចម្លើយ​ដែល​ផ្តល់មកវិញគឺ«មិនអាចទាក់ទងបានទេនៅពេលនេះ»។ នាងព្យាយាមម្តងហើយម្តងទៀត តែ​ចម្លើយនៅតែដដែល ។ អារម្មណ៍មួហ្មងកាន់តែកើតឡើងពេញខួរក្បាល ។ នាងនិយាយ​ទៅ​កាន់​កញ្ញាទាំង៤រូបជិតខ្លួនទាំងកំហឹង…៖

            -បើចង់ទៅណា មិនចេះប្រាប់ឲ្យដឹងផងទេ​ ទូរសព្ទក៏បិទទៀត…ពួកយើងមិនចាំបាច់ចាំតទៅទៀតទេ…

            ជំហានយ៉ាងលឿនបានបោះទៅមុខកាត់ហ្វូងមហាជន ឆ្ពោះទៅមាត់ទន្លេដើម្បីទស្សនាកា​រ​ប្រណាំងទូក…

          ពីរម៉ោងក្រោយមក សំឡេងកាំជ្រួចបានរន្ថើនលាន់ឮយ៉ាងខ្លាំង ខ្ទររញ្ជួយ​អស់ផ្ទៃទឹក ដែលធ្វើឲ្យភ្លូកភ្លឹកអស់មនុស្សផងសឹងគ្រប់គ្នា ងើយមើលផ្កាភ្លើងកំពុងតែរីកលើផ្ទៃមេឃ។ ចម្លែក​តែស្រីស្រស់យើងនៅតែអន្ទះសារមួហ្មងក្នុងចិន្តា ​ដោយនេត្រាទាំងគូសម្លឹងត្រង់ទៅកាន់ត្រើយខាងលិច​ តែមិនប្រាកដសម្លឹងរកអ្វីនោះឡើយ…

          -ស៊ីនួន តោះត្រឡប់ទៅផ្ទះវិញ យប់ហើយ…

            ទេពនារីសម្លឹងទៅរកម្ចាស់សំឡេងទាំងទឹកមុខស្ងួត ។ នាងងក់ក្បាលជំនួសវាចាយល់ព្រម ទៅកាន់មិត្តសំឡាញ់…។ ជំហានបវរកញ្ញាទាំង៥រូបបោះមួយៗ ឆ្ពោះតម្រង់ទៅកាន់ស្ពានជ្រោយ​ចង្វារ…។ ដំណើរបានត្រឹមពាក់កណ្តាលផ្លូវ ពួកនាងក៏ត្រូវទុចជំហានគាំងស្តូក ជើងកម្រើកឈាន​ទៅមុខលែងរួច ដោយសាររូបភាពកំលោះសង្ហាម្នាក់ កំពុងតែឱបចង្កេះនារីវ័យក្មេងម្នាក់ទៀត ប្រាកដឡើងចំពីមុខក្រោមចន្លោះដើមប្រេងខ្យល់ជាច្រើនដើម ។ ដំណក់ទឹកភ្នែកបានហូរកាត់ផែន

ថ្ពាល់ស៊ីនួនដោយមិនដឹងខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  មុខនាងឡើងក្រហមដូចអណ្តាតភ្លើងកំពុងតែឆាបឆេះ  ឈរសម្លក់

គូស្នេហ៍មួយគូនោះញ័ររញ្ជួយអស់ទាំងខ្លួន ចង់តែស្ទុះទៅជេរស្តី ប្រទេចផ្តាសាឲ្យសមនឹងកំហឹង​ដែលបង្កប់ក្នុងខ្លួនជាយូរមកហើយនោះ ។ តែគ្នាននរណាបានដឹងពីអាការៈរបស់នាងឡើយក្រៅពី​មិត្តនារីទាំងបូននាក់របស់គេ សូម្បីគូស្នេហ៍ដែលកំពុងកៀកប្រកិតគ្នាពីមុខនោះក៏ឥតបានដឹងថា ស៊ីនួនបម្រុងនឹងស្ទុះទៅកំទេចពួកគេដែរ…។ស្រមោលនៃគំនិតបានបំផុសខ្លួនឡើង ភ្ញោចឱ្យ​ឃើញ​វិប្បដិសារីក្នុងអតីតកាល ពេញក្នុងខួរក្បាលរបស់នាង…។

          តាមពិតស៊ីនួនមិនមែនជាអ្នកភ្នំពេញនោះទេ នាងធ្វើដំណើរពីខេត្តឆ្ងាយមកធ្វើជា​កម្មការិនី​នៅរោងចក្រកាត់ដេរមួយកន្លែងនៅម្តុំទួលសង្កែ កាលពីពីរឆ្នាំមុន ។​ ការចាកឆ្ងាយពីផ្ទះច្រើនតែ​យល់​ថាខ្លួនមានសេរីភាព…សម្រស់ភ្លើងពណ៌ច្រើនតែនឹកភ្នកចង់សប្បាយ…ឃើញគេឡូយឆាយ​ច្រើននឹកចង់ហ៊ឺហាដូចគេដែរ​…ម៉្លោះហើយកាលពីកន្លះឆ្នាំមុន​ដោយសារភាពឆោតល្ងង់ ចង់ហ៊ឺហា ចង់សប្បាយ មានសង្សារបង្អួតមិត្តភក្តិ ស៊ីនួនក៏ត្រូវចាញ់បោកកំលោះសង្ហាអ្នកមានកូនពីរម្នាក់ ដោយកុហកនាងថាគេនៅលីវ ស្មោះស្មគ្រ ស្រឡាញ់តែនាងម្នាក់ ធានាខុសត្រូវលើរូបនាង និងឱ្យ​ឪពុកម្តាយចូលស្តីនាងតាមប្រពៃណី ។​ នាងជឿគេទាំងស្រុង​ ឥតបានគិតពិចារណាអ្វីឲ្យបានវែង​ឆ្ងាយ​នោះឡើយ រហូតដល់ត្រូវលះបង់នូវភាពស្រស់បរិសុទ្ធរបស់ខ្លួនបូជាចំពោះបុរសនោះ ដើម្បី​បញ្ជាក់ពីសេចក្តីស្រឡាញ់របស់នាងទៅទៀត ។ ស៊ីនួន និងកំលោះក្លែងក្លាយនោះបាននិត្យនែប​ស្មោះ​ស្មគ្រជាមួយគ្នាប្រៀបដូចប្តីប្រពន្ធដែលទើបរៀបការហើយថ្មីថ្មោង ។ ពួកគេសប្បាយណាស់ ថ្ងៃធ្វើការ យប់ជួបគ្នា ដើរលេងជាមួយគ្នា គេងនៅផ្ទះសម្នាក់ជាមួយគ្នា ដោយមានថ្ងៃខ្លះ គេនាំគ្នា​គេងនៅឯផ្ទះជួលរបស់នាងទៀតផង ខណៈមិត្តរួមបន្ទប់មិននៅ…។ ភាពស្រស់ស្រាយរបស់នាង​បានត្រឹមតែពីរខែប៉ុណ្ណោះ ផ្ការុះរោយកន្លង់តែងហើរចាកឆ្ងាយរកក្រេបផ្កាថ្មីទៀត សម្លតែមួយមុខ​មានរសដដែលៗ បរិភោគយូរទៅនឹងធ្វើឱ្យធុញទ្រាន់បាន ។ យ៉ាងណាមិញ នាងក៏មិន​ខុស​ពីផ្កា​ចាក​ទង ឬសម្លនោះដែរ…គេធុញទ្រាន់ នឿយណាយនឹងកាយនាងហើយ គេក៏ប្រឡេះដៃចាក​ឆ្ងាយ​ពី​នាង​បាត់ទៅ ដោយបន្សល់តែសំណៅអាក្រក់ និងដំណក់ទឹកភ្នែកប៉ុណ្ណោះ ។

          នឹកដល់រឿងនោះ នាងកាន់តែមានកំហឹងពុះពោរឡើងទ្វេ…នាងស្ទុះវឹងយ៉ាងរហ័សសំដៅ​ស្តីថាហាទៅកាន់ស្រស់នារីដែលកំពុងលង់ទៅក្នុងកាមា ក្រោមម្រាមហត្ថាប្រលោមនែបនិត្យយ៉ាងខ្លាំងៗ ៖

          -ស៊ីណា…ស៊ីណា…ត្រឡប់ទៅផ្ទះវិញ…បើស្រឡាញ់គ្នា កុំធ្វើយ៉ាងហ្នឹងអី ឱ្យចេះខ្មាសគេឯងផង…

            តាមពិតស៊ីណាគឺជាប្អូនស្រីបង្កើតរបស់ស៊ីនួន។ ក្នុងតរុណីវ័យ១៧ឆ្នាំជាផ្កាកំពុងពេញ​ក្រពុំ ស៊ីណាក៏ពិតជាមានសម្រស់ស្រស់ត្រកាលមិនចាញ់ស៊ីនួនប៉ុន្មានដែរ ។ នាងទើបតែត្រូវបង​ស្រីនាំ​មក ធ្វើការនៅឯរោងចក្រ៣ខែមុនប៉ុណ្ណោះ ។ ស៊ីណាគ្រាន់តែឃើញអាការៈបងស្រីរបស់​ខ្លួនយ៉ាង​នោះ វិញ្ញាណស្ទើរតែរកផ្លូវរត់ចេញពីខ្លួន នាងភ័យណាស់ ភក្ត្រាក្រហមរលោងដោយម្សៅ ប្រែជា​ស្លេក​ស្លាំង ឈាមរត់លែងត្រូវចង្វាក់ បេះដូងលោតលឿនខុសសភាពធម្មតា ដើរមួយៗថ្នមៗ​ចេញ​ពី​រង្វង់​ដៃនៃគូកំណាន់របស់ខ្លួន ស្របពេលស៊ីនួនបង្ហើរនូវព្យុះកំបុតត្បូងចេញ​ពីបបូរមាត់បែប​ឌឺ​ដង ​ឱ្យកំលោះនៅលើម៉ូតូបន្ថែមទៀត ៖

-ប្រុសល្អ គេមិនឆ្លៀតឱកាសធ្វើបែបនេះទេ…ឯងកុំទុកចិត្តមនុស្សប្រុសពេក…

ក្នុងទឹកមុខស្រពោន ដៃទាំងពីរកាន់ចង្កូតម៉ូតូ កំលោះសង្ហារូបនោះតបទៅវិញទាំង​ក្លាហា​ន​ថា ៖

 -ស្រឡាញ់គ្នាត្រូវលះបង់ខ្លះអ៊ីចឹងហើយ បើមិនលះបង់ទេ តើធ្វើម៉េចអាចបញ្ជាក់ថាស្រឡាញ់ទៅកើត…

ស៊ីនួនឮកំលោះស្ទាវក្លាហានស្រដីយ៉ាងនោះ ចំហេះក្នុងទ្រូងរឹតតែក្តៅរោលអារម្មណ៍​ខ្លាំង​ឡើង… នាងប្រញាប់តមាត់ទៅវិញដោយសំដីធ្ងន់ៗ ៖

-បើស្រឡាញ់ស្មោះ គេមិនចង់បានអ្វីពីគ្នាឡើយ ទង្វើគាត់ឯងធ្វើមិនមែនទង្វើមនុស្សស្មោះត្រង់នោះទេ…

-ចុះស្មានតែមនុស្សប្រុសទាំងអស់ដូចគ្នាមែនទេ ?អ្នកសង្ហាសួរតប

-វាមិនដូចគ្នាទេ ព្រោះតែផ្សេងគ្នាហ្នឹងហើយ បានគេអាចដឹងថាប្រុសណាស្មោះ ប្រុសណាមិនស្មោះនោះ

ស៊ីនួននិយាយដោយឥតសំចៃមាត់ ព្រោះនាងគិតថារូបនាងផ្ទាល់មានបទពិសោធន៍​ស្នេហា​បែបនេះរួចទៅហើយ…។

ឮសំឡេងឆ្លងឆ្លើយ ឌឺដងទៅវិញទៅមកមិនចេះចប់យ៉ាងនេះ គន្ធានៅក្បែរក៏បន្លឺសំឡេងដ៏ ស្រួយខ្ញោក ​បែបឆ្នាស់ឆ្នើមទៅកាន់ស៊ីនួន ៖

-នួន…តោះយប់ហើយ…ទៅផ្ទះវិញ…កុំទៅនិយាយជាមួយមនុស្សបែបនេះធ្វើអី…

ស៊ីនួនងក់ក្បាលជាបញ្ជាក់ពីការយល់ព្រម ហើយក៏រំកិលខ្លួនបន្តិចម្តងអមដោយស្រស់

ស្រី៥នាក់ផ្សេងទៀត ដើរឆ្លងស្ពានត្រឡប់ទៅកាន់ផ្ទះជួលរបស់ពួកគេ​វិញ…។ ​ស៊ីនួន​ដើរ​​បណ្តើរ រអ៊ូស្តីឲ្យប្អូនស្រីបណ្តើរ ៖

          -បើឯងធ្វើអ៊ីចឹងទៀត បងនឹងបញ្ជូនទៅស្រុក ឱ្យមើលគោនៅផ្ទះវិញ…ឯងគ្មានដឹងថាគេចាំ គេបារម្ភជា មួយខ្លួនឯងបន្តិចសោះ…បើឯងមានសង្សារ ខាតឬចំណេញ…វាគ្មានអីចំណេញក្រៅពីឲ្យពួកនោះធ្វើបាបយើង​ទេ​…អូនឯងនៅក្មេងណាស់…

ស៊ីណាស្តាប់សំដីស៊ីនួនគ្មានឲ្យរំលងមួយម៉ាត់ឡើយ ។ នាងបានត្រឹមតែស្រក់ទឹកភ្នែកតាម​ពាក្យ​ស្តី​បន្ទោសរបស់បងស្រី និងកំហុសដែលខ្លួនបានធ្វើជ្រុលហួសជាមួយនឹងសង្សាររបស់ខ្លួន… តាមពិត ស៊ីណាលួចមានសង្សារ​ និងណាត់គ្នារួចជាស្រេចទៅហើយ តាមប្រព័ន្ធរលកធាតុអាកាស ដោយមិនបានឱ្យស៊ីនួនដឹងឡើយ ។ ពេលដែលស៊ីនួននិងស្រីស្រស់៤នាក់ទៀតកំពុងតែអន្ទះសារ​រង់ចាំខ្លួន គឺជាពេលដែលខ្លួនកំពុងតែជឿវាចាទឹកឃ្មុំលួងលោម ហើយក៏ត្រូវបរិច្ចាគនូវភាព​ស្រស់​ត្រកាលនៃមាណវី ឱ្យទៅសង្សាររបស់ខ្លួននៅឯផ្ទះសម្នាក់VIP… ក្នុងទឹកដីសង្កាត់ព្រែកលៀប ឯណោះ…។

សម្តីរបស់ស៊ីនួន បានដាស់ស្មារតីប្អូនស្រី ប៉ុណ្ណោះហួសពេលបន្តិចទៅហើយ តែក៏ធ្វើឲ្យ​ស៊ីណា​​យល់ច្បាស់ថា ខ្លួនចាញ់បោកប្រុសព្រានហើយ ខ្លួនខុសហើយ សង្ឃឹមថានឹងគ្មាន​លើក​ទីពីរទៀត ឡើយ ។ មិនគួរណាជឿមធុរវាចាលួងលោមរបស់បុរសយ៉ាងនេះទាល់តែសោះ…៕

                                                          ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

                                                                   ចំណងដៃថ្ងៃអុំទូក

មិនចោលពុត

​​​​​​​​​​​មិនចោលពុត

                                                 (បទពាក្យ៧)

    ចិញ្ចឹមឆ្កែមួយឡូយអស្ចារ្យ             មាឌធំសង្ហារោមក្រាស់ឃ្មឹក

    ខ្ញុំបង្ហាត់វាថ្ងៃល្ងាចព្រឹក                   ព្រោះចង់បង្វិកជាឆ្កែល្អ                ។

    អាហារសុទ្ធតែស្អាតប្រណីត         ដាក់ឱ្យដោយចិត្ដពិតស្មោះស

    ម្ជូរគ្រឿងសាច់គោឬសាច់ខ           សាច់អាំងសម្លសព្វបែបយ៉ាង        ។

    សូម្បីតែឆ្អឹងក៏មិនដាក់                ​ខ្លាចវាស៊ីឆ្លាក់កាចកោងកាង

    លាមកសំណល់ឥតសំណាង       មិនចោលជិតខាងខ្លាចវាឆី  ។

    ខ្ញុំចិញ្ចឹមវាអស់យូរឆ្នាំ                      វាឆ្លាតវាចាំគ្មានទាស់អ្វី

    ស្រាប់តែថ្ងៃមួយហួសស្រដី              វាធ្វើវាហីខ្ពើមអាហារ           ។

    ខ្ញុំបានរៀបបាយលាយសាច់ឆ្ងាញ់  ឱ្យអាសំឡាញ់សុនខា

    វាឃើញគេបោះឆ្អឹងត្រៀបត្រា         ស្រាប់ស្ទុះយ៉ាងក្លាទៅត្របាក់        ។

    ក្រឡេកឆ្វេងស្ដាំឃើញសំណល់    លាមកហាលខ្យល់ហៀរកក្លាក់

    វាចោលឆ្អឹងទៀតហេសស្លាក់         ស្ទុះស៊ីគ្មានអាក់ចាកមួយម៉ាត់       ។

                                                   ​​   ថ្ងៃទី១៥កញ្ញា ២០០៩

                                                                             ប៉ោកបិន

ស្រមោច

                                            ស្រមោច

                                          បទកាកគតិ

 

ស្រមោចតូចល្អិត         តែវាមានចិត្ត               ពិតខ្លាំងអស្ចារ្យ

វាអាចលីសែង               រាល់គ្រប់អាហារ        មិនចាញ់សង្អា

                                         សង្កើចអង្ក្រង              ។

អង្ករយ៉ាងមួន             ធំជាងតួខ្លួន                    វាសែងឥតហ្មង         

មួយដាក់លើស្មា        មួយរុញក្រោយខ្នង      មួយទៀតទាញផង

                                       ត្រាសម្រេចបាន  ។

អំបិលរសប្រៃ              គេអាចប្រើច្នៃ               ជាថ្នាំសាមាន្យ

កំចាត់ស្រមោច           ក្បាលខូចរំខាន           ឲ្យវិនាសប្រាណ

                                       ប្រាសអន្តរាយ     ។

ថ្នាំពុលដោយហោច  ដូចគ្មានស្រមោច         ណាបែកខ្ចាត់ខ្ចាយ

តែផ្ទុយទៅវិញ            ស្រមោចទាំងឡាយ      បែរជាស្លាប់កាយ

                                        ក្នុងចំណីវា         ៕